កុមារពីរនាក់និងមនុស្សពេញវ័យបួននាក់បានស្លាប់កាលពីព្រឹកម្សិលមិញនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បន្ទាប់ពីរថយន្តដឹកដីមួយគ្រឿងបានបុករថយន្តវ៉ែនមួួយគ្រឿងដែលដឹកអ្នកដំណើរ១៦នាក់ ដោយធ្វើឲ្យមនុស្សដែលជិះក្នុងរថយន្តទាំងអស់ស្លាប់និងរបួស។
លោក ប៉ុស ចន្ថា អធិការនគរបាលស្រុកបានមានប្រសាសន៍ថា “ទារកអាយុ៧ខែម្នាក់ និងក្មេងប្រុសម្នាក់ទៀតអាយុ១០ឆ្នាំបានស្លាប់ជាមួយនឹងអ្នកដំណើរបីនាក់ទៀតនិងអ្នកបើកបររថយន្តផង”។ លោកបានបន្ថែមថា ជនជនរងគ្រោះប្រាំនាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកឯមនុស្សពេញវ័យម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។
គ្រោះថ្នាក់នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៦៨ បន្ទាប់ពីរថយន្តធុនធំមួយគ្រឿងដែលដឹកដីបានបុកគោមួយក្បាល ហើយបាត់បង់ម្ចាស់ការ បណ្តាលឲ្យជ្រុលទៅបុករថយន្តវ៉ែន ដែលបើកបរមកពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក ជិន សុវណ្ណ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា អ្នកបើកបររថយន្តធុនធំនេះមិនមានគ្រោះថ្នាក់ទេ ហើយបានគេចខ្លួនពីកន្លែងកើតហេតុ។ លោក ជិន សុវណ្ណ បានមានប្រសាសន៍បន្ថែមទៀតថា “យើងស្គាល់អត្តសញ្ញាណជននេះហើយ ដូច្នេះយើងនឹងស្វែងរកចាប់ខ្លួនជននេះ”។
យោងតាមតួលេខរបស់នគរបាលជាតិបានឲ្យដឹងថា ចំនួនអ្នកដែលបានស្លាប់នៅតាមដងផ្លូវក្នុងប្រទេសកម្ពុជានៅក្នុងខែមេសាឡើងដល់១៥៦នាក់ ហើយ៦២៤នាក់រងរបួស។ ចំនួនមនុស្សស្លាប់សរុបកាលពីខែមេសាគឺតិចជាងខែមីនា ដែលមានមនុស្ស១៩០នាក់បានស្លាប់ នៅតាមដងផ្លូវ និង៦៩៥នាក់រងរបួស៕
ប្រែសម្រួលដោយ សោម សារុន