29 C
Phnom Penh

​ចិន​​​ពង្រីក​​ឥ​ទ្ធិ​ពល​​របស់​​ខ្លួន​​​នៅ​​ក្នុង​​វិទ្យាស្ថាន​​ខុងជឺ​ ​នៅ​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទប់​រៀន​នៅ​ក្នុង​វិទ្យាស្ថាន​ខុងជឺ​ នៅ​ក្នុង​បរិវេណ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​ គឺ​ជា​គំរូ​សម្រាប់​ការ​សិក្សា​។ ជញ្ជាំង​ពណ៌​ស​​ទើប​តែ​លាប​ពណ៌​​ថ្មី ​កៅអី និង​តុ​ថ្មីៗ​​រៀប​ជា​​ជួរ​យ៉ាង​ស្អាត ហើយ​ទូ​ឈើ​​​សម្រាប់​ដាក់​សៀវភៅ​ដែល​​មាន​ពណ៌​ភ្លឺ​រលោង​ស្ថិត​នៅ​ពី​មុខ​បន្ទប់ នៅ​ក្បែរ​​ក្ដារខៀន​ពណ៌​ស​មួយ​ ហើយ​ក្តារ​ខៀន​នោះ​ក៏​ប្រើ​សម្រាប់​​ធ្វើ​ជា​ផ្ទាំង​បញ្ចាំង​ស្លាយ​​ផង​ដែរ​។

វិទ្យាស្ថាន​ខុងជឺ​ ​ផ្ទុយ​​ពី​​សាលា​រដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ហើយ​និស្សិត​​ដែល​ចូល​ទៅ​រៀន​នៅ​ក្នុង​វិទ្យាស្ថាន​នេះ​ ត្រូវ​បង់​ប្រាក់​ត្រឹម​តែ​ប្រាំ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។ ការ​ចំណាយ​​ដ៏​ច្រើន​របស់​វិទ្យាស្ថាន​មាន​ដូច​ជា​ ប្រាក់​ខែ​គ្រូ  សៀវភៅ​មេរៀន​ សម្ភារ​បង្រៀន​​ការ​ចំណាយ​ទៅ​លើ​ប្រតិបត្តិការ​ផ្សេងៗ និង​សូម្បី​តែ​​ថ្លៃ​សំបុត្រ​​យន្តហោះ​​សម្រាប់​និស្សិត​ដែល​ត្រូវ​បន្ត​ទៅ​រៀន​ក្នុង​ប្រទេស​ចិន សុទ្ធ​តែ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ចិន​។

នៅ​ពេល​ឥទ្ធិពល​នយោបាយ​ និង​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​ពង្រីក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វិទ្យាស្ថាន​ខុងជឺ​នេះ​ក៏​មាន​ការ​ពង្រីក​របស់​ខ្លួន​ដែរ​ ដោយ​មាន​សាខា​ចំនួន​១៣ និង​និស្សិត​ចំនួន​៥.០០០​នាក់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ និងនៅ​តាម​​ខេត្ត​ចំនួន​ប្រាំ​នៅ​ទូទាំង​ប្រទេស​។

អ្វីៗ​​ដំណើរ​ការ​ល្អ​​សម្រាប់​វិទ្យាស្ថាន​នេះ ចាប់​តាំង​ពី​បាន​បើក​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា ​កាល​ពី​ឆ្នាំ​២០០៩​​មក ដោយ​​​នៅ​ឆ្នាំ​នេះ សន្និសីទ​អន្តរជាតិ​ខុងជឺ​ ដែល​​មាន​ការ​ចូល​រួម​​ពី​​តំណាង​ជាង​១០០​មក​ពី​ប្រទេស​ជា​ច្រើន​ ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​សប្ដាហ៍​នេះ នៅ​រាជ​ធានី​ភ្នំពេញ​។

លោក ជា មុន្នីរិទ្ធ នាយក​វិទ្យាស្ថាន​ខុងជឺ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “ ​ដោយសារ​តែ​យើង​បាន​បើក​សាខា​ជា​​ច្រើន​​និង​បាន​ទាក់​ទាញ​និស្សិត​ ហើយ​បាន​​ផ្សព្វ​ផ្សាយ​ពី​វិទ្យាស្ថាន​នេះ​បាន​យ៉ាង​ល្អ​​បើ​​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ យើង​បាន​ឃើញ​ថា មាន​ការ​រីក​ចម្រើន​ខ្លាំង​បំផុត ហេតុ​ដូច្នេះ​ហើយ​ទើប​ប្រទេស​កម្ពុជា​ត្រូវ​បាន​ជ្រើស​រើស​ ដើម្បី​បើក​សន្និសីទ​ខុងជឺ​នេះ​ឡើង​”។

នៅ​ពេល​គណបក្ស​កុម្មុយនីស្ត​ចិន​ផ្ដល់​ជំនួយ​ឥត​​លក្ខខណ្ឌ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ហើយ​នៅ​ពេល​ក្រុមហ៊ុន​ចិន​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​លើ​វិស័យ​​ហេដ្ឋា​រចនា​សម័្ពន្ធ ការ​រុក​រក​រ៉ែ និង​កសិកម្ម​​នោះ​ ​គ្រូ​បង្រៀន​​​ភាសា​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ដល់​វគ្គ​បំប៉ន​ និង​បាន​ជួល​ គឺ​សុទ្ធ​តែ​ជា​យុវជន​ខ្មែរ​ដែល​នឹង​ក្លាយ​ទៅ​ជា​ស្ពាន​ការ​ទូត​​រវាង​ប្រទេស​ទាំង​ពីរ​។

លោក មុន្នីរិទ្ធ បាន​មាន​ប្រសាសន៍​ថា “ នៅ​​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​១០​ឆ្នាំ​មុន​ ឬក៏​ប្រាំ​ឆ្នាំ​​មុន​​ ភាសា​ចិន​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ភាសា​សម្រាប់​ការ​ធ្វើ​ជំនួញ​ប៉ុណ្ណោះ​ ប៉ុន្តែ ភាសា​ចិន​ឥឡូវ​នេះ គឺ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​ស្រាវ​ជ្រាវ​ សម្រាប់​រដ្ឋាភិបាល​ និង​សម្រាប់​​ការទូត​”។ លោក​បាន​គូស​បញ្ជាក់​ថា តម្លៃ​ចូល​រៀន​ប្រាំ​ដុល្លារ​​ក្នុង​មួយ​ខែ​ គឺ​ត្រូវ​បាន​ផ្ដល់​យ៉ាង​ពិសេស​សម្រាប់​កូនៗ​របស់​មន្ត្រី​​រដ្ឋាភិបាល​។

លោក មុន្នីរិទ្ធ ​លើក​ឡើង​ថា មាន​គោល​ដៅ​បួន​សំខាន់​ៗ ដែល​វិទ្យាស្ថាន​ខុងជឺ​​សង្ឃឹម​ថា នឹង​សម្រេច​បាន​ត្រឹម​ឆ្នាំ​២០២០​ ក្នុង​ប្រទេស​កម្ពុជា។

វិទ្យាស្ថាន​ខុងជឺ​មាន​គម្រោង​សាង​សង់​សាលា​នៅ​ទូទាំង​២៤​ខេត្ត-ក្រុង​ទូទាំង​ប្រទេស​​កម្ពុជា ដើម្បី​បង្រៀន​ភាសា និង​វប្បធម៌​ចិន​ដល់​សិស្ស​និស្សិត​ខ្មែរ​​ប្រមាណ​៥០.០០០​នាក់​បង្កើត​​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​​​នៅ​រាជ​បណ្ឌិត​​សភា និង​នៅ​ប្រទេស​ចិន ដើម្បី​បន្ត​ការ​សិក្សា​ពី​ប្រវត្តិ​នៃ​ទំនាក់​ទំនង​កម្ពុជា​ចិន​ និង​មាន​គម្រោង​បង្កើត​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ដើម្បី​​បញ្ជូន​សិស្ស​និស្សិត​ខ្មែរ​រាប់​រយ​​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ​ទៅ​សិក្សា​រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​ប្រទេស​ចិន​។

យោង​តាម​លោក មុន្នីរិទ្ធ​ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ឥទ្ធិពល​អន្តរជាតិ និង​ការ​វិនិយោគ​​របស់​ប្រទេស​ចិន​មាន​ការ​កើន​ឡើង​​នៅ​លើ​ឆាក​អន្តរជាតិ​ វិទ្យាស្ថាន​ខុងជឺ​ ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូទាំង​ពិភព​លោក គឺ​ជា​មធ្យោ​បាយ​មួយ​ដើម្បី​ពង្រីក​ការ​ប្រើ​ប្រាស់​ភាសា​ចិន​ និង​ការ​យល់​ដឹង​ពី​វប្បធម៌​ចិន​”។

លោក​​មាន​ប្រសាសន៍​ថា “ ផល​ប្រយោជន៍​​របស់​វិទ្យា​ស្ថាន​ខុង​ជឺ​សម្រាប់​រដ្ឋាភិបាល​ចិន គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​មនុស្ស​កាន់​តែច្រើន​​ចេះ​និយាយ​ភាសា​ចិន។​មនុស្ស​កាន់​តែ​ច្រើន​នឹង​​ស្គាល់​ប្រទេស​ចិន​ ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ភាសាចិន​នឹង​កាន់​តែ​មាន​សារៈ​សំខាន់​​រហូត​ដល់​ពិភព​លោក​ទាំង​មូល​និយាយ​ភាសាចិន”។​

ទោះ​ជា​យ៉ាង​ណា​ វិទ្យាស្ថាន​ខុងជឺ​មិន​ទទួល​បាន​ការ​ស្វាគមន៍​កក់​ក្ដៅ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​ឡើយ​។

វិទ្យាស្ថាន​មួយ​ចំនួន​ដែល​គ្រប់​គ្រង​ដោយ​​​ការិយាល័យ​ហាន​បាន​ ដែល​ជា​ការិយា​ល័យ​​ជាតិ​របស់​ប្រទេស​ចិន​សម្រាប់​ការ​បង្រៀន​ភាសា​ចិន​ជា​ភាសា​បរទេស​ ត្រូវ​រង​ការ​ត្រួត​ពិនិត្យ​យ៉ាង​ខ្លាំង​នៅ​បស្ចិម​ប្រទេស​ ដែល​​នៅទី​នោះ វិទ្យាស្ថាន​ខុងជឺ​បាន​បង្កើត​មជ្ឈ​មណ្ឌល​ភាសា​ចិន​ជា​ច្រើន​តាម​សាកល​វិទ្យា​ល័យ​នានា​ ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក​។

នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០០៨ ដែល​មាន​ចំណង​ជើង​ថា​ ធ្វើ​ឲ្យ​ខុងជឺ​រស់​ឡើង​វិញ​ គោល​នយោបាយ​សាធារណៈ​​​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ និង​ការ​កើន​ឡើង​នៃ​ឥទ្ធិ​ពល​​វប្បធម៌ និង​ភាសា​ ដែល​សរសេរ​ដោយ​​វិទ្យា​ស្ថាន​សម្រាប់​គោល​នយោបាយ​សន្តិសុខ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ទីក្រុង​ស្តុក​ខុម​ ប្រទេស​ស៊ុយអ៊ែត​ វិទ្យាស្ថាន​ខុងជឺ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​​​គម្រោង​គ្រប់​គ្រងផ្លូវ​ចិត្ត​ ដែល​ជា​គោល​បំណង​ផ្សព្វផ្សាយ​​ភាព​អស្ចារ្យ​នៃ​វប្បធម៌​ចិន​​ ដែល​នៅ​ពេល​ជា​មួយ​គ្នា​នោះ​ដែរ គឺ​ដើម្បី​វាយ​បក​​មតិយោបល់​ពី​សាធារណជន​​ដែល​​​រក្សា​​ឲ្យ​មាន​​ឥទ្ធិពល​របស់​ចិន​ នៅ​ក្នុង​សហ​គមន៍​​អន្តរជាតិ​​”។

នៅ​ក្នុង​របាយការណ៍​​​បែក​ធ្លាយ​​មួយ​ពី​ទី​ភ្នាក់​ងារ​សន្តិសុខ​​​សើុប​​ការណ៍​សម្ងាត់​របស់​ប្រទេស​កាណាដា វិទ្យាស្ថាន​ខុងជឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ឧបករណ៍​របស់​ប្រទេស​ចិន​ ដើម្បី​គាំ​ទ្រ​ប្រយោជន៍​យុទ្ធសាស្ត្រ​របស់​ខ្លួន នៅ​ក្រៅ​ប្រទេស​។ របាយការណ៍​នេះ បាន​លើក​ឡើង​ថា​ “ ប្រទេស​ចិន​ចង់​ឲ្យ​ពិភព​លោក​គិត​ថា ​ប្រទេស​ចិន​​ និង​អ្វី​ៗ​ទាំង​អស់​​របស់​ចិន សុទ្ធ​តែ​ល្អ​”។

នៅ​ជាន់​ទី៣ និង​ជាន់​ខ្ពស់​បំផុត​របស់​វិទ្យា​ស្ថាន​ខុងជឺ​ ក្នុង​រាជ​ធានី​ភ្នំពេញ​មាន​បន្ទប់​បំពាក់​ទៅ​ដោយ​ម៉ាស៊ីនត្រជាក់​ដ៏​ធំ​ទូលាយ​​ដែល​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​បង្ហាញ​ពី​​ព្រឹត្តិ​ការណ៍​​ អប់រំ និង​ការ​ទូត​ផ្សេងៗ​ ព្រម​ទាំង​សមិទ្ធផល​របស់​បុគ្គលិក​ និង​សិស្ស​និស្សិត​របស់​វិទ្យាស្ថាន​ខុងជឺ​។

សិស្ស​និស្សិត​​ត្រូវ​បាន​គេ​ឃើញ​ថា កំពុង​តែ​បង្ហាញ​ក្បាច់​គុណ​ថៃជិនៅ​មុខ​ប្រាសាទ​អង្គ​រ​វត្ត​​ ​ដោយ​មាន​​កាន់​អក្សរ​ក្បាច់លាប​ពណ៌​​ស្រស់​ស្អាត និង​កំពុង​ចូល​រួម​​ជាមួយ​សម​ភាគី​​​របស់​ខ្លួន​មក​ពី​ទូទាំង​ពិភព​លោក​ ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​​និយាយ​ភាសា​និង​វប្បធម៌​ដែល​ឧបត្ថម្ភ​ដោយ​វិទ្យា​ស្ថាន​ខុងជឺ​ ​នៅ​ក្នុង​ខេត្ត​យន់ណាន​ ​ប្រទេស​ចិន។​ ស៊ុត​ធ្វើ​ពី​ប្រាក់​​​ចំនួន​បី​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​តុ​ ដែល​ជា​រង្វាន់​សម្រាប់​សិស្ស​និស្សិត​ដែល​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​ ដោយ​មាន​ភាព​​ស្ទាត់​ជំនាញ​ខាង​ភាសា​ចិន និង​ជំនាញ​របាំ​បុរាណ​ចិន​។

រូប​ថត​ជា​ច្រើន​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​អប​អរ​សាទរ​ខួប​លើក​ទី​៥៤​នៃ​ទំនាក់​ទំនង​ការ ទូត​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ខុងជឺ នៅ​ក្នុង​រាជ​បណ្ឌិត្យ​សភា និង​​មាន​ការ​ចូល​រួម​​ពី​​​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ អាន និង​លោក ផាន កាងស៊ូ​ (Pan Gangxue) ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​​កម្ពុជា។

លោក សុខ ទូច ប្រធាន​កម្មវិធី​ថ្នាក់​​​បណ្ឌិត​ នៅ​ឯ​រាជ​បណ្ឌិត​សភា​ និង​ជា​អនុប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មិន​ដូច​​បណ្ដា​ប្រទេស​​លោក​ខាង​លិច​មួយ​ចំនួន​ ដែល​​​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​របស់​ចិន​​ កំពុង​​ធ្វើ​ឲ្យ​មាន​​ក្ដី​ព្រួយ​បារម្ភ​​នោះ​​ ប្រទេស​កម្ពុជា​​មាន​ប្រវត្តិ​ទំនាក់​ទំនង​ល្អ​ជា​យូរ​មក​ហើយ​ជា​មួយ​ប្រទេស​ចិន ដែល​បាន​អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​ខុងជឺ​​​ពង្រីក​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​ខ្មែរ​។

លោក​បាន​លើក​ឡើង​ថា “ ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​បាន​ចាក់​ឫស​នៅ​ក្នុង​វប្បធម៌​ខ្មែរ​ជា​យូរ​មក​ហើយ​ មិន​មែន​ទើប​តែ​បន្ទាប់​ពី​វិទ្យាស្ថាន​ខុងជឺ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជាឡើយ​​​​។ ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​បិទ​ស្លាក​​សញ្ញា​ផ្សេង​ៗ​របស់​ចិន​នៅ​តាម​ផ្ទះ​របស់​ខ្លួន​។ ពួក​គេ​បាន​ប្ដូរ​ពី​ការ​បរិភោគ​នំបញ្ចុក​ទៅ​បរិភោគ​គុយទាវ​វិញ​និង​ផ្លាស់​ប្ដូរ​ពី​ការ​ប្រើ​ស្លាប​ព្រា​ទៅ​ប្រើ​ចង្កឹះ​”។

លោក សុខ ទូច បាន​បន្ថែម​ថា ហើយ​ទំនោរ​​​របស់​សហគ្រិន​ខ្មែរ​ដែល​បាន​រៀន​ភាសា​ចិន និង​សម្រប​ទៅ​តាមទំនៀម​ទម្លាប់​ចិន​ ក៏​ជា​ប្រពៃ​ណី​មួយ​​ក្នុង​ប្រទេស​កម្ពុជាទៅ​ហើយ​។

លោក​បាន​លើកឡើង​ថា ប្រជា​ពល​រដ្ឋ​ចិន​ និង​ប្រជាពល​រដ្ឋ​ខ្មែរ​កាត់​ចិន​បាន​គ្រប់​គ្រង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជាជាង​៧០​ភាគរយ​។ ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លះ​ចង់​ចេះ​ភាសា​​ចិន ដោយ​សារ​ឥទ្ធិពល​ចិននៅ​ក្នុង​សេដ្ឋកិច្ច​”​។

ជា តិចហុក អាយុ​១៨​ឆ្នាំ ដែល​បានបញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​៤ និង​កម្រិត​ចុង​ក្រោយ​ នៅ​ឯ​វិទ្យាស្ថាន​ខុងជឺ​កាលពី​ឆ្នាំមុន​​បាន​និយាយ​ថា ខ្លួន​មាន​ក្ដី​ស្រមើ​ស្រមៃ​នៅ​ថ្ងៃ​ណា​មួយ​​ចង់​ក្លាយ​ទៅ​ជា​ឯក​អគ្គ​រាជ​ទូ​ត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ ប៉ុន្ដែ មក​ទល់​នឹង​ពេល​េនះ​ខ្លួន​កំពុង​ស្វែង​រក​ការងារ​ណា​ ដែល​មាន​ប្រាក់​ខែ​មិន​តិច​ជាង​១.០០០​ដុល្លារ​។

សិស្ស​រូប​នេះ​និយាយ​ថា “ ឥឡូវ​នេះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​​បាន​រក​ស៊ី​ជា​មួយ​ចិន​។ អ្នក​ជំនួញ​បរទេស​ភាគ​​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ គឺ​ជា​ជន​ជាតិ​ចិន​។ ប្រសិន​បើ​សិស្ស​និស្សិត​អាច​ចេះ​និយាយ​ភាសា​ចិន​ និង​យល់​ដឹង​ពី​វប្បធម៌​ចិន​ឲ្យ​បាន​ល្អ​ប្រសើរ​ ពួក​គេ​នឹង​ទទួល​បាន​ការ​ងារ​ល្អ​ៗ​”។

សិស្ស​រូប​នេះ​បន្ដ​ថា “ នៅ​ពេល​ខ្ញុំ​សិក្សា​ [នៅ​ឯ​វិទ្យាស្ថាន​ខុងជឺ]​ ខ្ញុំ​បាន​យល់​ដឹង​ច្រើន​អំពី​វប្បធម៌​ចិន​ ហេតុដូច្នេះ​ហើយ​វា​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ខ្ញុំ​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​ប្រជា​ពល​រដ្ឋ​ចិន​”។

លីម អុីចិន ជា​សិស្ស​អាយុ១៨​ឆ្នាំ ដែល​​រៀន​​នៅ​ឆ្នាំ​ចុង​ក្រោយ​ នៅ​ឯ​វិទ្យាស្ថាន​ខុងជឺ​ បាន​និយាយ​ថា​ នាង​មិន​ទាន់​ច្បាស់​ពី​អ្វី​ដែល​នាង​ចង់​ធ្វើ​ដោយ​ប្រើ​ជំនាញ​ភាសា​ចិន​ដែល​នាង​បាន​ទទួល​នៅ​ឡើយ​ទេ​ ប៉ុន្តែ មាន​ការ​អភិ​វឌ្ឍ​ច្រើន​ពាក់​ព័ន្ធ​នឹង​អ្វី​ៗ​ទាំង​អស់​របស់​ចិន​អំឡុង​ពេល​​សិក្សា​របស់​នាង​ក្នុង​វិទ្យា​ស្ថាន​​​​នេះ​​។

នាង​បាន​និយាយ​បន្ត​ថា “ ខ្ញុំ​ចូល​ចិ​ត្តតន្ត្រី​ចិន ខ្ញុំ​ចូល​ចិត្ត​​របាំ​ចិន​។ ខ្ញុំ​ចូល​ចិត្ត​​មើល​​ប៉ុស្ដិ៍​ចិន​នៅ​ពេល​ខ្ញុំ​នៅ​ផ្ទះ​”៕
ប្រែ​សម្រួល​ដោយ​ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស