33 C
Phnom Penh

លោក ហ៊ុន សែន ​ព្រមានជា​ថ្មី​អំពី​គ្រោះអាក្រក់​របស់​​​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសុក្រ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន បាន​ព្រមាន​ជា​ថ្មី​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​វិស័យ​អប់​រំ​ក្នុង​​​​ប្រទេស​កម្ពុជា នឹង​រង​​ប៉ះពាល់​ ប្រសិនបើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​ចាញ់​ឆ្នោត​​​​​នៅ​​​​​​ថ្ងៃទី​២៨ ខែ​កក្កដា។​​​ នេះ​​​ជា​​​ការ​​​ចាក់ចំ​​​ចំណុច​​​រសើប​​​របស់​​​អ្នក​បោះ​ឆ្នោត​នៅ​តាម​​​តំបន់​ជនបទ​​​ដែល​​​​មាន​ការ​ព្រួយ​បារម្ភ​​​អំពី​​​រឿងនេះ​​​។

ថ្លែង​ទៅកាន់​ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​ក្នុង​​​ពិធី​សម្ពោធ​សាលា​រៀន​​​មួយ​ខ្នង​ក្រោម​ការ​​​​ឧបត្ថម្ភ​របស់​​​​​​ក្រុមហ៊ុន​​​វៀត​ណាម ​​​ក្នុង​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម ​ លោក ហ៊ុន សែន ​ក៏​បាន​បដិសេធផង​ដែរ​​ថា លោក​មិន​មែនជា​អាយ៉ង​នៃ​ប្រទេស​ជិត​ខាង​ទេ​។

លោក ហ៊ុន សែន ​មាន​ប្រសាសន៍បន្ទាប់​ពី​​​បាន​​​និយាយ​​​ជា​​​ភាសា​​​វៀត​ណាមជាមួយ​លោក ឡេ វ៉ាន់​គៀម (Le Van Kiem) អ្នកជំនួញ​វៀតណាម​ ដែល​ក្រុម​ហ៊ុន​វិនិយោគ​ទុន​របស់ខ្លួន​​​បាន​ចំណាយ​ប្រាក់​​៥៦០.០០០​ដុល្លារ ​ដើម្បីសាង​សង់​សាលារៀន​​​​នៅ​ក្នុង​ស្រុក​​​​ស្ទឹងត្រង់​​​នេះ​ថា “ ពេល​ខ្ញុំនិយាយ​ភាសា​វៀតណាម គេ​ចោទ​ខ្ញុំ​ថា ជា​អាយ៉ងរបស់​​វៀតណាម ប៉ុន្ដែ​ពេលដែល​ខ្ញុំនិយាយ​ភាសា​អង់គ្លេស​ ហេតុអ្វី​ក៏​​​ពួក​គេ​មិន​ហៅ​ខ្ញុំថា ជា​អាយ៉ង​របស់​អាមេរិក​​​ផងទៅ​​​​”។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ថា “ ខ្ញុំ​​គ្មាន​​​ថ្ងៃ​​​ធ្វើ​ជា​អាយ៉ង​របស់អ្នកណា​​​ទេ គឺដាច់ខាត​​​តែម្ដង​”។ លោកនាយក​រដ្ឋមន្ត្រី​ ដែល​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​​​អស់​រយៈ​ពេល​ជិត​​៣០​ឆ្នាំ​​​មក​​​ហើយ​នោះ​ តែង​​​បាន​​​ឆ្លៀត​​​ឱកាស​​​​ប្រើ​ព្រឹត្តិ​ការណ៍​​​​​​ថ្មីៗ​​​ដែលមាន​​​វត្តមានរបស់​លោក ​ដើម្បី​​ទាក់ទាញ​​​​​​ការគាំទ្រ​​​សម្រាប់​គណ​បក្ស​កាន់​អំណាច​មុន​ការ​បោះឆ្នោត​ ហើយ​ក៏​បាន​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ ដែល​អាច​ធ្លាក់​មក​លើ​​ប្រទេស​កម្ពុជា ប្រសិន​បើ​គណ​បក្ស​របស់​លោក​ចាញ់​ឆ្នោត​ផងដែរ​​​ ក្នុងនោះ​​​​​​រួម​មាន​​​ការ​​​ផ្ទុះ​​​សង្គ្រាម ការ​បិទ​សាលារៀន​​​និង​​​ធនាគារ​​​ និង​ការ​បញ្ចប់​គម្រោងចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​តំបន់​ជនបទ​​​ ដែល​​​សំដៅបញ្ចប់​​​ការ​​​​ចាប់​យក​​​ដី​​​ធ្លី​​​របស់​​​ពួកគេ​​​។

លោក​បាន​​​ចាក់ចំ​​​​ចំណុច​រសើបនេះ​​​ម្តង​ទៀត​​​កាលពី​​​ម្សិលមិញ​​​​​​ ដោយ​បាន​​​ក្រើនរំឭក​សាធារណ​ជន​ថា និស្សិត​ស្ម័គ្រ​ចិត្ត​របស់​​​លោក​​​ ដែល​កំពុង​កំណត់​​​ព្រំដី​​​​នៅ​តាម​តំបន់​ជនបទនិង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​​ជូន​ប្រជា​ពលរដ្ឋ​​​នោះ អាច​​​ចុះទៅ​​​បញ្ចប់​​​កម្មវិធី​​​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​​​នេះ​​​បាន តែក្នុង​​​ករណី​​​​គណ​បក្ស​កាន់​អំណាច​ឈ្នះ​​ឆ្នោត​​​​នៅ​​​ពេល​​​ខាង​មុខ​នេះ​​​ប៉ុណ្ណោះ​​​។

លោក ហ៊ុន សែន​ មាន​ប្រសាសន៍ដោយ​សំដៅ​​លើ​និស្សិត​ស្ម័គ្រ​ចិត្ត​ថា“ ក្មួយៗ​​​​មិនទាន់​បាន​​​បញ្ចប់​ការ​ងារ​វាស់វែង​​​នេះ​​​នៅ​ឡើយ​ទេប៉ុន្ដែ​​ក្មួយៗ​​​ត្រូវ​ប្រាប់​ប្រជាពល​រដ្ឋ​​​​​ត្រង់​ៗ​​​ថា​ក្មួយៗ​​​ត្រូវ​ផ្អាក​​​​ការងារ​​​នេះ​​​ជា​​​បណ្ដោះ​អាសន្ន​​សិន​ ហើយ​នឹង​ត្រឡប់មក​​​​វិញនៅ​ពេល​ដែល​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះ​ឆ្នោត​”។

បន្ទាប់​មក​ លោក ហ៊ុន សែន បាន​ផ្ដោត​ទៅលើ​គណបក្ស​សង្គ្រោះជាតិ ដែល​កើត​ឡើង​ពីការ​រួម​បញ្ចូល​គ្នា​រវាង​គណ​បក្ស​ សម រង្ស៊ី និង​គណ​បក្ស​ សិទ្ធិមនុស្ស​ ដោយ​​​បាន​បញ្ជា​ឲ្យមន្ត្រី​​​​ថ្នាក់​ឃុំ​-​សង្កាត់​នៅ​ទូទាំង​ប្រទេស​​ផ្សព្វ​ផ្សាយ​ខ្សែ​អាត់​សំឡេង​របស់​​លោក កឹម សុខុន ប្អូន​ប្រុស​របស់លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​​ ដែល​​​បាន​​​រិះគន់​​​បងប្រុស​​​របស់​​​ខ្លួន​​​យា៉ងចាស់ដៃ​​​។

លោកបាន​កំប្លែង​លេង​ថា គណ​បក្ស​ប្រឆាំង​គ្មាន​អ្វី​​​ផ្តល់ជូន​​​ប្រជាពលរដ្ឋ​​​ក្រៅ​ពី​សន្យា​​​ខ្យល់​​​ឡើយ​​​។
លោក​បាន​​​និយាយ​អំពី​គណ​បក្ស​ប្រឆាំង​មុន​ពេល​សុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​គិត​ឲ្យ​បាន​​​ម៉ត់ចត់​​​អំពី​គណបក្ស​​​ដែល​ខ្លួន​ត្រូវ​បោះ​ឆ្នោត​ឲ្យ ព្រោះ​ការ​សម្រេច​ចិត្ត​ខុស​អាច​​​​នាំ​មកនូវ​គ្រោះ​​​អាក្រក់​​​​​​​​​​សម្រាប់​​​ប្រទេស​​​កម្ពុជា​​​ថា “ [អង្គការ]​ណាតូ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្ដែ​ពាក្យ​​​ ណាតូ ​​​នេះ​​​​មិនមែន​សំដៅ​​លើ​អង្គការ​សិន្ធិ​សញ្ញា​អាត្លង់ទិកខាង​ជើង ​​​ទេ…​។វា​សំដៅ​​លើ​ការ​និយាយ​​​តែ​​​មាត់​​​ គ្មាន​​​សកម្មភាព​​​ជាក់ស្តែង​​”។

លោក​បាន​មាន​​​ប្រសាសន៍​​​បន្ត​ថា “ បើ​​បង​​ប្អូន​​​ខឹង​គោ​ សូម​​​កុំ​វាយ​រទេះ​។ សូម​​​កុំ​សម្រេច​​​ចិត្ត​​​ឈប់​​​​​​​​បោះ​ឆ្នោតឲ្យ​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​ ប្រសិន​បើ​បងប្អូន​​​​ខឹង​មេភូមិ​ ​មេឃុំ អភិបាល​ស្រុក​ ឬ​នគរ​បាល​ដែល​ឈរ​ល្បាត​​​នៅ​តាម​ដង​ផ្លូវ​។​​​ការ​​​​ទម្លាក់​ ហ៊ុន សែន ចេញពី​អំណាច​នោះ ​ជា​​​រឿង​​​ខុសឆ្គង​​​ ព្រោះ​នេះជា​ការ​បោះ​ឆ្នោត​ជាតិ​ មិនមែន​ជា​​​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ទេ។

លោកនាយក​រដ្ឋមន្ត្រី​បានថ្លែង​​​បន្ត​​​ថា“ នេះជា​ការ​បោះ​ឆ្នោត​ជាតិ​។ ការ​បោះ​ឆ្នោត​ខុស​​​មួយថ្ងៃ​​​​នឹង​នាំ​មក​នូវ​​​​សំណាង​អាក្រក់​​​ពេញ​​​មួយ​ជីវិត​​​​របស់​​​បងប្អូន​​​។ ការ​បោះ​ឆ្នោតឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​ឲ្យ​ ហ៊ុន សែនធ្វើ​ជា​នាយក​រដ្ឋមន្ត្រី នឹង​នាំ​មកនូវ​​​​​សាលា​រៀន​​​​​ផ្លូវ​ថ្នល់ មន្ទីរពេទ្យ​ ប្រព័ន្ធ​ធារាសាស្ត្រ និង​អ្វីៗ​​​ផ្សេងៗ​​​ទៀត​​​​ច្រើនជាងពេល​​​​បច្ចុប្បន្ន​នេះ។

លោក​​​ យឹម​​​ សុវណ្ណ​​​ អ្នក​នាំពាក្យ​គណបក្ស​​​សង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណ​បក្ស​របស់​លោកមាន​ជ័យ​ជម្នះ​លើ​គណ​បក្ស​កាន់​អំណាច “ ការ​អភិវឌ្ឍ​​​​នឹង​ប្រសើរ​ជាង​នេះ​ប្រាំ​ដង​”៕

(រាយការណ៍​បន្ថែម​ដោយ​ Lauren Crothers)
ប្រែសម្រួល​ដោយ ហម សុផាណ្ណា​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស