29 C
Phnom Penh

និស្សិត​ដឹកនាំ​​​ការ​តវ៉ា​ប្រឆាំងលោក សុរិយា ស៊ូបេឌី អះអាង​​​ថា​​​ គ្មានការ​​​​គ្រោង​​​ទុក​មុន​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និស្សិត​ម្នាក់​ ដែល​ទំនង​ជា​អ្នក​​​ដឹក​នាំ​​ការ​តវ៉ា​ប្រឆាំង​លោក សុរិយា​ ស៊ូបេឌី​ (Surya Subedi) ប្រេសិត​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជា​ជាតិ​​​​​នៅ​​​សាកល​​​វិទ្យាល័យ​​​មួយ​​​ក្នុង​​​សប្ដាហ៍​នេះ បាន​អះ​អាង​កាល​ពី​ម្សិល​មិញ ថា ហេតុ ការណ៍​​​​​​​​ក្នុង​​​សាល​ប្រជុំ​នៅ​​​​សាកល​វិទ្យា​ល័យ​នោះ​ គឺ​ពិត​ជា​មិន​បាន​រៀបចំទុក មុន​​​​ទេ ហើយមិនជាប់ទាក់ទង​​​នឹង​​​ទំនាក់​ទំនង​​​​ស្អិតរមួត​​​របស់​​​់ខ្លួន​​​ជា​មួយ​ចលនា​យុវ​ជន​មួយ​​​ដែល​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជាសោះ​​​​ឡើយ​​​។​

​គួរ​​​រំឭក​​​ថា​​​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ យុវជន​ ជា​ ឆេង អាយុ​២៣​ឆ្នាំ​ ជា​និស្សិត​នៅ​សាកល​វិទ្យា​ល័យភូមិន្ទនីតិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច បាន​​​បង្ហាញ​​​ខ្លួន​​​ក្នុង​​​ពិធី​​​ធ្វើ​​​បាឋកថា​​​​​​របស់​​​លោក​​​ ស៊ូបេឌី និង​​​ស្ថិត​នៅ​​​ក្នុង​ចំណោម​និស្សិត​និយាយ​​​មិន​​​សំចៃ​​​មួយក្រុម​​​ ដែល​បាន​ធ្វើការ​​​​ចោទ​ប្រកាន់​​​​ទាំងកំហឹង​​​លើ​​​លោក សុរិយា ស៊ូបេឌី អ្នក​ធ្វើ​របាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ថា មាន​ភាព​លម្អៀង​ ខណៈ​​​និស្សិត​​​មួយចំនួនទៀតបាន​​​លើក​​​​​​​បដា​​អំពាវ​នាវ​ឲ្យ​លោក សុរិយា ស៊ូបេឌី បញ្ឈប់​ការ​ងារ​ឃ្លាំមើល​​​​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

និស្សិត​រួមសាកលវិទ្យាល័យ​​​​បាន​​​ប្រាប់​​​អត្តសញ្ញាណ​​​របស់​​​​យុវជន​ ជា ឆេង ថា​​​ជា​បុគ្គល​​​ល្បី​ឈ្មោះ​ម្នាក់​នៅ​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​​​និន្នាការ​​​គាំ​ទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ក្រោមការ​​​​​​ដឹកនាំរបស់​​​​​​​​​លោក ហ៊ុន ម៉ានី កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​មកពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា។

​ក្នុង​បទសម្ភាស​មួយ​​​កាល​ពីម្សិលមិញ យុវជន​ ជា ឆេង អះអាង​​​​ថា ខ្លួន​គ្រាន់​តែ​ជា​​​អ្នក​​​ធ្វើការ​ស្ម័គ្រ​ចិត្ត​នៅ​​​​​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ដូចដែល​​​ខ្លួន​​​បាន​​​ធ្វើ​​​ក្នុង​​​កម្មវិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប៉ុណ្ណោះ។

យុវជន​រូបនេះ​​ក៏​បាន​អះអាង​​​​ផង​ដែរ​ថា ការ​តវ៉ា​ប្រឆាំង​​ប្រេសិតអង្គការ​សហ​ប្រជាជាតិ​​​នៅ​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​​​ កាលពី​ថ្ងៃ​អង្គារ​​​នោះ​ គឺ​មិន​មែនជា​​​ការ​​​រៀបចំទុក​​​មុន​ទេ ហើយ​ក៏​គ្មាន​អ្វី​ពាក់​ព័ន្ធ​នឹង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែរ។

ជា ឆេង បាន​​​និយាយថា “ ខ្ញុំ​គ្រាន់​តែ​ចង់​លើកឡើង​​​ពី​​​ភាព​​​បរាជ័យ​​​និង​​​កំហុស​​​ឆ្គង​​​ក្នុង​​​​របាយការណ៍ [​របស់លោក សុរិយា ស៊ូបេឌី ] តែ​ប៉ុណ្ណោះ។ នោះ​ហើយ​​​ជា​មូល​ហេតុ​ដែល​​ខ្ញុំ​​​បាន​​​​ឆ្លៀត​ឱកាស​លើក​ឡើង​នូវ​សំណួរ​​ពាក់​ព័ន្ធ​នឹង​របាយការណ៍​​​​​នោះ​​​អំឡុង​​​ការ​​​ធ្វើ​​​បាឋក​ថា​​របស់​គាត់​នៅ​​សាកល​វិទ្យាល័យ​​​នោះ​​​​”។

យុវជន​រូប​នេះ​បាន​បន្ដ​ថា “ ការតវ៉ា​នោះ គឺ​មិន​បាន​គ្រោង​ទុក ឬ​មានការ​​​រៀប​ចំ​ទុក​មុន​ឡើយ​​​។ ក្នុង​នាម​ជា​យុវជន​ខ្មែរ​ម្នាក់​ ខ្ញុំ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ បដា​ទាំង​​នោះ​​ត្រូវ​បាន​រៀបចំ​​​ដោយ​​​និស្សិត​ផ្សេង​ទៀត​​​​​មែន​​​ ប៉ុន្តែ​គ្មានការ​​​គ្រោង​ទុក​មុនទេ​​​។ តាម​ពិត​ ខ្ញុំ​មិន​មែន​ជា​អ្នក​​​ដឹក​នាំ​ការ​តវ៉ា​នោះ​ទេ។ ហើយ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ក៏​មិន​មែន​ដើម្បី​​ផល​ប្រយោជន៍​របស់​គណបក្ស​នយោ​បាយ​ណាមួយ​ដែរ។ ខ្ញុំគ្រាន់​តែ​សម្ដែង​នូវ​ការ​​​ខក​ចិត្ត​​​​របស់​ខ្ញុំ [ចំពោះលោក សុរិយា ស៊ូបេឌី] តែប៉ុណ្ណោះ”។

លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​គណ​បក្ស​ សម រង្ស៊ី បានលើកឡើង​​​​ថា លោក​មិន​អាច​​​និយាយ​ឲ្យ​ប្រាកដ​ថា តើ​និស្សិត​ទាំង​នោះ​​​​មាន​ហតុផល​​​​នយោ​បាយ​ ឬអត់ឡើយ​​​ ប៉ុន្ដែ​បាន​មាន​ប្រសាសន៍​ថា លោក“ មិន​ភ្ញាក់​ផ្អើល​ឡើយ​ ប្រសិន​បើ​ថ្ងៃណាមួយ​​​ ក្រុម​អ្នក​តវ៉ា​វ័យ​​ក្មេង​ទាំង​នោះ​​​​មាន​​​មុខ​​​តំណែង​​​ក្នុង​​​ជួរ​​​​រដ្ឋាភិបាល​ នា​​ពេលខាងមុខ​​​​។

លោក ឡៅ ម៉ុង​ហៃ អ្នក​​វិភាគ​នយោ​បាយ​​ឯក​រាជ្យ​ បានលើកឡើង​​​កាលពី​ថ្ងៃ​ពុធ​​​ថា មាន​មូលហេតុ​​​ដែល​ធ្វើឲ្យ​​​យុវជន​វ័យ​ក្មេង​ទាំង​នោះចង់ចូល​រួម​ក្នុង​ចលនា​យុវជន​គាំ​ទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ លោក​ ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា“ យើង​អាច​កាត់​យល់បាន​​​។ ពួកគេ​ទទួល​​​បាន​​​ផល​ប្រយោជន៍​​​។​​​ពួកគេ​​អាច​​
រក​ការ​ងារ​ធ្វើ​ និង​អ្វីដែល​​​ពិសេស​​​មួយ​ទៀត​​​នោះគឺ​​​ឯក​សិទ្ធិ​​”។

ចលនា​យុវជន​​​​ស្មោះ​ស្ម័គ្រ​នឹង​​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន  ដែល​​​ត្រូវបាន​​​បង្កើត​​​មុន​​​ចលនា​​​យុវជន​​​បច្ចុប្បន្ន​​​ គឺ​​​​ សមាគម​និស្សិត​​​​​​និង​​​បញ្ញវន្ត ​​​​​​​ ដែល​​​គេ​​​ស្គាល់ជាទូទៅ​​​ថា​​​ សមាគម​​ក្មេង​វត្ត​នោះ បាន​​​បង្ហាញ​​​​​វត្ត​មាន​​​​ជាទៀង​ទាត់​​​​
អស់​​​រយៈពេល​​​ជា​ច្រើន​ឆ្នាំ​ ដោយ​បាន​ធ្វើ​ការ​តវ៉ា​គាំ​ទ្រ​រដ្ឋាភិបាល​​​ វាយបក​​​ទៅ​​​​​​ក្រុម​​​​ដែល​​​មាន​​​ទំនាក់ទំនង​​​ជាមួយ​​​គណ​បក្ស​ប្រឆាំង។

ក្រុម​​​​អ្នក​គាំទ្រ​លោក ហ៊ុន សែន ជា​រឿយៗ​តែង​ធ្វើ​អន្តរា​គមន៍​​ក្នុង​ការ​តវ៉ា​​ ដែល​​​ពួកគេ​​​ហៅថា​​​ ការ​​​តវា៉​​​មិន​សម​រម្យ​ពី​សំណាក់​កម្មករ​កម្មការិនី​​​រោង​ចក្រ​ ដែល​ទាម​ទារ​ឲ្យ​​​​មាន​​​ការ​​​ដំឡើង​ប្រាក់​ខែ​។ល។​​​ និង​​​។ល។​​​

បច្ចុប្បន្ន​​​នេះ សមាគម​ក្មេង​វត្ត​មាន​​ភាព​ស្ងប់​ស្ងាត់​ណាស់​​​ ប៉ុន្តែ​​​ ​លោក​ សេង សុវណ្ណារ៉ាអតី​តប្រធាន​​សមាគម​នេះ ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​រង​ខណ្ឌ​ដូន​ពេញ​​​កាលពី​ឆ្នាំ​២០០៥ ហើយបច្ចុប្បន្ន​​​នេះ​​​មាន​​​តំណែង​​​​ជា​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​យុត្តិ​ធម៌​៕

ប្រែសម្រួលដោយ​ ហម សុផាណ្ណា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស