លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានបញ្ចប់បេសកកម្មលើកទី៩របស់ខ្លួនប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃសៅរ៍ ដោយលើកឡើងថា ការរិះគន់ដែលលោកបានទទួល រួមទាំងការតវ៉ាកាលពីសប្ដាហ៍មុនរបស់ក្រុមនិស្សិត ដែលអំពាវនាវសុំឲ្យមានការបញ្ចប់អាណត្តិរបស់លោក គឺបានធ្វើឲ្យលោកមានទឹកចិត្តចង់បន្ដការងាររបស់លោកតទៅទៀត។
ទោះបីជាលោក សុរិយា ស៊ូបេឌី បានចាកចេញទៅដោយនាំយកភាពវិជ្ជមានមួយចំនួនពីបេសកកម្មរយៈពេលមួយសប្ដាហ៍របស់លោកក៏ដោយ ក៏បេសកកម្មរបស់លោកត្រូវបានធ្វើឲ្យខូចម្ដងទៀត ដោយសារការលើកឡើងមិនល្អពីសមាជិករដ្ឋាភិបាល ការចោទប្រកាន់ថា អង្គការប្រព័ន្ធផ្សព្វផ្សាយមួយចំនួនត្រូវបានណែនាំមិនឲ្យរាយការណ៍អំពីការមកបំពេញបេសកកម្មរបស់លោក និងសារតែការតវ៉ារបស់ក្រុមនិស្សិត ដែលទំនងជារៀបចំឡើងដោយចលនាយុវជនរបស់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជាអំឡុងពេលលោកធ្វើបាឋកថាអំពីការវិនិយោគនោះ។
ថ្លែងនៅឯការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍ លោក សុរិយា ស៊ូបេឌី បានប្រាប់អ្នកយកព័ត៌មានថា លោកពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំមួយចំនួន ដែលបានធ្វើឡើងជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ហើយលោកបានលើកឡើងថា លោកមានទឹកចិត្តចំពោះសញ្ញាបង្ហាញថា រដ្ឋាភិបាលកំពុងតែអនុវត្តតាមអនុសាសន៍របស់លោក ជាពិសេសពាក់ព័ន្ធនឹងកំណែទម្រង់របស់ប្រព័ន្ធតុលាការ។
លោក សុរិយា ស៊ូបេឌី បានលើកឡើងនៅក្នុងសុន្ទរកថាព្រាងទុកជាមុនថា “មានការតវ៉ាពីរដែលរៀបចំឡើងអំឡុងបេសកកម្មរបស់ខ្ញុំ ដើម្បីប្រឆាំងនឹងការងារសិទ្ធិមនុស្សរបស់ខ្ញុំ នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែ ការតវ៉ាទាំងពីរនេះមិនអាចរារាំងខ្ញុំមិនឲ្យបំពេញការងារនៅក្នុងអាណត្តិរបស់ខ្ញុំ ដែលអង្គការសហប្រជាជាតិបានចាត់តាំងខ្ញុំឲ្យមកធ្វើការនៅក្នុងប្រទេសកម្ពុជានោះទេ”។
លោកបានបន្ថែមថា “ ប្រសិនបើគេអានសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ការតវ៉ាទាំងពីរនេះ ហាក់បីដូចជាមានការរៀបចំ និងហាក់ដូចជាបង្ហាញពីទស្សនរបស់មនុស្សមួយចំនួនតូចនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងធ្វើឲ្យខ្ញុំបរាជ័យ។ តែផ្ទុយទៅវិញខ្ញុំត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងដោយសារការគាំទ្រជាច្រើនដែលខ្ញុំទទួលបានពីប្រជាពលរដ្ឋ គ្រប់ជាន់ថ្នាក់អំឡុងខ្ញុំបំពេញការងារនេះដើម្បីនាំមកនូវភាពល្អប្រសើរសម្រាប់ប្រទេសកម្ពុជា និងសម្រាប់សន្ដិភាពយូរអង្វែង សម្រាប់ប្រជាធិបតេយ្យ និងសម្រាប់ភាពរុងរឿង ហើយខ្ញុំនឹងបន្ដកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំបន្ដទៀត”។
នៅក្នុងកិច្ចសម្ភាសមួយបន្ទាប់ពីការថ្លែងរបស់លោក លោក សុរិយា ស៊ូបេឌី បានមានប្រសាសន៍ថា លោកមានបំណងចង់បន្ដការងាររបស់លោកក្នុងប្រទេសកម្ពុជា ហើយបានលើកឡើងថា លោកមិនដូចជាបុព្វាធិការីរបស់លោកនោះទេ លោកនឹងមិនចាកចេញពីតំណែងរបស់លោកដោយសារតែការប្រឆាំងពីរដ្ឋាភិបាលឡើយ។
លោក សុរិយា ស៊ូបេឌី បានមានប្រសាសន៍សំដៅទៅលើការតវ៉ាមួយកាលពីល្ងាចថ្ងៃអង្គារ អំឡុងពេលក្រុមនិស្សិតបានបង្ហាញបដាទាំងកំហឹងទាមទារឲ្យលោកបញ្ចប់អាណត្តិរបស់លោកនៅក្នុងប្រទេសកម្ពុជាថា“ មនុស្សជាច្រើនប្រហែលជាគិតថា ដោយសារតែការតវ៉ានេះធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត ឬក៏ធ្វើឲ្យខ្ញុំរាថយ។ ប៉ុន្ដែ តាមពិតទៅការតាំងចិត្តរបស់ខ្ញុំ ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា គឺកាន់តែមានខ្លាំងឡើងៗ អំឡុងបេសកកម្មនេះ”។
លោកបានបន្ថែមថា “ ប្រជាពលរដ្ឋខ្លះបានលើកឡើងថា វាបានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនក្នុងចំណោមយុវជនចំពោះបញ្ហាទាំងនេះ ដូចជាប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អក្នុងប្រទេសកម្ពុជា។ ប្រសិនបើនេះគឺជាការពិតមែននោះ វាគឺជាការអភិវឌ្ឍ
មួយដ៏គួរឲ្យស្វាគមន៍។ យុវជនគួរតែចាប់អារម្មណ៍លើបញ្ហាទាំងនេះ។ ប្រសិនបើវាដូច្នេះមែននោះ វាគឺជារឿងគួរឲ្យស្វាគមន៍”។
លោក សុរិយា ស៊ូបេឌី បានមានប្រសាសន៍ថា ប្រសិនបើអាណត្តិរបស់លោកដែលបន្ដជារៀងរាល់ឆ្នាំ ត្រូវបានបន្ដទៀតនោះ លោក
នឹងនៅតែកាន់តំណែងរបស់លោក។ លោកបានមានប្រសាសន៍ថា “ ប៉ុន្ដែ ក្នុងពេលឥឡូវខ្ញុំមិនទាន់ជិនណាយនឹងប្រទេសកម្ពុជាទេ”។
លោក យ៉ាស ហ្គាយ (Yash Ghai) សាស្ត្រាចារ្យច្បាប់ជនជាតិកេនយ៉ា ដែលជាបុព្វាធិការីលោក ស៊ូបេឌី បានទទួលរងការរំលោភបំពានខាងពាក្យសម្ដីយ៉ាងច្រើនពីមន្ត្រីរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងអាណត្តិបីឆ្នាំរបស់លោកជាប្រេសិតពិសេស។
ដោយសារបញ្ហាបែបនេះ បានធ្វើឲ្យលោកលាលែងពីតំណែងកាលពីចុងឆ្នាំ២០០៨ ហើយនៅក្នុងលិខិតលាលែងពីតំណែងរបស់លោក លោកបានរៀបរាប់ថា ខ្វះការគាំទ្រពីអង្គការសហប្រជាជាតិ ខណៈលោកតតាំងជាមួយរដ្ឋាភិបាលដែលរារាំងដល់ការងាររបស់លោកនោះ។
ដូចលោក យ៉ាស ហ្គាយ ដែរនោះ លោក ភីតធើ ឡឺប្រ៊ិច (Peter Leuprecht) សាស្ត្រាចារ្យច្បាប់ជនជាតិអូស្ត្រាលីបុព្វាធិការីលោក យ៉ាស ហ្គាយ ក៏បានចាកចេញពីតំណែងដែរ បន្ទាប់ពីមានទំនាក់ទំនងមិនសូវល្អអស់រយៈពេលប្រាំឆ្នាំជាមួយរដ្ឋាភិបាល។
ប៉ុន្ដែ លោក សុរិយា ស៊ូបេឌី បានមានប្រសាសន៍ថា ការរិះគន់បែបនេះ គឺគ្រាន់តែជាផ្នែកមួយនៃតួនាទីរបស់ប្រេសិតពិសេសទទួលបន្ទុកផ្នែកសិទ្ធិនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ហើយលោកនឹងតាំងចិត្តជម្នះភាពតានតឹងដែលរារាំងដល់បេសកកម្មនីមួយៗរបស់លោក នៅក្នុងប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា “ការប្រព្រឹត្តចំពោះខ្ញុំបែបនេះ និងការនិយាយអំពីរូបខ្ញុំបែបនេះ មិនមែនជារឿងថ្មី ហើយវាមិនបាន
ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលឡើយ។ទំនាក់ទំនងរវាងប្រេសិតពិសេស និងរដ្ឋាភិបាលនៅកម្ពុជា គឺតែងតែមានភាពលំបាក។ ប៉ុន្ដែ ខ្ញុំគិតថា ខ្ញុំគឺជាមនុស្សម្នាក់ដែលមានការអត់ធ្មត់ខ្លាំង”។
លោកបានបន្ថែមថា “ខ្ញុំប្តេជ្ញាដោយផ្ទាល់ខ្លួននិងតាមវិជ្ជាជីវៈចំពោះសិទ្ធិមនុស្ស។ក្នុងនាមជាមេធាវីម្នាក់ ភាពស្មោះត្រង់ដំបូងបំផុតរបស់ខ្ញុំ គឺនីតិរដ្ឋ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ នេះហើយ គឺជាអ្វីដែលខ្ញុំជឿជាក់។ ហេតុច្នេះគោលដៅចម្បងគឺត្រូវតែខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្រោមកាលៈទេសៈបែបនេះ។ អ្វីដែលខ្ញុំកំពុងធ្វើ គឺការងារឥតប្រាក់ខែ ប៉ុន្ដែខ្ញុំកំពុងធ្វើអ្វីៗសម្រាប់គោលដៅខ្ពស់ជាងនេះ។
កបន្ថែមថា អ្នកដែលមានសមត្ថភាព អ្នកដែលត្រូវអង្គការសហប្រជាជាតិតែងតាំងមិនគួររាថយពីគោលដៅដ៏ខ្ពស់នេះទេ ពីព្រោះយើងទទួលរងការយាយី និងការបំឭភិតបំភ័យ”។ កាលពីសប្ដាហ៍មុន លោក សុរិយា ស៊ូបេឌី បានជួបដាច់ដោយឡែកពីគ្នាជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឱម យិុនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក អុឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកបានមានប្រសាសន៍ថា “កិច្ចពិភាក្សា
នេះមានភាពស្មោះត្រង់ រីករាយ និងផ្លែផ្កា”។
លោកបានបន្ថែមថា “ពួកគាត់នឹងផ្ដល់ព័ត៌មាន
និងទទួលស្គាល់ការខ្វះចន្លោះ ហើយនិងត្រៀមខ្លួនធ្វើការជាមួយខ្ញុំក្នុងរូបភាពស្ថាបនា ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់
ពាក់ព័ន្ធនឹងការការពារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការគោរពច្បាប់ពិតប្រាកដ”។
សេចក្ដីថ្លែងការណ៍របស់លោក សុរិយា ស៊ូបេឌី បានលើកឡើងថា “ពាក់ព័ន្ធនឹងអនុសាសន៍ដែលលើកឡើងនៅក្នុងរបាយការណ៍របស់ខ្ញុំស្ដីពីមធ្យោបាយពង្រឹងឯករាជភាព និងសមត្ថភាពប្រព័ន្ធតុលាការ ខ្ញុំបានកត់សម្គាល់ឃើញថា ការអនុវត្តតាមអនុសាសន៍ទាំងនេះ គឺមានសភាពយឺតយ៉ាវណាស់”។
សេចក្ដីថ្លែងការណ៍នេះបានបន្ដថា
“ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងដោយការធានាចំពោះខ្ញុំថា សេចក្ដីព្រាងច្បាប់សំខាន់ៗទាំងបីស្ដីពីលក្ខន្តិកៈ
ចៅក្រម និងព្រះរាជអាជ្ញាស្ដីពីការរៀបចំតុលាការ និងស្តីពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមដែលជាផ្នែកនៃអនុសាសន៍សំខាន់ៗ
របស់ខ្ញុំ ដែលជិតបញ្ចប់និងត្រូវលើកយកមកពិភាក្សានៅក្នុងរដ្ឋសភា នៅក្នុងឆមាសទី១នៃឆ្នាំ២០១៤”។
លោកបានមានប្រសាសន៍ថា ខណៈពេល
លោកត្រូវបានផ្ដល់ដំណឹងអំពីការលំបាកនៅក្នុងការអនុវត្តអនុសាសន៍មួយចំនួនរបស់លោកស្ដីពីកំណែទម្រង់រដ្ឋសភា លោកត្រូវបានលើកទឹកចិត្តដោយការឆ្លើយតបវិជ្ជមាន និងឆន្ទៈ ដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ការបំពេញបេសកកម្មនេះត្រូវបានធ្វើឡើងត្រឹមតែពីរខែប៉ុណ្ណោះមុនការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដា និងស្របពេលដែលមានការព្រួយបារម្ភពីអ្នកឃ្លាំមើលការបោះឆ្នោតឯករាជ្យ ដែលថា ការបោះឆ្នោតនេះនឹងមានភាពយុត្តិធម៌តិចតួចនៅក្នុងរយៈពេល២០ឆ្នាំមកនេះ ចាប់តាំងពីអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានរៀបចំការបោះឆ្នោតជាតិជាលើកដំបូង ចាប់តាំងពីការបញ្ចប់របបខ្មែរក្រហមមក។
ទោះជាយ៉ាងណា លោក សុរិយា ស៊ូបេឌី បានមានប្រសាសន៍ថា បេសកកម្មនៅក្នុងប្រទេសកម្ពុជាលើកនេះ វាផ្ទុយគ្នាស្រឡះទៅនឹងបេសកកម្មលើកមុនរបស់លោកដែលគ្មានមន្ត្រីរដ្ឋាភិបាលណាមួយយល់ព្រមជួបលោកនោះ។
លោកបានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសថា “ មានល្អមានអាក្រក់”។លោកបានបន្ថែមថា “ឧទាហរណ៍អំឡុងបេសកកម្មលើកមុនរបស់ខ្ញុំគ្មានមន្ត្រីរដ្ឋាភិបាលណាមានបំណងចង់ជួបខ្ញុំឡើយ ប៉ុន្ដែ សម្រាប់បេសកកម្មលើកនេះវិញ ពួកគេមិនគ្រាន់តែចង់ជួបខ្ញុំទេ ប៉ុន្ដែថែមទាំងផ្ដល់ព័ត៌មានឲ្យខ្ញុំថែមទៀត ដោយនិយាយថា អនុសាសន៍របស់ខ្ញុំកំពុងតែត្រូវបានអនុវត្ត យកមកពិភាក្សា
ហើយនិងកំណត់ពេលវេលាជាក់លាក់ឲ្យខ្ញុំផងដែរ។បែបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ពេញចិត្តថា ការងាររបស់ខ្ញុំកំពុងចូលរួមចំណែកនៅក្នុងប្រទេសកម្ពុជា”។
លោកបានលើកឡើងថា លោកមិនច្បាស់
ទេថា ហេតុអ្វីបានជាមានការផ្លាស់ប្ដូរបែបនេះ ប៉ុន្ដែវាទំនងជាមានការយល់ឃើញថា
រដ្ឋាភិបាលនឹងទទួលបានផលប្រយោជន៍ច្រើន ប្រសិនបើខ្លួនសហការនោះ។
លោកបានមានប្រសាសន៍ថា “ទោះបីជាពួកគេព្យាយាមរារាំង និងរំខានខ្ញុំយ៉ាងណាក៏ដោយ ខ្ញុំនៅតែរក្សាឯករាជភាព សត្យានុម័ត
និងអព្យាក្រឹតភាពរបស់ខ្ញុំ”។ លោកបានបន្ថែមថា ប្រហែលជាមានការទទួលស្គាល់យ៉ាងខ្លាំងអំពីការងារដែលខ្ញុំបានធ្វើនៅទីនេះ គឺជាការងារដែលមានប្រយោជន៍។ បើគ្មានការសហការទេ គេមិនអាចជួយរដ្ឋាភិ
បាលមានកេរ្តិ៍ឈ្មោះនៅក្នុងសហគមន៍អន្ដរជាតិបាននោះទេ។ ហេតុដូច្នេះនៅពេល
នេះពួកគេហាក់ដូចជាសម្រេចចិត្តសហការជាមួយខ្ញុំហើយ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង