28 C
Phnom Penh

ប្រជា​សហគមន៍​នាំ​គ្នា​ដើរ​ដង្ហែក្បួន​ ដើម្បី​បញ្ឈប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រៀប​ចំ​ការ​ដើរ​ដង្ហែ​ក្បួន​បាន​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​សុក្រ​ថា​ ប្រជា​ពល​រដ្ឋ​ប្រហែល​១៥០​នាក់​ ដែល​អាច​រង​ផល​ប៉ះ​ពាល់​ពី​ទំនប់​វារី​អគ្គិសនី​ ដែល​នឹង​ត្រូវ​សាង​សង់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ បាន​នាំ​គ្នា​ដើ​រ​ដង្ហែ​ក្បួន​រយៈ​ពេល​ពីរ​ថ្ងៃ​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បញ្ហា​​បណ្ដាល​មក​ពី​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ និង​ដើម្បី​​រួម​គ្នា​ធ្វើ​​ញត្តិ​មួយ​​ទាម​ទារ​​ឲ្យ​មាន​ការ​ទប់​ស្កាត់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​។

លោក​ យុ​ សេងឡុង​ តំណាង​អង្គការ​ក្រៅ​​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​១២​ដែល​ធ្វើ​ការ​ងារ​ខាង​ផ្នែក​តស៊ូមតិ​មិន​ឲ្យ​​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​​បែប​នេះ​ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​ “ យើង​បាន​ដើរ​ដង្ហែ​ក្បួន​លើ​ចម្ងាយ​ផ្លូវ​៣៥​គីឡូម៉ែត្រ​ នៅ​តាម​ដង​ទន្លេ​មេគង្គ​ និង​បាន​និយាយ​ជា​មួយ​ប្រជាសហ​គមន៍​ជា​ច្រើន​នាក់​ ដែល​រស់​នៅ​ដោយ​អាស្រ័យ​លើ​ទន្លេ​នេះ​” នៅ​ចន្លោះ​ស្រុក​ស្ទឹង​ត្រង់​ និង​ទីរួម​ខេត្ត​កំពង់​ចាម​។

លោក​ សេងឡុង​ បាន​ឲ្យ​ដឹង​ថា​ ញត្តិ​នេះ​ត្រូវ​បាន​ផ្តិត​មេដៃ​ដោយ​ប្រជា​ពល​រដ្ឋ​ប្រមាណ​
​៤៥០​នាក់​ និង​បាន​​ដាក់​ជូន​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ឡាវ​ ថៃ​ និង​វៀត​ណាម។ លោក​​ថ្លែង​ក្រោយ​ពេល​​​ការ​ដើរ​ដង្ហែ​ក្បួនបញ្ចប់​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ថា​ “ យើង​បាន​ស្នើ​សុំ​ពួក​គេ​កុំ​ឲ្យ​សាងសង់​ទំនប់​​វារី​អគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ ព្រោះ​វា​បង្ក​ផល​ប៉ះ​ពាល់​ដល់​សហគមន៍​របស់​យើង​”។

ក្រុម​អ្នក​ជំនាញ​បាន​រិះ​គន់​ផែន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ទាំង​នេះ ដោយ​បាន​លើក​ឡើង​ថា​ វា​ជា​ការ​គំរាម​កំហែង​ដល់​​​មច្ឆា​​នៅ​តាម​ទន្លេ​នេះ​ និង​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​ប្រមាណ​៦​លាន​នាក់​ ដែល​រស់​នៅ​ដោយ​​ពឹង​ផ្អែក​លើ​ទន្លេ​នេះ​ សម្រាប់​ប្រភព​ចំណី​អាហារ​ និង​ជីវភាព​រស់​នៅ៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស