29 C
Phnom Penh

ខ្សែអាត់​​សំឡេង​​លោក កឹម សុខុន ​មាន​​ការ​​លើក​ឡើង​​ថា គណបក្ស​​​​សង្គ្រោះ​​ជាតិ​​​មិន​អាច​​​​ការពារ​​ជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខ្សែអាត់​សំឡេង​របស់​លោក កឹម សុខុន អតីត​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ដែល​បាន​​ចុះ​ចូល​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ គឺ​ជា​ខ្សែ​អាត់​សំឡេង​ថ្មី​បំផុត​ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​ ដើម្បី​បន្តុះ​បង្អាប់​គណបក្សប្រឆាំង​​មុន​ការ​បោះ​ឆ្នោត​ជាតិ ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដាខាង​មុខ​នេះ។

នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​ដែល​អង្គភាព​ព័ត៌មាន​​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​បាន​​ផ្ញើទៅ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​នានា​តាម​រយៈ​អុីម៉េល ​ គេ​អាច​ស្ដាប់​ឮ​លោក កឹម សុខុន ថ្លែង​សុន្ទរកថា​​រិះគន់​គណបក្ស​​របស់​បង​ប្រុស​លោក​​​ទៅ​កាន់​អ្នក​ចូល​រួម​ស្ដាប់​នៅ​​វត្ត​មួយ​ក្នុង​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ កាល​ពី​សប្ដាហ៍​មុន។នៅ​ក្នុង​ខ្សែ​អាត់​សំឡេង​នោះ លោក​ កឹម សុខុន បាន​​ថ្លែង​ថា “ ខ្ញុំ​មិន​ដែល​ឃើញ​គណ​បក្ស​ប្រឆាំង​រួម​ចំណែក​ជួយ​ការ​ពារ​ប្រទេស​ជាតិ​ និង​ប្រជា​ពល​រដ្ឋ​ទេ។ ពួកគេ​បាន​ត្រឹម​តែ​បំផ្លាញ​ប៉ុណ្ណោះ”។

លោក​បានមាន​ប្រសាសន៍​ថា “ ប្រសិន​បើ​គ្មាន​ [ហ៊ុន សែន] ទេ​នោះ នៅ​ពេល​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ តើ​ កឹម សុខា ឬ សម រង្ស៊ី អាច​បញ្ជា​កងទ័ព​​ ឬនគរ​បាល​បាន​ទេ? ខ្ញុំ​ជឿ​​ថា​អត់ទេ”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ប្រសិន​បើ​មាន​សង្គ្រាម​ តើ​អ្នក​ណា​ជា​អ្នកទទួល​ខុស​ត្រូវ អ្នក​ណា​នឹង​រង​គ្រោះ? អ្នក​ណា​​នឹង​មាន​​ទុក្ខ​ក្រៀម​ក្រំ? អ្នក​ណា​នឹង​រង​ទុក្ខ​វេទនា? អ្នក​ណា​នឹង​បាត់​បង់​សាច់​ញាតិ។ ស្វាមី និង​បង​ប្រុស ​ប្អូន​ប្រុស​របស់​បង​ប្អូន​នឹង​ត្រូវ​ចូល​បម្រើ​កង​ទ័ព​ ដើម្បី​ការ​ពារ​ជាតិ​​។ ប៉ុន្តែ​សម្ដេច​ ហ៊ុន សែន គឺ​អាច​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រទេស​ជាតិ​បាន​”។

យោង​តាម​លោក​ អ៊ូ ចន្ទរិទ្ធ តំណាង​រាស្ត្រ​គណ​បក្ស​សិទ្ធិមនុស្ស​ មណ្ឌល​ខេត្ត​កណ្ដាល​ បាន​ឲ្យ​ដឹង​ថា លោក កឹម សុខុន បាន​ចាក​ចេញ​​ពី​​គណ​បក្ស​ចាស់​របស់​បង​ប្រុស​លោក គឺ​គណ​បក្ស​សិទ្ធិមនុស្ស​ដែល​បាន​រួម​បញ្ចូល​គ្នា​ជាមួយ​គណ​បក្ស​ សម រង្ស៊ី ក្នុង​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​បរាជ័យ​ក្នុងការ​ទទួល​បាន​អាសនៈ​​សភា​ក្នុង​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០០៨។ ពេល​នេះ ​លោក​មាន​ឋានៈ​ជា​​ទីប្រឹក្សា​រដ្ឋាភិបាល និង​ទើប​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​អគ្គ​ស្នង​ការដ្ឋាន​​នគរ​បាល​ជាតិ។

សុន្ទរកថា​របស់​លោក កឹម សុខុន នេះ​ គឺ​ស្ថិតនៅ​ក្នុង​​ខ្សែ​អាត់​សំឡេង​ថ្មី​បំផុត ​ដែល​​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​​បាន​បញ្ចេញ​​​។ ក្នុង​រយៈ​ពេល​ពីរ​ខែ​ចុងក្រោយ​នេះ ខ្សែ​អាត់​សំឡេង​ជា​បន្ត​បន្ទាប់​ យ៉ាង​ហោច​ណាស់​ចំនួន​បី ត្រូវ​បាន​បញ្ជូន​ទៅ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​នានា​ ដែល​បាន​​លាប​ពណ៌​គណ​បក្ស​ប្រឆាំង​ថា បាន​បែក​បាក់​សាមគ្គី​ផ្ទៃ​ក្នុង​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយតប​​កាលពី​ម្សិលមិញ​ថា ​ការពិត​ដែល​ថា​​ ទាំង​លោក សម រង្ស៊ី និង​លោក​ កឹម សុខា សុទ្ធ​តែ​គ្មាន​បទ​ពិសោធ​ខាង​យោធា​ ពុំមាន​ន័យ​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​លទ្ធ​ភាព​ការពារ​សន្តិសុខ​ជាតិ​ទេ​​។

លោក​​មាន​ប្រសាសន៍​ថា “ លោក បារ៉ាក់ អូបាម៉ា [ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក] ក៏​គ្មាន​បទ​ពិសោធ​ខាង​យោធា​ដែរ​ ប៉ុន្តែ​លោក​អាច​បញ្ជា​យោធា​ទូទាំង​ពិភព​លោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ក្រុម​​ភេរវ​ករ​ និង​សត្រូវ​ផ្សេងៗ​​បាន​​។ ដូច្នេះ​ យើង​មិន​ចាំបាច់​មាន​នាយក​រដ្ឋ​​មន្ត្រី​ដែល​មាន​បទ​ពិសោធ​ខាង​យោធា​ឡើយ​។ នៅ​ពេល​យើង​ចូល​កាន់​អំណាច យើងនឹង​ពឹង​ផ្អែក​លើ​មេ​បញ្ជា​​ការ​យោធា​ប្រកប​ដោយ​វិជ្ជាជីវៈ​​​ក្នុងការ​​ផ្ដល់​អនុសាសន៍​​ ហើយ​​យើង​នឹង​ធ្វើ​ការ​សម្រេច​ថា តើ​អនុសាសន៍​​របស់​ពួកគេ​​សម​ស្រប​​ ឬក៏​អត់​នោះ​​”។

លោក​បន្ថែម​ថា​ មាន​មន្ត្រី​ជា​ច្រើន​នៅ​ក្រសួង​ការពារ​​ជាតិ ដែល​ជា​ទីប្រឹក្សា​សម្ងាត់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ដែល​មានចិត្ត​​អន្ទះសា​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​​។

លោក​ យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ថែម​​ថា “ ខ្ញុំ​គិត​ថា [ឧត្តម​សេនីយ​៍ និង​ទាហាន​] ភាគ​ច្រើន​ស្រឡាញ់​ប្រទេស​ជាតិ​ ពួកគាត់​ស្រឡាញ់​ជន​រួមជាតិ​ និង​ចង់​ឲ្យ​យោធា​មាន​ភាព​អព្យាក្រឹត​ទាំង​ស្រុង​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​លោក ហ៊ុន សែន ឲ្យ​កូន​ប្រុស​របស់​ខ្លួន​​ [ឧត្តម​សេនីយ៍​ទោ ហ៊ុន ម៉ាណែត ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃក្រសួង​ការពារ​ជាតិ​] កាន់​​មុខ​តំណែង​ដ៏​សំខាន់​មួយ ពីព្រោះ​មនុស្ស​មួយ​ចំនួន​ក្នុង​ជួរ​យោធា​មិន​គាំ​ទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ទេ។ ពួកគេ​កំពុង​រង់​ចាំ​ពេល​វេលា​មក​ដល់​ ហើយ​ពួកគេ​នឹង​ជួយ​ធ្វើ​កំណែ​ទម្រង់​យោធា​”៕
(រាយការណ៍​បន្ថែម​ដោយ Colin Meyn)
ប្រែ​សម្រួល​ដោយ តែម សុខុម​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស