33 C
Phnom Penh

កុមារ១៥​នាក់​​ស្លាប់​​ដោយ​​ជំងឺ​​គ្រុន​ឈាម​​ក្នុង​​រយៈ​ពេល​​១៩​​ខែ​​ដំបូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មវិធី​ជាតិ​ទប់​ស្កាត់​​ជំងឺ​គ្រុន​ឈាម បាន​ឲ្យ​ដឹង​​កា​ល​ពី​ម្សិល​មិញ​ថា កុមារ​១៥​នាក់​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​នៅក្នុង​រយៈ​ពេល​១៩សប្តាហ៍ដំបូង​នៃ​ឆ្នាំនេះ ខណៈ​ដែល​ជំងឺ​ដែល​​ឆ្លង​ពី​សត្វ​មូស​នេះ​បាន​​ចម្លង​ទៅ​​មនុស្ស​ ចំនួន​២.៥២៧​នាក់​អំឡុង​រយៈ​ពេល​ដូចគ្នា​នេះ​។

លោក ង៉ាន ចន្ថា នាយក​កម្មវិធី​ជាតិ​ទប់ស្កាត់​​ជំងឺ​គ្រុន​ឈាម​បាន​សម្តែ​ងការ​សោក​ស្តាយ​​ចំពោះ​ការ​ស្លាប់កុមារ​ទាំង​​១៥នាក់​ ប៉ុន្តែលោក​​បញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​នេះ​បាន​ថយ​ចុះ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូចគ្នានេះ​កាលពី​ឆ្នាំ​មុន ដែល​នៅពេល​នោះ​ កុមារ​១៧នាក់បាន​​ស្លាប់​ និង​មនុស្ស​៣.៦៥១នាក់​បាន​ឆ្លង​ជំងឺ​នេះ ហើយ​ស្ថាន​ភាព​នេះ​​បាន​ប្រសើរ​​​ជាង​ឆ្នាំ​២០០៧​ឆ្ងាយ​ណាស់​ ដែលនៅ​ពេល​នោះកុមារ​៥៧នាក់​បាន​ស្លាប់​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​១៩សប្តាហ៍ដំបូង​។

លោក ង៉ាន ចន្ថា ​មាន​ប្រសា​សន៍​ទៅ​កាន់​សិស្ស​វិទ្យាល័យ​ប្រហែល​១.២០០​នាក់​ដែល​បាន​ចូលរួម​ការដើរ​ក្បួនពី​វិទ្យាល័យ​ចតុមុខ​ទៅ​កាន់​សួន​ច្បារ​មុខ​វត្ត​បទុម ដើម្បី​​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ជំងឺ​គ្រុន​ឈាម​នេះ​ថា “ ទោះ​បីជា​​យើង​​ដឹង​ថា ករណី​ឆ្លង​​ជំងឺ​គ្រុនឈាម​​កំពុង​ថយ​ចុះ​ក៏​ដោយ ក៏​យើង​នៅ​តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​​​កុំ​ឲ្យ​មាន​ការ​ផ្ទុះ​ឡើងថ្មី​ទៀត​ដែរ​​។

លោក​ ង៉ាន ចន្ថា បាន​មាន​ប្រសា​សន៍​ថា “ [ជំងឺ​គ្រុន​ឈាម] បាន​ថយចុះ​៤៦​ភាគ​រយ​អំឡុង​រយៈពេល​១៩សប្តាហ៍ដំបូង​នៃ​ឆ្នាំ​នេះ បើ​ប្រៀប​ធៀប​នឹងរយៈពេល​ដូច​គ្នា​នេះ​កាលពី​ឆ្នាំ​២០១២”​។​ហើយ​លោក​បាន​​អរគុណ​ដល់​មន្ត្រី​សុខាភិបាល និង​ឪពុក​​ម្តាយ​ចំពោះ​ការ​ខំប្រឹង​ប្រែង​ការ​ពារ​កូន​ៗរបស់​ខ្លួន​កុំ​​ឲ្យ​មូស​ខាំ និង​លុប​បំបាត់​កន្លែង​មូស​ពង​។

មូសដែកគោល​មាន​ក្រឡាឆ្នូត​សខ្មៅ​ងាយ​ចំណាំ​ណាស់​ ​ហើយ​វា​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ឈាម វាពង​នៅ​កន្លែង​មាន​ទឹក​ដក់ ជាពិសេសនៅ​​តំបន់​ជាយ​ក្រុង និង​ជុំវិញ​ផ្ទះ និង​កសិដ្ឋានជាដើម។

លោក​ ង៉ាន ចន្ថា បាន​មាន​ប្រសា​សន៍​ថា បច្ចុប្បន្ននេះ​បុគ្គលិក​កម្មវិធី​ជាតិ​គ្រប់​គ្រង​ជំងឺ​គ្រុន​ឈាមកំពុង​ចែក​ថ្នាំ អាបែត​ ​សម្រាប់​សម្លាប់​សត្វ​មូស​ចំនួន​១៤០តោន​ទូទាំង​ប្រទេស​ ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​លុប​បំបាត់​កន្លែង​​មូស​ពង​​ ជាពិសេស​​នៅ​តាម​​​អាង​ និង​ពាងទឹកតាម​ផ្ទះ​ក្នុង​តំបន់​ជន​បទ៕
ប្រែសម្រួលដោយ សោម សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស