28 C
Phnom Penh

​អតីត​បុគ្គលិក​របស់​ក្រុម​ហ៊ុន​ អឹមហ្វូន​ នាំ​គ្នា​មក​តវ៉ា​ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​បើក​ប្រាក់​បំណាច​់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ ​អតីត​បុគ្គលិក​ជាង​១០០​​នាក់​របស់​ក្រុម​ហ៊ុន​បម្រើ​សេវា​កម្ម​ទូរស័ព្ទ​ចល័ត​ក្ស័យ​ធន​មួយ​ គឺ​ក្រុម​ហ៊ុន​ អឹមហ្វូន​ (Mfone)​ បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ចំនួន​បី​ ដើម្បី​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ នៅ​ខាង​ក្រៅ​ទីស្នាក់​បិទ​ទ្វា​របស់​ក្រុម​ហ៊ុន​នេះ​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស​ នៅ​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​បម្រើ​សេវា​​ទូរស័ព្ទ​ចល័ត​មួយ​នេះ​បើក​ប្រាក់​បំណាច់​របស់​​ពួក​គាត់។

លោក​ សុខ​ សំផន​ ជា​វិស្វករ​មួយ​រូប​ ដែល​ត្រូវ​បាន​ជួល​ឲ្យ​មក​បម្រើ​ការ​ងារ​ដោយ​ក្រុម​ហ៊ុន​ អឹមហ្វូន​ បាន​ឲ្យ​ដឹង​ថា​ បុគ្គលិក​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ព្រម​ទាំង​បុគ្គលិក​មក​ពី​ខេត្ត​កំពត​ ខេត្ត​កំពង់​ចាម​ និង​ខេត្ត​កំពង់​ស្ពឺ​ កំពុង​តែ​នាំ​គ្នា​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ ថៃខម​ ភីអិលស៊ី​ (ThaiCom Plc.)​ ជា​ក្រុម​ហ៊ុន​អាណាព្យា​បាលរបស់ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរស័ព្ទ​ចល័ត​ អឹម​ហ្វូន​ ទទួល​ខុស​ត្រូវ​ ហើយ​បើក​ប្រាក់​បំណាច់​ឲ្យ​ពួក​គាត់​។

លោក​ សុខ​ សំផន​ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​“ នេះ​គឺ​ជា​ថ្ងៃ​ទី២​ហើយ​ ដែល​យើង​ធ្វើ​ការ​តវ៉ា​ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ អឹម​ហ្វូន​ បើក​ប្រាក់​បំណាច់​ ពី​ព្រោះ​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​បើក​ប្រាក់​បំណាច់​ឲ្យ​ ដោយ​យោង​ទៅ​តាម​ច្បាប់​ [​ការ​ងារ​]​”។

លោក​ ទេព​ ថា​ អតីត​អ្នក​គ្រប់​គ្រង​ខាង​បច្ចេក​ទេស​របស់​ក្រុម​ហ៊ុន​ អឹមហ្វូន​ នៅ​ខេត្ត​កំពត​ បាន​ឲ្យ​ដឹង​ថា​ តំណាង​របស់​ក្រុម​ហ៊ុន​បាន​សន្យា​ផ្តល់​ចម្លើយ​ឲ្យ​ដឹង​ពី​ការ​បើក​ប្រាក់​បំណាច់​នៅ​ខែ​នេះ​ ក៏​ប៉ុន្តែ​ ឥឡូវ​នេះ​ពួក​គេ​ពន្យា​រពេល​កិច្ច​ប្រជុំ​នោះ​រហូត​ដល់​ខែ​កក្កដា​។ លោក​ ទេព​ ថា​ បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ​ថា​ “ យើង​នឹង​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃ​ស្អែក​ទៀត​ ប្រសិន​បើ​អភិបាល​របស់​ក្រុម​ហ៊ុន​ អឹមហ្វូន​ មិន​មាន​ដំណោះ​ស្រាយ​ឲ្យ​ពួក​យើង​ទាំង​អស់​​
គ្នា​ទេ​នោះ​”។

នឹម​ សូលីដា​ អតីត​វិស្វករ​របស់​ក្រុម​ហ៊ុន​ អឹម​ហ្វូន​ ដែល​ឥឡូវ​នេះ​កំពុង​តែ​ធ្វើ​ជា​តំណាង​​ឲ្យ​បុគ្គលិក​ទាំង​អស់​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ បុគ្គលិក​ចំនួន​១.០៩២​នាក់​របស់​ក្រុម​ហ៊ុន​ អឹម​ហ្វូន​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ កំពុង​តែ​រង់​ចាំ​ឲ្យ​ក្រុម​ហ៊ុន​បើក​ប្រាក់​បំណាច់​របស់​ពួក​គាត់​ ដែល​មាន​ចំនួន​ប្រមាណ​ជា​៤,៤៤​លាន​ដុល្លារ។

លោក​ អុក​ រី​ អភិបាល​របស់​ក្រុម​ហ៊ុន​ អឹមហ្វូន​ ដែល​ត្រូវ​បាន​តែង​តាំង​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​បំណុល​របស់​ក្រុម​ហ៊ុននេះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​ អឹម​ហ្វូន​នៅ​មិន​ទាន់​លក់​ដាច់​នៅ​ឡើយ​ទេ​ ទាល់​តែ​អាច​លក់​ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ដាច់​ ទើប​អាច​មាន​ប្រាក់​យក​មក​បើក​ឲ្យ​អតីត​បុគ្គលិក​របស់​ក្រុម​ហ៊ុន​បាន។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស