គម្រោងវិនិយោគមួយ ដែលគាំទ្រដោយប្រទេសវៀតណាម និងប្រទេសឥណ្ឌា ដើម្បីផលិតស្ករស អេតាណុល និងថាមពល ដែលមានទំហំទឹកប្រាក់វិនិយោគជាង៩០លានដុល្លារ បានចាប់ផ្ដើមបើកធ្វើប្រតិបត្តិការនៅក្នុងខេត្តក្រចេះ នេះបើយោងតាមមន្ត្រីមួយរូប និងសេចក្ដីរាយការណ៍ព័ត៌មានមួយ។
លោក ស ចំរុង អភិបាលខេត្តក្រចេះបានមានប្រសាសន៍ថា កាលពីថ្ងៃអាទិត្យ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានទៅធ្វើជាធិបតីនៅក្នុងពិធីបើកសម្ពោធកន្លែងបើកគម្រោងនៅលើផ្ទៃដីទំហំ៧.០០០ហិកតានៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
គម្រោងវិនិយោគនេះនឹងមានដាំអំពៅនៅលើផ្ទៃដីមួយផ្នែកធំ ព្រមទាំងសាងសង់រោងចក្រ ដើម្បីផលិតស្ករស និងអេតាណុល ដែលដើរដោយរោងចក្រថាមពលមួយនៅក្នុងបរិមាណនោះ ដែលមានកម្លាំង២៦មេហ្គាវ៉ាត់ នេះបើយោងតាមលោក ស ចំរុង។
លោកថ្លែងថា “ វាជារឿងដ៏ល្អមួយសម្រាប់សេដ្ឋកិច្ច។ កម្មករកម្ពុជាប្រមាណជា៦០០នាក់អាចធ្វើការនៅទីនេះបាន” ហើយលោកបានបន្ថែមថា វិនិយោគិនរបស់គម្រោងនេះមកពីប្រទេសវៀតណាម និងប្រទេសឥណ្ឌា។
សេចក្តីរាយការណ៍មួយនៅលើគេហទំព័ររបស់វិទ្យុសំឡេងវៀតណាម(Voice of Vietnam)បានឲ្យដឹងថា ក្រុមហ៊ុន ដែលអនុវត្តគម្រោងនេះមានឈ្មោះថា កាម៉ាដេនូ វែនឆ័រ ខេមបូឌា លីមីតធីត (Kamadhenu Ventures Cambodia Limited)។
ក្រុមហ៊ុន កាម៉ាដេនូ វែនឆ័រ ខេមបូឌាលីមីតធីតមានការិយាល័យមួយក្នុងរាជធានីភ្នំពេញ ក៏ប៉ុន្ដែកាលពីម្សិលមិញ គេមិនអាចទាក់ទងតំណាងក្រុមហ៊ុននេះបានទេ។
សេចក្ដីរាយការណ៍ដដែលនេះបានឲ្យដឹង ដោយមានខ្លឹមសារដូច្នេះថា “ រោងចក្រ ដែលត្រូវបានចាត់ទុកជាគម្រោងវិនិយោគបរទេសធំបំផុតមួយក្នុងចំណោមគម្រោងបរទេសធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា មានទំហំ
ទឹកប្រាក់វិនិយោគសរុបប្រមាណជា៩០,៧លានដុល្លារ ដោយទឹកប្រាក់វិនិយោគចំនួន២៥,៣លានដុល្លារជារបស់ក្រុមហ៊ុន កាម៉ាដេនូ វែនឆ័រ ខេមបូឌា លីមីតធីត ហើយទឹកប្រាក់វិនិយោគចំនួន៦៥,៤លានដុល្លារទទួលបានមកពីធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម។
វិទ្យុសំឡេងវៀតណាមបានឲ្យដឹងថា រោងចក្រនេះត្រូវបានគេរំពឹងថា នឹងអាចផលិតស្ករសបាន៣.៥០០តោន និងអេតាណុលចំនួន៣០.០០០លីត្រក្នុងមួយថ្ងៃ៕
ប្រែសម្រួលដោយ ហួង កុកទៀន