38 C
Phnom Penh

អង្គការក្រៅរដ្ឋាភិបាល៖ គោល​​​ដៅថ្មីៗរបស់​​​អង្គការសហ​​​ប្រជា​ ជាតិ​​​គួរតែ​​​ផ្តោតលើ​សិទ្ធិ​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អង្គការក្រៅរដ្ឋាភិបាល​​​រាប់​​​សិប​​​បាន​ជួប​​​ប្រជុំគ្នាក្នុងរាជ​​​ធានីភ្នំពេញ​​​នៅ​សប្តាហ៍​​​នេះ​ដើម្បី​​​ចូលរួម​ផ្តល់​ជា​មតិ​យោបល់​​​ក្នុង​​​ផែនការ​​​របស់​​​អង្គការសហ​​​ប្រជាជាតិ​​​សម្រាប់​គោល​ដៅអភិវឌ្ឍន៍​​​​ថ្មីៗ​របស់​ពិភព​លោក​​​​សម្រាប់រយៈពេល​​​១៥​​​ឆ្នាំ​​​​ក្រោយ​។​គោល​ដៅ​អភិ​វឌ្ឍ​ន៍ថ្មី​ទាំង​នេះ​​នឹង​ជំនួសគោលដៅ​​អភិ​​វឌ្ឍន៍​​​សហស្ស​​វត្សរ៍បច្ចុប្បន្នរបស់​​​អង្គការ​​​សហ​​​ប្រ​​​ជាជាតិ​​​ ដែល​​នឹង​​​ត្រូវ​ផុត​​​កំណត់​​​នៅ​ក្នុង​​​ឆ្នាំ២០១៥។

បង្កើត​​ឡើង​​​ក្នុងឆ្នាំ២០០០ ឈុតទី១​នៃ​គោល​​​ដៅអភិវឌ្ឍន៍​​​សហស្ស​​​វត្សរ៍​ចំនួន​​​ប្រាំបី​​​បានផ្តល់​​​ឲ្យ​​​ប្រទេស​​​នានា​​​នូវ​​​គោល​​​ដៅ​ជាក់​លាក់ ដើម្បីបំពេញ ពាក់​ព័ន្ធ​​នឹង​​​​ភាព​ក្រីក្រ​​​សុខាភិបាល អប់រំ និង​​​បរិស្ថាន។អង្គការក្រៅ​​​រដ្ឋាភិបាល​​​នានាក្នុង​​​ប្រ​​​ទេស​​​កម្ពុជា ​សង្ឃឹម​ថាឈុតទី២នឹង​​​ឆ្លុះបញ្ចាំង​​​ពីបញ្ហា​​​សិទ្ធិ​​​មនុស្ស ​សមភាព​​​ និង​​​ការងារ។

នៅពេល​​​មន្ត្រីនៅអង្គការសហ​​​ប្រជា​​​ជាតិ​ក្នុង​​​បុរីញូវយ៉ក នៅសប្តាហ៍​​​នេះ បាន​​​ចាប់​ផ្តើម​បង្កើត​​​គោលដៅថ្មីៗដែលទំនង​​​ជា​​​នឹងផ្តោត​លើការ​​​ធ្វើ​​​ឲ្យគម្លាត​​​ប្រាក់​​​ចំណូល​​​រួមតូច ​ធ្វើ​ឲ្យ​​​ប្រសើរឡើង​​នូវការ​​​ការពារ​​​សង្គម និង​​​​ធ្វើ​​ឲ្យ​​​​ប្រទេស​​​នានា​​​​​​ទទួល​​​ខុសត្រូវច្រើន​​​ជាង​មុន​​​​ចំពោះ​​​គោល​​​ដៅ​​​អភិវឌ្ឍន៍ដែល​​​ប្រទេស​​​ទាំង​​​នោះ​​​បាន​​​ចុះកិច្ចព្រម​​​ព្រៀងនោះ ​​​បណ្តា​​​អង្គការ​ក្រៅ​​​​រដ្ឋាភិបាល​​​នៅប្រទេស​​​កម្ពុជា
ក៏​​​បាន​​​សាកសួរ​​​ខ្លួនឯងនិងសហគមន៍​​​ក្នុង​​​មូលដ្ឋានផងដែរថា តើ​​​ពួក​​​គេ​​​ចង់ឲ្យ​​​គោល​​​ដៅថ្មីសម្រេច​​​បាន​​​អ្វី​​​ខ្លះ។

ពួកគេ​​​បាន​​​ជួប​​​ប្រជុំគ្នា​​​កាលពីថ្ងៃពុធ​​​និង​​​ថ្ងៃព្រហស្បតិ៍ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ដើម្បី​ប្រមែប្រមូល​មតិយោបល់​ពី​កិច្ច​​ពិភាក្សា​លើក​មុនៗស្តីពីប្រធាន​​​បទ​​​នេះ ដែល​​​ពួកគេសង្ឃឹម​​​ថា ​នឹងជួយ​​​បង្កើត​​ទាំង​​​​គោលដៅ​​​ថ្មីៗ​​​របស់អង្គ​​​ការសហ​​​ប្រជាជាតិ ​និងផែនការ​​​អភិវឌ្ឍន៍ជា​​​យុទ្ធសាស្ត្រ​ថ្នាក់ជាតិរបស់​​​រដ្ឋាភិបាល​​​កម្ពុជា។

គណៈកម្មាធិការសហ​​​ប្រតិបត្តិការ​​​សម្រាប់​​​​កម្ពុជា ជា​​​អង្គការ​​​ក្រៅរដ្ឋាភិបាល​​​ចម្រុះ​​​មួយ ​ដែល​​​ដឹក​​​នាំ​​​កិច្ច​​​ប្រឹងប្រែង​​​នេះធ្លាប់​​​បាន​​​រៀប​ចំ​កិច្ច​​​ប្រជុំក្នុង​​​ខេត្ត​​​បាត់ដំបង ​ខេត្ត​កំពង់ចាម ​កាល​​​ពី​​​ខែមីនា​​​ដើម្បីទទួល​​​បាន​​​ព័ត៌មាន​ពី​សហ​​​​គមន៍ក្នុង​​​មូលដ្ឋាន សមាគម​ក្រៅ​​​ប្រព័ន្ធ​​​និង​​​បណ្តា​​​អង្គ​​​ការក្រៅ​​​រដ្ឋាភិបាលដែល​​​ជួយ​​​ពួកគេ។

លោក សឿង សារឿន នាយក​​​ប្រតិ​​​បត្តិ​​​អង្គការគណៈកម្មាធិការសហ​​​ប្រតិបត្តិ​​​ការ​​​បានមាន​​​ប្រសាសន៍​​​ថា ជាឧទាហរណ៍​​​​មាន​សំណើ​​ទូទៅ​​សុំ​ឲ្យ​មាន​ការ​ដាក់​បញ្ចូល​ បញ្ហា​​​សិទ្ធិមនុស្ស​​​និង​​​ប្រព័ន្ធតុ​​​លាការដែល​​​សេរី​និងយុត្តិធម៌​នៅ​ក្នុង​គោលដៅ​​​អភិវឌ្ឍន៍​​​​ថ្មី​ដែល​​​អង្គការសហ​​​ប្រ​​​ជាជាតិ​​​នឹងព្យាយាម​​​អនុម័ត។

លោក សារឿន បាន​​​មាន​​​ប្រសាសន៍​​​នៅ​ខាង​ក្រៅ​​​កិច្ច​​​ប្រជុំ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ថា
“ រឿងដែលសំខាន់​​​បំផុតគឺការ​​​អភិវឌ្ឍ​​​ផ្អែក​​​លើ​​​សិទ្ធិ​​​មនុស្ស។អ្វីៗ​​​គ្រប់យ៉ាង​​​ត្រូវ​​​យក​​​បញ្ហា​​​​
សិទ្ធិមនុស្ស​​​​ជា​ចំណុច​ស្នូល​។ទី២​​​គឺការ​​រាប់​បញ្ចូល​ក្នុង​សង្គម​និងង​​​សមភាព ព្រោះ​​​យើង​​ឃើញថា ទាក់ទិន​​​នឹង​​​ដីសម្បទាន​​​សេដ្ឋ​កិច្ច​ការ​​​​​បែង​ចែក​ដី​​​គ្មាន​​យុត្តិធម៌​​​ទេ។អ្នកមាន​​​អំណាច​​​​
និងមាន​ប្រាក់​ច្រើន ពួកគេ​​​ទទួល​​​បាន​​​ច្រើន”។

លោក សារឿន បាន​​​មាន​​​ប្រសាសន៍​​​ថា ​ក្តីបារម្ភចម្បងពីរផ្សេងទៀតដែល​​​ត្រូវ​​​បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំទាំង​​​នោះ ​គឺថា ​គោលដៅអភិវឌ្ឍន៍​​​ថ្មីៗ​​​របស់​​​អង្គការ​​​សហ​​​ប្រជជាតិក៏ផ្តោតខ្លាំង​​​លើការ​​​អភិវឌ្ឍ​​​ប្រកប​​​ដោយ​​និរន្តរភាព​​​ផ្នែក​​​បរិស្ថាន​​​និង​​​បង្កើត​​​ឱកាស​​​ការងារ​​​​ឲ្យ​បាន​ច្រើន​និង​កាន់​តែ​​​ប្រសើរ​​​ជាងមុន។

នៅក្នុង​​ការវាយ​​​តម្លៃ​​​ថ្មីៗ​​​បំផុត​​​របស់​​​ខ្លួន​​​ចំពោះ​​​ការ​​​វិវឌ្ឍរបស់កម្ពុជា លើគោល​​​ដៅ​អភិវឌ្ឍន៍​​​ចំនួន​​​ប្រាំ​​​បីនាពេល​​​បច្ចុប្បន្ន ​ពី​ពាក់​កណ្តាល​​​​ឆ្នាំ២០១២មក ក្រសួង​​​ផែន​​​ការ​​​បាន​​​លើក​​​ឡើង​​​ថា ប្រទេស​​​កម្ពុជា សម្រេច​​​បាន​គោល​​​ដៅពីរ​​​រួច​​​មក​​​ហើយ នោះគឺការកាត់​​​បន្ថយ​​អត្រាមរណ​ភាព​មាតា​និង​​​ទារក ​ហើយ​
​​​ទំនងជា​​​សម្រេច​​​បាន​​​តាមគោល​​​ដៅយ៉ាង​ហោច​​​​ណាស់ពីរ​​​បន្ថែម​​​ទៀតលើ​​​ការ​​​កាត់​​​បន្ថយ​​​ភាព​​​ក្រីក្រ និងការ​បង្កើន​​​អត្រា​​​ចុះ​ឈ្មោះ​​​សិក្សា​​នៅ​​​ថ្នាក់​​​បឋមសិក្សា។

ក្រសួង​នេះ​​លើក​ឡើង​ថា ការ​សម្រេច​គោល​ដៅ​ឆ្នាំ​២០១៥​សម្រាប់​គោល​ដៅ​ចំនួន​បួន​ផ្សេង​ទៀត​ ដែល​ទាន់​ទិន​នឹង​សមភាព​​យេនឌ័រ អត្រា​ឆ្លង​ជំងឺ​ និរន្តរភាព​​បរិស្ថាន និង​ការ​ចាប់​ដៃ​ជាមួយ​រដ្ឋាភិបាល​នានា​ ​​បង្ហាញ​ឲ្យ​ឃើញ​ថា កាន់​តែ​មាន​ការ​លំបាក​ ឬ​ទំនង​ជា​មិន​អាច​​សម្រេច​បាន​ជោគ​ជ័យ​តែម្តង​។

ក្រសួង​នេះ​បាន​លើកឡើង​ថា គោល​ដៅ​​ទី៩​ដែល​ប្រទេស​កម្ពុជា​បាន​ដាក់​បន្ថែម​ដោយ​ខ្លួន​ឯង​ក្នុង​គោល​បំណង​លុប​បំបាត់​ការ​ស្លាប់​ដោយសារ​គ្រាប់​មីន​កប់​នៅ​ក្នុង​ដី និង​ដើម្បី​បោស​សម្អាត​មីន​លើ​​ដី​ដែល​មាន​មីនច្រើន​នោះ​ ក៏​ទំនង​ជា​នឹង​មិន​សម្រេច​បាន​ជោគ​ជ័យ​ដែរ​។

គោល​ដៅ​ដំបូង​របស់​ប្រទេស​កម្ពុជា​សម្រាប់​ការ​កាត់​បន្ថយ​អត្រា​មរណភាព​មាតា​ត្រឹម​ឆ្នាំ​២០១៥​ គឺ​ស្លាប់​១៤០​នាក់​​ក្នុង​​​​ចំណោម​​១០០.០០០​កំណើត​រស់​​។ ប៉ុន្ដែ ដោយ​សារ​តែ​តួលេខ​នេះ​​ទំនង​ជា​មិន​អាច​សម្រេច​បាន​​ ក្រោយ​មក​រដ្ឋាភិបាល​​បាន​កែប្រែ​គោលដៅ​នោះ​មក​នៅ​ត្រឹម​​ស្លាប់​២៥០​នាក់​វិញ​ ក្នុង​​ចំណោម​​កំណើតរស់​​១០០.០០០។​ រហូត​មក​ទល់​ឆ្នាំ​២០១១ ​ចំនួន​អ្នក​ស្លាប់​មាន​២០៦​នាក់​ មាន​ន័យ​ថា គោល​ដៅ​ដែល​បាន​​កែ​ប្រែ​​នេះ​សម្រេច​បាន​ជោគជ័យ​ហើយ​។ តាម​រយៈ​​ការ​​កាត់​បន្ថយ​ចំនួន​នោះ​ ប្រទេស​កម្ពុជា​សម្រេច​​បាន​គោល​ដៅ​អភិវឌ្ឍ​ន៍ឆ្នាំ​២០១៥​របស់​ខ្លួន។

រដ្ឋាភិបាល​ក៏​បាន​កែប្រែ​វិធី​ដែល​ខ្លួន​បាន​គណនា​ពី​​ខ្សែ​បន្ទាត់​ភាព​ក្រីក្រ​ក្នុង​ឆ្នាំ​២០១១​ផង​ដែរ​ ជា​រូប​មន្ត​ស្មុគស្មាញ​មួយ​ដែល​មួយ​ផ្នែក​ផ្អែក​​លើ​​ការ​ចំណាយ​របស់​ខ្លួន​​ទៅ​លើ​​កាឡូរី​ដែល​ត្រូវ​ទទួល​ទាន។​
នៅ​ក្នុង​របាយការណ៍​មួយ​ស្ដី​ពី​​ខ្សែ​បន្ទាត់​​នៃ​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បញ្ចេញ​កាល​​ពី​ខែ​មេសា​ ក្រសួង​ផែន​ការ​បាន​លើក​ឡើង​ថា រូប​មន្ដ​ថ្មី​នេះ​“ មាន​ភាព​ប្រាកដ​ប្រជា​ជាង​”។

មាន​ការ​រំពឹង​ទុក​ថា ពេល​​នេះ​ប្រទេស​កម្ពុជា​គ្រាន់​តែ​ជិត​សម្រេច​បាន​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ឲ្យ​មក​នៅ​ត្រឹម​១៩,៥​ភាគរយ​នៃ​ចំនួន​ប្រជា​ជន​សរុប​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ត្រឹម​ឆ្នាំ​២០១៥។

លោក ថេង បញ្ញាធន​ អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ផែន​ការ​នៃ​ក្រសួង​ផែន​ការ​បាន​មាន​ប្រសាសន៍​ថា “ ពេល​នេះ​អត្រា​នៃ​ភាព​ក្រី​ក្រ​មាន​​គឺ​២០​​ភាគរយ ដូច្នេះ​ការ​ព្យាករ​សម្រាប់​ឆ្នាំ​២០១៥​គឺ​ថា អត្រា​នៃ​ភាព​ក្រីក្រ​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​១៧ ឬ១៨​ភាគរយ​”។

លោក​ ម៉ាក ដឺវីវ (Marc Derveeuw) តំណាង​មូលនិធិ​ប្រជា​ជន​ (Population Fund) របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​​ បាន​កោត​សរសើរ​កម្ពុជា​ចំពោះ​ការ​វិវឌ្ឍ​របស់​ខ្លួន​ ហើយ​​លើក​ឡើង​ថា ​ការ​កែ​ប្រែ​គោល​​ដៅ​អភិវឌ្ឍ​​ន៍មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ​ទេ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​មាន​ប្រសាសន៍​ការ​ពារ​ការ​កែប្រែ​ទាំង​នេះ​។

លោក​​មានប្រសាសន៍​ថា “ ឱកាស​ត្រូវ​បាន​ផ្ដល់​ឲ្យ​ប្រទេស​ជា​ច្រើន​ ដើម្បី​បង្កើត​គោល​ដៅ​ថ្មី​ៗ​ ដែល​មាន​លក្ខណៈ​ប្រាកដ​ប្រជា​ និង​អាច​សម្រេច​បាន​ជោគ​ជ័យ​ច្រើន​ជាង​។ ប្រជា​ពល​រដ្ឋ​កម្ពុជា​មាន​អ្នក​ក្រ​​តិច​ជាង​មុន​ ហើយ​ពួក​គេ​មាន​សុខភាព​ល្អ​ជាង​មុន។ ប្រជា​ពល​រដ្ឋ​កម្ពុជា​ទទួល​បាន​ការ​អប់​រំ​ច្រើន​ជាង​មុន​។

ពេល​នេះ​មាន​ស្ថាន​ភាព​ល្អ​ជា​ង​កាល​ពី​១៥​ឆ្នាំ​មុន”។ ប៉ុន្ដែ ប្រទេស​កម្ពុជា​សម្រេច​បាន​ជោគ​ជ័យ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​​ក្នុង​ចំណោម​​គោល​ដៅ​ឆ្នាំ​២០១៥​របស់​ខ្លួន​។ ប៉ុន្តែ លោក សារឿន ​មកពី​អង្គការ​គណៈ​កម្មាធិការ​សហប្រតិបត្តិ​ការ​សម្រាប់​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ថា គោល​ដៅ​អភិវឌ្ឍ​ន៍​ពេល​បច្ចុប្បន្ន​ ដែល​ជា​គោល​ដៅ​ដើម ឬ​ត្រូវ​បាន​កែប្រែ​​រួច​​ហើយ​នោះ​​ នៅ​តែ​ផ្ដោត​ខ្លាំង​ពេក​លើ​គោលដៅ​សេដ្ឋកិច្ច ដោយ​មិន​ផ្ដោត​​លើ​គោលដៅ​សង្គម​ ដូច​ជា​បញ្ហា​សិទ្ធិមនុស្ស​ជាដើម​។

លោក​បាន​មានប្រសាសន៍​ថា គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស​រ៍ថ្មី​ៗ គួរ​តែ​​ផ្ដោត​​​ថា​តើ​​ការ​អភិវឌ្ឍ​សង្គម​ និង​​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដើរ​​ទន្ទឹម​គ្នា​ដោយវ​ិធីណា​។ យើង​សូម​សរសើរ​ចំពោះ​អ្វី​ដែល​​គោល​ដៅ​បច្ចុប្បន្ន​បាន​សម្រេច​​​ប៉ុន្តែ នៅ​តែ​មាន​គម្លាត​នៅ​ឡើយ”។

​លោក​បាន​មាន​ប្រសាសន៍​ថា អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​សម្រាប់​កម្ពុជា​ នឹង​យក​ព័ត៌មាន​ដែល​ខ្លួន​ទទួល​បាន​នៅ​សប្ដាហ៍​នេះ និង​កាលពី​ខែ​មីនា​ដាក់​បញ្ចូល​នៅ​ក្នុង​របាយការណ៍​មួយ​ រួច​ដាក់​ជូន​ទៅ​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​នៅ​ខែ​ក្រោយ​៕

(រាយការណ៍​បន្ថែម​ដោយ​ ផន បុប្ផា)
ប្រែ​សម្រួល​ដោយ តែម​ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស