40.3 C
Phnom Penh

ប្រទះ​ឃើញ​សាកសពជនបរទេស​​​ពីរ​​​នាក់​​​នៅ​​​ច្រាំង​​​ទន្លេ​​​​មេគង្គ ក្នុងខណ្ឌឫស្សីកែវ ​​​រាជ​​​ធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាន​​​ឲ្យ​​​ដឹងថា សាកសព​​​បុរសជន​បរទេសពីរនាក់ ដែល​ប្រហែល​​​ជា​​​ត្រូវ​បានគេធ្វើទារុណកម្ម​​​និងសម្លាប់​នោះ​ត្រូវបាន​​​ប្រទះឃើញ​​​កាល​ពីម្សិលមិញ ​បន្ទាប់​ពី​​​​​សាក​សព​​​ទាំងពីរ​​​នេះ ត្រូវ​បាន​គេ​យក​មក​បោះ​ចោល​​​នៅ​​​ច្រាំង​​​ទន្លេមេគង្គ​​​​ក្នុងរាជធានី​​​ភ្នំពេញ។

លោក មុំ សុីថា ប្រធាន​​​អង្គភាព​​​នគរបាល​​​​ជន​បរទេស​រាជធានី​​​បាន​​​មាន​​​ប្រសាសន៍​ថា​អ្នកស្រុកមូលដ្ឋាន​​​នៅ​សង្កាត់​​​ព្រែក​​​តាសេក ​ក្នុងខណ្ឌឫស្សីកែវ បានប្រទះ​​​ឃើញ​សាក​សព​ដែលត្រូវ​​​គេ​​​វាយ​យ៉ាង​ដំណំ​​​​ទាំងពីរនេះ  ​នៅ​​​​ម៉ោង​​​ប្រហែល​​​៨ព្រឹក​​​នៅជ្រោយ​​​ចង្វា​ ទីដែល​​សាកសព​​​ទាំងពីរ​​​នេះ ត្រូវ​​​បានទុក​​​ចោល​​​នៅ​​​ក្បែរ​​​មាត់ទឹក​​​។ លោក មុំ សុីថា បាន​​​មាន​​​ប្រសាស​​​ន៍​ថា “ សាកសព​​​ទាំង​​​ពីរ​​​នេះមានស្នាមជាំ​​​ និង​​​មាន​​​ស្នាម​​​ដាច់តូចៗជា​​​ច្រើនកន្លែង។ សាពសព​​​ទាំង​​​ពីរនេះ ត្រូវ​​​គេសម្លាប់​​​នៅ​​​កន្លែង​​​ណា​មួយ ហើយ​យក​មក​​​​ទុកចោល​​​កាល​​​ពី​​​យប់​ម្សិលមិញ​​​នៅសង្កាត់ព្រែក​​​តាសេក”។

លោកបាន​​​មាន​​​ប្រសាសន៍ថា រហូត​​​មក​​​ទល់​​​នឹងពេល​​​នេះ នគរបាលគ្រាន់​​​តែ​​​ធ្វើ​​​ការ​សន្និដ្ឋាន​​​ថា បុរស​​​ទាំងពីរនាក់នេះ មាន​​​អាយុ​​​ប្រហែល​​​៤០​​​​និង៥០ឆ្នាំប៉ុណ្ណោះ​ ហើយ​​​ថា ​នគរ​បាល​ជឿថា ពួក​​​​​​​​​គេ​​​ទាំងពីរនាក់​​​ជា​​​ជន​ជាត​ិ​​​ចិន ឬក៏​តៃវ៉ាន់។

លោក មុំ សុីថា បាន​​​មាន​​​ប្រសាសន៍​បន្ថែម​ថា សាកសព​​​ទាំង​​​ពីរ​​​នេះ ត្រូវ​​​បាន​​​ដឹក​​​ទៅ​​​វត្ត​​​ស្ទឹង​​​មានជ័យ​នៅ​​​ក្បែរ​នោះ​ដើម្បី​ឲ្យ​នគរ​បាល ធ្វើកោ​សល្យ​វ​ិច័យ​​​រក​​​មូលហេតុ​​​នៃ​​​ការ​​​ស្លាប់​​​នេះ។

លោក អុីវ ឈុនហេង អធិការ​​​នគរ​​​បាល​​​ខណ្ឌឫស្សីកែវ បានមានប្រសាសន៍ថា ការធ្វើ​កោសល្យ​​​វិច័យ បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញថា ​បុរស​ទាំងពីរ​​​នាក់នេះ ត្រូវ​​​បាន​​​គេ​​​ធ្វើទារុណកម្ម​​​នៅ​​​​កន្លែង​​​ផ្សេង មុន​​​ពេល​​​អ្នក​​​ទាំង​​​ពីរស្លាប់ ​ដោយ​សាកសព​​​របស់​​​ពួកគេ​​​ពេញទៅ​​​ដោយ​​​ស្នាម​ជាំ​​​ និង​​​ហើម។

លោក អីុវ ឈុនហេង មាន​​​ប្រសាសន៍​ថា​ក្មេង​​​ប្រុសនៅ​​​មូលដ្ឋាន​​​ម្នាក់​​​ ដែល​​​កំពុង​​​ជិះ​​​កង់​​​នៅ​​​ក្បែរ​​​ច្រាំង​​​ទន្លេ​នេះ​​​​​នៅ​យប់​​​នោះ​​​​បាន​​​ឃើញ​​​រថយន្ត​​​វែន​មួយ​​​គ្រឿង​​​ឈប់​​​​មួយ​ភ្លែត ហើយ​ឃើញ​​មនុស្ស​ចុះ​​​​និង​ទម្លាក់​អ្វី​មួយ​​​​​​​នៅ​​​ក្បែរ​​​ច្រាំង​​​ទន្លេ​​​នៅ​​​ម៉ោង​​​ប្រហែល​​​២និង​​​៣០នាទី​​​រំលង​​​អធ្រាត្រ។

យោង​​​តាម​​​សាក្សី​​​នេះ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍ថា  ​មនុស្ស​ដែល​ជិះ​ក្នុង​​​​រថយន្ដ​​​​នោះ​​​​​សុទ្ធ​តែ​​​​បិទ​​​មុខ​។ លោក អុីវ ឈុន​​​ហេង បាន​​​មាន​​​ប្រសាសន៍​​​​
ថា “ យើង​​​មិន​​​អាច​​​ដឹង​​​ថា សាកសព​​​ទាំងនេះ​​​ជាជន​​​ជាតិ​​​​អ្វី​នោះ​​​ទេ​​​ ពីព្រោះ​​​សម្លៀក​​​បំពាក់​​​ពួកគេ​​​មិន​​​មាន​​​ឯក​​​សារ​​​ណាមួយ​​​ក្នុង​​​ហោ​ប៉ៅ​នោះ​​​ទេ​​​។ នគរបាលកោសល​​​្យវិច័យ​​​របស់​​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​ត្រួតពិនិត្យ”។

លោក​​​ សុង លី​​​ នាយ​ការ​ិយាល័យ​​​​នគរ​បាល​​​ព្រហ្ម​ទណ្ឌ​​​​កម្រិត​​​ស្រាលរាជធានី​​​​បាន​​​មាន​​​ប្រសាសន៍ថា នគរបាល​​​កំពុង​​​​ទាក់​ទង​​ទៅ​មន្ត្រី​​​ស្ថាន​​​ទូត​​​​​មួយ​ចំនួន​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ដើម្បី​​​ស្វែង​​​រក​​​អត្ត​​​សញ្ញាណ​​​សាកសព​​​ទាំង​​​ពី​រ​​​នេះ​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ នៅ​​​ពេល​នេះ​​​យើង​​​កំពុង​​​សហការ​​​ជាមួយ​​​​ស្ថាន​ទូត​​​​ចិន កូរ៉េ តៃវា៉ាន​​​់ និង​​​ជប៉ុន”៕​​​

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស