ក្នុងចំណោមមនុស្សជាច្រើនស្លៀកពាក់ឯកសណ្ឋានពណ៌ខៀវនោះ គេមើលឃើញមនុស្សមួយចំនួនតូចមកពីមណ្ឌលកែប្រែម-២ នៃពន្ធនាគារព្រៃសច្បាស់ជាងគេ។ ហើយអ្វីដែលធ្វើឲ្យពួកគេ ខុសប្លែកពីគេ មិនមែនត្រឹមតែសម្លៀកបំពាក់នោះទេ គឺ “ទណ្ឌិតទាំងនេះមិនបានប្រព្រឹត្តបទល្មើស និងគ្មានទោសដើម្បីតវ៉ាឡើយ”។
លើសពីនេះ កុមារមួយចំនួននៅបៅដោះនៅឡើយ ហើយខ្លះទៀតទើបតែចេះវារ។ ពួកគេទាំងអស់ស្ងប់ស្ងាត់ បើកភ្នែកធំៗ ហើយតោងម្ដាយយ៉ាងស្អិត ដែលពួកគេជាច្រើនកំពុងជាប់ពន្ធនាគារពីបទល្មើសតូចតាច ឬក៏ពីបទល្មើសគ្រឿងញៀននៅក្នុងប្រព័ន្ធមួយដែលផ្ដល់មូលនិធិមិនគ្រប់គ្រាន់មានទណ្ឌិតច្រើនហួសកម្រិត និងធ្វើការហួសកម្លាំង។ កុមារជាច្រើនក្នុងចំណោមកុមារទាំងនោះមិនដែលស្គាល់ជីវិតនៅខាងក្រៅពន្ធនាគារ ដែលមានដំបូលកញ្ចក់បែកបាក់នោះទេ។
ពន្ធនាគារតែងតែខ្វះតម្រូវការជាមូលដ្ឋានសម្រាប់កុមារ ដូចជា ការផ្គត់ផ្គង់ថ្នាំសង្កូវ ស្បៀងអាហារ និងការអប់រំ។
នៅថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិ កាលពីថ្ងៃសៅរ៍ ស្ថិតិថ្មីបំផុតបង្ហាញថា នៅកម្ពុជា មានក្មេងៗចំនួន៥៨នាក់ បានជាប់ពន្ធនាគារជាមួយឪពុកម្ដាយរបស់ខ្លួននៅក្នុងពន្ធនាគារចំនួន១៤នៅទូទាំងប្រទេសប្រទេសកម្ពុជា។
ហើយក៏មានកូនៗរបស់មន្ត្រី និងបុគ្គលិកពន្ធនាគារចំនួន៤០០នាក់ផងដែរ នេះមានន័យថា ក្មេងៗទាំងនេះជារឿយៗចំណាយពេលវេលានៅខាងក្នុងពន្ធនាគារ ដែលឪពុកម្ដាយរបស់ពួកគេធ្វើការនៅទីនោះ។ មានទណ្ឌិតជាអនីតិជនចំនួន៤៤៦នាក់ ដែលមានអាយុក្រោម១៨ឆ្នាំ និងមានស្ត្រីមានផ្ទៃពោះចំនួន១៥នាក់ ជាប់ពន្ធនាគារទាំង១៤នៅក្នុងប្រទេសនេះ។
ក្នុងចំណោមពន្ធនាគារទាំងអស់នេះ មណ្ឌលកែប្រែម-២ ក្នុងរាជធានីភ្នំពេញ មានកូនរបស់ទណ្ឌិតជិត២០នាក់ កូនរបស់មន្ត្រីពន្ធនាគារចំនួន៧៣នាក់ អនីតិជនចំនួន១៦៥នាក់ និងស្ត្រីមានផ្ទៃពោះចំនួនប្រាំពីរនាក់។ កាលពីថ្ងៃសុក្រ ដើម្បីប្រារព្ធទិវាកុមារអន្តរជាតិបុគ្គលិកមកពីអង្គការសិទ្ធិមនុស្សលីកាដូ បានចែកអំណោយ លេងល្បែងកម្សាន្ត និងឲ្យពួកគេបានសម្រាកមួយរយៈខ្លីពីការងារដ៏លំបាកនៅឯពន្ធនាគារទាំង១៤។
លោកស្រី ណាលី ពីឡូក (Naly Pilorge) នាយិកាអង្គការលីកាដូ បានមានប្រសាសន៍ថា អង្គការរបស់លោកស្រីពុំមានតួនាទីសម្រេចថា តើកុមារគួរ ឬមិនគួរនៅជាមួយម្ដាយរបស់ពួកគេនៅក្នុងពន្ធនាគារ ឬអត់នោះទេ។
លោកស្រីបានមានប្រសាសន៍ថា “ វាស្មុគស្មាញខ្លាំងណាស់”។ ម្យ៉ាងវិញទៀត ក្មេងៗមិនគួរធំធាត់ឡើងនៅក្នុងពន្ធនាគារទេ។ ប៉ុន្តែ វារឹតតែគ្រោះថ្នាក់ថែមទៀត ប្រសិនបើឲ្យពួកគេរស់នៅឆ្ងាយពីម្ដាយរបស់ពួកគេ”។
លោកស្រីបានបន្តថា “ យើងព្យាយាមធ្វើឲ្យប្រាកដថា ប្រសិនបើក្មេងៗត្រូវរស់នៅកន្លែងផ្សេង ពួកគេត្រូវតែអាចមកជួបម្ដាយរបស់ខ្លួន ដើម្បីរក្សាទំនាក់ទំនងរវាងម្ដាយនិងកូន ហើយប្រសិនបើពួកគេនៅក្នុងពន្ធនាគារ ពួកគេត្រូវតែទទួលបានការអប់រំ និងការការពារ ព្រមទាំងសេវាផ្សេងៗទៀត”។
ច្បាប់ពន្ធនាគារបានហាមមិនឲ្យទណ្ឌិតទុកកូនជាមួយពួកគេនៅក្នុងពន្ធនាគារលើសពីអាយុ៣ឆ្នាំនោះទេ។ ការហាមប្រាមនេះកើតមានឡើងបន្ទាប់ពីមានការដាក់បញ្ចូលមាត្រាថ្មីមួយក្នុងច្បាប់ស្តីពីពន្ធនាគារក្នុងឆ្នាំ២០១១ដើម្បីបន្ថយអាយុពួកគេពី៦ឆ្នាំ។
លោក មិញ សារឿន អនុប្រធានផ្នែកអប់រំនៃមណ្ឌលកែប្រែម-២ មានប្រសាសន៍ថា “ ខ្ញុំគិតថា ការបន្ថយអាយុពី៦ឆ្នាំ មកត្រឹម៣ឆ្នាំ គឺល្អណាស់សម្រាប់កុមារ។ កុមារមិនបានធ្វើអ្វីខុសនោះទេ។ ហេតុអ្វីពួកគេត្រូវនៅក្នុងពន្ធនាគារ? កាន់តែឆាប់ចេញពីពន្ធនាគារ ពួកគេកាន់តែមានការអភិវឌ្ឍ។ ប្រសិនបើសមាជិកគ្រួសាររបស់ពួកគេចង់យកពួកគេចេញពីពន្ធនាគារមុនអាយុ៣ឆ្នាំនោះ យើងក៏អនុញ្ញាតដែរ”។
ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះមិនបានអនុវត្តឲ្យបានតឹងរ៉ឹងទេ។ ទណ្ឌិតម្នាក់នៅឯមណ្ឌលកែប្រែម-២ បានជាប់ពន្ធនាគារជាមួយនឹងកូនប្រាំនាក់របស់គាត់ ដែលមានអាយុចាប់ពី២ឆ្នាំដល់៨ឆ្នាំ។ ហើយកូនពីរនាក់ ក្នុងចំណោមកូនទាំងប្រាំនាក់នោះ មានរូបរាងខុសពីធម្មតា។
យោងតាមលោក អែននី ស្ការ៉េនប្រូច (Anne Scharrenbroich) អ្នកពិគ្រោះយោបល់ផ្នែកចិញ្ចឹមកុមារជាប់ពន្ធនាគារប្រចាំអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា ស្ត្រីនេះបានបដិសេធមិនឲ្យគេយកកូនច្បងបីនាក់របស់គាត់ទៅចិញ្ចឹមទេ ដរាបណាទោសរបស់គាត់មិនទាន់បានចប់នៅក្នុងខែមិថុនានោះ។ ប្ដីរបស់គាត់ក៏ជាប់ពន្ធនាគារក្នុងមណ្ឌលកែប្រែម-១ ផងដែរ។ ប្ដីប្រពន្ធនេះ ដំបូងឡើយជាប់ពន្ធនាគារនៅក្នុងខេត្តប៉ៃលិន កាលពីខែឧសភា ឆ្នាំ២០១១ ហើយត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារជាថ្មីកាលពីខែមករា ឆ្នាំ២០១២ពីបទជួញដូរគ្រឿងញៀន។
លោក សារឿន បានមានប្រសាសន៍អំពីកូនៗរបស់ស្ត្រីទណ្ឌិតរូបនេះថា “ កូនរបស់គាត់ខ្លះអាយុលើសពី៣ឆ្នាំ ប៉ុន្តែពុំមានសមាជិកគ្រួសារណាមួយចង់យកកូនៗទាំងនោះចេញក្រៅពន្ធនាគារទេ ដូច្នេះពួកគេត្រូវបន្ដនៅទីនេះ”។ លោកបានបន្ថែមថា អង្គការក្រៅរដ្ឋាភិបាលត្រៀមជួយកុមារទាំងនោះ ក្នុងកាលៈទេសៈបែបនេះ។
កាលពីថ្ងៃទី២២ ខែឧសភា អង្គការគ្រូពេទ្យគ្មានព្រំដែន ហៅ Medecins Sans Frontieres បានសម្ពោធអគារសម្រាប់ម្ដាយ និងកូនថ្មីមួយនៅជិតមណ្ឌលសុខភាពកែប្រែម-២ ដែលកាលពីមុនម្ដាយ និងកូន ព្រមទាំងស្ត្រីមានផ្ទៃពោះធ្លាប់នៅទីនោះ។ អគារថ្មីនោះមានន័យថា កុមារមិនអាចនៅជិតទណ្ឌិតដទៃទៀតទេ ហើយពួកគេមានកន្លែងលេងទៀតផង។
លោក ហែម កុសល អនុប្រធានមណ្ឌលសុខភាពនៅមណ្ឌលកែប្រែម-២ បានមានប្រសាសន៍ថា ក្នុងចំណោមកុមារទាំងអស់នោះ មានកុមារាម្នាក់អាយុ២ឆ្នាំ រូបរាងស្គមស្គាំង ហើយកាលពីថ្ងៃសុក្រ បានកាន់ប្រដាប់លេងថ្មីមួយ ខណៈពេលតោងដៃម្ដាយយ៉ាងស្អិតនោះ បានកើតជំងឺរបេង។នេះជាបញ្ហាធម្មតានៅក្នុងពន្ធនាគារ ដែលមានទណ្ឌិតច្រើនពេក។
លោក កុសល បានមានប្រសាសន៍ថា “ មានក្មេងប្រុសអាយុ២ឆ្នាំម្នាក់ កើតជំងឺរបេង ហើយម្នាក់ទៀតអាយុ១ឆ្នាំកន្លះ កើតជំងឺមហារីក និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា”។
លោកបានបន្ថែមថា “ វាជាធម្មតាទេ ដែលកុមារងាយកើតជំងឺ ប្រសិនបើពួកគេនៅក្នុងពន្ធនាគារ។ វាមិនដូចជារស់នៅខាងក្រៅនោះទេ”។
នៅពេលសួរថា តើអ្នកស្រីសុខចិត្តឲ្យកូនរបស់ខ្លួននៅក្នុងពន្ធនាគាររហូតដល់អាយុ៣ឆ្នាំ ឬក៏ឲ្យគេយកទៅចិញ្ចឹមនោះ អ្នកស្រី កែវ ចរិយា ទណ្ឌិតអាយុ២២ឆ្នាំ បាននិយាយថា “ ខ្ញុំចង់ឲ្យពួកគេនៅជាមួយខ្ញុំ”។
កាលពីថ្ងៃសុក្រ កូនតូចៗរបស់ទណ្ឌិតបានមើលទៅទណ្ឌិតផ្សេងទៀតផ្ទុះសំណើចទាំងសោះកក្រោះពេលលេងល្បែងរាំដណ្ដើមកៅអី។
ប៉ុន្តែមានកុមារម្នាក់នៅក្នុងចំណោមនោះ ដែលមើលទៅមានអាយុមិនដល់១២ឆ្នាំផងនោះ “ មិនអាចបញ្ចេញស្នាមញញឹមទេ”។
គួររំឭកថា ច្បាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជាចែងថា កុមារអាយុ១៤ឆ្នាំ ទើបអាចទទួលខុសត្រូវចំពោះបទល្មើស។
លោក សារឿន បានផ្ដល់តួលេខផ្សេងគ្នាពីអង្គការសិទ្ធិមនុស្សលីកាដូ ដោយលើកឡើងថា មានទណ្ឌិតអនីតិជនចំនួន២១៥នាក់ នៅក្នុងអគារផ្សេងគ្នា ក្នុងមណ្ឌលកែប្រែម-២ ហើយថា មានទណ្ឌិតបីនាក់ក្មេងជាងគេ គឺអាយុ១៤ឆ្នាំ។
លោកបានមានប្រសាសន៍ថា “ វាល្អហើយសម្រាប់ពួកគេស្នាក់នៅទីនេះ ពីព្រោះប្រសិនបើពួកគេរស់នៅខាងក្រៅ ពួកគេអាចនឹងរស់នៅតាមចិញ្ចើមថ្នល់។ នៅទីនេះ ពួកគេទទួលបានការអប់រំរហូតដល់វិទ្យាល័យហើយទទួលស្គាល់ដោយក្រសួងអប់រំទៀត។ ពួកគេក៏អាចរៀនភាសា អង់គ្លេស និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចជា រៀនជួសជុលរថយន្តជាដើម”។
ទណ្ឌិតជាអនីតិជនភាគច្រើនជាប់ពន្ធនាគារនៅឯមណ្ឌលកែប្រែម-២ ដោយសារតែពួកគេជាចោរ ឬប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងថ្នាំញៀន។
លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ មានប្រសាសន៍ថា ជនល្មើសក្មេងៗ ទទួលបានផលប្រយោជន៍ពីប្រព័ន្ធយុត្តិធម៌សម្រាប់ទណ្ឌិតជាអនីតិជន។
លោកបានមានប្រសាសន៍ថា “ យើងកំពុងរង់ចាំឲ្យច្បាប់នោះអនុម័ត”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា