លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានអំពាវនាវឲ្យមេដឹកនាំគណបក្សប្រឆាំង គឺលោក កឹម សុខា លាឈប់ពីតំណែងហើយបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរនាំគ្នាតវ៉ាប្រឆាំងនឹងរូបលោក ដរាបណាលោកសុំទោសចំពោះការដែលលោកបដិសេធថា ខ្មែរក្រហមមិនមានការទទួួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងររបស់ខ្លួន។
នៅពេលការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា កាន់តែខិតជិតមកដល់ កាលពីសប្ដាហ៍មុនរដ្ឋាភិបាលបានចេញខ្សែអាត់សំឡេងរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា ប្រទេសវៀតណាមបានប្រឌិតការឃុំខ្លួន និងការធ្វើទារុណកម្មលើប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ នៅមន្ទីរឃុំឃាំងទួលស្លែង ក្នុងរបបខ្មែរក្រហម។គេឮលោក កឹម សុខា លើកឡើងថា ប្រសិនបើខ្មែរក្រហមពិតជាបានប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនោះមែននោះ ពួកគេបានកម្ទេចភ័ស្ដុតាងមុនពេលចាកចេញ
ពីក្រុងភ្នំពេញ នៅក្នុងឆ្នាំ១៩៧៩ មុនពេលវៀតណាមចូលទៅហើយ។
លោក កឹម សុខា បានបដិសេធថា មិនបានលើកឡើងបែបនេះទេ និងបែរជាចោទរដ្ឋាភិបាលថា បានកាត់តពាក្យសម្ដីរបស់លោក ដើម្បីធ្វើឲ្យសម្ដីរបស់លោកខុសពីអ្វីដែលលោកបានលើកឡើង។ ប៉ុន្ដែ នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារមួយនៅក្នុងខេត្តកំពង់ចាម កាលពីម្សិលមិញ លោក ហ៊ុន សែន បានមានប្រសាសន៍ថាដល់ពេលមេដឹកនាំរបស់គណបក្សសង្គ្រោះជាតិចាកចេញពីតំណែងរបស់ខ្លួនហើយ។
លោក ហ៊ុន សែន បានថ្លែងថា “ បុគ្គលម្នាក់កំពុងតែបំផ្លាញគណបក្សទាំងមូល។ ប្រសិនបើខ្ញុំជាបុគ្គលនោះ ខ្ញុំនឹងលាលែងពីតំណែងរបស់ខ្ញុំទៅហើយ”។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមថា ប្រសិនបើបុគ្គលរូបនេះមិនសុំទោសជាសាធារណៈនោះទេ ការធ្វើបាតុកម្មថ្នាក់ជាតិដ៏ធំមួយនឹងកើតឡើង ពីព្រោះលោកមិនទទួលខុសត្រូវចំពោះអ្វីដែលលោកបាននិយាយ។
លោកបានមានប្រសាសន៍ថា នេះមិនមែនជាបាតុកម្មប្រឆាំងគណបក្សនយោបាយ ឬក៏អ្នកនយោបាយឡើយ ប៉ុន្ដែ ជាបាតុកម្មប្រឆាំងបុគ្គលម្នាក់។ ហើយបាតុកម្មនេះ មិនមែនធ្វើតែនៅក្នុងរាជធានីភ្នំពេញនោះទេ។
ឥឡូវនេះគេកំពុងរង់ចាំការឆ្លើយតបពីលោក ជុំ ម៉ី ”។ លោក ជុំ ម៉ី គឺជាបុគ្គលមួយរូបក្នុងចំណោម
បុគ្គលមួយចំនួន ដែលរស់រានមានជីវិតពីមន្ទីរឃុំឃាំងទួលស្លែង ហើយឥឡូវនេះគឺជាប្រធានសមាគមជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជាអង្គការតស៊ូមតិមួយសម្រាប់ជនរងគ្រោះនៅសម័យខ្មែរក្រហមជាមួយនិងលោក ប៊ូ ម៉េង ដែលជាអ្នករស់រានមានជីវិតមួយរូបទៀតពីមន្ទីរឃុំឃាំងទួលស្លែង។
កាលពីថ្ងៃសៅរ៍ លោក ជុំ ម៉ី បានទាមទារឲ្យលោក កឹម សុខា សូមអភ័យទោសចំពោះពួកគាត់ដោយផ្ទាល់ក្នុងរយៈពេល១០ថ្ងៃ បើពុំដូច្នោះទេ នឹងមានការធ្វើបាតុកម្មមួយនៅខាងមុខការិយាល័យគណបក្សរបស់លោក។
កាលពីម្សិលមិញ លោក ហ៊ុន សែនបានលើកឡើងថា ការតវ៉ានឹងរង់ចាំរហូតដល់លោក កឹម សុខា ដែលបានចាកចេញទៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ហើយថ្វីបើការអំពាវនាវឲ្យមានការតវ៉ាទ្រង់ទ្រាយធំជាងអ្វីដែលលោក ជុំ ម៉ី បានស្នើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិននៅពីក្រោយគំនិតនេះឡើយ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ សូមកុំភ្ជាប់រឿងនេះជាមួយខ្ញុំ កុំភ្ជាប់ជាមួយគណបក្សប្រជាជនកម្ពុជា ឬក៏មេដឹកនាំរដ្ឋាភិបាល។ នេះគឺជាជម្លោះរបស់អ្នកជាមួយប្រជាពលរដ្ឋខ្មែរទាំងអស់”។ លោកបានបន្ដថា “ យើងចង់ប្រាប់ឲ្យដឹងថា ប្រសិនបើបាតុកម្មណាមួយកើតឡើង វាគឺជាបាតុកម្មដោយសន្ដិវិធី ដោយគោរពទៅតាមសណ្ដាប់ធ្នាប់សាធារណៈ និងគ្មានអំពើហិង្សាឡើយ។ ខ្ញុំមិនអាចរារាំងបាតុកម្មនេះបានឡើយ ពីព្រោះវាជាសិទ្ធិរបស់ប្រជាពលរដ្ឋ”។
នេះមិនមែនជាលើកទី១ទេដែលលោក ហ៊ុន សែន បានជំរុញឲ្យមានការតវ៉ានោះ។កាលពីឆ្នាំ២០០៣ លោក ហ៊ុន សែន បានធ្វើឲ្យមានការតវ៉ាជាសាធារណៈមួយ នៅពេលលោកផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិន
ត្រឹមត្រូវរបស់តួកុនថៃម្នាក់ដែលនាងបានអះអាងថា ប្រាសាទអង្គរវត្តជារបស់ប្រទេសថៃ។
ភ្លាមៗបន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីត្រូវបានផ្សព្វផ្សាយ មនុស្សជាច្រើនបាននាំគ្នាដុតកម្ទេចស្ថានទូតថៃ និងក្រុមហ៊ុនដែលគ្រប់គ្រងដោយប្រទេសថៃជាងដប់នៅក្នុងរាជធានីភ្នំពេញ ដោយបានធ្វើឲ្យមានការខូចខាតក្នុងទឹកប្រាក់ប្រមាណ៥២លានដុល្លារអំឡុងការផ្ទុះកំហឹងត្រឹមតែប្រាំមួយម៉ោង ដែលអាជ្ញាធរមិនបានធ្វើអ្វីកើតនោះ។
លោក ហ៊ុន សែន ក៏បានច្រានចោលការលើកឡើងរបស់លោក កឹម សុខា ដែលថា ការលើកឡើងរបស់លោកអំពីមន្ទីរឃុំឃាំងទួលស្លែងត្រូវរដ្ឋាភិបាលយកមកកាត់តនោះ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ តើនរណាអាចកាត់តនិងប្រឌិតពាក្យសម្ដីទាំងនេះបាន? សូម្បីតែអ្នកនៅក្នុងហូលីវូដក៏មិនអាចកាត់តសម្ដីបែបនេះបានដែរ” ហើយលោកបានប្រាប់ឲ្យលោក កឹម សុខា កាត់តពាក្យសម្តីមួយចំនួនរបស់លោក។
លោក ហ៊ុន សែន បានថ្លែងថា “ សូមកាត់តពាក្យសម្ដីរបស់ខ្ញុំដែលថា ខ្ញុំប្រមាថមើលងាយប្រជាពលរដ្ឋ ខ្ញុំជាខ្មែរក្រហម ខ្ញុំជាមេដឹកនាំឃាតករ។ តើលោកអាចកាត់តពាក្យសម្ដីបែបនេះបានដែរទេ”?។ កាលពីថ្ងៃពុធ លោក ប៊ូ ម៉េង បានលើកឡើងថា លោកពេញចិត្តចំពោះការពន្យល់របស់លោក កឹម សុខា អំពីមន្ទីរឃុំឃាំងនេះ។
ប៉ុន្ដែ លោក ជុំ ម៉ី បានលើកឡើងកាលពីម្សិលមិញថា លោកនៅតែរង់ចាំការសុំទោសហើយនឹងទុកឱកាសឲ្យលោក កឹម សុខា ចំនួន១០ថ្ងៃ ដើម្បីសុំទោស។ លោកបានព្រមានថា“ ប្រសិនបើខ្ញុំអំពាវនាវឲ្យមានការធ្វើបាតុកម្ម វានឹងមានប្រជាពលរដ្ឋប្រហែលពីរម៉ឺននាក់ចូលរួម”។
លោកបានបន្ថែមថា “ អ្វីៗនឹងត្រូវបញ្ចប់ប្រសិនបើលោក កឹម សុខា សុំទោស ហើយមកទីនេះ [គុកទួលស្លែង] អុជធូប។ ដោយផ្អែកលើទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ យើងនឹងអភ័យទោសបុគ្គលណាដែលទទួលស្គាល់កំហុសរបស់ខ្លួន ហើយសុំទោសនោះ”។
លោក កឹម សុខា មិនអាចទាក់ទងសុំអត្ថាធិប្បាយបានឡើយកាលពីម្សិលមិញ ហើយកាលពីថ្ងៃពុធ លោកមានប្រសាសន៍ថា លោកនឹងមិនសូមអភ័យទោសចំពោះការអះអាងដែលលោកមិនបានធ្វើនោះឡើយ។
លោក សុន ឆ័យ សមាជិកសភាមកពីគណបក្ស សម រង្ស៊ី និងជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ នៅក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ បានមានប្រសាសន៍ថា លោកមិនដឹងពីការផ្លាស់ប្ដូរណាមួយនៅក្នុងគោលជំហររបស់លោក កឹម សុខា ឡើយ។
លោក សុន ឆ័យ លើកឡើងថា “ លោកជឿជាក់ថា លោកមិនបាននិយាយដូច្នេះឡើយ។ ហេតុដូច្នេះហើយ ទើបលោកមានប្រសាសន៍ថា ឲ្យលោកសុំទោសយ៉ាងដូចម្ដេច ប្រសិនបើលោកមិនបានធ្វើដូច្នេះផងនោះ”។
លោក សុន ឆ័យ បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ឲ្យលោក កឹម សុខា ចុះចេញពីតំណែង និងការបញ្ឆេះឲ្យមានការធ្វើបាតុកម្មរបស់លោកឡើយ។
លោកមានប្រសាសន៍ថា “ ខ្ញុំគិតថា យើងមិនចង់បន្ដរឿងនេះទៀតទេ ពីព្រោះយើងមិនចង់លេងល្បែងរបស់លោកឡើយ”។ លោក សុន ឆ័យ បានបញ្ជាក់ថា លោក កឹម សុខា បានចាកចេញទៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយសហគមន៍ខ្មែរនៅទីនោះ ហើយនឹងត្រឡប់មកវិញនៅបីឬបួនថ្ងៃក្រោយ។ លោកបានលើកឡើងថា ដំណើរទៅសហរដ្ឋអាមេរិកនេះ ត្រូវបានគ្រោងទុកប្រហែលមួយខែមកហើយ៕
(រាយការណ៍បន្ថែមដោយ Zsombor Peter)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង