38 C
Phnom Penh

អាជីវកម្ម​​​ផ្លូវ​ភេទ​នៅ​​​កម្ពុជាមាន​​​ការ​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់សម្គាល់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​កេង​ប្រវ័ញ្ចលើ​កុមារ​​នៅ​ក្នុង​ឧស្សាហកម្ម​​ផ្លូវ​ភេទ​ក្នុង​ប្រទេស​កម្ពុជា​​ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដោយ​សារ​តែ​ការ​អនុវត្ត​ច្បាប់​មា​ន​ភាព​ល្អ​ប្រសើរ​​ ប៉ុន្ដែ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​​អនីតិជន​​​នៅ​តែ​ជា​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​ រីឯ​អ្នក​ប្រព្រឹត្តបទ​ល្មើស​វិញ​​បាន​ផ្លាស់​ប្ដូរ​វិធី​សាស្ត្រ​របស់​ខ្លួន​​ទៅ​តាម​ប្រមាញ​់​​មនុស្ស​វ័យ​ក្មេង​​វិញ​។    

របាយការណ៍​របស់​​​​អង្គ​ការ​បេសកកម្ម​យុត្តិធម៌​អន្ដរជាតិ​ ដែល​ជា​អង្គការ​មួយ​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​​អាមេរិក ​ផ្អែក​​លើ​ការ​​​ចុះ​ទៅ​​ដល់​​កន្លែង​រក​ស៊ី​ផ្លូវ​ភេទ​ចំនួន​២៣៥​​​កន្លែង​​របស់​អ្នក​ស៊ើប​អង្កេត​សម្ងាត់​ ក្នុង​រាជ​ធានី​ភ្នំពេញ ខេត្ត​សៀម​រាប និង​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២។

យោង​តាម​បេសកកម្ម​​យុត្តិធម៌​អន្ដរជាតិ​បាន​ឲ្យ​ដឹង​ថា អ្នក​ស៊ើប​អង្កេត​ទាំង​នោះ​បាន​រក​ឃើញ​ថា មាន​អនីតិជន​​ប្រមាណ​១៤៧​នាក់​ ដែល​​មាន​​អាយុ​​ក្រោម​១៨​ឆ្នាំ​ ​កំពុង​​រក​សីុ​ផ្លូវ​ភេទ​​ក្នុង​ក្រុង​ចំនួន​បី។ ហើយ​តិច​ជាង​២០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា មាន​អាយុ​ក្រោម​១៥​ឆ្នាំ​។ តួលេខ​របស់​​អង្គ​ការ​បេសកកម្ម​យុត្តិធម៌​អន្ដរជាតិ​បាន​បង្ហាញ​ថា អនីតិជន​សព្វ​ថ្ងៃ​មាន​ចំនួន​៧,៥៩​ភាគរយ​ក្នុង​ចំណោម​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​​​ក្នុង​ក្រុង​ទាំង​​​បី​​នេះ​។
​អង្គ​ការ​បេសកកម្ម​យុត្តិធម៌​អន្ដរជាតិ​បាន​លើក​ឡើង​ថា កាល​ពី​១០​ឆ្នាំមុន​អនីតិជន​មាន​ចន្លោះ​ពី​១៥,៥​ភាគរយ​ទៅ​៣០​ភាគរយ​​ក្នុង​​ចំណោម​​អ្នក​រក​សីុ​​ផ្លូវ​ភេទ​​នៅ​កម្ពុជា​។

​​អង្គ​ការ​នេះ​​បាន​លើក​ឡើង​​នៅ​ក្នុង​របាយ​​​ការណ៍​ដែល​ចេញ​កាល​ពី​ខែ​​មុន​ថា “ ជាង​១០​ឆ្នាំ​មក​នេះ​ ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​យុត្តិធម៌​សាធារណៈ​ចំពោះ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​មាន​ភាព​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ដោយ​បាន​​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា​”។

របាយការណ៍​នេះ​បានបន្ដ​ថា “ គេ​សង្កេត​ឃើញថា ​មាន​​ការ​ធ្លាក់​ចុះ​​ភាគ​ច្រើន​​ក្នុង​​​ក្រុម​អនីតិជន​។ អ្នក​ដែល​ត្រូវ​បា​ន​សម្ភាស​បាន​​ដឹង​ថា ហេតុ​ផល​នៃ​ការ​ធ្លាក់​ចុះ​នេះ​​  គឺ​ដោយ​​​​សារ​តែ​ការ​អនុវត្ត​ច្បាប់​មាន​ភា​ព​ល្អ​ប្រសើ​រ​ និង​ការ​យល់​ដឹង​​របស់​​សាធារណ​ជន​”។

តែ​​អង្គ​ការ​បេសកកម្ម​យុត្តិធម៌​អន្ដរជាតិ​បាន​សន្និដ្ឋាន បន្ទាប់​ពី​ធ្វើ​ការ​សម្ភាស​ជាមួយ​សមាជិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៥៨​​នាក់ និង​មន្ត្រី​រដ្ឋាភិបាលចំនួន​២៤​នាក់​រួច​មកថា ការ​កេង​ប្រវ័ញ្ច​លើ​អនីតិជន​ នៅ​ក្នុង​​សកម្ម​ភាព​រក​សីុ​​ផ្លូវ​ភេទ​ នៅ​តែ​ជា​បញ្ហា​​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។
របាយការណ៍​នេះ​បាន​លើក​ឡើង​ថា “​​ ទោ​ះ​​​ជា​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា​​បាន​ធ្លាក់​ចុះ​ ជាពិសេស​ក្នុង​ចំណោម​អនីតិជន​​អាយុ​១៥​ឆ្នាំ ឬក្មេង​ជាង​នេះ​ក៏ដោយ​ ក៏​បញ្ហា​នេះ​នៅ​តែ​​កើត​មាន​ដែរ​​។ អ្នក​ដែល​ត្រូវ​បាន​សម្ភាស​ជា​ច្រើន​បាន​លើក​ឡើង​ថា មាន​វិធី​សាស្ត្រ​ថ្មី​​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​អនីតិ​​​ជន​”​​​​​​។

របាយការណ៍​នេះ​បាន​បន្ត​ថា ​​ជំនួស​ឲ្យ​​ការ​ទៅ​កន្លែង​​​ជាក់​លាក់​ណា​មួយ ឬក៏​​ទៅ​ផ្ទះ​បន​ ជន​​ល្មើស​ឥឡូវ​នេះ​បាន​ពឹង​ពាក់​លើអ្នក​ជួយ​រក​​ស្រី​ ឬក៏​បណ្ដាញ​ ហើយ​​អ្នក​ជួញ​ដូរ​ផ្លូវ​ភេទ​​​បើក​កន្លែង​រក​សីុ​​ផ្លូវ​ភេទ​ដោយ​ប្រយោល​ ​ដូច​ជា​​តាម​ខារ៉ាអូខេ ក្លឹប​រាត្រី។ល។ ដើម្បី​ជា​​​​មធ្យោបាយ​គេច​ពី​អន្ដរាគមន៍​របស់​នគរបាល បន្ទប់​រួម​ភេទ​មិន​​មាន​នៅ​តាម​កន្លែង​នោះ​ទេ​​ ហើយ​អនីតិជន​ក៏​​​ទំនង​ជា​មិន​សូវ​មាន​ការ​បើក​ចំហនៅ​តាម​កន្លែង​ទាំង​នោះដែរ​”។

របាយការណ៍​នេ​ះ​បាន​បន្ថែម​ថា “ ដោយ​សារ​តែ​​បន្ទប់​រួម​ភេទ​មិន​​មាន​នៅ​តាម​កន្លែង​​ទាំង​នេះ​ ហើយ​អនីតិជន​ត្រូវ​បាន​ការ​ពារ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នោះ​​ ទំនោរ​នៃ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​​​លើ​អនីតិជន​េនះ​​​ ហាក់​​ដូច​ជា​​មាន​អ្នក​ផ្សេង​សម្រាប់​​នាំ​​ក្មេង​ស្រី​​ទៅ​ផ្ទះ​សំណាក់​ឬក៏​កន្លែង​ផ្សេងៗ​”។

របាយការណ៍​នេះ​​​​​ក៏​បាន​លើក​ឡើង​ដែរ​ថា ​ដោយ​សារ​តែ​អាយុ​ដែល​​​មាន​សិទ្ធិ​​រួម​ភេទ​បាន​​នៅ​ប្រទេស​កម្ពុជា​​ចាប់​ពី​​១៥​ឆ្នាំ​​​ឡើង​ទៅ​​នោះ ការ​ជួញ​ដូរ​ផ្លូវ​ភេទ​​លើ​អនីតិជន​ដែល​មាន​អាយុ​​ចន្លោះ​ពី​១៦​ឆ្នាំ​ទៅ​១៧​ឆ្នាំ​ មិន​ត្រូវ​​​​បាន​នគរបាល​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ​​​។ កិច្ច​សម្ភាស​ដែល​ធ្វើ​ឡើង​ដោយ​ អង្គ​ការ​បេសកកម្ម​យុត្តិធម៌​អន្ដរជាតិ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា “ នគរបាល​ក្នុង​ប្រទេស​កម្ពុជា​ឥឡូវ​នេះ​មាន​ធន​ធាន​​និង​ជំនាញ​ប្រសើរ​ជាង​មុន​ច្រើន​ ដោយ​មាន​​ការ​ហ្វឹក​ហាត់​បាន​ល្អ​ប្រសើរ​លើ​ការ​ស៊ើប​អង្កេត​ និង​វិធី​សាស្ត្រ​សម្ភាស​ និង​មាន​ការ​ការ​ឆ្លើយ​តប​ខ្ពស់​ចំពោះ​ករណី​​ជួញ​ដូរ​ផ្លូវ​ភេទ​ ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​រាយការណ៍​​ឲ្យ​”។

ទោះ​ជា​យ៉ាង​ណា​​របាយការណ៍​នេះ​បាន​គូស​បញ្ជាក់​ថា ទោះ​បី​ជា​​​មាន​ច្បាប់​ល្អ​ប្រសើរ​ហើយ​ក៏​ដោយ​ ក៏​​ការ​ងារ​របស់​ព្រះ​រាជ​អាជ្ញា​ និង​ចៅ​ក្រម​ដែល​ស៊ើប​អង្កេត​លើ​ករណី​ពេស្យាចារ​កុមារ​​ និង​ការ​ជួញ​ដូរ​​មនុស្ស​​មិន​មាន​ភា​ព​ប្រសើ​រ​ដូច​គ្នា​ដែរ​។

របាយការណ៍​នេះ​បាន​លើក​ឡើង​ថា   នៅ​​​​​​​​តែ​​ខ្វះ​សេចក្តី​ថ្លៃ​ថ្នូរ​​ និង​​​នៅ​តែ​មាន​បញ្ហា​និទណ្ឌភាព​​សម្រាប់​អ្នក​មាន​ទ្រព្យសម្បត្តិ​​ និង​អ្នក​មាន​អំណាច​​។ កង្វះ​ការ​គោរព​គ្នា​ និង​ការ​​យោគ​យល់​គ្នា​នៅ​តែ​មាន​​រវាង​នគរបាល​​ ព្រះ​​​រាជ​អាជ្ញា​ និង​ចៅក្រម​ស៊ើប​សួរ​ ដែល​​ធ្វើ​​​​ឲ្យ​​រាំង​ស្ទះ​​ដល់​កិច្ច​សហប្រតិបត្តិការ​​ជា​ផ្លែ​ផ្កា​”។ លោកស្រី​ លីសា ស្លាវូវ​ស្គី (Lisa Slavovsky)ប្រធាន​ផ្នែក​គាំពារ​របស់​អង្គ​ការ​​បេសកកម្ម​យុត្តិធម៌​អន្ដរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា ​ទោ​ះ​ជា​​លទ្ធ​ផល​នៃ​ការ​ស្ទង់​មតិ​​នេះ​ពិត​ជា​បង្ហាញ​ពី​​ការ​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទ​កុមារក៏​ដោយ​ ក៏​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​លុបបំបាត់​ពេស្យាចារ​កុមារ និង​ការ​ជួញ​ដូរ​​មនុស្ស​​ នៅ​តែ​ជា​បញ្ហា​ចាំ​បាច់​ដែរ។

លោក​ស្រី ស្លាវូវស្គី​ បាន​មាន​ប្រសាសន៍​ថា “ បេសកកម្ម​យុត្តិធម៌​អន្ដរជាតិ​បាន​​មើល​ឃើញ​ពី​ការ​ផ្លាស់​ប្ដូរ​ទាំង​នេះ​​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​​មក​​នេះ នៅ​ក្នុង​ករណី​សិក្សា​របស់​យើង​ ហេតុដូច្នេះ​ហើយ​វា​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​​​​ដោយ​មើល​ឃើញ​ថា ទិន្នន័យ​នៃការ​ស្រាវ​​​ជ្រាវ​និង​អ្នក​ពាក់​ព័ន្ធ​បាន​គាំ​ទ្រ​នូវ​ការ​លើក​ឡើង​ដែរ​ថា ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​​កំពុង​មាន​ការ​ផ្លាស់​ប្ដូរ​​​ច្រើន​ណាស់​ ​ដោយ​ការ​ជួញ​ដូរ​​ និង​ការ​កេង​ប្រវ័ញ្ច​លើ​អនីតិជន​មាន​ការ​ធ្លាក់​ចុះ​​ច្រើន​​ និង​កម្រ​ឃើញ​ករណីបែប​នេះ​កើត​ឡើង​​​ណាស់​ ហើយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ដែរ។

លោក​ស្រី​បន្ថែម​ថា “ ទោះ​ជា​​​​យើង​ត្រូវ​​​បាន​លើក​​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​មាន​​​ការ​វិវឌ្ឍ​​ដ៏​ច្រើន​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​​​នឹង​ការ​ជួញ​ដូរ​​មនុស្ស​​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ ក៏​ការ​ប្រយុទ្ធ​ប្រឆាំង​នេះ​នៅ​មិន​ទាន់​ចប់​​​​​​​ដែរ ព្រោះ​នៅ​​តែ​​​ឃើញ​​មាន​ការ​​​កេង​ប្រវ័ញ្ច​​​​អនីតិជន​នៅ​តាម​ក្លឹប​កម្សាន្ដ​​​នៅ​ឡើយ​”។

ជាឧទាហរណ៍ ​នៅ​ក្នុង​រាជធា​នី​ភ្នំពេញ​​ ខេត្ត​សៀម​រាប និង​ក្រុង​ព្រះ​សីហនុ​ អ្នក​រកសីុ​ផ្លូវ​ភេទ​​ប្រមាណ​​៦,៦ភាគរយ ​​​​​មាន​​​អាយុ​​​ចន្លោះពី​​​១៦​​​ទៅ​​​១៧​​​ឆ្នាំ ឬ​​​ក៏​​​អាយុ​​​១៨​​​ឆ្នាំ ​​​ឬ​​​ក៏​​​​​​​​​ចាស់ជាង​​​នេះ។ ​ដូច្នេះ​ហើយ​ អង្គការ​​​បេសកកម្ម​​​យុត្តិ​​​ធម៌​​​អន្តរជាតិ​​​​កំពុង​​​​ផ្ដល់​​​អនុសាសន៍​​​ឲ្យ​​​មាន​​​​ដំណោះ​​​​ស្រាយ​ទូលំទូលាយ​​​​​ច្រើន​ទៀត​ដើម្បី​​​​ដោះ​ស្រាយ​បញ្ហា​កេង​ប្រវ័ញ្ច​​កុមារ​​​​អាយុ​​​ពី១៦​​​ទៅ​​​១៧​​​ឆ្នាំ​​​នៅ​​​តាម​​​កន្លែង​​​​កម្សាន្ដ​​​​​​​​នានា​​​​ ដែល​​​​មិន​មាន​ការ​​​​រួម​​ភេទ​​នៅ ទី​នោះ​ដោយ​ផ្ទាល់​​​​ ​ហើយ​នៅ​កន្លែង​នោះ​ពិបាក​រក​ឃើញ​បទ​ល្មើស​​​​​កេង​​​ប្រវ័ញ្ច​​​ ដោយសារ​​​តែ​​​​នៅកម្ពុជា​អាយុ​​​​​​​មាន​សិទ្ធិ​រួម​ភេទ​គឺ​១៥​​​ឆ្នាំ។

លោកស្រី សារ៉ា បៀរិប (Sarah Bearup)​​​នាយិកា​​​ប្រចាំ​​​ប្រទេស​​​របស់​​​អង្គការ​​​ហាហ្គា ​​​(Hagar) ដែល​​​​ឧបត្ថម្ភ​ដល់​​​​ជនរង​​​គ្រោះទាំង​​​ពីរភេទ​​​​ពី​ការ​​​ជួញដូរ​​​ អំពើ​​​ហិង្សាក្នុងគ្រួសារ​​​និង​​​ការ​​​កេង​​​ប្រវ័ញ្ច​​​ផ្លូវ​​​ភេទ​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ថា ការ​​​ស្រាវជ្រាវ​​​នេះបាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពីភាព​​​ចាំ​​​បាច់​​​​សម្រាប់​​​​អង្គការ​​​នានា​​​​​​ដែល​ធ្វើ​​​ការ​​​​​​នៅ​​​ក្នុង​​​​ផ្នែក​​​​​នេះ ​ដើម្បី​គិត​​​ឲ្យ​​​បាន​​​ហ្មត់ចត់​​​​អំពី​​​របៀប​ជួយ​​​ជន​​​រង​​​គ្រោះ​ពី​ការ​​​​កេង​ប្រវ័ញ្ច​​​​​​​ផ្លូវ​​​ភេទ​​​​ក្រោយ​ពេល​​ចេញ​ពី​ផ្ទះ​បន​​វិញ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​តាម​ទស្សនវិស័យ​​​របស់​​​អង្គការ​​​ហាហ្គា នេះ​គឺ​​​ជា​​​ការ​​​ស្រាវ​​​ជ្រាវដ៏​មាន​ប្រយោជន៍​ក្នុងការ​​​ស្វែងយល់​​​អំពី​​​ការ​ផ្លាស់​ប្តូរ​​ពី​ការ​រក​សីុ​ផ្លូវ​ភេទ​​នៅ​តាម​ផ្ទះបន​​​ ទៅ​ជា​ការ​រក​សីុ​ផ្លូវ​ភេទ​នៅ​តាម​ផ្លូវ ​និង​​​​ទម្រង់​​​​​​នៃការ​​​កេង​​​ប្រវ័ញ្ច​​​ផ្លូវ​​​ភេទ​សម្ងាត់​ជា​ច្រើន​ទៀត​​​​។ បញ្ហា​​​សម្រាប់​​​យើង​​​ទាំង​​​អស់​​​គ្នា​​​នៅ​​​ក្នុង​​​ផ្នែក​​​នេះ គឺ​​​​របៀប​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​​ចំពោះ​ការ​ពិត​ដែល​​​ថា មាន​​​ហានិភ័យ​​​ធំៗ​ច្រើន​នៅ​​​តាម​​​កន្លែង​​​​រក​សីុ​ផ្លូវ​ភេទ​លាក់​​​បាំង​​​ និង​​​នៅ​​​តាម​​​ផ្លូវ។​​វា​ជា​ទម្រង់​នៃ​ការ​រក​សីុ​ផ្លូវ​ភេទ​​​​មិន​​សូវ​​ឃើញ​ជាក់​ស្តែង និង​​ពិបាក​​សង្កេត​” ដែលកំពុង​​​កើត​​​មាន​​​នា​ពេល​នេះ។

លោក​​​ស្រីក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា ដោយ​​​សារ​​​តែ​​​​មាន​ការ​​​ពិភាក្សា​​​​ដេញ​ដោល​​​​​​​​កាន់​ច្រើន​​ថា អ្វី​​​ជាការ​​​កេង​​​ប្រវ័ញ្ច​​​ផ្លូវ​​​ភេទ​​​ និង​​​អ្វី​​​ជា​​​ការ​​​រក​​​ស៊ី​​​ផ្លូវ​​​ភេទ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​នោះ អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​នានា​ត្រូវ​​ពិចារ​​​​​​ណា​​​​​ថា ​តើ​ខ្លួន​ត្រូវ​ជួយ​អ្នក​​​ណា​ឲ្យ​ពិត​​​ប្រាកដ​​​ និង​​​ដោយ​​​សារ​​​ហេតុ​​​អ្វី​​​នោះ។ លោក​​​ស្រី​​​បន្ដ​​​ថា “ ខ្ញុំ​​​ដឹង​​​ថា មាន​​​ការ​​​ពិភាក្សា​​​ជា​​​​​​ច្រើន​​​បាន​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​ប្រទេស​​​អូស្ត្រាលី និង​​​នៅ​​​ឯ​​​​​​សហ​​​រដ្ឋ​​​អាមេរិក​​​​​​ អំ​ពីការ​​​ពិនិត្យ​​​មើល​​​​​​តម្រូវ​ការ​ទាំង​​​នេះ និង​​​​អំពី​ការ​ពិនិត្យ​​​និយម​​​ន័យ​​​នៃការ​​​កេង​​​ប្រវ័​​​ញ្ច​​ផ្លូវ​​​ភេទ​​​”។

លោក ជិន​​​ ចាន់​​​វាសនា នាយក​​​ប្រតិ​​​បត្តិ​​​អង្គការ​​​បញ្ឈប់​​​ការ​​​ធ្វើ​​​ពេស្យាចារ​​​កុមារ​​​ ការ​​​ផ្សព្វ​​​ផ្សាយ​​​រូប​​​ភាព​​​អាសអាភាស​​​ និង​​​ការ​​​ជួញ​​​ដូរកុមារ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​រក​​​​កុមារ​​​នៅ​​​​តាម​ឧស្សាហកម្ម​​​ផ្លូវ​​​ភេទ ​​​បាន​​ក្លាយ​​​ជា​​​ភារកិច្ច​​​ដ៏​លំបាក​​​​ ដោយសារ​​​តែ​​​មិនមានផ្ទះ​​​បន​​​​​​លក់​​​ដូរផ្លូវភេទ​​​កុមារ​ដោយ​ចំហ​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទៀត​​​ទេ។

ប៉ុន្ដែ​​​ដូច​​​អង្គការ​​​បេសកកម្ម​​​យុត្តិធម៌​​​អន្តរ​​​ជាតិ​​​ដែរ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កុមារ​​​​នៅ​តែ​​​​ស្ថិត​​​ក្នុង​​​គ្រោះថ្នាក់ពីការ​​​កេង​​​ប្រវ័ញ្ច​​​ផ្លូវ​​​ភេទ​​​តាម​​​រយៈ​​​បណ្ដាញ​​​លួច​​​លាក់​​​ជា​​​ច្រើន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​មាន​​​ជំនឿថា កុមារ​​​ត្រូវ​​​បាន​​​គេ​​​កេង​​​ប្រវ័ញ្ច​​​​តាម​​​​​វិធីបិទ​​​បាំង​​​ជាច្រើន​​​។ ខ្ញុំនៅ​​​តែ​​​មាន​​​ជំនឿ​​​ថា ចំនួន​​​នេះ​​​នៅ​​​​​​មិន​​​ទាន់​​​ធ្លាក់​​​ចុះ​​ទេ​​​ ប៉ុន្ដែ​​​មធ្យោ​​​បាយ​​​ដែលពួកគេ​​​ធ្វើ​​​​​​​​​ គឺមាន​​​លក្ខណៈ​​​ខុស​​​គ្នា​បន្តិច​​​ពីទសវត្ស​​​ន៍មុន​​​។ ពួកគេ​​​កំពុង​​​ធ្វើ​​​ប្រតិ​​​បត្តិការ​​​នៅ​​​ក្នុង​​​កន្លែង​​​ផ្សេងៗគ្នា​​​ ដូចជា​​​នៅ​​​តាម​​​​​​ហាង​​​កាហ្វេ​​​ និង​​​ហាង​​​កាត់​​​សក់​​​។ ពេល​​​អតិ​​​ថិជន​​​មក​​​ដល់​​​ ​គេ​​​​អាច​​​​តថ្លៃ​​​​​​​បាន។ ​​​វាជា​​​ការ​​​​​​លំបាក​​​ក្នុង​ការ​កំណត់​​​អត្ត​​​សញ្ញាណ​​​​​​អ្នក​​​ដែល​​​​​​រក​​​ស៊ី​​​តាម​​​មធ្យោ​​​បាយ​​​នេះ”។

លោក​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា វា​ក៏​មាន​​​ការ​​​លំបាក​​​ផង​​​ដែរ​​​នៅក្នុង​​​ការ​​​កំណត់​​​អាយុ​​​ពិត​​​ប្រាកដ​​​របស់​​​ក្មេង​​​ស្រី​​​រក​​​ស៊ី​​​​​​ផ្លូវ​​​ភេទ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ ពួក​គេ​ស្ថិត​នៅ​ក្នុង​​​​អាយុ​​​ [ចន្លោះ​​​ពីអនីតិ​​​ជន​​​ និង​​​​ពេញ​​​វ័យ] ពេល​​​ខ្លះ​​​យើង​​​មិន​​​អាច​​​ដឹងពី​​​អាយុ​​​ពិត​​​ប្រាកដ​បាន​​​​ទេ។ ខ្ញុំ​​​មាន​​​ជំនឿថា ពេល​​​ខ្លះ​​​ពួកគេ​​​មាន​​​អាយុ​​តិចជាង​​​១៥​​​ឆ្នាំ ប៉ុន្ដែ​​​ ពួកគេ​​​អះអាង​​​ថា មាន​​​អាយុ​​​លើស​​​១៥ឆ្នាំ ​​”។

របាយការណ៍​​​របស់​​​អង្គការ​​បេសកកម្ម​​​យុត្តិធម៌អន្តរជាតិ​​​នេះ ក៏​​​បាន​​​​បញ្ជាក់​ពី​ភាព​​​ខុស​​​​​​គ្នា​​យ៉ាង​​ច្រើន​នៅ​​​ក្នុង​​​ការ​​​ផ្ដល់​​​មូល​​​និធិ​​​ចំពោះ​​​គម្រោង​​​​ជួយ​​ជន​រង​គ្រោះ​ជា​​​​កុមារ​នៅ​ក្នុង​​​​ឧស្សាហកម្ម​​​ផ្លូវ​​​ភេទ​​​ ដែល​​​ទទួល​​​បាន​​​ការ​​​​ចាប់​អារម្មណ៍​​​​​យ៉ាង​​ច្រើន​​​ ប៉ុន្ដែ​​​នៅ​​​​​​មាន​​​កង្វះខាត​មូល​និធិជា​​​ច្រើន​​​​សម្រាប់​​​​កុមារ​​​រង​​​គ្រោះ​ពី​ការ​​​រំលោភ​​​បំពាន​​​ និង​​​ការ​​​កេង​​​ប្រវ័ញ្ច​​​ផ្លូវភេទ​​​នៅ ក្រៅ​​​​​​ផ្ទះ​​​បន កន្លែង​​​ម៉ាស្សា និង​​​​ហាង​​ការ៉ាអូខេរបស់​​​ប្រទេស​​​នេះ។

របាយការណ៍​​​របស់​​​អង្គការ​​​បេសក​​​កម្ម​​​យុត្ត​​ិ​​​ធម៌​​​អន្តរជាតិ​​​នេះ បាន​​​លើក​​​ឡើង​​​ថា ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​បាន​​​ទទួល​​​ការ​​​គាំ​​​ទ្រ​​​ខាង​​​ហិរញ្ញវត្ថុ​​​ជា​​​ច្រើន​​​ ដើម្បី​​​ផ្គត់​​​ផ្គង់​​​ដល់​​​សេវា​​​​​គាំពារ​​​ដល់​ជន​រង​គ្រោះ​​ជា​ក្មេង​ស្រី​បន្ទាប់​ពី​​រួ​ចផុត​ពី​ការ​​​ជួញ​​​ដូរ​​​ផ្លូវ​​​ភេទ។ ប៉ុន្ដែ​​​ការ​​​ផ្ដល់​​​មូល​​​និធិ​​​នេះនៅមាន​​​ការ​​​ខ្វះ​​​ខាត​​​ចំពោះ​​​​ជន​​​រង​​​គ្រោះ​ពី​បទ​ល្មើស​នៅ​​​ក្រៅ​​​កន្លែង​​​រកសុី​​​លួចលាក់នេះ​​​ ដែល​​​អ្នក​​​ផ្ដល់​​​ជំនួយ​​​ បាន​​​កំណត់​​​និយម​​​ន័យ​​​ដូច​​​ជា​​​ការចាប់​​​រំលោភ​​​ ​​​អំពើ​​​ហិង្សា​​​ក្នុង​​​គ្រួសារ​​​ ឬក៏​​​ជន​​​រង​​​គ្រោះ​ដែល​មិន​​​ស្ថិតនៅ​​​ក្នុង​​​ក្រុម​​​គោល​​​ដៅ​​​នេះ​​​ ​​​ឧទាហរណ៍​​​​​ដូចជា​ ​ក្មេង​ប្រុស​​ជា​ដើម​”។

របាយការណ៍នេះ​​​បាន​​​លើក​​​ឡើង​​​ថា “​​​ ករណី​​​ចាប់​​​រំលោភ​​​ និង​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​កុមារ​​​គួរ​​​តែ​​​​​ភ្ជាប់​ទៅ​​​​​​​នឹង​​​ការ​​​ជួញដូរផ្លូវ​​​ភេទ​​​ និង​​​ប្រព័ន្ធ​​​ការ​​​ពារ​​​កុមារ​​​​ ឬក៏កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​​​​​ប្រែង​​​ធ្វើ​​​ឲ្យ​​​មាន​​​សម​​​ភាព​​​យែ​​​នឌ័រ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”៕​​​​​​​

ប្រែ​​​សម្រួល​​​ដោយ​​​ ស៊ា ស៊ុយឈាង និង ស៊ុំ សុខភុំ

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស