មន្ត្រីតុលាការមួយរូបបានឲ្យដឹងថា កាលពីម្សិលមិញ សាលាដំបូងខេត្តកំពត បានសាកសួរបុរសជនជាតិបែលហ្សុិកម្នាក់ ដែលត្រូវបានចោទប្រកាន់ថាបានសម្លាប់ស្ត្រីជនជាតិបារាំងម្នាក់។
គួររំឭកថា លោក អូលីវើ វ៉ាន់ដេន បូហ្គេត (Olivier Van den Bogaert) អាយុ៤០ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែមុនពីបទសម្លាប់ស្ត្រីអាយុ២៥ឆ្នាំ ម្នាក់ឈ្មោះអូហ្វេលី បេ៊កនី (Ophelie Begnis)រយៈពេលជាងពីរខែ បន្ទាប់ពីសាកសពអាក្រាតកាយរបស់នាងត្រូវបានប្រទះឃើញដោយមានស្នាមរបួសលើដៃទាំងពីរនិងក្បាលរបស់នាងនៅលើមាត់ស្ទឹងមួយកន្លែងក្នុងក្រុងកំពតកាលពីថ្ងៃទី១០ ខែកុម្ភៈ។
លោក ហុង សុគន្ធវឌ្ឍនា ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា លោកបានសាកសួរលោកវ៉ាន់ដេន បូហ្គេត កាលពីម្សិលមិញ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្ត ហើយលោក ឃុន សុផល ដែលជាមេធាវីរបស់លោក បានអះអាងថា គ្មានភ័ស្តុតាងណាមួយត្រូវបានរកឃើញដើម្បីដាក់បន្ទុកលើកូនក្តីរបស់លោកទេ ដោយបានបន្ថែមថា លោកនឹងដាក់ពាក្យធានាឲ្យលោក វ៉ាន់ដេន បូហ្គេត ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន។
លោក ឃុន សុផល បានមានប្រសាសន៍ថា “ យើងកំពុងរៀបចំឯកសារសម្រាប់ធានារូបគាត់ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន”។ លោក ឃុន សុផល បានឲ្យដឹងថា ខ្លួនមិនបានទទួលព័ត៌មានអំពីសំណាកឌីអិនអេ (DNA) ដែលអាជ្ញាធរបារាំងប្រមូលបានពីសាកសពជនរងគ្រោះភ្លាមៗក្រោយការស្លាប់របស់នាងទេ។
ទាំងស្ថានទូតបារាំង និងស្ថានកុងស៊ុលបែលហ្សុិក បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងក្តីនេះ ដោយបានលើកហេតុផលថាការស៊ើបអង្កេតកំពុងបន្តនៅឡើយ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ