កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបញ្ចេញឲ្យគណបក្សប្រជាជនកម្ពុជានូវលទ្ធផលសម្ងាត់ពីការស្ទង់មតិ កាលពីខែមករាក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតចំនួន២.០០០នាក់ ដែលបង្ហាញថា អ្នកបោះឆ្នោត៧៧ភាគរយនឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ឬក៏ទំនងជាបោះឆ្នោតឲ្យគណបក្សកាន់អំណាចរបស់លោក នៅក្នុងការបោះឆ្នោតជាតិ ខាងមុខនេះ។
នៅក្នុងសុន្ទរកថានៅឯពិធីបញ្ចុះខណ្ឌសីមានៅក្នុងខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មួយសប្ដាហ៍បន្ទាប់ពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិចេញផ្សាយជាសាធារណៈនូវរបាយការណ៍មួយ ដែលរកឃើញថា ៧៩ភាគរយនៃប្រជាពលរដ្ឋខ្មែរជឿថា ប្រទេសនេះកំពុងដើរក្នុងទិសដៅត្រឹមត្រូវនោះ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិក៏បានផ្ដល់តួលេខបន្ថែមដល់គណបក្សនយោបាយនីមួយៗអំពីកម្រិតនៃការគាំទ្ររបស់ខ្លួន ក្នុងចំណោមអ្នកឆ្លើយសំណួរក្នុងការស្ទាបស្ទង់មតិផងដែរ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ គណបក្សដទៃក៏ទទួលបានលទ្ធផលរបស់ខ្លួនដែរ។ នេះគឺជាសំណួរលេខ១៣ ៖ តើបងប្អូនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទេ? ចម្លើយគឺ៖ ៤៨ភាគរយនឹងបោះឆ្នោតឲ្យ២៨ភាគរយទំនងជាបោះឆ្នោតឲ្យ៧ភាគរយទំនងជាមិនបោះឆ្នោតឲ្យទេ ហើយ១៥ភាគរយនឹងមិនបោះឆ្នោតឲ្យតែម្ដង ចំណែកឯ១ភាគរយទៀតនិយាយថា ពួកគេមិនដឹងទេ”។ លោកបានបន្តថា “ ដូច្នេះ ប្រជាពលរដ្ឋដែលនឹងបោះឆ្នោតឲ្យ និងទំនងជាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាសរុបទាំងអស់មានចំនួន៧៧ភាគរយ ហើយមានតែ២២ភាគរយប៉ុណ្ណោះ ដែលនឹងមិនបោះឆ្នោតឲ្យ ឬទំនងជាមិនបោះឆ្នោតឲ្យ[គណបក្សប្រជាជនកម្ពុជា]”។
លោក យឹម សុវណ្ណ អ្នកពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រឆាំងទទួលបានរបាយការណ៍មួយស្រដៀងគ្នានេះពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ដែលបង្ហាញលទ្ធផលខុសគ្នាស្រឡះ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “ ខ្ញុំទទួលបាន [លទ្ធផលនៃការស្ទង់មតិពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ] នាពេលថ្មីៗនេះ។ [លទ្ធផល] បង្ហាញថា ៥៤ភាគរយនៃប្រជាពលរដ្ឋដែលបានស្ទង់មតិនឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ហើយ៣០ភាគរយនឹងមិនបោះឆ្នោតឲ្យ [គណបក្សសង្គ្រោះជាតិ]ទេ ចំណែក ៣ភាគរយទៀតឆ្លើយថា មិនដឹង”។
លោក យឹម សុវណ្ណ បានបន្តថា “ ខ្ញុំមិនដឹងថា [លោក ហ៊ុន សែន] បានលទ្ធផលនៃការស្ទង់មតិនេះមកពីណាទេ។ ការអះអាងរបស់គាត់គឺគ្រាន់តែធ្វើកុំឲ្យសកម្មជន និងថ្នាក់ដឹកនាំគណបក្សរបស់គាត់ភ័យខ្លាច [ចាញ់ឆ្នោត] ប៉ុណ្ណោះ”។
លោក ចេសុន ស្មាត (Jason Smart) នាយកប្រចាំប្រទេសរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ មានប្រសាសន៍ថា វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិបានរក្សាទុកស្ថិតិផ្ទៃក្នុងអំពីជម្រើសនៃការបោះឆ្នោតរបស់ប្រជាពលរដ្ឋប៉ុន្តែមិនដែលបានចេញផ្សាយស្ថិតិទាំងនេះឲ្យគណបក្សណាមួយដឹងឡើយ។ លោកបានមានប្រសាសន៍ថា “ យើងមានតួលេខតាមដានផ្ទៃក្នុង ប៉ុន្ដែយើងមិនបានផ្សព្វផ្សាយឲ្យគណបក្សណាមួយដឹងទេ។ យើងជួបជាមួយគណបក្សទាំងអស់មែន ប៉ុន្ដែ យើងមិនបានចែករំលែកព័ត៌មាននេះជាមួយពួកគេទេ”។
នៅពេលសួរថា តើតួលេខដែលលើកឡើងដោយលោក ហ៊ុន សែន និងលោក យឹម សុវណ្ណ នោះ បានឆ្លុះបញ្ចាំងពីលទ្ធផលនៃការរកឃើញរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិដែរ ឬអត់នោះ លោក ចេសុន ស្មាត
បានមានប្រសាសន៍ថា លោកមិនដឹងទេ។
អំឡុងពេលថ្លែងសុន្ទរកថាកាលពីម្សិលមិញ លោក ហ៊ុន សែន ក៏មានប្រសាសន៍ផងដែរថា បន្ទាប់ពីពិនិត្យលទ្ធផលនៃការស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ដែលក្នុងនោះ ប្រជាពលរដ្ឋចំនួន៧៩ភាគរយបានឆ្លើយគាំទ្រ នៅពេលសួរអំពីភាពជាអ្នកដឹកនាំរបស់គណបក្សរបស់លោក ដោយលើកឡើងអំពី ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងការកាត់បន្ថយភាពក្រីក្រនោះ លោកចង់ដឹងថា ហេតុអ្វីបានជាប្រជាពលរដ្ឋជិតមួយភាគបួននៅតែមិនជឿលើសមត្ថភាពដឹកនាំរបស់គណបក្សកាន់អំណាចក្នុងការដឹកនាំប្រទេសក្នុងទិសដៅត្រឹមត្រូវ។
លោកបានសួរថា “ ចំពោះប្រជាពលរដ្ឋចំនួន២១ភាគរយ ដែលបាននិយាយថា យើងមិនបានដើរតាមទិសដៅត្រឹមត្រូវនោះ យើងត្រូវតែពិនិត្យមើលថា តើមូលហេតុអ្វី។ តើពួកគាត់ព្រួយបារម្ភពីអ្វី?”។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន២១ភាគរយ បាននិយាយថា ពួកគាត់មិនគិតថា ប្រទេសនេះកំពុងតែដើរក្នុងទិសដៅត្រឹមត្រូវនោះទេ គឺដោយសារតែអំពើពុករលួយ ការចាប់យកដី ភាពក្រីក្រ និងបក្ខពួកនិយម៕
(រាយការណ៍បន្ថែមដោយ Colin Meyn)
ប្រែសម្រួលដោយ ហម សុផាណ្ណា