អ្នករួចជីវិតពីមន្ទីរឃុំឃាំាងទួលស្លែងក្រោមរបបខ្មែរក្រហម ដែលជាកន្លែងក្មេងចាស់ប្រុសស្រីជាង១២.០០០នាក់ ត្រូវគេសម្លាប់នោះ បានទាមទារឲ្យលោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ សូមអភ័យទោសចំពោះការអត្ថាធិប្បាយនាពេលថ្មីៗរបស់លោក ដែលថា គ្មានកន្លែងបង្ហូរឈាមជាប្រវត្តិសាស្ត្រនេះ។
សមាគមជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ បានទាមទារឲ្យមានការសូមអភ័យទោសបែបនេះ នៅសន្និសីទសារព័ត៌មានដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ ក្នុងបរិវេណនៃអតីតមន្ទីរឃុំឃាំងរបស់ខ្មែរក្រហម ដែលនៅទីនោះ ពួកគេបានចាក់ខ្សែអាត់សំឡេង ដែលពួកគេនិយាយថា ជាសម្តីរបស់លោក កឹម សុខា កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងខេត្តព្រៃវែង និងខេត្តតាកែវ។
នៅក្នុងខ្សែអាត់សំឡេងនោះ លោក កឹម សុខា បានចោទប្រកាន់វៀតណាមថា បានប្រែក្លាយអតីតអគារសាលារៀននេះទៅជាមណ្ឌលធ្វើទារុណកម្ម និងមន្ទីរឃុំឃាំងរបស់ខ្មែរក្រហម។
លោក កឹម សុខា បានលើកឡើងនៅក្នុងខ្សែអាត់នោះថា “ វៀតណាមបានបង្កើតកន្លែងនេះឡើង ដោយប្រើរូបថត [របស់ជនរងគ្រោះ]។ ប្រសិនបើកន្លែងនេះពិតជាកន្លែងរបស់ខ្មែរក្រហមមែន ពួកគេប្រាកដជាវាយកម្ទេចវាចោល មុនពេលចាកចេញបាត់ទៅហើយ”។ លោក កឹម សុខា បានបន្តថា “ បងប្អូនគួរតែដឹងថា ប្រសិនបើខ្មែរក្រហមបានសម្លាប់មនុស្សមែន តើពួកគេសុខចិត្តទុកវាដើម្បីបង្ហាញអ្នករាល់គ្នាដែរឬទេ? ប្រសិនបើពួកគេដឹងថា ខ្លួនឯងបានសម្លាប់មនុស្សច្រើន តើពួកគេទុកកន្លែងនេះធ្វើអ្វី?”។
នៅក្នុងខ្សែអាត់មួយផ្សេងទៀត ដែលត្រូវបានផ្សព្វផ្សាយតាមគេហទំព័ររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី សុន្ទរកថាគ្មានកាលបរិច្ឆេទច្បាស់លាស់មួយដែលត្រូវបានអះអាងថា ជាអ្វីដែលលោក កឹម សុខា បានធ្វើឡើង “ កាលពីពេលថ្មីៗ” នៅក្នុងខេត្តព្រៃវែង ក៏មានខ្លឹមសារដូចគ្នានេះដែរ។
នៅក្នុងខ្សែអាត់នោះ លោក កឹម សុខា បានលើកឡើងថា “ ហេតុអ្វីបានជាខ្មែរក្រហមល្ងង់ដល់ថ្នាក់ទុកមន្ទីរឃុំឃាំងទួលស្លែង បន្ទាប់ពីពួកគេបានសម្លាប់មនុស្សអស់ជាច្រើន ហើយរក្សាវាទុកធ្វើជាសារមន្ទីរដើម្បីបង្ហាញភ្ញៀវទេសចរដូច្នេះ។ នេះគ្រាន់តែជាឆាកសម្ដែងប៉ុណ្ណោះ។ ខ្ញុំជឿថា វាត្រូវបានគេរៀបចំឡើង មែនទេបងប្អូន?”។
គួររំឭកថា ខណៈដែលកងកម្លាំងកុម្មុយនីស្តវៀតណាម បានផ្ដល់ឲ្យខ្មែរក្រហមនូវការបណ្ដុះបណ្ដាលជាច្រើន និងជំនួយកងទ័ពដោយផ្ទាល់ដើម្បីទទួលបានជ័យជម្នះលើរដ្ឋាភិបាលរបស់លោក លន់ នល់ ក្នុងឆ្នាំ១៩៧៥នោះ ភាគីទាំងពីរក៏បានបែកបាក់គ្នាវិញភ្លាមៗដែរ។ ដោយមានជំនួយពីក្រុមខ្មែរក្រហមផ្ដាច់ខ្លួន ទីបំផុតរដ្ឋាភិបាលកុម្មុយនីសវៀតណាមថ្មី ក៏ផ្ដួលរំលំរបបខ្មែរក្រហមបាននៅក្នុងឆ្នាំ១៩៧៩ ហើយបានរក្សាកងកម្លាំងកាន់កាប់ប្រទេសកម្ពុជារយៈពេល១០ឆ្នាំទៀត។
មន្ទីរឃុំឃាំងទួលស្លែង ដែលខ្មែរក្រហមហៅថា មន្ទីរស-២១ ចាប់តាំងពីពេលនោះមកបានក្លាយជាសារមន្ទីរដែលមានរូបថតអតីតទណ្ឌិត និងបានក្លាយជាមណ្ឌលទេសចរណ៍មួយក្នុងចំណោមមណ្ឌលទេសចរណ៍ដ៏ពេញនិយម និងគួរឲ្យសោកសង្រេងបំផុតក្នុងប្រទេសកម្ពុជា។
សារមន្ទីរនេះក៏បានផ្ដល់នូវភ័ស្តុតាងជាច្រើន ដែលសាលាក្ដីខ្មែរក្រហមបានប្រើប្រាស់ ដើម្បីផ្ដន្ទាទោសប្រធានពន្ធនាគារស-២១ កាំង ហ្គេចអ៊ាវ ហៅ ឌុច ឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំមុន បន្ទាប់ពីបានកាត់ឲ្យជននេះជាប់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អំឡុងសន្និសីទសារព័ត៌មានមួយកាល ពីថ្ងៃសៅរ៍ លោក ជុំ មីុ ប្រធានសមាគមជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតិចបំផុត ដែលបានរួចជីវិតពីមន្ទីរឃុំឃាំងទួលស្លែង បានឲ្យដឹងថា លោកបានរៀបចំសន្នីសីទសារព័ត៌មាននេះឡើងដោយខ្លួនឯងផ្ទាល់ បន្ទាប់ពីបានឮសុន្ទរកថារបស់លោក កឹម សុខា តាមវិទ្យុ។
លោកបានមានប្រសាសន៍ថា “ វាបានធ្វើឲ្យខ្ញុំឈឺចាប់ជាងពេលណាៗទំាងអស់នៅពេលបានឮលោក កឹម សុខា ថ្លែងជាសាធារណៈថា មន្ទីរឃុំឃាំងទួលស្លែងគ្រាន់តែជាឆាកល្ខោន និងថា របបកម្ពុជាប្រជាធិបតេយ្យគឺជាល្ខោនដែលរៀបចំឡើងដោយពួកកុម្មុយនីស្តវៀតណាមនោះ”។ លោកបានបន្តថា “ នេះគឺពិតជាជាការប្រមាថដល់អ្នកដែលបានបាត់បង់ជីវិតអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេសគឺអ្នកដែលបានស្លាប់ក្នុងមន្ទីរឃុំឃាំងទួលស្លែងនេះ”។
លោក ជុំ មីុ បានទាមទារឲ្យលោក កឹម សុខា មកកាន់អតីតមន្ទីរឃុំឃាំងនេះ ដើម្បីសូមអភ័យទោស និងដកពាក្យសម្ដីរបស់ខ្លួនវិញដោយផ្ទាល់។ លោកបានមានប្រសាសន៍ថា “ ប្រសិនបើលោក កឹម សុខា មិនមកសូមអភ័យទោសទេនោះ ខ្ញុំនឹងចាត់វិធានការផ្សេងទៀត។ យើងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំមួយនៅឯការិយាល័យរបស់គាត់”។
នៅពេលទាក់ទងបានកាលពីម្សិលមិញ លោក កឹម សុខា បដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងសម្ដីរបស់លោកទេ ហើយក៏មិនបានបដិសេធ ឬទទួលស្គាល់ថា តើលោកបាននិយាយដូច្នោះមែនឬអត់ដែរ។ លោក កឹម សុខា បានមានប្រសាសន៍ថា “ ខ្ញុំគ្មានយោបល់ទេ។ ហើយខ្ញុំក៏គ្មានការព្រួយបារម្ភដែរ។ ខ្ញុំបារម្ភតែអំពីការបោះឆ្នោតប៉ុណ្ណោះ”។
ទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាស មួយជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃសៅរ៍ លោក កឹម សុខា ហាក់ដូចជាបានទទួលស្គាល់ថា លោកបាននិយាយដូច្នោះមែន។
លោកថ្លែងថា “ នេះគឺជាអ្វីដែលខ្ញុំបានរៀនពីប្រវត្តិសាស្ត្រ។ ខ្ញុំដឹងថា ខ្មែរក្រហមមានទំនាក់ទំនងខ្លះជាមួយវៀតណាម។ ដូច្នេះ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះមិនមែនជាការចោទប្រកាន់ទេ។ ប៉ុន្ដែ ខ្ញុំសូមអភ័យទោសប្រសិនបើគំនិតរបស់ខ្ញុំខុសពីការយល់ឃើញរបស់អ្នកដទៃ”។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណដែលជាបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតជាតិក្នុងខែកក្កដាខាងមុខនេះ បានឲ្យដឹងថា ខ្លួនមិនបានឮសម្ដីរបស់លោក កឹម សុខាទេ ដូច្នេះមិនអាចទទួលស្គាល់ ឬបដិសេធសម្តីដែលគេចោទថា លោក កឹម សុខា បាននិយាយ
ពាក់ព័ន្ធនឹងមន្ទីរឃុំឃាំងទួលស្លែងឡើយ។
ទោះជាយ៉ាងណា លោក យឹម សុវណ្ណ លើកឡើងថា ការអះអាងដែលថា វៀតណាមបានប្រឌិតរឿងមន្ទីរឃុំឃាំង និងមណ្ឌលធ្វើទារុណកម្មទួលស្លែង គឺមិនមែនជាគោលនយោបាយបក្សឡើយ។ លោកមានប្រសាសន៍ថា “ វៀតណាមធ្លាប់ជួយខ្មែរក្រហម ហើយខ្មែរក្រហមបានបង្កើតមន្ទីរឃុំឃាំងទួលស្លែងនេះឡើង។ នេះជាជំហររបស់គណបក្សខ្ញុំ”។
លោក យឹម សុវណ្ណ ក៏បានសម្តែងការយល់ស្របផងដែរថា ខ្មែរក្រហមជាអ្នកដែលបានចាប់មនុស្សដាក់ពន្ធនាគារ និងធ្វើទារុណកម្មពួកគេនៅទីនោះ។
ទោះជាយា៉ងណា គណបក្សប្រឆាំងពិតជាធ្លាប់មានប្រវត្តិនិយាយប្រឆាំងវៀតណាមមែន។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ជារឿយៗតែងបានហៅវៀតណាមថា “ យួន” ដែលជាពាក្យមាក់ងាយជនជាតិវៀតណាម។
លោក សម រង្ស៊ី តែងបានចោទប្រកាន់រដ្ឋាភិបាលថា បានគោរពតាមបញ្ជារបស់វៀតណាមហើយបច្ចុប្បន្នលោកកំពុងរស់នៅនិរទេសខ្លួនដោយខ្លួនឯង ដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពេល១១ឆ្នាំក្រោមបទចោទប្រកាន់ដែលលោកជឿថា មានហេតុផលនយោបាយជុំវិញការប្រឆាំងរបស់លោកចំពោះកិច្ចចរចារវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលវៀតណាម ពាក់ព័ន្ធនឹងព្រំដែនមានជម្លោះ។
កាលពីថ្ងៃសៅរ៍ លោក សុរិយា ស៊៊ូបេឌី (Surya Subedi) ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលកំពុងតែបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា បានប្រាប់អ្នកនយោបាយនៅក្នុងប្រទេសនេះឲ្យឈប់ “ យករឿងជាតិសាសន៍មកកេងចំណេញ” អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។
លោកបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយថា “ ខ្ញុំសូមជំរុញភាគីពាក់ព័ន្ធទាំងអស់ឲ្យបញ្ឈប់ការយករឿងជាតិសាសន៍មកកេងចំណេញដើម្បីទទួលបានការគាំទ្រអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន និងឲ្យរួមគ្នាបោះជំហានឆ្ពោះទៅរកការកសាងសង្គមមួយដែលប្រកបទៅដោយការអត់ឱន និងការចុះសម្រុងគ្នា”។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាកន្លែងផ្ទុកឯកសារសម័យខ្មែរក្រហមឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានសង្កត់ធ្ងន់ថា ខ្មែរក្រហមពិតជាបានយកទួលស្លែងធ្វើជាមន្ទីរឃុំឃាំង និងមណ្ឌលធ្វើទារុណកម្មពិតប្រាកដមែន គ្មានអ្វីគួរឲ្យសង្ស័យទេ។ លោកបានមានប្រសាសន៍ថា “ មន្ទីរស-២១គឺជាមណ្ឌលឧក្រិដ្ឋកម្មមិនអាចប្រកែកបានរបស់ខ្មែរក្រហម ។វាច្បាស់ខ្លាំងណាស់”។
លោក ឆាំង យុ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីមូលហេតុដែលលោក កឹម សុខា យល់ឃើញផ្ទុយពីនេះទេ។ លោកបានបដិសេធមិននិយាយថា តើ ការថ្លែងរបស់លោក កឹម សុខា គឺដោយការយល់ច្រឡំពិតប្រាកដអំពីអតីតកាល ឬដោយសារការកេងចំណេញនយោបាយឡើយ។
លោក ឆាំង យុ បានមានប្រសាសន៍ថា “ ការថ្លែងរបស់គាត់ធ្វើឲ្យខ្ញុំនឹកឃើញថា អ្វីៗអាចត្រូវគេភ្លេច ប្រសិនបើយើងមិនរំឭកសាធារណជនឲ្យបានជាប់ជាប្រចាំទេនោះ”។ លោកបានបន្ថែមថា “ មានភ័ស្តុតាង ច្រើនអនេកដែលបង្ហាញថា ទួលស្លែងគឺជាមណ្ឌលឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម”៕
(រាយការណ៍បន្ថែមដោយ នៅ វណ្ណារិន)
ប្រែសម្រួលដោយ ហម សុផាណ្ណា