ញត្តិមួយត្រូវបានបង្ហោះតាមអុីនធើណិតដើម្បីអំពាវនាវឲ្យក្លឹបបាល់ទាត់អាសេណល ក្នុងក្របខណ្ឌបាល់ទាត់ ព្រីមីញ៉េលីក អង់គ្លេស ផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមមួយ ដែលត្រូវបានចោទប្រកាន់ថាបានចាប់យកដី និងកាប់បំផ្លាញព្រៃ ឈើក្នុងប្រទេសកម្ពុជា។
របាយការណ៍មួយរបស់អង្គការឃ្លាំមើលបរិស្ថាន ក្លូបល វីតណេស (Global Witness)ដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ នៅខែនេះបានប្រាប់ឈ្មោះក្រុមហ៊ុន ហ័ង អាញ់ ហ្គា ឡេ (HAGL) ថាជាក្រុមហ៊ុនគ្រប់គ្រងលើការកាប់ឈើ និងរំលោភសិទ្ធិមនុស្ស នៅលើដីសម្បទានសេដ្ឋកិច្ច៤៧.៣៧០ហិកតានៅក្នុងខេត្តរតនគិរី។ ក្រុមហ៊ុនដែលបានបដិសេធការចោទប្រកាន់នេះ គឺជាដៃគូក្នុងស្រុកមួយរបស់ក្លឹបបាល់ទាត់អាសេណលដ៏ល្បីនៅប្រទេសអង់គ្លេសភាគខាងជើង។
ក្រុមហ៊ុន ហ័ង អាញ់ ហ្គា ឡេ សហការឧបត្ថម្ភដល់សាលាហ្វឹកហ្វឺនបាល់ទាត់មួយកន្លែងនៅក្នុងប្រទេសវៀតណាមជាមួយក្លឹបបាល់ទាត់ អាសេណល និងជាអ្នកឧបត្ថម្ភដំណើរទេសចរណ៍របស់ក្រុមកីឡាបាល់ទាត់អាសេណលមកកាន់ប្រទេសនេះនៅក្នុងខែកក្កដា។
ញត្តិមួយដែលបង្ហោះនៅលើគេហទំព័រ change.org កំពុងតែអំពាវនាវឲ្យលោក អុីវ៉ាន់ ហ្គាហ្សុីឌីស (Ivan Gazidis) នាយកប្រតិបត្តិរបស់អាសេណល ផ្តាច់ទំនាក់ទំនងជាមួយហ៊ុន ហ័ង អាញ់ ហ្គា ឡេ ។ ញត្តិដែលមានអ្នកចុះហត្ថលេខាចូលរួមចំនួន៣៦៦នាក់មកទល់ត្រឹមរសៀលម្សិលមិញនេះលើកឡើងថា “ ការបន្តមានទំនាក់ទំនងជាមួយក្រុមហ៊ុន ហ៊ុន ហ័ង អាញ់ ហ្គា ឡេ ដែលជាដៃគូរបស់យើងក្នុងប្រទេសវៀតណាម នាំមកនូវភាពអាម៉ាស់ដល់ក្លឹបរបស់យើង
និងប្រវត្តិរបស់ក្លឹប”។
ញត្តិនេះធ្វើឡើងដោយអ្នកស្រុកឡុងដ៍ឈ្មោះ និច ស្លាកមែន ហើយលើកឡើងថាក្រុមហ៊ុនវៀតណាមនេះ កំពុង “ ប្រើអាសេណល ដើម្បីធ្វើឲ្យធ្លាក់ចុះសេចក្តីគោរពចំពោះទង្វើរបស់ខ្លួន”។ ញត្តិនេះឲ្យដឹងទៀតថា “ យើងចង់ឲ្យក្លឹបនេះធ្វើជាគំរូមួយ និងឲ្យគេស្គាល់ចំពោះការផ្សព្វផ្សាយនូវភាពល្បីល្បាញនៃបាល់ទាត់នៅទូទាំងពិភពលោក។ សូមឲ្យបញ្ចប់ភាពអាម៉ាស់នេះ បញ្ចប់ភាពជាដៃគូរនេះ។ត្រូវធ្វើឲ្យយើងមានមោទនភាព”។
បន្ទាប់ពីចេញរបាយការណ៍របស់អង្គការ ក្លូបល វីតណេស តម្លៃហ៊ុនរបស់ក្រុមហ៊ុន ហ័ង អាញ់ ហ្គា ឡេ លើផ្សារហ៊ុនក្រុងហូជីមិញ បានធ្លាក់ចុះយ៉ាងខ្លាំងមុនពេលវានៅទ្រឹងបន្តិច។ តម្លៃហ៊ុនរបស់ក្រុមហ៊ុន ហ័ង អាញ់ ហ្គា ឡេបានធ្លាក់ចុះរហូតដល់២០.៧០០ដុង(០,៩ដុល្លារ)កាលពីថ្ងៃទី១៥ ខែឧសភា ពី២២,៨០០ដុង
(១,០៩ដុល្លារ) មុនរបាយការណ៍ ក្លូបល វីតណេស បានចេញកាលពីថ្ងៃទី១៥ ខែឧសភា។
តម្លៃហ៊ុនរបស់ក្រុមហ៊ុននេះ បិទនៅត្រឹម២១.៧០០ដុង (១,០៣ដុល្លារ)កាលពីថ្ងៃសុក្រ។ បន្ទាប់ពីការចេញរបាយការណ៍នេះ លោក ដូន ង្វៀន ឌុក (Doan Nguyen Duc) ប្រធានក្រុមហ៊ុន ហ័ង អាញ់ ហ្គា ឡេ ត្រូវបានដកស្រង់សម្តីនៅក្នុងបណ្តាញផ្សព្វផ្សាយវៀតណាមថា ក្រុមហ៊ុននេះមិនបានទុកឲ្យប្រជាពលរដ្ឋក្រីក្រទេ ព្រោះពួកគេបានបង់ពន្ធ និងបង្កើតការងារសម្រាប់មនុស្សជាង១០.០០០នាក់៕
ប្រែសម្រួលដោយ ចេវ ប៊ុននី