ខ្លាំធំមួយក្បាល និងសត្វរញីប្រផេះតូចមួយក្បាលកំពុងតែត្រូវបានដឹកជញ្ជូនដោយដាក់តាមវ៉ាលិសអូសមួយ ខណៈដែលក្មេងម្នាក់កំពុងតែយំ នោះគឺជាវីដេអូឃ្លីបខ្លីមួយ ដែលនឹងត្រូវចាក់បញ្ចាំងនៅឯអាកាសយានអន្តរជាតិភ្នំពេញ នៅឆ្នាំក្រោយនេះ។
រួមជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មព្រមទាំងការតាំងពិព័រណ៍បង្ហាញអំពីការជួញដូរសត្វព្រៃ វីដេអូឃ្លីបនេះមានគោលបំណងអប់រំទេសចរអន្តរជាតិឲ្យយល់ដឹងអំពីការជួញដូរសត្វព្រៃដោយខុសច្បាប់ ដែលបានក្លាយជាទីផ្សារងងឹតដ៏ធំបំផុតមួយនៅលើពិភពលោក ដោយមានទំហំទឹកប្រាក់ជួញដូរប្រមាណជា១០លានទៅ២០លានដុល្លារក្នុងមួយឆ្នាំៗ។
អង្គការសម្ពន្ធសត្វព្រៃ (Wildlife Alliance) បានឲ្យដឹងនៅឯពិធីផ្សព្វផ្សាយមួយនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃសុក្រថា តំបន់អាស៊ីអាគ្នេយ៍គឺជាជម្រកសត្វព្រៃកម្រជាច្រើនប្រភេទ ព្រមទាំងតែងតែមានច្បាប់ទន់ខ្សោយ និងការអនុវត្តច្បាប់មិនបានតឹងរឹុង ហើយតំបន់នេះ និងអាកាសយានដ្ឋាននានានៅក្នុងតំបន់នេះបានក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់ការជួញដូរសត្វព្រៃ។
អ្នកស្រី អាមុី វ៉ាន់ នីស (Amy van Nice) ប្រធានគ្រប់គ្រងខាងការអភិវឌ្ឍន៍អន្តរជាតិនៅអង្គការសម្ពន្ធសត្វព្រៃមានប្រសាសន៍ថា “ យើងទាំងអស់គ្នាចាំបាច់ត្រូវតែធ្វើការងារជាមួយគ្នា ដើម្បីការពារសត្វព្រៃនៅកម្ពុជា…. និងដើម្បីធ្វើឲ្យអាកាសយានដ្ឋានក្លាយជាតំបន់ជួរមុខសម្រាប់ការការពារ”។
អ្នកស្រី វ៉ាន់នីស បានឲ្យដឹងថា ស្លាកសញ្ញាជាច្រើន ដែលមានព័ត៌មានអប់រំអំពីការជួញដូរសត្វព្រៃ ក៏ត្រូវបានដាក់នៅតាមតំបន់ឆ្លងកាត់ព្រំដែនសំខាន់មួយចំនួនផងដែរ ដូចជា ច្រកបាវិត ប៉ោយប៉ែត ជាដើម។
កាលពីប៉ុន្មានឆ្នាំកន្លងទៅ អ្នកជួញដូរសត្វព្រៃកាន់តែមានវិធីសាស្ត្រជាលក្ខណៈប្រព័ន្ធ ដើម្បីគេចវេះពីទោសទាន់តាមច្បាប់ព្រៃឈើឆ្នាំ២០០១ ដែលមានចែងអំពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់រយៈពេល១០ឆ្នាំ ចំពោះការជួញដូរសត្វព្រៃ។
លោក ហេង គឹមឆាយ មន្ត្រីរដ្ឋបាលព្រៃឈើ បានមានប្រសាសន៍ថា “ នៅពេលយើងចាប់ផ្តើម កាលពីឆ្នាំ២០០១ អ្នកជួញដូរបានដឹកជញ្ជូនសត្វព្រៃជាទ្រង់ទ្រាយធំ ពោលគឺរហូតដល់១តោន។ ឥឡូវនេះ ពួកគេជួលអ្នកបើកបរដែលដឹកជញ្ជូនតែបន្តិចបន្តួចប៉ុណ្ណោះ ហេតុដូច្នេះលំបាកនឹងចាប់ពួកគេណាស់”។
ទោះបីជាមិនមានតួលេខពិតប្រាកដអំពីបរិមាណសត្វព្រៃដែលកំពុងត្រូវបានជួញដូរក៏ដោយ ក៏សត្វព្រៃកម្រជាច្រើនប្រភេទ ដូចជា សត្វពង្រូល ឆ្មាព្រៃ ព្រមទាំងបក្សី និងស្វាជាច្រើនប្រភេទ ត្រូវបានគេឃើញថា កំពុងមានការថយចុះ ភាគច្រើនដោយសារតែមានតម្រូវការយកជាធ្វើជាថ្នាំបុរាណចិន។ គេបានប៉ាន់ស្មានថា មានខ្លាធំមិនដល់ទៅ២០០ក្បាលផង ដែលកំពុងរស់នៅប្រទេសកម្ពុជា ចំណែកឯអង្គការក្រៅរដ្ឋាភិបាលខ្លះថា ចំនួននេះស្ទើរតែមានកម្រិតសូន្យ។
លោក ហេង គឹមឆាយ បានមានប្រសាសន៍ថា ដោយសារតែតម្លៃសត្វព្រៃនៅបរទេសតែងតែថ្លៃជាងនៅទីផ្សារក្នុងស្រុកដល់ទៅ១០ដង ទើបការជួញដូរទំនិញខុសច្បាប់របស់ពួកគេឆ្លងកាត់តាមព្រំដែន និងតាមយន្តហោះបានក្លាយជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់។
លោកបានមានប្រសាសន៍ថា “ ប្រសិនបើអ្នកអាចទទួលបានតម្លៃ១០ដុល្លារនៅក្នុងប្រទេសកម្ពុជានោះ អ្នកនឹងអាចទទួលបានតម្លៃ១០០ដុល្លារនៅប្រទេសវៀតណាម ហើយជាង១.០០០ដុល្លារនៅសហរដ្ឋអាមេរិក”។
សរីរាង្គសត្វព្រៃ ដូចជា ស្នែង និងស្បែកជាដើម ភាគច្រើនត្រូវបានគេរត់ពន្ធយ៉ាងងាយស្រួល គេចពីគយនៅតាមអាកាសយានដ្ឋាន។ ស៊ុតជារឿយៗត្រូវបានរុំភ្ជាប់នឹងខ្លួន ហើយសម្រាប់សត្វព្រៃតូចវិញ ត្រូវបានគេធ្វើឯកសារក្លែងបន្លំថា ជាសត្វចិញ្ចឹម។
អ្នកស្រី វ៉ាន់នីស បានមានប្រសាសន៍ថា “ សត្វរស់មានភាពលំបាកជាង ពួកវាត្រូវបានគេចាក់ថ្នាំឲ្យសន្លប់ ហើយជួនកាលត្រូវបានគេដាក់ទឹកកក ដើម្បីកុំឲ្យវារើ” ក្នុងវ៉ាលិស។
អ្នកស្រីបានឲ្យដឹងថា រហូតមកដល់ពេលនេះមានតែការផ្ទុះឡើងនៃការជួញដូរសត្វព្រៃសំខាន់ៗមួយចំនួនប៉ុណ្ណោះ នៅតាមអាកាសយានដ្ឋានរបស់ប្រទេសកម្ពុជា។
អ្នកស្រីបានមានប្រសាសន៍ថា “ គេជឿថាវាមានភាពងាយស្រួលនៅតាមអាកាសយានដ្ឋាននៅទីនេះ គ្មាននរណាម្នាក់អាចចាប់ពួកគេបានទេ ហើយប្រសិនបើគេអាចចាប់បានពួកគេឲ្យប្រាក់ដើម្បីកុំឲ្យចាប់”។
ជាផ្នែកនៃការផ្តួចផ្តើមនេះ បុគ្គលិកគយ អ្នកត្រួតពិនិត្យទំនិញ និងវ៉ាលិសព្រមទាំងសន្តិសុខប្រមាណជា៤០នាក់ នៅឯអាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានសៀមរាប ត្រូវបានបណ្តុះបណ្តាល ដើម្បីកំណត់រកសត្វព្រៃខុសច្បាប់ ហើយសង្ឃឹមថា ការបណ្តុះបណ្តាលនេះ និងអាចឈានទៅរកការរកឃើញ និងការចាប់ខ្លួនបានកាន់តែច្រើននៅពេលខាងមុខ៕ ប្រែសម្រួលដោយ ហួង កុកទៀន