27 C
Phnom Penh

នគរ​បាល​ផ្សាយ​រូប​ថត​សមាជិក​សភា​​​ជាប់ពាក់ព័ន្ធនឹង​ក្រុម​ភេរវករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ក្នុង​គេហទំព័រ​​របស់​ខ្លួន កាល​ពី​ម្សិលមិញ​នគរបាល​ជាតិ​បាន​បង្ហោះ​រូប​ថត​​​​លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណបក្ស​ សម រង្ស៊ី និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​អនាគត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ជួប​ជុំ​ជាមួយ​សកម្ម​ជន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​គណ​បក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ចោទ​ប្រកាន់​ពី​បទ​រៀប​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ និងរបប​រាជា​និយម​។

រូប​ថត​ចំនួន​បួន​សន្លឹក​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​​បញ្ជា​ដោយ​​ផ្ទាល់​ឲ្យ​នគរបាល​បង្ហោះ​កាល​ពី​ថ្ងៃ​ច័ន្ទ អំឡុង​ពេល​ថ្លែង​​សុន្ទរកថា​​ ​បង្ហាញ​ពី​លោក សុន ឆ័យ ​ចូល​រួម​ក្នុង​ព្រឹត្តិការ​ណ៍មួយ​ជាមួយ​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីន​តោន។

ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចាត់​ទុក​ចលនា​អំណាច​​ពល​រដ្ឋ​ខ្មែរ​ជា​ក្រុម​ភេរវករ​ ដែល​ប្តេជ្ញា​ផ្តួល​រំលំ​​រដ្ឋាភិបាល​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ ក៏​​ក្រុម​នេះ​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​​ការ​រិះ​គន់​ការ​កាន់​អំណាច​ដ៏​យូរ​របស់​លោក ហ៊ុន សែន តាម​រយៈ​អុីម៉េល​ និង​​នៅ​ពេល​ជួប​ជុំ​​គ្នា​នៅ​ឯ​សហរដ្ឋ​អាមេរិក​ដែរ​​។

គេហទំព័រ​របស់​ក្រុម​នេះ​បាន​បង្ហោះ​ពាក្យ​​ថា ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែនប៉ុន្ដែ ហៅ​ខ្លួន​ឯង​ថា​ ជា​ចលនា​នយោ​បាយស៊ីវិល​ហើយ​មិន​មាន​គោល​ការណ៍​ប្រើ​កង​កម្លាំងដើម្បី​​​សម្រេច​​គោល​បំណង​របស់​ខ្លួ​ន​​ឡើយ​។ រូប​ថត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​របស់​នគរបាល​ដែរ​នោះ ក៏​មាន​​រូប​​របស់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ដែល​តុលាការ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​២០​ឆ្នាំ​ពី​បទ​ដឹក​នាំ​ចលនា​អបគមន៍​ កាល​ពី​ឆ្នាំ​មុនដែរ ប៉ុន្ដែ ​​ក្រោយ​មក​លោកត្រូវ​បាន​ដោះ​លែង​​​ពី​ពន្ធ​នាគារវិញ​ ​នៅ​ពេល​​មាន​ការ​ដាក់​សម្ពាធ​​កាន់​តែ​ខ្លាំង​ពី​អន្ដរជាតិ​ រួម​ទាំង​អន្ដរាគមន៍​របស់​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋ​អាមរិក​ផង​ដែរ។

នៅ​ក្នុង​ការ​ពន្យល់​អម​ជាមួយ​រូប​ថត​  នគរបាល​ជាតិ​អះអាង​ថា រូប​ទាំង​នេះ​សុទ្ធ​តែ​ជា​រូប​ថត​​នៃ​ព្រឹត្តិការណ៍​របស់​ចលនា​អំណាច​​ពល​រដ្ឋ​ខ្មែរ​ នៅ​ក្នុង​ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក​ ចាប់​ពី​ខែ​មីនា រហូត​ដល់​ខែ​ឧសភា​ ឆ្នាំ​២០១២។

ចំណង​ជើង​រូប​ថត​សរសេរ​​ថា“ ​វេទិកា​​​នីមួយ​​​​​ៗ ឈ្មោះ សួន សេរីរដ្ឋា បាន​​ធ្វើ​ការ​វាយ​ប្រហារ​​​ធ្ងន់​​ៗ​លើ​​ប្រមុខ​រាជ​រដ្ឋាភិបាល​​ និង​​របប​រាជានិយម​​ក្នុង​នោះ​ សួន សេរីរដ្ឋា បាន​ធ្វើ​ការ​​​អំពាវ​នាវ​ឲ្យ​​ពល​រដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​​ក្រៅ​ប្រទេស​ងើប​ឡើង​​តស៊ូ​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា​”។ ចំណង​ជើង​រូប​ថត​េនះ​បាន​លើក​ឡើង​ថា “ ​ទន្ទឹម​នឹង​នោះ​ដែរ​ ក្នុង​ចំណោម​វេទិកា​ដែល​រៀប​ចំ​ដោយ​​ចល​នា​អំណា​ពល​រដ្ឋ​ខ្មែរ​ ក៏​មាន​វត្ត​មាន​​របស់​លោក សុន ឆ័យ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ សម រង្ស៊ី​ ដែរ​”។

ចំណង​ជើង​រូប​ថត​​នេះ មិន​បាន​លើក​ឡើង​​ពី​ការ​ចោទ​ប្រកាន់​ជាក់​លាក់​​ចំពោះ​ការ​ធ្វើ​ខុស​ប្រឆាំង​នឹង​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ ឬ​ក៏​លោក សុន ឆ័យ​ ឡើយ​។​​ទោះ​ជាយ៉ាងណា​ រូប​ថត​ទាំង​នេះ​​ទំនង​ជា​​រៀប​ចំ​ឡើង​​ ដើម្បី​​ភ្ជាប់​លោក សុន ឆ័យ ជា​មួយ​ក្រុម​នេះ​ ដែល​លោក ហ៊ុន សែន ​បាន​ចាត់​ទុក​កាល​ពី​មុន​​ថា ជា​ការ​គំរាម​កំហែង​យ៉ាង​ពិត​ប្រាកដ​ចំពោះ​រដ្ឋាភិបាល​របស់លោក​។

លោក​ឧត្ដមសេនីយ៍​ឯក​ គៀត ច័ន្ទ​ថារិទ្ធ​ អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​បាន​ផ្ដល់​ការ​ពន្យល់​​តិច​តួច​ចំពោះ​​ចំណាត់​ការ​​របស់​នគរ​បាល​ជាតិ​ ក្នុង​ការ​បង្ហោះ​រូប​ថត​ទាំង​នេះ​តាម​អុីនធើណិត​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ​ចលនា​នោះ​ គឺ​ជា​ចលនា​ខុស​ច្បាប់​ ហើយ​យើង​អាច​មើល​ឃើញ​លោក សុន ឆ័យ​ បាន​ចូល​រួម​នៅ​​ក្នុង​វេទិកា​ដែល​រៀប​ចំ​ឡើង​ដោយ​ចលនា​​ខុស​ច្បាប់​។​​ យើង​គ្មាន​ភ័ស្ដុតាង​​ជាក់លាក់​ណាមួយ​ ដើម្បី​បញ្ជាក់ថា លោក​គឺ​ជា​សមាជិក​នៃ​ចលនា​នេះ​ឡើយ​ ប៉ុន្ដែ លោក​បាន​មាន​វត្ត​មាន​ជាមួយ​ចលនា​ខុស​ច្បាប់​នេះ​”។

លោកឧត្ដមសេនីយ៍ឯក​ គៀត ច័ន្ទថារិទ្ធ​ ក៏​បាន​បដិសេធ​មិន​ពន្យល់​​ពី​បទ​ល្មើស​​របស់​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ទាំង​នៅ​កម្ពុជា​ ឬក៏​នៅ​សហរដ្ឋ​អាមេរិក​ដែរ​។ លោក​មាន​ប្រសាសន៍​ថា “ មាន​​​បទ​ល្មើស​​មួយ​ចំនួន​ដែល​ចលនា​នេះ​បាន​ប្រព្រឹត្ត។ ខ្ញុំ​នឹង​និយាយ​អំពី​បទ​ល្មើស​ទាំង​នោះ​ នៅ
​ថ្ងៃ​​ក្រោយ​​”។

លោក នេត សាវឿន អគ្គស្នង​ការ​នគរ បាល​ជាតិ​បាន​រៀប​អាពាហ៍​ពិពាហ៍​ជា​មួយ​​​​ក្មួយ​ស្រី​របស់​លោក ហ៊ុន សែន។ កាលពី​ម្សិលមិញ លោក សុន ឆ័យ បាន​បញ្ជាក់​ថា រូប​ថត​ទាំង​នោះ​បាន​បង្ហាញ​ ​ពី​ការ​​ចូល​រួម​​របស់​លោក​នៅ​​ក្នុង​​វេទិកា​​​របស់​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរមែន​ ប៉ុន្ដែ លោក​បាន​លើក
​ឡើង​ថា រូប​ថត​ទាំង​នោះ​សុទ្ធ​តែ​បាន​ថត​ក្នុង​ឱកាស​តែ​មួយ​ក្នុង​ទីក្រុង​តូរុ៉ន​តូ​ ប្រហែល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​ មិន​មែន​នៅ​ក្នុង​ឆ្នាំ​២០១២​​ដូច​ដែល​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​នោះ​ទេ។

លោក សុន ឆ័យ​ ក៏​បាន​លើក​ឡើង​ដែរ​ថា លោក​​មិន​​បាន​ដឹង​ថា​លោក​​ចូល​រួម​នៅ​ក្នុង​​វេទិកា​របស់​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​នេះ​ឡើយ​ ហើយ​បាន​ដឹង​​បន្ទាប់​ពី​​បាន​ទៅ​ដល់​កន្លែង​នោះ​ប៉ុណ្ណោះ​​ដែល​លោក​គិត​ថា ជា​កិច្ច​ប្រជុំ​ឯក​ជន​មួយ​​ស្នើ​ឡើង​ដោយ​លោក​ ម៉ម សូណង់ដូ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួប​លោក​ ម៉ម សូណង់ដូ ខ្ញុំ​​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​វេទិកា​នោះ​។

ខ្ញុំ​បាន​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់​ ខណៈ​ដែល​លោក​ [សួន សេរីរដ្ឋា] បាន​ប្រមាថ​​ព្រះ​មហា​ក្សត្រ​ លោក ហ៊ុន សែន ជា​ពិសេស​លោក សម រង្ស៊ី ប្រធាន​គណបក្ស​របស់​ខ្ញុំ​​​​”។

លោក សុន ឆ័យ បាន​លើក​ឡើង​ថា លោក​​បាន​និយាយ​​ដើម្បី​តែការ​ពារ​លោក សម រង្ស៊ី ប៉ុណ្ណោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ បន្ទាប់​ពី​ប្រាប់​​អ្នក​ចូលរួម ​ខ្ញុំ​បាន​បដិសេធ​មិន​ឆ្លើយ​​សំណួរទេ​ ហើយ​បាន​ចាក​ចេញ​ពី​វេទិកា​នោះតែ​ម្តង​”។

លោក សុន ឆ័យ បាន​បដិសេធ​​ថា ​មិន​មាន​​ទំនាក់​ទំនង​ណាមួយ​ជាមួយ​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ទេ ហើយ​បាន​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​ថា បាន​ប៉ុន​ប៉ង​​ប្រឌិត​រឿង ​ដើម្បី​ធ្វើ​បាបលោក​។ លោក​បាន​លើក​ឡើង​ថា​ “ ខ្ញុំ​គិត​ថា លោកហ៊ុន សែន ខ្លាច​ចាញ់​​ឆ្នោត​ ហេតុ​ដូច្នេះ​ហើយ​​ទើប​លោក​ចោទ​ប្រកាន់​​ខ្ញុំ​”។

នៅ​ក្នុង​ការ​អំពាវ​នាវ​ឲ្យ​បង្ហោះ​រូប​ថត​តាម​អុីន​ធើណេត​ កាល​ពី​ថ្ងៃ​ច័ន្ទ​ដោយ​គ្មាន​ការ​លើក​ឡើង​​ចំៗ​ចំពោះ​​​លោក សុន ឆ័យ ឬក៏​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​នោះ​ លោក ហ៊ុន សែន បាន​​អះអាង​ម្ដង​ហើយ​ម្តង​​ទៀត​ថាមាន​សមាជិក​​​គណបក្ស​ប្រឆាំង​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​បដិវត្ត​ន៍ ដែល​បាន​តាំង​ចិត្ត​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​រាជា​និយម​ ហើយ​ការ​អះអាង​ទាំង​នេះ​ត្រូវ​បាន​​គណបក្ស​ប្រឆាំង​បដិសេធ​យ៉ាង​ដាច់​អហង្ការ។

លោក​ ហ៊ុន សែន បាន​ចាត់​ទុក​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ជា​ចលនា​មួយ​ក្នុង​ចំណោមចល​នាមួយ​ចំនួន​ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​​​​​គណបក្ស​ប្រឆាំង​​​​ នៅ​ក្នុង​សុន្ទរកថា​មួយ​ផ្សេង​ទៀត​ កាល​ពី​ដើម​ខែ​នេះ ប៉ុន្ដែ លោក​មិន​ដែល​បាន​ផ្ដល់​ភ័ស្ដុតាង​ណាមួយ​អំពីទំនាក់​ទំនង​បែប​នេះ​ ឬក៏​សកម្មភាព​ល្មើស​របស់​ក្រុម​នេះ​ឡើយ​។​កាន់តែ​ច្បាស់​ជាង​នេះ​ទៀត​នោះ​ ​នៅ​ក្នុង​​សុន្ទរកថា​នោះ​លោកហ៊ុន សែន ក៏​បាន​ប្រាប់​គណ​​​បក្ស​​​ប្រឆាំង​ កុំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ប្រសិន​បើ​សមាជិក​របស់​ខ្លួន​ត្រូវ​ចាប់​ខ្លួន​ដោយសារ​​សកម្មភាព​ភេរវកម្ម​នោះ។

ក្រុម​ផ្សេង​ៗ​ទៀត​ដែល​លោក ហ៊ុន សែនបាន​លើក​ឡើង​ថា មាន​បំណង​ទម្លាក់​រដ្ឋា​​​ភិបាល​ គឺ​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ ជា​ក្រុម​​ប្រឆាំង​អ​ហិង្សា​មាន​មូល​ដ្ឋាន​​នៅ​​​ប្រទេស​ថៃ​ ដែល​មាន​​សមាជិក​ចំនួន​ប្រាំមួយ​រូប​សព្វ​ថ្ងៃ​កំពុង​ជាប់​​ពន្ធ​នាគារ​ព្រៃស​ និង​ក្រុម​មួយ​ទៀត​ដែល​​គេ​មិន​ធ្លាប់​​ឮពី​មុន​​ដែល​​គេ​ចោទ​ថា មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គឺ​ចលនា​ក្បាល​ខ្លា​។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ផ្ទាល់​របស់​ខ្លួន​​ចំពោះ​រូប​ថត​ដែល​បាន​បង្ហោះ​នៅ​លើ​គេហ​​​ទំព័រ​របស់​នគរបាល​ជាតិ​ ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​អះអាង​ថា រូប​ថត​ទាំង​នេះ​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា​ឆ្នាំ​២០១២​ ​ពេល​ជួប​ជុំ​​នៅ​ក្នុង​ក្រុង​ហាមីលតុន ប្រ​ទេស​កាណាដា​។ ចលនា​នេះ​បាន​អះអាង​ថា លោក
សុន ឆ័យ បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​ខ្លួន​បន្ទាប់​ពី​លោក​មិន​អាច​ទាក់​ទាញ​​អ្នក​ចូល​រួម​​ឲ្យ​​ចូល​​​រួម​​​វេទិកា​​​ផ្ទាល់​ខ្លួន​របស់​លោក ហើយ​លោក​បាន​បន្ដ​រិះ​គន់​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ មុន​ពេល​លោក​ចាក​ចេញ​ពី​កិច្ច​ប្រជុំ​នេះ​។

ចលនា​​​​នេះ ក៏​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ពី​បទ​ប្រើ​ប្រាស់​រូប​ថត​ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ក្រុម​ស្រប​ច្បាប់​ដែល​តែង​តែ​រិះ​គន់​រដ្ឋាភិបាល​ផង​ដែរ​។ លោក ហ៊ុន សែន ដំបូង​ឡើយ​បាន​ភ្ជាប់​លោក ម៉ម សូណង់ដូ នឹង​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ កាលពី​ខែ​មិថុនា​ ដែល​នៅ​ពេល​​នោះ
លោក​បាន​ប្រកាស​ថា រដ្ឋាភិបាល​កំពុង​រៀប​ផែនការ​ចាប់​ខ្លួន​ម្ចាស់​វិទ្យុ​សម្បុក​ឃ្មុ​ំ​ដ៏​មាន​ប្រជា​ប្រិយភាព​រូប​នេះ​ ពី​បទ​ដឹក​នាំ​ចលនា​អបគមន៍​ដែល​ត្រូវ​បាន​គេ​ចោទ​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​ពី​បទ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​លោក សួន សេរីរដ្ឋា មេ​ដឹក​នាំ​ចលនា​​អំណាច​ពល​រដ្ឋ​ខ្មែរ​។

លោក​នាយក​រដ្ឋ​​​មន្ត្រី​បាន​​លើក​ឡើង​​បែប​​​នេះ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​ ម៉ម សូណង់ដូ ផ្សព្វ​ផ្សាយ​រឿង​មួយ​អំពី​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​​ បាន​ដាក់​​សំណើ​​មួយ​ទៅ​តុលាការ​ឧក្រិដ្ឋ​​​​កម្ម​អន្ដរជាតិ ដើម្បីឲ្យ​ស៊ើប​អង្កេត​លោក ហ៊ុន សែន ពី​បទ​ប្រព្រឹត្ត​​ឧក្រិដ្ឋ​​កម្ម​ប្រឆាំង​​​​មនុស្ស​ជាតិ​​ចំពោះ​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​របស់​រដ្ឋាភិបាល​។

​មួយ​ខែ​ក្រោយ​មក លោក ម៉ម សូណង់ដូ ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាម​ៗ​​​​ បន្ទាប់​ពី​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​វិញ​ ហើយ​កាល​ពី​ខែ​​តុលា​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដឹក​នាំ​ចលនា​​​​អបគមន៍​ ដែល​លោក​បាន​បដិសេធ​យ៉ាង​ដាច់​អហង្កា​រនោះ ហើយ​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​​​​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​២០​ឆ្នាំ​។ ប៉ុន្ដែ ក្រោយ​មក​សាលាឧទ្ធរណ៍​បាន​កែប្រែ​បទ​ចោទ​ប្រកាន់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ចលនា​អបគមន៍​នេះ កាល​ពី​ខែមីនា ហើយ​បាន​ដោះលែង​លោក​​ឲ្យ​មាន​សេរី​ភាព​​​​ជា​​​ធម្មតា​​​វិញ៕

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស