40.9 C
Phnom Penh

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន លើក​​​ឡើង​​​ថា លោក​ កឹម សុខា គួរ​ចាក​ចេញ​ពី​តំណែង​របស់​​​​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​ពី​ម្សិលមិញ បាន​អំពាវ​នាវឲ្យ​មេដឹក​នាំ​គណ​​​បក្ស​​​​ប្រឆាំង​ គឺ​លោក កឹម សុខា ​លា​ឈប់​​ពី​តំណែងហើយ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​នាំ​គ្នា​តវ៉ា​ប្រឆាំ​ង​នឹង​រូប​លោក​ ដរាប​ណា​លោក​​​​សុំ​ទោស​ចំពោះ​ការ​​ដែល​លោក​បដិសេធ​​​​ថា ខ្មែរ​ក្រហម​មិន​​មាន​ការ​ទទួល​ខុស​ត្រូវ​​ចំពោះ​​ឧក្រិដ្ឋ​កម្ម​​ដ៏​ធ្ងន់​ធ្ងរ​​របស់​ខ្លួន​។ 

នៅ​ពេល​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា កាន់​តែ​ខិត​ជិត​មក​ដល់​ ​កាល​ពី​សប្ដាហ៍​មុន​រដ្ឋាភិបាល​បាន​ចេញ​ខ្សែ​អាត់​សំឡេង​របស់​ប្រធាន​ស្ដី​ទីគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​លើក​ឡើង​ថា ប្រទេស​វៀតណាម​​បាន​​ប្រឌិត​ការ​ឃុំ​ខ្លួន​​ និង​​ការ​ធ្វើ​ទារុណកម្ម​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ​រាប់​ពាន់នាក់​ នៅ​មន្ទីរ​ឃុំ​ឃាំង​ទួល​ស្លែង​ ក្នុង​របប​ខ្មែរ​ក្រហម​។​

គេ​ឮ​​លោក​ កឹម សុខា លើក​ឡើង​ថា ប្រសិន​បើ​​ខ្មែរ​ក្រហម​ពិត​ជា​បាន​ប្រព្រឹ​ត្ត​​ឧក្រិដ្ឋ​​កម្ម​ទាំង​នោះ​មែន​នោះ ពួក​គេ​​បាន​កម្ទេច​ភ័ស្ដុតាង​មុន​ពេល​ចាក​ចេញ​​​​ពី​ក្រុង​ភ្នំពេញ នៅ​​​ក្នុង​ឆ្នាំ​១៩៧៩ មុន​ពេល​វៀតណាម​​​​ចូល​​ទៅ​ហើយ​​។

លោក កឹម សុខា បាន​បដិសេធ​ថា មិន​បាន​លើក​ឡើង​បែប​នេះ​ទេ និង​​​បែរ​ជា​​ចោទ​រដ្ឋា​​​ភិបាល​​ថា បាន​កាត់​ត​ពាក្យ​សម្ដី​របស់​លោក​ ដើម្បី​​ធ្វើឲ្យ​សម្ដី​របស់​លោក​ខុស​ពី​អ្វី​ដែល​លោក​បាន​លើក​ឡើង​​។ ប៉ុន្ដែ នៅ​ក្នុង​ពិធី​បញ្ចុះ​​​ខណ្ឌ​​​សីមា​​​ព្រះវិហារមួយ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ កាល​ពី​ម្សិលមិញ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​​​​ពេល​មេដឹក​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាក​ចេញ​ពី​តំណែង​របស់​ខ្លួន​ហើយ​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា “​បុគ្គល​ម្នាក់​កំពុង​តែ​បំផ្លាញ​គណបក្ស​ទាំង​មូល​។ ប្រសិន​បើ​ខ្ញុំ​ជា​​បុគ្គល​នោះ​ ខ្ញុំ​នឹ​ង​លា​លែង​ពី​តំណែង​របស់​ខ្ញុំ​​ទៅ​ហើយ​”។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​បន្ថែម​ថា ប្រសិន​បើ​​​បុគ្គល​រូប​នេះ​មិន​សុំ​ទោស​ជា​សាធារណៈ​នោះ​ទេ ការ​ធ្វើ​បាតុកម្ម​ថ្នាក់​ជាតិ​ដ៏​ធំមួយ​នឹង​កើត​ឡើង​ ពីព្រោះ​លោក​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​លោក​បាន​និយាយ​។ ដល់​​​​ពេល​មេដឹក​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាក​ចេញ​ពី​តំណែង​របស់​ខ្លួន​ហើយ​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​​​ “ បុគ្គល​ម្នាក់​កំពុង​តែ​បំផ្លាញ​គណបក្ស​ទាំង​មូល​។ ប្រសិន​បើ​ខ្ញុំ​ជា​​បុគ្គល​នោះ​ ខ្ញុំ​នឹ​ង​លា​លែង​ពី​តំណែង​របស់​ខ្ញុំ​​ទៅ​ហើយ​”។លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បន្ថែម​ថា ប្រសិន​បើ​​​បុគ្គល​រូប​នេះ​មិន​សុំ​ទោស​​​​ជា​សាធារណៈ​នោះ​ទេ ការ​ធ្វើ​បាតុកម្ម​ថ្នាក់​ជាតិ​ដ៏​ធំមួយ​នឹង​កើត​ឡើង​ ពីព្រោះ​លោក​មិន​ទទួល​​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​លោក​បាន​និយាយ​។

លោក​បាន​មាន​ប្រសាសន៍​ថា នេះ​មិន​មែន​ជា​បាតុកម្ម​ប្រឆាំង​គណបក្ស​នយោបាយ​ ឬក៏​អ្នក​នយោបាយ​ឡើយ​ ប៉ុន្ដែ ជា​បាតុកម្ម​ប្រឆាំង​បុគ្គល​ម្នាក់​​។ ហើយ​បាតុកម្ម​នេះ ​មិន​មែន​ធ្វើ​​តែ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​នោះ​​ទេ។ ​​​ឥឡូវ​នេះ​គេ​កំពុង​រង់ចាំ​​​ការ​ឆ្លើយ​តប​ពី​លោក ​​​ជុំ ម៉ី ”។

លោក ជុំ ម៉ី គឺ​ជា​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​​​​បុគ្គលមួយ​ចំនួន ដែល​រស់​រាន​មាន​ជីវិត​ពី​មន្ទីរ​ឃុំ​ឃាំង​ទួល​ស្លែង​ ហើយ​ឥឡូវ​នេះ​គឺ​ជា​ប្រធាន​សមាគមជន​រង​គ្រោះ​នៃ​របប​កម្ពុជា​​​​ប្រ​ជា​ធិបតេយ្យ​​ ដែល​ជា​អង្គការ​តស៊ូ​មតិ​​មួយ​សម្រាប់​ជន​រងគ្រោះ​នៅ​សម័យ​ខ្មែរ​ក្រហម​ជាមួយ​និង​លោក ប៊ូ ម៉េង ដែល​ជា​អ្នក​រស់​រាន​មាន​ជីវិត​មួយ​រូប​ទៀត​​ពី​មន្ទីរ​ឃុំ​ឃាំង​ទួល​ស្លែង។ កាល​ពី​ថ្ងៃ​សៅរ៍​ លោក ជុំ ម៉ី បាន​ទាម​ទារ​ឲ្យ​លោក កឹម សុខា សូម​អភ័យ​ទោស​ចំពោះ​ពួក​គាត់​ដោយ​ផ្ទាល់​ក្នុង​រយៈ​ពេល​​១០​ថ្ងៃ​ បើ​ពុំ​ដូច្នោះ​ទេ នឹង​មាន​ការ​ធ្វើ​បាតុកម្ម​មួយ​នៅ​ខាង​មុខ​ការិយាល័យ​គណ​​​បក្ស​របស់​លោក។

កាល​​ពី​ម្សិលមិញ លោក ហ៊ុន សែន​បាន​លើក​ឡើង​ថា ការ​តវ៉ា​នឹង​រង់​ចាំ​រហូត​ដល់​លោក កឹម សុខា ដែល​បាន​ចាក​ចេញ​ទៅ​ស​ហ​​​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​។ហើយ​ថ្វី​បើ​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​តវ៉ា​​ទ្រង់​ទ្រាយ​ធំ​ជាង​អ្វី​ដែល​លោក ជុំ​ ម៉ី បាន​​​ស្នើ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​លើក​ឡើង​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​នៅ​ពី​ក្រោយ​គំនិត​នេះ​ឡើយ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ថា  “ សូម​កុំ​ភ្ជាប់​រឿង​នេះ​ជាមួយ​ខ្ញុំ​ កុំ​ភ្ជាប់​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ឬក៏​មេដឹក​នាំ​រដ្ឋា​​​ភិបាល​។ នេះ​គឺ​ជា​ជម្លោះ​របស់​អ្នក​ជាមួយ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​​”។ លោក​បាន​បន្ដ​ថា “ យើង​ចង់​ប្រាប់​ឲ្យ​ដឹង​ថា ប្រសិន​បើ​បាតុ​​​កម្ម​ណាមួយ​កើត​ឡើង​ វា​គឺ​ជា​បាតុកម្ម​ដោយ​សន្ដិវិធី​ ដោយ​គោរព​ទៅ​តាម​សណ្ដាប់​ធ្នាប់​សាធារណៈ​ និង​គ្មាន​អំពើ​​ហិង្សា​ឡើយ។ ខ្ញុំ​មិន​អាច​រារាំង​បាតុកម្ម​នេះ​បាន​ឡើយ​ ពី​ព្រោះ​​​​វា​ជា​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​”។​នេះ​​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​លោក ហ៊ុន សែន ​បាន​ជំរុញ​​ឲ្យ​មាន​ការ​តវ៉ានោះ​។

កាល​ពី​ឆ្នាំ​២០០៣​  លោក​ ហ៊ុន សែន បាន​​​​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​ជា​សាធារណៈ​មួយ​ នៅ​ពេល​លោក​ផ្សព្វ​ផ្សាយ​ពាក្យ​ចចាម​អារ៉ាមមិន​​ត្រឹម​ត្រូវ​​របស់​​តួកុន​​ថៃ​​ម្នាក់​​​ដែល​នាង​បាន​អះអាង​ថា ​ប្រាសាទ​អង្គរ​វត្ត​ជា​របស់​ប្រទេសថៃ។​

ភ្លាម​ៗ​បន្ទាប់​ពី​ការ​លើក​ឡើង​របស់​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ មនុស្ស​​ជា​ច្រើន​បាន​នាំ​គ្នា​ដុត​កម្ទេច​ស្ថាន​ទូត​ថៃ​ និង​ក្រុមហ៊ុន​ដែល​គ្រប់​គ្រង​​​​ដោយ​ប្រទេស​ថៃ​ជាង​ដប់​នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដោយ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខូច​ខាត​ក្នុង​ទឹក​ប្រាក់​ប្រមាណ​៥២​លាន​ដុល្លារ​អំឡុង​ការ​ផ្ទុះ​កំហឹង​ត្រឹម​តែ​ប្រាំមួយ​ម៉ោង ដែល​អាជ្ញាធរ​មិន​បាន​ធ្វើ​អ្វី​កើត​នោះ​។

លោក ហ៊ុន សែន ក៏​បាន​ច្រាន​ចោល​ការ​លើក​ឡើង​​របស់​លោក កឹម សុខា ដែល​ថា ការ​លើក​ឡើងរបស់​លោក​​​អំពី​មន្ទីរ​ឃុំ​ឃាំង​ទួល​ស្លែង​ត្រូវ​រដ្ឋាភិបាលយក​មក​កាត់​ត​នោះ​​។

លោក ហ៊ុន សែន បាន​​មាន​ប្រសាសន៍​ថា “ តើ​​​នរណា​អាច​​កាត់​ត​​និង​​ប្រឌិត​ពាក្យ​​សម្ដី​ទាំង​នេះ​បាន​? សូម្បី​តែ​អ្នក​នៅ​ក្នុង​ហូលីវូដ​ក៏​មិន​អាច​កាត់​ត​សម្ដី​បែប​នេះ​បាន​ដែរ​” ហើយ​លោ​ក​បាន​​​​ប្រាប់​ឲ្យ​លោក កឹម សុខា ​​កាត់​ត​​ពាក្យ​សម្តី​​មួយ​ចំនួន​របស់​លោក។​

លោក​ ហ៊ុន សែន បាន​ថ្លែង​ថា “ សូម​​កាត់​​ត​ពាក្យ​សម្ដី​របស់​ខ្ញុំ​​ដែល​ថា ខ្ញុំ​ប្រមាថ​មើល​ងាយ​ប្រជា​ពល​រដ្ឋ​ ខ្ញុំ​ជា​ខ្មែរ​ក្រហម ខ្ញុំ​ជា​មេដឹក​នាំ​​ឃាតករ​។​ តើ​​លោក​​អាច​កាត់​​​​ត​ពាក្យ​​សម្ដី​បែប​នេះ​បាន​ដែរទេ”?។

កាល​ពី​ថ្ងៃ​ពុធ​ លោក ប៊ូ ម៉េង បាន​លើក​ឡើង​ថា លោក​ពេញ​ចិត្ត​ចំពោះ​ការ​ពន្យល់​​​របស់​លោក កឹម សុខា អំ​ពី​មន្ទីរ​ឃុំ​ឃាំង​​នេះ​។ ប៉ុន្ដែ លោក ជុំ ម៉ី បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ​លោក​នៅ​តែ​រង់​ចាំ​ការ​សុំ​ទោស​ហើយ​នឹង​ទុក​ឱកាស​ឲ្យ​លោក​ កឹម សុខា ចំនួន​១០​ថ្ងៃ​ ដើម្បី​សុំ​ទោស​។

លោក​បាន​​ព្រមាន​​ថា“ ប្រសិន​បើ​ខ្ញុំ​អំពាវ​នាវ​ឲ្យមាន​ការ​​ធ្វើ​បាតុកម្ម​ វា​​នឹង​មាន​ប្រជា​ពល​រដ្ឋ​ប្រហែល​ពីរម៉ឺន​នាក់​​ចូល​រួម​”។

លោកបាន​បន្ថែម​ថា “ អ្វី​ៗ​នឹង​ត្រូវ​​បញ្ចប់​ប្រសិន​បើ​លោក កឹម សុខា សុំ​ទោស​ ហើយ​មក​ទី​នេះ​ [គុក​ទួល​ស្លែង​] អុជ​ធូប​។ ដោយ​ផ្អែក​លើ​ទម្លាប់​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ យើង​នឹង​អភ័យ​ទោស​បុគ្គលណា​ដែល​ទទួល​​​ស្គាល់​​​​កំហុស​របស់​ខ្លួន​ ហើយ​សុំ​ទោស​នោះ”។

លោក កឹម សុខា មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​ឡើយ​កាល​ពី​ម្សិលមិញ​ ហើយ​កាល​ពី​ថ្ងៃ​ពុធ លោក​​មាន​ប្រសាសន៍​ថា លោក​​នឹង​មិន​​សូម​អភ័យ​​ទោស​ចំពោះ​ការ​អះអាង​ដែល​លោក​មិន​បាន​ធ្វើ​នោះ​​ឡើយ​។

លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណ​បក្ស​ សម រង្ស៊ី និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោ​ះ​ជាតិ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​​នៅ​ពេល​ខាង​មុខ​​នេះ​ បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ពីការ​ផ្លាស់​ប្ដូរ​ណាមួយ​​​​​នៅ​ក្នុង​គោល​ជំហរ​របស់​លោក​ កឹម សុខា ឡើយ។

លោក​ សុន ឆ័យ ​លើក​ឡើង​ថា “ លោកជឿ​ជាក់​ថា លោក​មិន​បាន​និយាយ​ដូច្នេះ​ឡើយ​។ហេតុដូច្នេះ​ហើយ​ ទើប​លោក​មាន​ប្រសាសន៍​​ថា ឲ្យ​លោក​សុំ​ទោស​យ៉ាង​ដូច​ម្ដេច​ ប្រសិន​បើ​លោក​មិន​បាន​ធ្វើ​ដូច្នេះ​ផង​នោះ​​”។

លោក សុន ឆ័យ ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ថា ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង​ និង​ការ​បញ្ឆេះ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​របស់​លោក​ឡើយ​។

លោក​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា យើង​​មិន​ចង់បន្ដរឿង​នេះ​​​ទៀត​ទេ ពីព្រោះ​យើង​មិន​ចង់​លេង​ល្បែង​របស់​លោក​ឡើយ​”។

លោក សុន ឆ័យ បាន​បញ្ជាក់​ថា លោក កឹម ​សុខា បាន​ចាក​ចេញ​ទៅ​សហ​រដ្ឋ​អាមេរិក ដើម្បី​ជួប​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ទី​នោះ​ ហើយ​នឹង​ត្រឡប់​មក​វិញ​នៅ​បីឬបួន​ថ្ងៃ​ក្រោយ​។ លោក​បាន​លើក​ឡើង​ថា ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​នេះ ត្រូវ​បាន​គ្រោង​ទុក​ប្រហែល​​មួយ​ខែ​​មក​ហើយ​៕

(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)

ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស