33 C
Phnom Penh

តុលាការ​កាត់ទោស​អតីត​មន្ត្រី​នគរបាលឲ្យជាប់ពន្ធនាគារ២៩ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ សា​​​លា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ផ្តន្ទា​​​​ទោសអតីត​​​អនុប្រធាន​​​ការិយា​​​ល័យ​​​នគរ​​​បាល​​​ទេសចរណ៍ក្រសួង​​​មហា​​​ផ្ទៃ​ម្នាក់​ ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​រយៈ​​​ពេល​​​២៩​​​ឆ្នាំពីបទ​​​ចែក​​​ចាយ និង​​​រក្សា​​​ទុក​​​សារ​​​ធាតុ​​​គីមី និង​​​សម្ភារសម្រាប់​​​ផលិតថ្នាំ​​​ញៀន​​​មេតំ​​​ហ្វេតាមីន​​​ចំនួន​​​៣៤តោន។

លោកស្រី ចាំង ស៊ីណាត ប្រធាន​​​ចៅក្រម​​​​ជំនុំជម្រះ​​​បាន​​​មាន​​​ប្រសាសន៍ថា “ សាលា​ដំបូង​​​បាន​​​សម្រេច​​​ចេញ​​​សាល​​​ក្រម​​​​ផ្តន្ទា​ទោស​​​ឈ្មោះ​​​ កាំង សុវណ្ណារ៉ា ឲ្យ​​​ជាប់​​​ពន្ធនា​គារ​​​រយៈពេល​​​២៩ឆ្នាំ និង​​​បង្គាប់​​​ឲ្យ​​​ជន​​​​នេះ​​​បង់​​​ប្រាក់​​​ពិន័យ​​​៨០លាន​​​រៀល”។

អតីត​​​មន្ត្រី​​​នគរបាល​​​អាយុ​​​៤៧ឆ្នាំ​រូប​នេះ​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ កាលពីថ្ងៃទី១៤ ​ខែកក្កដា ​ឆ្នាំ​​​២០១២ នៅ​​​រាជធានី​​​ភ្នំពេញ ប្រហែល​​​​​​ពីរសប្តាហ៍​​​ បន្ទាប់​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ឆ្មក់​​​ចូល​​​កសិដ្ឋាន​​​ចិញ្ចឹ​ម​​​ជ្រូក​​​មួយ​​​កន្លែង​​​នៅ​​​ខេត្ត​​​កំពង់​​​ស្ពឺ ដែល​​​គាត់​​​បាន​​​ជួល​​​បន្ទាប់​​​ពី​​​អ្នក​​​ភូមិ​​​បាន​​​ប្តឹង​​​​អំពី​ការ​​​ឆួល​​​ក្លិន​​​គីមី​​​ដ៏​​​ខ្លាំង​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​។

អំឡុង​​​ពេល​​​ធ្វើ​​​សវនាការ​​​របស់​​​គាត់​​​កាល​ពីដើម​​​ខែនេះ លោក កាំង សុវណ្ណារ៉ា បាន​​​និយាយថា ធុង​ទាំង​នោះ​​គឺ​ជា​ធុង​ដាក់​​​​​​ទឹក​​​ជ្រលក់​ ដែល​​​គាត់​​​​គ្រោង​​​​នាំ​​​ចេញ​ឲ្យ​​បុរស​ជន​​​ជាតិ​​​ចិន​​​​សញ្ជាតិ​កាណាដា​​​ម្នាក់ ។ ​​​កាលពី​​​ម្សិលមិញ លោកស្រី ​ជាតិ សុខា ​មេធាវីរបស់​​​ឈ្មោះ កាំង សុវណ្ណារ៉ា ​​​ បាន​​​អះ​អាង​ជា​ថ្មី​ម្តង​​​ទៀត​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​ស្រី​មិន​​​មាន​​​ទោស​​​ទេ​​​។

លោក​​​ស្រី​​​ ជាតិ សុខា បាន​​​មានប្រសាសន៍​បន្ថែម​ទៀត​ថា “ កូនក្តី​​​របស់​​​ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​សាលក្រម​​​នេះ​​​បាន​​​ទេ។ ខ្ញុំ​​​នឹង​​ពិភាក្សា​​​ជាមួយ​​​និង​​​លោក​​​ កាំង​​​ សុវណ្ណារ៉ា បន្ថែម​​​ទៀតហើយ​​​យើង​​​នឹង​​​​រៀប​ចំ​​ប្តឹង​​​​ឧទ្ធរណ៍”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស