28 C
Phnom Penh

ការ​រួម​បញ្ចូល​គ្នា​របស់​គណបក្ស​ប្រឆាំងធំៗ​ចំនួន​ពីរ​អាច​​មាន​ទាំង​ហានិភ័យ ​និង​លទ្ធផល​ល្អ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែង​មិន​បាន​សម្រេច​អស់​រយៈ​ពេល​បួន​ឆ្នាំ​ ដើម្បី​បង្កើត​គណបក្ស​ប្រឆាំង​រួម​​គ្នា​មួយ​ លោក សម រង្ស៊ី​ និង​លោក កឹម សុខា​ បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា​​ឆ្នាំមុន នៅ​ក្នុង​ទីក្រុង​ម៉ានីល ហើយ​ជា​ចុង​ក្រោយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ ដើម្បី​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​កក្កដា​ឆ្នាំ​នេះ​។

មក​ទល់​នឹង​ពេល​នេះ​ វា​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ និង​១១​ថ្ងៃ​ហើយ​ក្នុង​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន​ បង្កើត​ឈ្មោះ​គណបក្ស​​ថ្មី​ បង្កើត​គោល​នយោបាយ​​បក្ស​ ​រៀប​ចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ ដាក់​​ស្លាក​សញ្ញា​គណបក្ស​នៅ​ទូទាំង​ប្រទេស​ និង​ជា​ពិសេស​នោះ​ ​ណែនាំ​គណបក្ស​ថ្មី​​នេះ​ឲ្យ​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រហែល​ប្រាំបួន​​លាន​នាក់​ស្គាល់​មុន​ការ​បោះ​ឆ្នោត​ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

ទោះ​បី​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ទើប​តែ​បង្កើត​ឡើង​ថ្មី​ បាន​លើក​ឡើង​ថា កម្លាំង​​រួម​បញ្ចូល​គ្នា​​នឹង​ជួយ​ឲ្យ​​គណបក្ស​ប្រឆាំង​​​មាន​ឱកាស​​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ក៏​ដោយ ក៏​​អ្នក​វិភាគ​បាន​លើក​ឡើង​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា ការ​សម្រេច​រួម​បញ្ចូល​គ្នា​នេះ ក៏​មាន​ហានិភ័យ​​ខ្ពស់​ដែរ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​អំណាច​របស់​គណបក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​ចាក់​ឫស​ជា​យូរ​មក​ហើយ​ នៅ​ក្នុង​មនុស្ស​គ្រប់​ស្រទាប់​នៅ​ក្នុង​សង្គម​នោះ​។

លោក​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​​ឯករាជ្យ​ បាន​មាន​ប្រសាសន៍​ថា “ គួរតែ​មាន [ការ​រួម​បញ្ចូល​គ្នា​​] ​តាំង​ពី​​យូរ​​ម្លេ៉ះ។ ពួក​គេ​គួរ​តែ​បាន​រួម​បញ្ចូល​គ្នា​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ក្នុង​ឆ្នាំ​២០១២​ ​ដើម្បី​ប្រើ​ពេល​នោះ​ជា​ពេល​សាក​ល្បង​ប្រជាប្រិយភាព​របស់​ខ្លួន​ផង​ដែរ”។
ការ​ពិត​ ការ​សម្រេច​រួម​បញ្ចូល​គ្នា​នេះ​ ​ទើប​​តែ​​ធ្វើ​ឡើង​បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​ បាន​បង្ហាញ​ថា គណបក្ស​សិទ្ធិ​មនុស្ស​មាន​លទ្ធផល​គួរ​ឲ្យ​​ទុក​ចិត្ត​។
លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណ​បក្ស​ សម រង្ស៊ី និង​ជា​បេក្ខជន​​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការ​បោះ​​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ​មាន​ប្រសាសន៍​ថា មុន​ពេល​ការ​រួម​បញ្ចូល​គ្នា​ មេ​ដឹក​នាំ​ទាំង​ពីរ​​របស់​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ នៅ​តែ​ជឿ​ជាក់​ថា ខ្លួន​អាច​ដើរ​ដោយ​​ខ្លួន​ឯង​បាន​។

លោក​លើក​ឡើង​ថា “ យើង​មាន​មេ​ដឹក​នាំ​​ដែល​ជឿ​ជាក់​ថា ខ្លួន​ឯង​ជា​មេ​ដឹកនាំ​​ល្អ​បំផុត​ ហើយ​មេ​ដឹកនាំ​ទាំង​ពីរ​អាច​ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​ខ្លួន​បាន ប៉ុន្តែ ផ្ដោត​
​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ជាពិសេស​​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់។ គណបក្ស​ សម រង្ស៊ី​
មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ យើង​បាត់​បង់​អាសនៈ​​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​អស់​ជា​ច្រើន​”។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ គណ​បក្ស​ប្រឆាំង​ទាំង​ពី​ទទួល​បាន​អាសនៈ​ត្រឹម​តែ​​៤០​អាសនៈ​ប៉ុណ្ណោះ​ ​ក្នុង​ចំណោម​អាសនៈ​​មេ​ឃុំ​ចៅ​សង្កាត់​សរុប​១.៦៣៣​អាសនៈ​នោះ​។ ហើយ​ទោះ​បី​ជា​​គណបក្ស​ សម រង្ស៊ី បាន​យក​ឈ្នះ​គណបក្ស​​សិទ្ធិ​មនុស្ស​ក្នុង​ចំនួន​អាសនៈ​២២​ទល់នឹង​១៨​អាសនៈក៏​ដោយ​ក៏​គណបក្ស​ សម រង្ស៊ី បាន​បាត់​បង់​តំណែង​មេឃុំ​​ចៅ​សង្កាត់​ចំនួន​ប្រាំមួយ​​ដែរ​​​ ហើយ​នេះ​ជា​លើក​ដំបូង​សម្រាប់​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា “ ​បញ្ហា​នេះ​ បាន​ធ្វើ​ឲ្យ​លោក សម រង្ស៊ី គិត​ហើយ​គិត​ទៀត​អំពី​ការ​រួម​បញ្ចូល​គ្នា​​ ប៉ុន្តែ គិត​គូរ​ខ្លាំង​នៅ​ពេល​នេះ រីឯ​លោក កឹម​ សុខា ក៏​អ៊ីចឹង​ដែរ។ ប្រសិន​បើ​នៅតែ​ដើរ​ដោយ​ខ្លួន​ឯង គណបក្ស​សិទ្ធិ​មនុស្ស​នឹង​មិន​ទទួល​បាន​អ្វី​ប្លែក​នោះ​ទេ​ បើ​​គ្មាន​ការ​រួម​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​ សម រង្ស៊ី នោះ​”។

​រួម​​គ្នា​ គណបក្ស​ទាំង​ពីរ​ ឥឡូវ​នេះ​កំពុង​តែ​ការ​ពារ​អាសនៈ​ចំនួន​២៩​អាសនៈ​​​នៅ​
ក្នុង​រដ្ឋ​សភា​ គឺ​២៦​អាសនៈរបស់​គណបក្ស​សម រង្ស៊ី និង​បី​អាសនៈ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​។ លោក សម រង្ស៊ី គឺ​ជា​ប្រធាន​គណ​បក្ស​សង្គ្រោះ​​ជាតិ​។

​ទោះ​​ជា​យ៉ាងណា ដោយ​សារ​តែ​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​ពេល​វេលា​តិច​តួច​​ ដើម្បី​​ផ្សព្វ​ផ្សាយ​គណបក្ស​របស់​ខ្លួន​​និង​បញ្ចុះ​បញ្ចូល​អ្នក​គាំ​ទ្រ​ឲ្យ​ជឿ​លើ​​ភាគី​ដែល​​រួម​បញ្ចូល​​គ្នា​​ទាំង​ពីរ​នោះ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​​ បាន​លើក​ឡើង​ថា ​ គេ​នៅ​ចាំ​មើល​ថា​គណ​បក្ស​​​
ដែល​រួម​បញ្ចូល​គ្នា​នេះ​​​នឹង​ទទួល​បាន​ជ័យ​ជម្នះ​ប៉ុណ្ណា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​​”។

លើស​ពី​នេះ​ទៅ​ទៀត​ ​គណបក្ស​នេះ​​ត្រូវ​តែ​បញ្ចុះបញ្ចូល​អ្នក​បោះ​ឆ្នោត​ឲ្យ​ដឹង​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ធ្លាប់​តែ​មាន​ទំនាក់​ទំនង​មិន​សូវ​ល្អ​នឹង​គ្នា​កាល​ពី​មុន​ កំពុង​ដើរ​លើ​ផ្លូវ​តែ​មួយ​។

មុន​ការ​ជួប​ពិភាក្សា​គ្នា​​ក្នុង​ទីក្រុង​ម៉ានីល ទំនាក់​ទំនង​របស់​លោក កឹម សុខា និង​លោក សម
រង្ស៊ី មាន​ភាព​ប្រេះ​ឆា​​​គ្នា​ខ្លាំង​ជាង​​ការ​ដែល​ខ្លួន​​ប្រឆាំង​នឹង​​លោក ហ៊ុន សែន ទៅ​ទៀត​។
ការ​សន្យា​​អំពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណ​បក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​ សម រង្ស៊ី​ កាល​ពី​ឆ្នាំ​២០១១​ បាន​បរាជ័យ​ បន្ទាប់​ពី​​​​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​​​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន បាន​លេច​ធ្លាយ​ក្នុង​ខែ​​ឧសភា​ឆ្នាំ​នោះ​។ អំឡុង​​ពេល​​សន្ទនា​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៧​ លោក ហ៊ុន សែន ​ត្រូវ​គេ​ដឹង​ថា បាន​ផ្ដល់​យោបល់​ឲ្យ​លោក កឹម
សុខា ទាក់​ទាញ​សមាជិក​ពី​គណបក្ស​ សម រង្ស៊ី ។

លោក សម រង្ស៊ី ​មាន​ប្រសាសន៍​ថា វា​មិន​អាច​ទៅ​រួច​នោះ​ទេ ចំពោះ​ការ​រួម​បញ្ចូល​គ្នា​រវាង​គណ​បក្ស​សិទ្ធិ​មនុស្ស នៅ​ពេល​មេ​ដឹក​នាំ​របស់​ខ្លួន​ជា​សត្រូវ​​របស់​​គណបក្ស​ប្រឆាំង​នោះ​។
ពាក្យ​ដែល​លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​​ជេរ​ប្រមាថ​គ្នា​ អំឡុង​​​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៨ ឥឡូវ​នេះ​កំពុងតែ​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​តាម​ស្ថានីយ​វិទ្យុ​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​​ នៅ​ក្នុង​យុទ្ធនាការ​មួយ​ ដើម្បី​ធ្វើ​​ឲ្យ​​គណបក្ស​​រួម​បញ្ចូល​គ្នា​ថ្មី​នេះ​ធ្លាក់​​ចុះ​ប្រជាប្រិយភាព​។

លោកស្រី ជា វណ្ណាត អ្នក​វិភាគ​នយោ​បាយ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា​ “ វា​លំបាក​ណាស់​ នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​ និង​ការ​ផ្លាស់​ប្ដូរ​អត្តសញ្ញាណ​​”។ លោក​ស្រី​បាន​បន្ថែម​ថា “ គណបក្ស​ប្រជាជន​កម្ពុជា​មាន​តែ​ស្លាក​សញ្ញា​មួយ​ប៉ុណ្ណោះ​នៅ​ក្នុងរយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ​។ [គណបក្ស​ប្រឆាំង​ថ្មី] អាច​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​សម្រាប់​ប្រជា​ពល​រដ្ឋ​ ជា​ពិសេស​ប្រជា​ពល​រដ្ឋ​នៅ​តាម​ទី​ជនបទ​ ដើម្បី​​ធ្វើ​ឲ្យ​ពួក​គាត់​ដឹង​អំពី​ការ​ផ្លាស់​ប្ដូរ​ និង​ចង​ចាំ​​ ឬក៏​ស្គាល់​ស្លាក​សញ្ញា និង​ឈ្មោះ​ថ្មី​របស់​គណបក្ស​”។

លោកស្រី មូរ សុខហួរ សមាជិក​សភា​មក​ពី​គណបក្ស​ សម រង្ស៊ី និង​ក៏​ជា​បេក្ខជន​តំណាង​រាស្ត្រ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​ស្រី​​ក្នុង​ពេល​ថ្មី​ៗ​នេះ​ បាន​បញ្ចប់​ការ​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​ចាស់​របស់​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ទៅ​ជា​ស្លាក​សញ្ញា​គណ បក្ស​ថ្មី​​ដែល​មាន​រូប​ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​ពណ៌​លឿង​ និង​ពណ៌​ទឹក​ក្រូច​អស់​​ហើយ​​។

លោក​ស្រី​បាន​លើក​ឡើង​ថា “ ប្រជា​ពល​រដ្ឋ​តែង​តែ​បាន​និយាយ​ជាមួយ​យើង​ថា ពួក​គាត់​ចង់​ឃើញ​យើង​រួម​បញ្ចូល​គ្នា​ ប៉ុន្តែ នៅ​ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១២​យើង​មិន​បាន​ធ្វើ​ដូច្នេះ​ឡើយ​”។

លោក មឿន ឈានណា​រិទ្ធិ ប្រធាន​​វិទ្យា​ស្ថាន​កម្ពុជា​​សម្រាប់​​ការ​សិក្សា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​លើក​ឡើង​ថា ការ​បញ្ចុះ​បញ្ចូល​សាធារណជន​ឲ្យ​ដឹង​ពី​ការ​រួម​បញ្ចូល​គ្នា​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ ​មិន​មែន​​គ្រាន់​តែ​ជា​​បញ្ហា​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​ប្រឈម​នោះ​ទេ ប៉ុន្តែ គណបក្ស​ប្រឆាំង​ក៏​នៅ​ជួប​នឹង​បញ្ហា​រារាំង​មិន​ឲ្យ​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​​អំពី​កម្មវិធី​របស់​ខ្លួន​ផង​ដែរ។​

លោក​ ណារិទ្ធិ​ បាន​លើក​ឡើង​ថា “ ដោយ​សារ​តែ​កង្វះ​ការ​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ ជា​ពិសេស​ស្ថានីយ​ទូរទស្សន៍​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ពន្យល់​ដល់​អ្នក​គាំ​ទ្រ​អំពី​សារៈសំខាន់​នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​នេះ​ឡើយ​។

លោក​បាន​បន្ថែម​ថា “ អ្នក​គាំ​ទ្រ​ ទាំង​គណ​បក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ នៅ​តែ​មាន​ការ​ងឿង​ឆ្ងល់​ថា តើ​គណបក្ស​ទាំង​ពីរ​នេះ​ជឿ​ជាក់​លើ​គ្នា​​​ដែរ​ឬក៏​អត់​។ គណ​
បក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​តែ​បង្កើត​ថ្មី​មិន​មាន​ធន​ធាន​ និង​ពេល​វេលា​គ្រប់​គ្រាន់​ ដើម្បី​
ពន្យល់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ឲ្យ​ដឹង​ពី​សារៈ​សំខាន់​របស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​ឡើយ​”។

ស្រប​ពេល​រដ្ឋាភិបាល​បាន​រឹត​បន្តឹង​ការ​គ្រប់​គ្រង​របស់​ខ្លួន​​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ជាតិមក​ដល់​ លោក​ហ៊ុន សែន​ ក៏​បាន​ប្រើ​វោហារ​​សាស្ត្រ​​​ប្រឆាំង​នឹង​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​ផង​ដែរ​​។​

កាលពី​ខែ​មីនា​ លោក ហ៊ុន សែន បាន​ប្រៀប​ធៀប​គណបក្ស​ប្រឆាំង​ថ្មី​ទៅ​នឹង​​ស្រា​វីស្គី​ចំនួន​ពីរ​​ដែល​បាន​ដាក់​បញ្ចូល​គ្នា​ ហើយ​បាន​ច្រក​ដប​ដោយ​បិទ​ស្លាក​សញ្ញា​ផ្សេង​។ កាល​ពីសប្ដាហ៍​មុន​ លោក​បាន​មាន​ប្រសាសន៍​​ថា ការ​រួម​បញ្ចូល​គ្នា​របស់​គណបក្ស​ប្រឆាំង​
គឺ​មាន​បំណង​ចង់​ទម្លាក់​របប​រាជា​និយម​។ កាល​ពី​ថ្ងៃ​ពុធ​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ភ្ជាប់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​នឹង​របប​ខ្មែរ​ក្រហមដោយ​អះអាង​ថា ប្រសិនបើ​គណបក្ស​ប្រឆាំង​
​​ឈ្នះ​ឆ្នោត​​ គណបក្ស​នេះ​​នឹង​លុប​បំបាត់​ធនាគារ​នៅ​ក្នុង​ប្រទេស​​។

លោក សុន ឆ័យ បាន​លើក​ឡើង​ថា​ ដើម្បី​ទប់​ទល់​នឹង​ការ​អះ​អាង​របស់​លោក ហ៊ុន សែន
គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជូន​សមាជិក​របស់​ខ្លួន​​ទៅ​តាម​ឃុំ-សង្កាត់​នីមួយ​ៗ​​ទាំង​​១.៦៣៣​​នៅ​ទូ​ទាំង​ប្រទេស​ដោយ​មាន​សៀវ​ភៅ​គោល​នយោបាយ​បក្ស​ ដែល​រៀប​រាប់​ពី​ការ​សន្យា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ មាន​ដូច​ជា​ការ​ដំឡើង​​ប្រាក់​ខែ​​​ ការ​បង្ហាញ​ពី​កម្មវិធី​សុវត្ថិភាព​សង្គម​​ ការ​ព្យាបាលជំងឺ​​ដោយ​ឥត​គិត​ថ្លៃ​ និង​ធ្វើ​ឲ្យ​តម្លៃ​​ទំនិញ​​ប្រើ​ប្រាស់​ផ្សេងៗ​នៅ​ថេរ​​។

លោក​បាន​មាន​ប្រសាសន៍​ថា“ ​យើង​ត្រូវ​ធ្វើ​ការ​លំបាក​ជាង​គណបក្ស​ប្រជា​ជន​កម្ពុជា​១០០​ដង​ ​ដែល​មាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្ទាល់​ខ្លួន​។ យើង​ចង់​បាន​​មួយ​​ម៉ោង​​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ផ្សព្វ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ ហេតុ​ដូច្នេះ យើង​អាច​បង្ហាញ​ពី​គោល​នយោបាយ​បក្ស​នេះ​​ឲ្យ​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេស​បាន​ដឹង​ ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​យើង​មិន​មាន​ម៉ោង​សម្រាប់​ធ្វើ​ដូច្នេះ​ឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែមទៀត​​ថា“ ​ប្រសិន​បើ​យើង​បាន​រួម​បញ្ចូល​គ្នា​សម្រាប់​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៨​ យើង​នឹង​មាន​គោល​ជំហរ​ប្រសើរ​ជាង​នេះ​សម្រាប់​ការ​បោះ​ឆ្នោត​លើ​​ក​នេះ​”។

ថ្លែង​ពី​ប្រទេស​បារាំង​​ដែល​លោក​បាន​​និរទេស​ខ្លួន​ឯង​ទៅ​រស់​នៅ​​ បន្ទាប់​ពី​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១១​ឆ្នាំ ពី​បទ​ញុះញង់​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​
រដ្ឋ លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​ជា​ពេល​រួប​រួម​គ្នា​ ដើម្បី​ប្រឆាំង​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​។

លោក​បន្ថែម​ថា ពេល​ខ្លះ​យើង​ត្រូវ​ទទួល​​ស្គាល់​ថា វា​ជា​រឿង​ចាំ​បាច់​ដែល​ទុក​​ការ​ខ្វែង​គំនិត​គ្នា​ដោយ​ឡែក​ យើង​មាន​​គំនិត​ដូច​គ្នា​ច្រើន​។ កម្លាំង​ប្រជា​ធិប​តេយ្យ​​ត្រូវ​តែ​រួម​បញ្ចូល
​គ្នា​ ដើម្បី​ទម្លាក់​គណបក្ស​ប្រជា​ជន​កម្ពុជា៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស