លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា ទីតាំងល្អនៃភូមិគ្រឹះរបស់លោកនៅក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅតាមមហាវិថីព្រះសុរាម្រិត នៅចន្លោះវត្តលង្កា និងវត្តបទុម គឺជាសញ្ញាបង្ហាញច្បាស់ថា លោកនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដា។
នេះមិនមែនជាលើកទី១ទេ ដែលលោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីអបិយជំនឿនាពេលថ្មីៗដើម្បីគាំទ្រការព្យាករពីជ័យជម្នះរបស់លោក។
កាលពីដើមខែនេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត ប្រសូត្រចេញពីអ្នកតាដ៏មានអំណាចមួយ ដែលប្រែក្រឡាជាភ្លើងដ៏ភ្លឺមួយហោះចេញពីដើមពោធិ៍។ហើយបន្ទាប់
ពីការថ្វាយព្រះភ្លើងដល់ព្រះបរមរតនកោដ្ឋសម្តេចឪ នរោត្តម សីហនុ កាលពីក្នុងខែកុម្ភៈ លោកបានអះអាងថា ព្រលឹងរបស់អតីតព្រះមហាក្សត្រប្រហែលជាបានទតលោកហើយ ពីព្រោះលោកគឺជាមនុស្សតែម្នាក់គត់ ដែលអាចថ្វាយព្រះភ្លើងឲ្យឆេះបាន បន្ទាប់ពីអ្នកឯទៀតថ្វាយព្រះភ្លើងមិនឆេះនោះ។
លោក ហ៊ុន សែន បានលើកឡើងកាលពីម្សិលមិញនៅឯពិធីសម្ពោធកុដិថ្មីមួយដែលចំណាយទឹកប្រាក់សាងសង់អស់ចំនួន៦៣០.០០០ដុល្លារនៅវត្តលង្កា ដែលមានមនុស្សរាប់ពាន់នាក់បានចូលរួមថា“ និយាយ
ពីសំណាង ផ្ទះរបស់ខ្ញុំស្ថិតនៅក្នុងទីតាំងល្អមួយ ដែលគ្មាននរណាម្នាក់អាចយកឈ្នះខ្ញុំបានឡើយ”។
លោកបានមានប្រសាសន៍ប្រហែលជាសំដៅដល់ប្រពៃណីហុងស៊ុយចិនថា “ ទីតាំងផ្ទះរបស់ខ្ញុំស្ថិតលើស្មានាគ និងស្ថិតនៅចន្លោះវត្តពីរ”។ លោកបន្ថែមថា “ ហេតុដូច្នេះហើយបានជាគ្មាននរណាម្នាក់អាចសម្លាប់ខ្ញុំបាន និងគ្មាននរណាម្នាក់អាចទម្លាក់ខ្ញុំបានឡើយ។វាស៊ីសងលើសំណាងទេ យើងត្រូវតែជឿ”។
លោកបានបន្តថា“ អ្នកខ្លះចង់ធ្វើជានាយករដ្ឋមន្ត្រី តាំងពីពួកគេកើតមក ប៉ុន្តែពួកគេមិនអាចធ្វើបាន។ ខ្ញុំមិនដែលចង់ធ្វើជានាយករដ្ឋមន្ត្រីទេ គោលបំណងរបស់ខ្ញុំចង់ធ្វើជាគ្រូបង្រៀន ប៉ុន្តែស្ថានភាពរបស់ប្រទេសបង្ខំឲ្យខ្ញុំមកទីនេះ”។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ដំបូង លោកបានយល់ព្រមកាន់តួនាទីរបស់លោកតែរយៈពេលបីខែប៉ុណ្ណោះ ពីព្រោះលោកជឿថា បញ្ញវន្តកម្ពុជាជាច្រើននឹងត្រឡប់មកកាន់មាតុភូមិវិញក្នុងពេលប៉ុន្មានឆ្នាំទៀត បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ និងកាន់តួនាទីជាអ្នកដឹកនាំ។ប៉ុន្តែ លោកបានបញ្ជាក់ថា “ បីខែបានក្លាយជា៣០ឆ្នាំហើយ”។
លោកក៏បានលើកឡើងដែរថា ដរាបណាអ្នកបោះឆ្នោតនៅតែបោះឆ្នោតគាំទ្រលោកលោកនឹងនៅតែធ្វើជាមេដឹកនាំទៀត ហើយអ្នករិះគន់ដែលជឿថា លោកកាន់អំណាចយូរពេកនោះ គឺខុសហើយ។
លោក ហ៊ុន សែន ថ្លែងថា “ កាន់អំណាច៣០ឆ្នាំ មិនយូរពេកទេ ពួកគេនិយាយថា យូរណាស់ ប៉ុន្តែវាយូរពេកសម្រាប់ពួកគេ។ នេះជាអ្វីដែលប្រជាពលរដ្ឋត្រូវការ ពីព្រោះពួកគេនៅតែបោះឆ្នោតឲ្យខ្ញុំ”។ លោកបន្ថែមថា
ប្រសិនបើគណបក្សប្រឆាំងឈ្នះ ក៏លោកមិនជឿថា ពួកគេរក្សាការសន្យារបស់ខ្លួនក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីឲ្យនាយករដ្ឋមន្ត្រីកាន់អំណាចតែពីរអាណត្តិដែរ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី