កាលពីម្សិលមិញ តំណាងរាស្ត្រគណបក្សប្រឆាំងបីរូបបានវាយបកលើការចោទប្រកាន់ដែលរដ្ឋាភិបាលបានធ្វើមកលើខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះក្នុងបំណងលាបពណ៌ឲ្យខ្លួនថា ជាភេរវករដែលប្រឆាំងរបបរាជានិយមនិងបដិសេធថាគ្មានរបបប្រល័យពូជសាសន៍ ដោយបានវាយបកវិញថា រដ្ឋាភិបាលបានកាឡៃពាក្យសម្ដីរបស់ពួកគេ និងបកស្រាយសម្តីរបស់ពួកគេខុសពីការពិត។
ខណៈដែលនៅសល់តែជាងពីរខែទៀតដល់ថ្ងៃបោះឆ្នោតជាតិ គឺថ្ងៃទី២៨ ខែកក្កដានោះ រដ្ឋាភិបាលបានចាក់ផ្សាយខ្សែអាត់សំឡេងរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសៅរ៍។ ក្នុងខ្សែអាត់នោះ លោក កឹម សុខា ចោទប្រកាន់វៀតណាមថា បានប្រឌិតរឿងធ្វើទារុណកម្ម និងកាប់សម្លាប់មនុស្សដែលខ្មែរក្រហមបានប្រព្រឹត្តនៅក្នុងគុកទួលស្លែងដ៏អសោចរបស់ពួកគេ។
កាលពីថ្ងៃច័ន្ទ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានចាក់ផ្សាយខ្សែអាត់សំឡេងមិនពេញលេញមួយរបស់លោក គង់ គាំ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ផងដែរ។ ក្នុងខ្សែអាត់នោះលោក គង់ គាំ អះអាងថា ព្រះបរមរតនកោដ្ឋនរោត្តម សីហនុ កាលនៅជាព្រះប្រមុខរដ្ឋបានរៀបចំផែនការឲ្យលោកសេនាប្រមុខ លន់ នល់ ផ្ដួលរំលំទ្រង់នៅឆ្នាំ១៩៧០។ បន្ទាប់មក នៅថ្ងៃអង្គារ នគរបាលជាតិបានបង្ហោះលើគេហទំព័ររបស់ខ្លួននូវរូបថតរបស់លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី និងជាបេក្ខជនគណបក្សសង្គ្រោះជាតិ ពេលលោកចូលប្រជុំជាមួយក្រុមប្រឆាំងជាអណិកជនខ្មែរមកពីអាមេរិកមួយក្រុម ដែលគណបក្សប្រជាជនកម្ពុជា បានហៅដោយគ្មានភ័ស្ដុតាងថា ជាក្រុមភេរវកម្ម។
លោក កឹម សុខា ដែលប្រឈមនឹងការវាយប្រហារពីគណបក្សកាន់អំណាចខ្លាំងជាងគេក្នុងពេលថ្មីៗនេះ បដិសេធយ៉ាងដាច់អហង្ការថា លោកមិនបាននិយាយថា វៀតណាម បានប្រឌិតរឿងមណ្ឌលធ្វើទារុណកម្មទួលស្លែង ដែលអ្នកស្រាវជ្រាវយល់ស្របថា ជាកន្លែងខ្មែរក្រហមយកមនុស្សក្មេងចាស់ប្រុសស្រីយ៉ាងតិច១២,០០០នាក់ ទៅបង្ខាំងនិងធ្វើទារុណកម្ម បន្ទាប់ពីខ្លួនបានផ្ដួលរំលំរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ទេ។
លោក កឹម សុខា បានថ្លែងអំឡុងសន្នីសីទសារព័ត៌មានមួយនៅការិយាល័យរបស់គណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញថា “ ខ្ញុំសូមបញ្ជាក់ថា គុកទួលស្លែងគឺជាកន្លែងដែលប្រជាជនខ្មែរត្រូវពួកខ្មែរក្រហមធ្វើទារុណកម្មនិងសម្លាប់”។
លោកបានមានប្រសាសន៍បន្តថា “ ខ្ញុំ កឹម សុខា ខ្លួនឯងក៏ជាជនរងគ្រោះម្នាក់ក្នុងសម័យខ្មែរក្រហមដែរ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហម
បានយកឪពុកខ្ញុំទៅសម្លាប់ចោល។ ពួកវាចាប់ឪពុកខ្ញុំចង ធ្វើទារុណកម្ម និងសម្លាប់គាត់នៅចំពោះមុខខ្ញុំតែម្តង…ដូច្នេះមានរឿងអីដែលខ្ញុំត្រូវបដិសេធថា គ្មានរបបប្រល័យពូជ សាសន៍ គ្មានការសម្លាប់នោះ? មានតែអ្នកដែលពាក់ព័ន្ធនៅក្នុងការកាប់សម្លាប់នេះប៉ុណ្ណោះដែលបដិសេធនោះ។ ចំពោះខ្ញុំ ខ្ញុំមិនអាចបដិសេធបានទេ”។
នៅក្នុងខ្សែអាត់សំឡេងដែលអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានបង្ហោះតាមគេហទំព័រនោះ គេអាចស្ដាប់ឮលោក កឹម សុខា និយាយថា គុកទួលស្លែងនោះត្រូវបានគេ “ ប្រឌិត”។ លោក កឹម សុខា បានបកស្រាយកាលពីម្សិលមិញថា កាលនោះ លោកចង់និយាយថាចម្លើយសារភាពដែលខ្មែរក្រហមទទួលបានពីទណ្ឌិតនៅគុកនេះតាមរយៈការធ្វើទារុណកម្មដែលមជ្ឈដ្ឋានទូទៅជឿថា ភាគច្រើនជាចម្លើយសារភាពក្លែងក្លាយនោះ គឺជាឆាកល្ខោន មិនមែនចង់និយាយថា វៀតណាមជាអ្នករៀបចំទាំងស្រុងទេ។ លោកមានប្រសាសន៍ថា “ ខ្មែរក្រហមបានប្រឌិតភ័ស្តុតាងទាំងអស់នៅគុកនោះដើម្បីកាត់ទោសប្រជាជន ដូច្នេះវាគឺជាឆាកល្ខោនទេ”។
នៅក្នុងខ្សែអាត់សំឡេងដែលត្រូវបានបង្ហោះតាមគេហទំព័រនោះ លោក កឹម សុខា ក៏ដូចជាបាននិយាយផងដែរថា ប្រសិនបើខ្មែរក្រហមពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋដែលត្រូវបានសន្មតជាទូទៅថា ជាស្នាដៃរបស់ពួកគេនៅទួលស្លែងមែននោះ ពួកគេប្រាកដជាបំផ្លាញភ័ស្តុតាងទាំងអស់ចោល មុនពេលភៀសខ្លួនពីភ្នំពេញ មុនវៀតណាមចូលមកដល់បាត់ទៅហើយ។
លោក កឹម សុខា បានអះអាងកាលពីម្សិលមិញថា ពាក្យសម្ដីដ៏រសើបទាំងនោះត្រូវបានគេកាត់តខុសពីខ្លឹមសារដើម។ លោកបានមានប្រសាសន៍ថា “ ពួកគេ អាចកាត់ពីកន្លែងនេះ ហើយយកទៅដាក់កន្លែងនោះ និងកាត់ពីនោះយកទៅដាក់ត្រង់នេះ។ ពួកគេអាចធ្វើបានគ្រប់យា៉ង គេអាចកាត់តសម្ដីនេះបាន។ គេអាចកែប្រែ និងបំផ្លើសបាន។ ខ្ញុំគ្មានការសង្ស័យនោះទេ”។
លោក កឹម សុខា ក៏បានមានប្រសាសន៍ផងដែរថា ខ្សែអាត់សំឡេងនោះគឺមិនមែនថតនៅក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែឧសភា នោះទេ។
លោកបន្តថា “ កាលពីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៣ ខ្ញុំនៅក្នុង [ខេត្ត] កំពង់ចាម ចូលរួមនៅឯវេទិកាសាធារណៈមួយ ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់នាក់។ នៅពេលនោះខ្ញុំមិនបាននិយាយអំពីគុកទួលស្លែងទេ។ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ ខ្ញុំមានសាក្សី មានរូបភាព មានខ្សែអាត់សំឡេង និងមានប្រជាពលរដ្ឋរាប់ពាន់នាក់ធ្វើជាសាក្សីទៀតផង”។
ហើយពាក់ព័ន្ធនឹងការដែលខ្មែរក្រហមក្លែងបន្លំភ័ស្តុតាងនៅឯពន្ធនាគារទួលស្លែងនោះ លោក កឹម សុខា បានចោទប្រកាន់អតីត
កម្មាភិបាលខ្មែរក្រហមដោយមិនបញ្ចេញឈ្មោះថា ថ្ងៃនេះគេបានប្រើប្រាស់កលល្បិចដដែលប្រឆាំងនឹងគាត់។ លោកមានប្រសាសន៍ថា “ សូម្បីតែពេលនេះ ពួកគេធ្វើដូច្នេះម្ដងទៀត គឺតាមវិធីរបស់ខ្មែរក្រហម និងពួកកុម្មុយនីស្ត។ ពួកគេបង្កើតភ័ស្តុតាងក្លែងក្លាយ ដើម្បីចោទប្រកាន់ខ្ញុំ ដូចពេលដែលពួកគេបានធ្វើនៅឯគុកទួលស្លែង ពេលដែលខ្មែរក្រហមចោទប្រកាន់ជនរងគ្រោះ ចោទប្រកាន់ពួកគេថា ជា សេអុីអា (CIA) ឬក៏ កាហ្សេបេ (KGB)”។
លោក កឹម សុខា បានបន្ដថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលើកយកខ្សែអាត់សំឡេងមកវាយប្រហារលោក កឹម សុខា នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃច័ន្ទនោះ គឺជាអតីតទាហានខ្មែរក្រហមមុនពេលផ្តាច់ខ្លួនរត់ទៅប្រទេសវៀតណាម ហើយក្រោយមកក៏បានមកជាមួយកងកម្លាំងវៀតណាម ដើម្បីផ្ដួលរំលំរបប ប៉ុល ពត។ ចំណែក លោក ហេងសំរិន ប្រធានរដ្ឋសភា និងលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ដែលមកពីគណបក្សកាន់អំណាច ក៏ធ្លាប់ជាជនផ្ដាច់ខ្លួនខ្មែរក្រហមដែរ។
កាលពីម្សិលមិញ លោក កឹម សុខា ក៏បានបញ្ជាក់ឡើងវិញផងដែរពីការគាំទ្ររបស់គណបក្សសង្គ្រោះជាតិចំពោះការអំពាវនាវរបស់លោក ហ៊ុន សែន ឲ្យមានច្បាប់ថ្មីមួយ ដើម្បីដាក់ទោសអ្នកដែលបដិសេធថាគ្មានឧក្រិដ្ឋកម្មក្រោមរបបខ្មែរក្រហមនោះ ដរាបណាច្បាប់នោះមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
នុងការវាយបកមិនច្បាស់លាស់ចំពោះការដឹកនាំរបស់គណបក្សកាន់អំណាច លោក កឹម សុខា បានស្នើសុំឲ្យមានច្បាប់មួយផ្សេងទៀតគឺ “ ជនណាដែលមានតំណែង ឬមានបាតដៃប្រឡាក់ឈាមក្នុងរបបខ្មែរក្រហមមិនគួរអនុញ្ញាតឲ្យធ្វើជាថ្នាក់ដឹកនាំកំពូលដូចជា នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភារបស់ប្រទេសនេះ”។
លោក កឹម សុខា បានមានប្រសាសន៍ថា លោកនឹងមិនសូមអភ័យទោសចំពោះអ្នកដែលរួចជីវិតពីគុកទួលស្លែងពីរបីនាក់ ដែលបានទាមទារកាលពីថ្ងៃសៅរ៍ ឲ្យលោកសូមអភ័យទោសដោយផ្ទាល់ចំពោះពាក្យសម្ដីរបស់លោកនោះទេ។ លោក កឹម សុខា បានមានប្រសាសន៍ថា ការសូមអភ័យទោសគួរតែចេញពីអ្នកដែលបានបំផ្លើសពាក្យសម្ដីរបស់គាត់វិញ។
លោក កឹម សុខា បានបន្ដថា ទោះជាយ៉ាងណា ជំនួសឲ្យការសូមអភ័យទោស សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជាចំនួន៤២រូប បានចុះហត្ថលេខាលើលិខិតមួយអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ “ ថ្កោលទោសជនដែលមានបំណងអាក្រក់ បោកប្រាស់ និងពិសពុល”។ ប៉ុន្ដែ លោក បូ៊ ម៉េង អ្នករួចជីវិតពីពន្ធនាគារទួលស្លែងម្នាក់ ក្នុងចំណោមអ្នករួចជីវិតផ្សេងទៀត បានមានប្រសាសន៍ថា លោកសប្បាយចិត្តណាស់ ដែលបានឮថា មេដឹកនាំគណបក្សប្រឆាំងបានបដិសេធថា លោកមិនបានស្ដីបន្ទោសថា ពន្ធនាគារនេះត្រូវបានរៀបចំឡើងដោយវៀតណាមនោះ។
លោកមានប្រសាសន៍ថា “ មិនជាបញ្ហាទេប្រសិនបើគាត់និយាយបែបនេះ ខ្ញុំសប្បាយចិត្តដែលបានឮដូច្នេះ”។ នៅសន្និសីទសារព័ត៌មាននោះ លោក សុនឆ័យ ក៏បានរិះគន់រដ្ឋាភិបាលចំពោះការព្យាយាមភ្ជាប់រូបលោកទៅនឹងចលនាអំណាចពលរដ្ឋខ្មែរមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោនដែលគណបក្សប្រជាជនកម្ពុជាចោទប្រកាន់ថា បានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលនិងរបបរាជានិយម។
លោកបានបញ្ជាក់ថា លោកស្ទើរតែមិនស្គាល់ក្រុមនោះសោះ ពេលលោកចូលរួមកិច្ចប្រជុំរបស់ចលនាអំណាចពលរដ្ឋខ្មែរនេះ ប៉ុន្តែលោកបានចាកចេញពីកិច្ចប្រជុំនេះទាំងមានការអាក់អន់ចិត្តចំពោះទស្សនរបស់ពួកគេ ហើយបានបដិសេធថា លោកគ្មានទំនាក់ទំនងអ្វីជាមួយក្រុមនេះឡើយ។
លោក សុន ឆ័យ ដែលសង្ស័យថាការបង្ហោះរូបភាពលោកលើគេហទំព័រនគរបាលជាតិ ជាការសងសឹកចំពោះការធ្វើដំណើរក្នុងពេលថ្មីៗរបស់លោកទៅកាន់ខេត្តរតនគិរីដើម្បីលាតត្រដាងអំពីការកាប់ឈើខុសច្បាប់លើដីសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនោះ មានប្រសាសន៍ថា“ ខ្ញុំគិតថា រដ្ឋាភិបាលមិនគិតពីកិត្តិយសខ្លួនឯងទេទើបបានជាយករូបភាពទាំងនេះមកធ្វើការចោទប្រកាន់ និងបរិហារកេរ្ត៍គេដូច្នេះ”។
ចំណែកលោក គង់ គាំ វិញបានបដិសេធជាថ្មីម្តងទៀតចំពោះការអះអាងដែលថា លោកបាននិយាយថា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានរៀបចំផែនការទម្លាក់ទ្រង់ពីអំណាចក្នុងឆ្នាំ១៩៧០។ អង្គុយនៅមុខបដាមួយមានរូបសញ្ញាគណបក្សសង្គ្រោះជាតិ ទង់ជាតិ និងព្រះឆាយាលក្ខណ៍រាជវង្សានុវង្ស លោក គង់ គាំ បានលើកសរសើរព្រះបរមរតនកោដ្ឋ ដែលបានចូលទីវង្គត ដោយសារគាំងបេះដូងកាលពីឆា្នំមុន។
លោក គង់ គាំ មានប្រសាសន៍ថា “ តាំងពីដើម រហូតដល់ចប់ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺជាមេដឹកនាំ ដែលបានប្រយុទ្ធប្រឆំាងនឹងយួន”។ លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ដែលបានផ្សព្វផ្សាយការធ្វើអត្ថាធិប្បាយរបស់លោក កឹម សុខា អំពីគុកទួលស្លែងនោះ បានប្រកាន់តាមការអះអាងរបស់រដ្ឋាភិបាលដែលថា ការថ្លែងនេះបានធ្វើឡើងនៅក្នុងខេត្តព្រៃវែងកាលពីថ្ងៃទី១៨ខែឧសភា ហើយបានសង្កត់ធ្ងន់ថា ពាក្យសម្តីរបស់លោក កឹម សុខា មិនត្រូវបានកាត់តសោះឡើយ។ លោកមានប្រសាសន៍ថា “ យើងមិនបានកាត់តខ្សែអាត់នោះទេ។ យើងមិនបានប្រឌិតទេ។ យើងគ្រាន់តែចាក់ផ្សាយអ្វីដែលគាត់បាននិយាយប៉ុណ្ណោះ”។
នៅពេលត្រូវបានសួរអំពីប្រភពខ្សែអាត់សំឡេងនោះ លោក ឯក ថា បានមានប្រសាសន៍ថា ខ្សែអាត់នេះបានមកពី “ ប្រភពផ្សេងៗគ្នា”។ លោកបានបដិសេធមិននិយាយថាតើប្រភពទាំងនោះជានរណា ឬសូម្បីតែមូលហេតុដែលលោកមិនព្រមបញ្ចេញអត្តសញ្ញាណរបស់ពួកគេទេ ដោយគ្រាន់តែបានបញ្ជាក់ថា ខ្សែអាត់នេះគឺ “ ពិតប្រាកដណាស់”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា និង ចេវ ប៊ុននី