កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់លោក កឹម សុខា ប្រធានស្ដីទីរបស់គណបក្សប្រឆាំងចំពោះការអះអាងរបស់លោកនាពេលថ្មីៗនេះថា អំពើឃោរឃៅរបស់ខ្មែរក្រហម នៅគុកទួលស្លែងត្រូវបានប្រឌិតឡើងដោយវៀតណាម ហើយលោកបានអំពាវនាវឲ្យមានច្បាប់ថ្មីមួយដើម្បីដាក់ទោសដល់អ្នកដែលបដិសេធថា របប ប៉ុល ពត មិនបានប្រព្រឹត្តបទឧក្រិដ្ឋ។
កាលពីថ្ងៃសៅរ៍ សមាគមជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានចាក់ផ្សាយខ្សែអាត់សំឡេងរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ ដែលបានអះអាងថា មន្ទីរឃុំឃាំងទួលស្លែងត្រូវបាន “ ប្រឌិតឡើង” ដោយវៀតណាម បន្ទាប់ពីពួកគេបានផ្ដួលរំលំរបបខ្មែរក្រហម ក្នុងឆ្នាំ១៩៧៩។
ពាក្យសម្ដីនេះបានធ្វើឲ្យមានប្រតិកម្មទាំងកំហឹងពីសំណាក់មនុស្សមួយចំនួន ដែលរួចជីវិតពីមន្ទីរឃុំឃាំងនេះ និងបានទាមទារឲ្យលោក កឹម សុខា សូមអភ័យទោសពួកគេដោយផ្ទាល់ បើមិនដូច្នេះទេពួកគាត់នឹងធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា។
នៅឯពិធីសម្ពោធសមិទ្ធផលនៅឯវត្តលង្កាក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ថា បានរំឭកអំពីមន្ទីរឃុំឃាំងទួលស្លែង ដើម្បីផលប្រយោជន៍នយោបាយ ហើយថា ការសូមអភ័យទោសចំពោះអ្នកដែលរួចជីវិតពីមន្ទីរឃុំឃាំងនេះពីរបីនាក់ គឺមិនទាន់គ្រប់គ្រាន់នោះទេ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ សម្ដីទាំងនេះគឺដូចគ្នានឹងសម្ដីរបស់ ខៀវ សំផន ដែលលើកឡើងអំឡុងកិច្ចពិភាក្សាត្រីភាគីអ៊ីចឹង។ ខៀវ សំផន បានលើកឡើងថាលលាដ៍ក្បាលជនរងគ្រោះក្រោមរបបខ្មែរក្រហមនៅប្រទេសកម្ពុជា គឺជាសប្បនិម្មិត”។
លោក ហ៊ុន សែន បានមានប្រសាសន៍សំដៅទៅលើមេគុកទួលស្លែងដែលត្រូវបានសាលាក្ដីខ្មែរក្រហម ផ្ដន្ទាទោសកាលពីឆ្នាំមុនឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតែអំពើឃោរឃៅ ដែលមេគុករូបនេះបានប្រព្រឹត្តនៅឯមន្ទីរឃុំឃាំងទួលស្លែងនេះថា “ សម្ដីដែលនិយាយដូច្នេះ មិនមែនជាសម្ដីលើកទី១ទេ។ នៅឯមន្ទីរឃុំឃាំងទួលស្លែង ឌុច គឺជាជនក្លាហាន ហើយហ៊ានទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនទៀតផង ប៉ុន្ដែ ដើម្បីចំណេញនយោបាយលោក [កឹម សុខា] បែរជាចាត់ទុកបញ្ហានេះជាល្បែង”។
ដោយសំអាងលើឧទាហរណ៍អំពីបណ្ដាប្រទេសអឺរ៉ុប ដែលបានដាក់ទោសចំពោះអ្នកនិយាយថា ហីុត្លេរមិនសម្លាប់មនុស្សនោះ លោក ហ៊ុន សែន បានអំពាវនាវឲ្យមានច្បាប់ថ្មីមួយ ដើម្បីបញ្ឈប់ការបដិសេធថាគ្មានបទឧក្រិដ្ឋរបស់របបខ្មែរក្រហម។ ពេលបែរទៅលោកស្រី ឃួន សុដារី អនុប្រធានរដ្ឋសភាដែលនៅលើវេទិកាដែរនោះ លោក ហ៊ុន សែន បានសុំឲ្យលោកស្រីជួយជំរុញឲ្យសភាអនុម័តច្បាប់នេះមុនការបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដា។
លោកបន្ដថា “ សូមពិភាក្សាជាមួយនឹងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាឲ្យព្រាងច្បាប់ថ្មីនេះជាបន្ទាន់ដើម្បីផ្ដន្ទាទោសអ្នកដែលនិយាយជាសាធារណៈថា ខ្មែរក្រហមមិនបានសម្លាប់មនុស្ស និងថា គ្មានកន្លែងធ្វើទណ្ឌកម្មដូចជាមន្ទីរឃុំឃាំងទួលស្លែង។ យើងគួរតែបង្កើតច្បាប់ថ្មី ដូចនៅក្នុងប្រទេសអឺរ៉ុប ដើម្បីដាក់ទោសអ្នកដែលនិយាយថា គ្មានរបបប្រល័យពូជសាសន៍ខ្មែរក្រហម”។
កាលពីថ្ងៃអាទិត្យ លោក កឹម សុខា បានជំទាស់មិនព្រមបញ្ជាក់ ឬក៏បដិសេធពាក្យសម្ដីរបស់លោកពាក់ព័ន្ធនឹងមន្ទីរឃុំឃាំងទួលស្លែងនោះទេ ហើយកាលពីម្សិលមិញមិនអាចទាក់ទងបានទេ។
នៅក្នុងសេចក្ដីប្រកាសមួយកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិមិនបានបដិសេធការពិតនៃពាក្យសម្ដីរបស់លោក កឹម សុខា ទេ ប៉ុន្ដែ គណបក្សនេះបានចោទប្រកាន់រដ្ឋាភិបាលថា បានបំផ្លើសពាក្យសម្ដីរបស់លោក កឹម សុខា ។
គណបក្សេនះលើកឡើងថា “ លោក កឹមសុខា មិនដែលបដិសេធថា គ្មានការធ្វើទណ្ឌកម្មនិងការសម្លាប់ប្រជាពលរដ្ឋខ្មែរពីសំណាក់ខ្មែរក្រហម នៅឯមន្ទីរឃុំឃាំងទួលស្លែងនោះទេ។ លោក កឹម សុខា បានថ្កោលទោសរបបប្រល័យពូជសាសន៍ខ្មែរក្រហមដោយចំហព្រោះលោកខ្លួនលោកផ្ទាល់ និងគ្រួសាររបស់លោក ក៏ជាជនរងគ្រោះក្នុងរបបនេះដែរ”។
សេចក្ដីប្រកាសនោះបានបន្ដថា “ ជាងនេះទៀតនោះ មានអ្នកនយោបាយឱកាសនិយមមួយចំនួនបានប្រើប្រាស់ពាក្យសម្ដីរបស់លោក កឹម សុខា ដើម្បីផ្សព្វផ្សាយបំផ្លើសនិងបង្កឲ្យមានការភាន់ច្រឡំ។កលល្បិចបែបនេះមិនមែនជាលើកទី១នោះទេ”។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាកន្លែងរក្សាឯកសារនៃរបបខ្មែរក្រហមឈានមុខគេក្នុងប្រទេសកម្ពុជា មានប្រសាសន៍ថា លោក កឹម សុខា អាចក្លាយជាឧបករណ៍នយោបាយដ៏ប្រសើរសម្រាប់គណបក្សកាន់អំណាច មុនពេលបោះឆ្នោតជាតិក្នុងខែកក្កដា។ ប៉ុន្ដែ ការបន្ទោសវៀតណាមចំពោះបទឧក្រិដ្ឋរបស់របបខ្មែរក្រហមបែបនេះ មិនមែនជារឿងថ្មីនោះទេ។
លោកបានបន្ថែមថា “ នេះគឺជាផ្នែកមួយនៃការសន្ទនាអំពីរបបខ្មែរក្រហម”។ លោក ឆាំង យុ បានបន្ដថា “ ពួកគេជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជា គឺជាជនស្លូតត្រង់ និងមិនអាចប្រព្រឹត្តបទឧក្រិដ្ឋគួរឲ្យភ័យខ្លាចបែបនោះទេ”។
លោកបានមានប្រសាសន៍សំដៅលើ ការសិក្សាអំពីប្រវត្តិសាស្ត្ររបស់ជនសើរើនិយមដែលបានបន្ទោសវៀតណាមពីបទឧក្រិដ្ឋនៃរបប ប៉ុល ពត ថា “ ពួកគេស្រាវជ្រាវរកអ្វីដែលពួកគេអាចប្រើប្រាស់ ដើម្បី [បកស្រាយ] អំពីបទឧក្រិដ្ឋដែល ប៉ុល ពត បានប្រព្រឹត្ត”។
តំណាងរាស្ត្រគណបក្សប្រឆាំង និងលោកសុន ឆ័យ បេក្ខជនមកពីគណបក្សសង្គ្រោះជាតិបានហៅគំនិតរបស់លោក ហ៊ុន សែន ដែលអំពាវនាវឲ្យមានច្បាប់ថ្មីប្រឆាំងនឹងអ្នកបដិសេធចំពោះបទឧក្រិដ្ឋនៃរបបខ្មែរក្រហមនោះថា “ ជារឿងគួរឲ្យចង់សើច” ហើយមានប្រសាសន៍ថា វានឹងនាំឲ្យមានការបំពានអំណាច។
លោកមានប្រសាសន៍ថា “ លោក ហ៊ុន សែន មិនមែនធ្វើការដើម្បីជំរុញឲ្យមានការគោរពច្បាប់ក្នុងប្រទេសនេះទេ។ គាត់កំពុងជំរុញឲ្យមានអំណាចផ្តាច់ការ…ប្រឆាំងនឹងសេរីភាពនៃការបញ្ចេញមតិ”។
គណបក្សប្រឆាំងបានវាយប្រហារលោក ហ៊ុន សែន ចំពោះទំនាក់ទំនងជិតស្និទ្ធជាមួយនឹងវៀតណាម ដែលបានជួយលើកបន្តុបរូបគាត់ និងមេដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាផ្សេងទៀតឲ្យមានអំណាចបន្ទាប់ពីបានផ្ដួលរំលំរបបខ្មែរក្រហម។ ទោះបីជាមាន ឬគ្មានច្បាប់ថ្មីនេះក៏ដោយ លោក សុន ឆ័យ មានប្រសាសន៍ថា រដ្ឋាភិបាលមានការអត់ឱនតិចតួចណាស់ចំពោះអ្នករិះគន់ប្រទេសជិតខាងនៅភាគខាងកើត និងអតីតអ្នកផ្ដល់ផលប្រយោជន៍ឲ្យខ្លួន។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើអ្នកណាម្នាក់ធ្វើអ្វីមួយរំខានដល់ផលប្រយោជន៍វៀតណាម ជននោះនឹងត្រូវគេដាក់ទោស មានលោក សម រង្ស៊ី [ប្រធានគណបក្សសង្គ្រោះជាតិ] ជាឧទាហរណ៍ស្រាប់។ រឿងមួយដែលយើងដឹងច្បាស់នោះគឺ លោកនាយករដ្ឋមន្ត្រីមិនចង់ឲ្យនរណាម្នាក់បើកមាត់របស់ខ្លួន និយាយអំពីរឿងដែលគាត់មិនចូលចិត្តនោះទេ”។
លោក សម រង្ស៊ី ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលសរុប១១ឆ្នាំក្នុងឆ្នាំ២០០៩ និងឆ្នាំ២០១០ ពីបទដកបង្គោលតម្រុយព្រំដែន និងបង្ហោះផែនទីអំពីតំបន់នោះនៅតាមអុីនធើណិត។ លោកចាត់ទុកការផ្តន្ទាទោសនេះថាជារឿងនយោបាយ ហើយលោករស់នៅប្រទេសក្រៅដើម្បីគេចពីទោសជាប់ពន្ធនាគារ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ ថ្លែងថា ទំនាក់ទំនងជិតស្និទ្ធរបស់លោក ហ៊ុន សែន ជាមួយវៀតណាម គឺជាការទទួលខុសត្រូវខាងនយោបាយសម្រាប់នាយករដ្ឋមន្ត្រី ហើយលោកបានបន្តទៀតថា ច្បាប់សម្រាប់ដាក់ទោសអ្នកដែលបដិសេធថាគ្មានឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម អាចនាំឲ្យមានការប្រើប្រាស់ដោយមិនត្រឹមត្រូវដើម្បីទប់ស្កាត់សេរីភាពក្នុងការបញ្ចេញមតិ។
លោកបានលើកឡើងអំពីច្បាប់ដែលអាចប្រើបាននេះថា “ វាអាចធ្វើឲ្យមានការរើសអើង។យើងចាំបាច់ត្រូវជជែកដេញដោលអំពីច្បាប់នេះ ពីព្រោះយើងមានចិត្តចង់ធ្វើនៅពេលនេះ ដូច្នេះខ្ញុំដឹងច្បាស់ថា វាមិនមែនជាច្បាប់ល្អនោះទេ” ប្រសិនបើប្រញាប់ប្រញាល់អនុម័តក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះនោះ។
អង្គការសិទ្ធិមនុស្សចោទប្រកាន់រដ្ឋាភិបាលជាទៀងទាត់ថា ការប្រើច្បាប់មានស្រាប់មិនត្រឹមត្រូវ ស្តីពីការបរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីទប់ស្កាត់មិនឲ្យមានការជជែកដេញដោលជាសាធារណៈស្របច្បាប់រួចហើយ។
លោក ម៉ុងហៃ បានលើកឡើងថា រដ្ឋាភិបាលមានច្បាប់សំខាន់ជាងនេះច្រើនណាស់ដែលមិនទាន់អនុម័ត ដូចជាច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម ដែលមានបំណងពង្រឹងឯករាជភាពរបស់តុលាការ។ លោក ឆាំង យុ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ជំនួសឲ្យការដាក់ទោសជនទាំងឡាយណាដែលមានទស្សនបែបនេះជាមួយនឹងច្បាប់ថ្មីមួយ លោកបានស្នើឲ្យប្រើកម្មវិធីសិក្សានៅតាមសាលារៀន និងសាលាក្តីឧក្រិដ្ឋកម្មសង្គ្រាមខ្មែរក្រហមដែលកំពុងតែដំណើរការេនះ ដើម្បីជំរុញឲ្យមានការទទួលស្គាល់ការពិតអំពីរបប ប៉ុល ពត។ លោកបានថ្លែងថា “ យើងគួរតែប្រើធនធានទាំងអស់នេះដើម្បីអប់រំសាធារណជន។ជំនួសឲ្យការដាក់ទោស គួរតែអប់រំពួកគេវិញ។ ធ្វើដូច្នេះប្រហែលជាវិធីប្រសើរជាង”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា និង ចេវ ប៊ុននី