មន្ត្រីនគរបាល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រជាពលរដ្ឋ ដែលមានកំហឹង បានដេញវាយចោរពីរនាក់ ដែលបានឆក់កាបូប និងទូរស័ព្ទដៃរបស់ជនរងគ្រោះម្នាក់នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃសៅរ៍។
លោក ចាប ចន្ថា អធិការរងនគរបាលខណ្ឌ បានថ្លែងថា ហេង ចាន់ពេជ្រ អាយុ៣០ឆ្នាំ និងឡាត បូ អាយុ ២៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅសង្កាត់កន្ទោក ក្នុងខណ្ឌ ពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីក្រុមមនុស្ស ដែលមាន កំហឹង បានដេញចាប់ពួកគេកុំឲ្យរត់គេចខ្លួន។
លោក ចាប ចន្ថា បានមានប្រសាសន៍ថា “ ប្រជាពលរដ្ឋជាច្រើននាក់ បានវាយជនសង្ស័យទាំងពីរនាក់នេះឲ្យរងរបួស ពីព្រោះពួកគាត់មានកំហឹងជាមួយនឹងជនសង្ស័យទាំងនេះណាស់”។ “ នៅពេលនេះ ជនសង្ស័យទាំងពីរនាក់នេះ កំពុងត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ហើយយើងនឹងបញ្ជូនពួកគេទៅតុលាការនៅថ្ងៃស្អែក”។
យោងតាមមន្ត្រីនគរបាលសង្កាត់ម្នាក់ ដែលបដិសេធមិនប្រាប់ឈ្មោះ ពីព្រោះគាត់មិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់បណ្តាញផ្សព្វផ្សាយព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់នេះ បានឆក់កាបូបមួយ ដែលមានទូរស័ព្ទដៃមួយគ្រឿងបំពាក់ដោយប្រព័ន្ធជីភីអេស ។
ជនរងគ្រោះនេះ បានដេញតាមជនសង្ស័យទាំងពីរនេះ ដែលបានគេចខ្លួនតាមម៉ូតូមួយគ្រឿង ហើយប្រជាពលរដ្ឋជាង២០នាក់ បានដេញតាមជនសង្ស័យទាំងពីរនេះពីក្រោយដែរ។ មន្ត្រីនគរបាលរូបនេះ ថ្លែងថា “ ប្រជាពល រដ្ឋទាំងនេះ បានវាយជនសង្ស័យទាំងពីរនេះឡើងហើមមុខ និងទ្រមខ្លួន នៅពេលពួកគាត់វាយ និងចោលដុំថ្មទៅលើពួកគេ”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ