ក្រុងកំពង់ចាម-គោឧសភរាជដែលមានពណ៌ត្នោតបានសម្លឹងមើលភាជន៍ចំនួនប្រាំពីរដែលដាក់នៅចំពោះមុខវា ហើយបន្ទាប់មកបានហិតភាជន៍មួយដែលដាក់ពោត។
គូរបស់វាមិនសូវចាប់អារម្មណ៍នឹងអ្វីដែលមាននៅក្នុងភាជន៍ប្រាក់នោះទេ ដោយវាងាកទៅបរិភោគស្មៅដែលដុះនៅផ្ទាល់ដីនៅក្នុងពហុកីឡាដ្ឋានបាល់ទាត់នោះទៅវិញ។ ប៉ុន្តែការដែលគោឧសភរាជជ្រើសរើសបរិភោគពោតតែមួយមុខនេះគឺមានន័យខ្លាំងណាស់នៅព្រះរាជពិធីច្រត់ព្រះនង័្គលប្រចាំឆ្នាំកាលពីម្សិលមិញ ព្រោះជាអាហារដែលលោកគង់ កេង ជាហោរាតាមបែបព្រហ្មញ្ញសាសនាប្រចាំព្រះបរមរាជវាំង ដែលព្យាករពីការប្រមូល
ផលកសិកម្មនៅឆ្នាំនេះ និងពីសុខុមាលភាពទូទៅរបស់ព្រះរាជាណាចក្រកម្ពុជា ចាត់ទុកថាជាអាហារដែលវាចូលចិត្ត។
លោក គង់ កេង បានប្រកាសប្រាប់ដល់កសិកររាប់រយនាក់ដែលបានជួបជុំគ្នានៅពហុកីឡាដ្ឋានក្នុងក្រុងកំពង់ចាមកាលពីម្សិលមិញថា “ យើងបានព្យាករថា នៅឆ្នាំនេះ យើងនឹងទទួលបានទិន្នផលពោតខ្ពស់ ពីព្រោះគោឧសភរាជបរិភោគពោតច្រើន”។
ថ្វីបើេមានវត្តមានរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងកសិករក៏ដោយ ក៏មិនមានការព្យាករច្រើនសម្រាប់ពិធីដែលធ្លាប់ជានិមិត្តរូបដ៏អស្ចារ្យនេះដែរ។ បន្ទាប់ពីពិធីតាមបែបបុរាណបញ្ចប់ទៅ គោឧសភរាជ ដែលតុបតែងលម្អដោយក្រណាត់ពណ៌មាស ត្រូវលែងឲ្យទៅជ្រើសរើសស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រាស។
ប្រសិនបើ គោឧសភរាជបរិភោគ ស្រូវ ពោត សណ្តែក ល្ង ឬស្មៅ វាជាប្រផ្នូលល្អសម្រាប់ការដាំដុះនៅក្នុងរដូវធ្វើកសិកម្ម
នៅពេលខាងមុខ និងសម្រាប់ប្រទេសជាតិទាំងមូល។
ប្រសិនបើគោឧសភរាជ បរិភោគទឹកខ្លះ នោះការព្យាករគឺថា ប្រទេសកម្ពុជាអាចមានទឹកជំនន់ ហើយប្រសិនបើ គោបរិភោគស្រាស
នោះ មានន័យថា នឹងមានភាពអនាធិបតេយ្យកើតមាននៅតាមដងផ្លូវ។ ប៉ុន្តែវាហាក់ដូចជា គោឧសភរាជបានបរិភោគតែពោតប៉ុណ្ណោះ។ គោឧសភរាជបរិភោគពោត និងសណ្តែក នៅពិធីច្រត់ព្រះនង័្គលកាលពីឆ្នាំមុន។គោក៏បានបរិភោគពោតនិងសណ្តែក លាយស្មៅខ្លះៗដែរ នៅក្នុងពិធីច្រត់ព្រះនង័្គលកាលពីឆ្នាំ២០១១។ ចំណែកឯក្នុងឆ្នាំ២០១០វិញ គោឧសភរាជបរិភោគ ពោត និងសណ្តែក។
បើទោះជាគោឧសភរាជ មិនបានបរិភោគស្រូវកាលពីឆ្នាំមុនក៏ដោយ ក៏គេឃើញថា ទិន្នផលស្រូវឆ្នាំ២០១២កើនឡើងដែរ។ស្រដៀងគ្នានេះដែរ នៅក្នុងឆ្នាំ២០១១ គោឧសភរាជមិនបានបរិភោគទឹកទេ ប៉ុន្តែប្រទេសកម្ពុជាមានទឹកជំនន់ធ្ងន់ធ្ងររាប់ទសវត្សរ៍ ដោយបំផ្លាញផលដំណាំរបស់កសិករអស់ជាច្រើន។
នៅពេលសួរថា តើគោឧសភរាជជ្រើសរើសខុសឬ ដោយសារចំណង់ចំណូលចិត្តរបស់វាគឺពោតនោះ លោក គង់ កេង ហោរាប្រចាំព្រះបរមរាជវាំងបានបដិសេធកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា “ ការព្យាករវាមិនត្រឹមត្រូវ១០០ភាគរយទេ ជួនកាលវាអាចខុសគ្នាបន្តិចបន្តួច”។
លោកបានបន្ថែមថា ការព្យាករគឺផ្អែកតាមអ្វីដែលគោឧសភរាជបានបរិភោគ។ មិនមែនតាមអ្វីដែលវាមិនបរិភោគនោះទេ។ ពេលសួរថា តើគោឧសភរាជធ្លាប់បរិភោគស្រា ដែលនាំឲ្យមានភាពចលាចល និងវឹកវរដែរឬយ៉ាងណា លោក គង់ កេង បានមានប្រសាសន៍ថា គោឧសភរាជបានបរិភោគស្រាអំឡុងសម័យសង្គមរាស្ត្រនិយម មុនពេលខ្មែរក្រហមបានកាន់អំណាចក្នុងឆ្នាំ១៩៧៥។ដូច្នេះគោឧសភរាជជ្រើសរើសត្រូវ។
លោក អាង ជូលៀន សាស្ត្រាចារ្យនរវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានមានប្រសាសន៍ថា គេនៅមិនទាន់ច្បាស់ថា តើពិធីច្រត់ព្រះនង័្គលតាមបែបបុរាណបានចាប់ផ្តើមតាំងពីពេលណាមកទេ ប៉ុន្តែវាចាប់ផ្តើមរាប់សតវត្សរ៍មកហើយ ហើយប្រទេសថៃមានប្រពៃណីដូចគ្នាច្រើន។
លោក ជូលៀន មានប្រសាសន៍ថា“ ដោយសារព្រះមហាក្សត្រជាម្ចាស់ទឹកម្ចាស់ដី…ភារកិច្ចរបស់ព្រះអង្គគឺច្រត់ព្រះនង័្គល ដូច្នេះហើយមនុស្សគ្រប់គ្នាអាចភ្ជួរស្រែតាមព្រះអង្គ។វាជានិមិត្តរូប នេះគឺជាការរួមមេត្រីរវាងព្រះមហាក្សត្រ និងព្រះធរណី ហើយធរណីជាស្ត្រី ដើម្បីផលិតផលដំណាំ”។
ចំណែកឯក្នុងប៉ុន្មានសតវត្សរ៍មុនៗ ព្រះមហាក្សត្របានច្រត់ព្រះនង័្គលដោយព្រះអង្គឯង ដែលឥឡូវនេះប្រពៃណីនេះបានបាត់បង់បន្តិចម្តងៗ។ហើយជារឿយៗ គេជ្រើសតាំងអ្នកតំណាងព្រះមហាក្សត្រ។ នៅក្នុងពិធីកាលពីម្សិលមិញ អភិបាលខេត្តកំពង់ចាម ជាអ្នកតំណាងព្រះមហាក្សត្រ។
លោក ជូលៀន បានមានប្រសាសន៍ថា “ ព្រះបរមរតនកោដ្ឋ សម្តេចឪ” នរោត្តម សីហនុ បានច្រត់ព្រះនង្គ័លដោយផ្ទាល់ព្រះអង្គបានតែមួយដង ឬពីរដងប៉ុណ្ណោះ។
លោកបានបន្ថែមថា នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ លោកជឿថា អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ឬសមាជិករាជវង្សានុវង្ស បានប្រារព្ធពិធីនេះនៅមុខប្រាសាទអង្គរធំ ក្នុងខេត្តសៀមរាប។ ក្នុងឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានឈប់ប្រារព្ធពិធីច្រត់ព្រះនង្គ័លតែម្តង ដោយសារប្រទេសកម្ពុជាបានក្លាយជាសាធារណរដ្ឋក្រោមការដឹកនាំរបស់ លន់ នល់។
ពិធីនេះត្រូវបានប្រារព្ធឡើងវិញនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហនុ យាងនិវត្តមកកាន់ប្រទេសជាតិវិញពីការនិរទេសព្រះកាយ ហើយរបបរាជានិយមបានកើតមានជាថ្មី។
តាមទំនៀមទម្លាប់ ពិធីនេះត្រូវបានរៀបចំឡើងនៅវាលព្រះមេរុ គឺទីធ្លានៅខាងមុខសារមន្ទីរជាតិ ហើយទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចនៅឆ្នាំនេះថា ត្រូវផ្លាស់ប្តូរការប្រារព្ធពិធីនេះនៅទូទាំងប្រទេស។
ឥឡូវនេះ វាលព្រះេមរុមានស្មៅដុះពេញហើយគ្មាននរណាចាប់អារម្មណ៍ទេ បន្ទាប់ពីត្រូវគេប្រើជាកន្លែងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចឪ នរោត្តម សីហនុ។ ព្រះពន្លាសម្រាប់ទទួលភ្ញៀវទទេស្អាតស្ថិតនៅក្នុងវាលមេរុនោះ ដោយគ្មានមូលហេតុច្បាស់លាស់ ដោយមិនអាចប្រារព្ធពិធីច្រត់ព្រះ
ង្គ័លនៅទីនោះបានឡើយ។
កាលពីម្សិលមិញ មុនពេលជ្រើសរើសអាហារពីភាជន៍ប្រាក់នោះ គោឧសភរាជបីនឹម បានបញ្ចប់ការច្រត់ព្រះនង្គ័លបីជុំនៅទីព្រះស្រែ។
នង្គ័លទី១ត្រូវបានច្រត់ដោយ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ដែលទើបតែងតាំងថ្មី ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ មាស និងស្បែកជើងពណ៌មាសដែរ។
លោក លឹមថៃ អមដោយភរិយារបស់លោកដែលស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស្វាយ និងទឹកមាស ហើយត្រូវគេបាំងក្លស់ពណ៌មាសដែរ ខណៈដែលលោកស្រីព្រោះគ្រាប់ពូជទៅលើដីដែលទើបច្រត់ព្រះនង្គ័លថ្មីៗ។
លោក លឹមថៃ បានមានប្រសាសន៍កាលពីម្សិលមិញថា លោករីករាយណាស់ដែលខេត្តរបស់លោកមានឱកាសរៀបចំពិធីនេះ។ លោកបានបន្ថែមថា ប្រជាពលរដ្ឋប្រហែល៨៥ភាគរយនៅក្នុងខេត្តនេះប្រកបរបរកសិកម្ម។ក្នុងចំណោមកសិករទាំងនោះ លោក ហ៊ុនសុផាត អាយុ៥០ឆ្នាំមកពីស្រុកត្បូងឃ្មុំបាននិយាយថា តាមធម្មតា លោកធ្វើតែស្រែ តែនៅឆ្នាំនេះលោកនឹងដាំពោតដែរ បន្ទាប់ពីបានស្តាប់ការព្យាកររបស់ហោរាមក។ លោកនិយាយថា “ ខ្ញុំពិតជាជឿការព្យាករនេះដូច្នេះខ្ញុំនឹងចាប់ផ្តើមដាំពោត ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងទទួលបានផលច្រើនមិនខាន”។
លោកបានបន្ថែមថា ពិតមែនហើយ គោឧសភរាជមិនបានផឹកទឹកគឺជាសញ្ញាល្អហើយ ពីព្រោះវាមានន័យថា មិនមានទឹកជំនន់ទេ។ លោក សុផាត បាននិយាយថា ក្នុងឆ្នាំ២០១១លោកខាតបង់ផលដំណាំរបស់លោក៧០ភាគរយដោយសារទឹកជំនន់។
លោក យ៉ង សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក)បានមានប្រសាសន៍ថា ពោតប្រហែលមិនមែន
ជាដំណាំល្អដែលគួរដាំទេ។
លោក យ៉ង សាំងកុមារ មានប្រសាសន៍ថា “ វាមិនពិបាកដាំទេ…[ប៉ុន្តែ] វាក៏មិនមែនជារបរមាននិរន្តរភាពសម្រាប់កសិកររកស៊ីបន្តិចបន្តួចដែរ” ដោយពន្យល់ថា ទីផ្សារពោតគ្រប់គ្រងដោយក្រុមហ៊ុនមួយចំនួន ដែលផលិតចំណីសត្វ ដូច្នេះទីផ្សារនេះពឹងផ្អែកយ៉ាងខ្លាំងលើតម្លៃដែលក្រុមហ៊ុនទាំងនោះចង់ទិញប៉ុណ្ណោះ។ ដោយត្រូវបានសួរថា តើការព្យាករកាលពីឆ្នាំមុនសម្រាប់់ដំណាំពោតត្រឹមត្រូវឬយ៉ាងណានោះ លោក យ៉ង សាំងកុមារ មាន ប្រសា
សន៍ថា លោកមិនមានតួលេខប្រៀបធៀបក្នុងដៃទេ ប៉ុន្តែ ពោតដាំបានតិចជាងស្រូវ៕
ប្រែសម្រួលដោយ សោម សារុន