34 C
Phnom Penh

ព្រះ​ចៅ​អធិការវត្ត​​មួយ​អង្គ​ត្រូវ​ឃាតករ​​វាយ​ធ្វើ​គតនៅពេល​ទៀប​ភ្លឺ​​ក្នុង​វត្ត​នៅ​ខេត្ត​ស្វាយ​រៀង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយ​ថា ព្រះ​ចៅ​អធិការ​វត្តមួយ​អង្គ​ត្រូវ​បាន​ឃាតករ​វាយ​ធ្វើគត​នៅ​វត្ត​មួយ​នៅក្រុងបាវិត​ ខេត្ត​ស្វាយ​រៀង​ កាល​ពី​​ពេល​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​សុក្រ ដែល​នេះ​ទំនង​ជា​ទង្វើ​សង​សឹក​។

យោង​តាម​លោក កែវ គង់ អធិការ​​​នគរ​បាល​ក្រុង​បាវិតបានឲ្យ​​​ដឹងថា ព្រះតេជគុណ កែវ ប៉ូច ព្រះ​ជន្ម​៧៨​វស្សា ជា​ព្រះចៅ​អធិការ​វត្ត​ថ្នាញ់​ ក្នុង​​​សង្កាត់​​​បាទី​ ត្រូវ​បាន​ប្រទះ​ឃើញ​​សុគត​ដោយ​មានលោហិត​​លើ​​ព្រះសិរសា​របស់​ព្រះអង្គ ហើយ​កឡើង​ហើម​ក្នុង​បន្ទប់​របស់​ព្រះអង្គ​នៅ​ម៉ោង​ប្រហែល​៥​ទៀបភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សុក្រ។

លោក​បាន​មាន​ប្រសាសន៍​ថា“ ព្រះកេស​​​​របស់​ព្រះតេជគុណ​ចេញ​ឈាម​​​ដោយ​សារ​កាវ​វាយ​ដំ។ ផ្នែក​ខាង​ឆ្វេង​នៃ​ក​ព្រះតេជ​គុណ​​ឡើង​ហើម ​ហើយ​ឆ្អឹង​បាក់​”។

លោក​ កែវ គង់ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀ​ត​ថា​ លោក​ជឿ​ថា ឃាត​កម្ម​នេះ​មាន​ការ​រៀប​ចំ​គម្រោង​ទុក​ជា​មុន​ ដោយ​សារ​​តែ​នៅ​កន្លែង​កើត​ហេតុ​មិន​សូវ​ឃើញ​មាន​ឈាម​​ជន​រង​គ្រោះ​ច្រើន​ទេ។ ព្រះ​សព​នៃព្រះ​ចៅ​អធិការ​អង្គ​នេះ​ត្រូវ​បាន​​​ប្រទះ​ឃើញ​​​ដោយ​​​​សាម​ណេ​រមួយ​អង្គ​ព្រះជន្ម​​១៣​វស្សាដែល​បាន​ទៅ​ដាស់​​ព្រះចៅ​អធិការ​​ឲ្យ​​តើន​ពី​សឹង ដើម្បី​​ចាក់​ភ្លេង​ប្រារព្ធ​ពិធី​បុណ្យ​​ពិសាខបូជា​។

លោក​ កែវ គង់ មាន​ប្រសាសន៍​ថា មាន​ព្រះសង្ឃ​តែ​ពីរអង្គ​ប៉ុណ្ណោះ​ដែល​គង់នៅ​ក្នុង​វត្ត​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា“ នគរបាល​បាន​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ហើយ និង​កំពុង​ស្វែង​រក​ភ័ស្ដុតាង​ ដើម្បី​បញ្ជាក់​​ពី​បទ​ឧក្រិដ្ឋ​នេះ​”៕

ប្រែសម្រួល​ដោយ តែម សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស