29 C
Phnom Penh

ជនជាតិភាគតិចព្នង បញ្ឈប់​​​ក្រុម​អ្នក​​​​កាប់​ឈើ​​​ខុសច្បាប់​​​ចំនួន​១១នាក់​​​នៅ​ក្នុង​​​ខេ​​​ត្តមណ្ឌលគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិបាន​​​ឲ្យ​​​ដឹងថា កាលពីថ្ងៃពុធ ​អ្នក​ភូមិ​ជនជាតិ​​​ភាគតិចព្នង នៅខេត្ត​​​មណ្ឌល​​​​គិរី ​បាន​បញ្ឈប់ និង​ឃាត់​ខ្លួនអ្នក​​​ក្រៅ​​​ភូមិចំនួន១១​​​នាក់ ដែ​ល​ពួក​គាត់​បាន​​​​តាម​ទាន់​​​ពេល​កំពុង​​​​កាប់ឈើខុសច្បាប់​​​នៅ​​​ក្នុងតំបន់​​​​នោះ​។

អ្នកភូមិ​​​និយាយថា​​​ ខ្លួន​បាន​​​ធ្វើ​សកម្ម​ភាព​ដោយ​​​ខ្លួនឯង ​ក្នុង​ការ​បញ្ឈប់​​​អ្នកកាប់ឈើ​​​​មួយ​ក្រុម​​​ ដែល​​​ត្រូវ​​​បាន​​​គេ​​​ជួល​​​ឲ្យកាប់​រំលំ​ដើមឈើ​​​​​នៅ​​​លើ​​​ដី​​​រដ្ឋទំហំ១.០០០ហិកតា​​​នៅឃុំប៊ូស្រា ស្រុកពេជ្រាដា បន្ទាប់​​​ពីមិន​មាន​
ការជួយ​​​ធ្វើអន្តរាគមន៍ពី​​​អាជ្ញាធរ។

លោក ឃុត ចាន់រ៉ា ប្រធានសហគមន៍​​​ព្រៃ​ឈើ ពូលូ ជាក្រុមមួយ​​​របស់ជនជាតិ​​​ភាគ​តិច​ព្នង ដែលដើរល្បាត​​​ដើម្បី​​​ការពារ​​​ព្រៃ​​​នេះ ​ព្រោះ​ជា​ព្រៃ​ដែល​​​​ពួកគាត់​ពឹង​ផ្អែក​​​​សម្រាប់​​​ជីវភាព​​​រស់នៅ​​​ជា​​​ប្រពៃណី​​​របស់​​​ពួក​គាត់​នោះ បានមានប្រសាសន៍ថា អ្នក​​​កាប់ឈើ​ទាំង​​​​នេះ បាន​រាន​ព្រៃ​​​​កាប់​ឈើ​​​​ប្រហែល​១០០​ហិកតា ចាប់តាំង​​​ពី​​​ដើម​​​ខែ​​​នេះ​មក។

លោក ​ឃុត ចាន់រ៉ា បានមាន​ប្រសាសន៍​ថា “ កាលពីថ្ងៃពុធ យើង​​​រឹប​អូស បាន​​​រ​ណារ​យន្ដ​​​ពីរ​​​​គ្រឿង កាំប​​​ិត  និងពូថៅ​​​មួយ​​​ចំនួន​​​​ពី​​​មនុស្ស​​​​១១នាក់”។ លោក ​ឃុត ចាន់រ៉ា បានមាន​​​ប្រសាស​​​ន៍​ថា បន្ទាប់​​​មក អ្នកភូមិ​​ទាំង​នេះ​​​បាន​ឃាត់​ខ្លួន​​​មនុស្ស​​​​​ទាំង​១១នាក់នេះ ដែល​​​បាន​សារ​ភាពថា ខ្លួន​​​ត្រូវបានគេ​​​នាំ​​​មក​​ពីខេត្ត​កំពង់ចាម រយៈ​ពេល​​​ប្រហែល​​​១ម៉ោង។

លោក​​មានប្រសាសន៍ថា “ ពួក​គេ​ត្រូវ​បាន​​ដោះលែង​នៅថ្ងៃ​​​ដដែល​​​នោះ ​បន្ទាប់​ពីយើង​បានព្រមាន​​​ពួកគេ​​​កំុ​​​ឲ្យ​​​ត្រឡប់​មក​​​វិញ​​​ម្ដងទៀត”។ លោក ឃុត ចាន់រ៉ា បាន​មាន​ប្រសាសន៍​ថាអ្នកភូមិ ចាប់បាន​​​ក្រុមអ្នក​​​កាប់ឈើ​​​​នៅលើ​ដី​នេះ​​​បីលើករួច​​​មក​​​ហើយ​​​នៅខែ​​​នេះ និង​បាន​រាយការណ៍​​​អំពី​​​អ្នក​កាប់​ឈើ​​​ទាំង​​​នេះ​​​ទៅ​អាជ្ញាធរ ដែលមិនបាន​​​​ចាត់​​​​ការអ្វីសោះ។​លោកមានប្រសាសន៍​​​ថា “ យើង​​​ទាំង​អស់​គ្នា​បាន​នាំ​គ្នា​​​​មក​​​បញ្ឈប់​​​​​​សកម្មភាព​​​កាប់ឈើ​​​ខុសច្បាប់​​​​​​នៅពេល​​​នេះ ពីព្រោះអាជ្ញាធរ​​​ធ្វើ​​​មិន​​​ដឹង​​​មិនឮចំពោះ​​​សំណើរបស់យើង​”។

អ្នកកាប់ឈើ​​​ ដែល​​​ត្រូវបាន​​​ចាប់ខ្លួន ទាំង​​​អស់​​​​បាននិយាយប្រាប់អ្នកភូមិថា ពួកខ្លួន​​​ត្រូវ​​​បាន​​​អ្នក​​​ជំនួញ​​​ក្នុង​​​ស្រុក​​​​​​មិន​​​ស្គាល់​​​ឈ្មោះ​​​ម្នាក់​​​ជួល​​​​​​​ពួក​គេ​ម្នាក់​២០.០០០​​​រៀល​​​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។ លោក​​​ ជ្រីវ ធី អាយុ​​​៤៣ឆ្នាំ​​​ អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត​​​បាន​​​និយាយ​​​ថា“ យើង​​​បាន​​​​​​ឃើញ​​​ឈើ​​​រាប់​​​រយ​​​ដើម​​​ដួល​​​​​​នៅ​​​ក្នុង​​​ព្រៃ​​​នេះ ដោយ​ឈើ​មួយ​​​ដើម​​​ៗមាន​​​ប្រវែង​​​ចន្លោះ​​​ពី​​​៥ម៉ែត្រ​​​ ទៅ​​​១២​​​ម៉ែត្រ​​​ និង​​​មាន​​​មុខ​​​កាត់​​​ប្រហែល​​​ពី​​​៥០​ទៅ​​​៦០​​សង់​ទី​ម៉ែត្រ”។

លោក ងួន សារ៉ាន់ អភិបាល​​​ស្រុក​​​បាន​​​បដិសេធថា​​​ អាជ្ញាធរ​​​​មិន​បាន​ធ្វើ​មិន​​​​ដឹង​​​ឮ​ចំពោះ​ពាក្យ​បណ្តឹង​របស់​​​អ្នក​​​ភូមិ​​​​អំពី​​​​ការ​​​កាប់​​​ឈើ​​​នេះទេ ប៉ុន្ដែ​​​បាន​​​ទទួលស្គាល់​​​ថា ក្រុម​​​មន្ត្រី​​​គ្រាន់​​​តែ​​​បាន​​​ទៅ​​​តំបន់​​​នេះ​នៅ​​ពេល​ដែល​អ្នក​ភូមិ​​បាន​រាយ​ការណ៍​​​​​អំពី​ការ​កាប់​ឈើ​​​​នេះ​ជា​លើក​ទី​៤​ប៉ុណ្ណោះ ។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​មិន​​​ដែល​​​​ធ្វើ​​​មិន​​​ដឹ​​ង​​​មិ​ន​​​ឮចំពោះ​​​សំណើ​​​របស់​​​អ្នក​​​ភូមិ​​​ទាំង​​​​​​នេះទេ ប៉ុន្ដែ​​​អ្នក​​​កាប់​​​ឈើ​​​ទាំង​​​នោះ​បាន​​​រត់​​​គេច​​​ខ្លួន​​​ចូល​​​ក្នុង​​​ព្រៃ​​​ពេល​​​យើង​​​ទៅ​ដល់​​​”។ “ ខ្ញុំ​​​បាន​​​បង្គាប់​​​ឲ្យ​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​របស់ខ្ញុំ​​​
ធ្វើ​​​របាយ​​​ការណ៍​​​ស្ដី​​​ពី​​​ទំហំ​​ដី​​​ព្រៃ​​​សហគមន៍​​​នេះ ​និង​​​វាលកប់ខ្មោច​​​របស់ជន​​​ជាតិ​​​ភាគតិច​​​ព្នង ​ដើម្បី​​​ផ្ដល់​​​ការ​​​ការ​​​ពារ​​​ចំពោះ​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស