នគរបាលមូលដ្ឋាន បានឲ្យដឹងកាលពីម្សិលមិញថា កងកម្លាំងសន្តិសុខថៃ បានបាញ់សម្លាប់បុរសខ្មែរម្នាក់ទៀត ដែលបានឆ្លងព្រំដែនចូលក្នុងប្រទេសថៃកាប់ឈើដោយខុសច្បាប់ កាលពីថ្ងៃសៅរ៍ និងបានបាញ់ឲ្យរបួសបីនាក់ផ្សេងទៀត។
លោក កែវ តាន់ អធិការនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា សាកសពបុរសនេះស្ថិតក្នុងទឹកដីថៃនៅឡើយ ហើយថា មនុស្សបីនាក់ដែលត្រូវរបួស ត្រូវបានបញ្ជូនទៅព្យាបាលរបួសដោយសារគ្រាប់កាំភ្លើងនៅមន្ទីរពេទ្យបង្អែកមួយនៅប្រទេសកម្ពុជា។
កាលពីម្សិលមិញ គេហទំព័ររបស់នគរបាលជាតិ បានបញ្ជាក់អត្តសញ្ញាណអ្នកស្លាប់នេះ មានឈ្មោះ បូ បូរ័ត្ន អាយុ២៨ឆ្នាំ។ប្រទេសកម្ពុជា បានអះអាងថា កងកម្លាំងថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរ៤៥នាក់ ក្នុងកាលៈទេសៈស្រដៀងគ្នានេះ កាលពីឆ្នាំ២០១២។
ក្រុមមន្ត្រីមកពីប្រទេសទាំងពីរ បានជួបប្រជុំគ្នានៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៨ ខែឧសភា និងបានព្រមព្រៀងគ្នាបង្កើតការដើរល្បាតរួមគ្នានៅតាមបណ្ដោយព្រំដែននេះ ដើម្បីបញ្ឈប់កំុឲ្យមានការបាញ់សម្លាប់បែបនេះទៀត។
ប៉ុន្តែ បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងមួយស្ដីពីបញ្ហាព្រំដែននៅរាជធានីភ្នំពេញកាលពីម្សិលមិញ លោក ឡុង វិសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស ដែលដឹកនាំកិច្ចប្រជុំនៅក្រុងប៉ោយប៉ែត មានប្រសាសន៍ថា ពេលនេះការដើរល្បាតរួមគ្នាមិនទាន់ដំណើរការទេ។
លោកបានមានប្រសាសន៍ថា នៅពេលនេះ “ យើងនឹងដើរល្បាតនៅខាងយើងហើយភាគីថៃ ដើរល្បាតខាងថៃ ប៉ុន្តែ យើងនឹងសហការគ្នា”។
នៅឯកិច្ចប្រជុំកាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់ក្រសួងក៏បានពិភាក្សាគ្នាផងដែរអំពីលិខិតអនុញ្ញាតរយៈពេលខ្លីសម្រាប់ប្រជាពលរដ្ឋខ្មែរចូលទៅធ្វើការនៅប្រទេសថៃ ការបោសសម្អាតគ្រាប់មីននៅតាមព្រំដែននេះ និងផែនការសម្រាប់តំបន់សេដ្ឋកិច្ចថ្មីនៅខេត្តកោះកុង និងក្រុងប៉ោយប៉ែត ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ