30.7 C
Phnom Penh

​លោក ហ៊ុន​ សែន ៖ គណបក្ស​​ប្រជាជន​​​ឈ្នះ​​ការ​​បោះ​ឆ្នោត​​​​រួច​​ទៅ​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​សល់​ដល់ទៅ​ពីរខែ​ទៀត​ទើប​ដល់ថ្ងៃ​​​​បោះ​ឆ្នោត​ជាតិ​ គឺ​​ថ្ងៃទី​២៨ ខែកក្កដា​នោះ​ លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន បែរជា​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ចាប់​ផ្តើម​រៀប​ចំផែនការ​​សម្រាប់​ការកាន់​អំណាច​​រយៈ​ពេល​ប្រាំឆ្នាំ​ទៀត ហើយ​បាន​ប្រកាស​ថា​ ជ័យ​ជម្នះ​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា​ត្រូវ​បាន​ធានា​រួច​ជាស្រេច​ទៅ​ហើយ​។

ថ្លែង​ក្នុង​ឱកាស​​ប្រារព្ធ​ទិវា​កុមារ​អន្តរ​ជាតិ​នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​ លោក​ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ចាប់​​ផ្តើម​ធ្វើ​ការ​សិក្សា​អំពី​ទីតាំង​ភូមិ​សាស្ត្រ​នៅ​តាម​ទី​ជន​បទ​នានា​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការ​​សាងសង់​សាលា​រៀន​​​និង​មន្ទីរពេទ្យ​នានា​ក្រោយ​ការ​បោះ​ឆ្នោត​បញ្ចប់​រួចរាល់​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​ហ៊ាន​ចេញ​បទ​បញ្ជា​ឲ្យ​មានការ​ត្រៀម​អនុវត្ត​យុទ្ធសាស្រ្ត​ចតុ​កោណ​​ដំណាក់​កាល​ទី​៣​ ដោយ​ត្រូវ​សាងសង់​មន្ទីរ​ពេទ្យ​បង្អែក​ និង​មណ្ឌល​សុខភាព​បន្ថែម​ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​​ផ្អែក​​លើ​ទីតាំង​ភូមិសាស្ត្រ​ដែល​បាន​សិក្សា​រួច​ និង​ត្រូវ​សាងសង់​វិទ្យាល័យ​ និងអនុវិទ្យាល័យ​​បន្ថែម​ទៀត​​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍ថ្មី។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ យើង​នឹង​ឈ្នះ​ម្តង​ទៀត​ ​ដូច្នេះ​មិនបាច់​សង្ស័យទេ​។ សម្រាប់​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​ និង​រហូត​ដល់​ឆ្នាំ​២០១៨  ហ៊ុន សែន នឹង​ត្រូវ​បាន​បោះឆ្នោត​ឲ្យ​ធ្វើ​​ជា​នាយករដ្ឋមន្ត្រី​ម្តង​ទៀត​”។

យុទ្ធ​សាស្ត្រ​ចតុកោណ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ជាលើក​ដំបូង​ក្រោយ​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០០៣នោះ​ គឺ​ជា​គោល​នយោបាយ​ដ៏​​ទូលំ​ទូលាយ​ ​និង​ប្រកបដោយ​​មហិច្ឆតា​​ ដែល​​មាន​ការ​កំណត់​គោល​ដៅ​របស់​​រដ្ឋាភិបាល​​ក្នុង​ការ​សម្រេច​បាន​​កំណើន​សេដ្ឋកិច្ច​ខ្លាំង ការ​បង្កើត​ការងារ​ ការ​អភិវឌ្ឍ​វិស័យ​កសិ​កម្ម​ និង​ការ​ធ្វើឲ្យ​ហេដ្ឋារចនា​សម្ព័ន្ធ​​​មានភាព​ប្រសើរឡើង​។

យុទ្ធ​សាស្ត្រ​នេះ​ក៏​មានការ​កំណត់​គោល​ដៅ​ទូលំទូលាយ​​ក្នុង​ការ​ជំរុញ​ឲ្យមាន​​កិច្ច​ប្រឹង​ប្រែង​ប្រឆាំង​អំពើ​ពុករលួយ​ ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​ និង​តុលាការ​​ ការ​ធ្វើ​​វិមជ្ឈការ និងការ​កែទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ​​ផងដែរ​។​​​

​រយៈពេល​១០ឆ្នាំ​ចាប់​តាំង​ពី​រដ្ឋាភិបាល​​បានដាក់ចេញ​នូវ​​យុទ្ធ​សាស្ត្រ​ចតុ​កោណ​មក​​ អង្គការ​សិទ្ធិ​មនុស្ស​រួម​ជា​មួយ​នឹង​អង្គការ​សហ​ប្រជា​ជាតិ​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បាន​បន្ត​ធ្វើការ​កត់សម្គាល់​ថា ប្រព័ន្ធ​តុលាការ​​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​របស់ស្ថាប័ន​នីតិប្រតិបត្តិ​ ខណៈ​អំពើ​ពុករលួយ​​នៅ​តែ​ជា​បញ្ហា​រីករាលដាល​ក្នុង​​ជួរ​រដ្ឋា​ភិ​បាល​គ្រប់​ជាន់​ថ្នាក់។

ប៉ុន្តែ ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ​ លោក ហ៊ុន សែន បាន​សង្កត់​ធ្ងន់​អំពី​សមត្ថភាព​គ្មានពីរ​​​របស់​គណ​បក្ស​លោក​ក្នុង​ការ​រក្សា​សន្តិភាព​ និង​កំណើន​សេដ្ឋ​កិច្ច​ប្រហែល៧ភាគរយ​ក្នុង​មួួយឆ្នាំ​។

​តាមរយៈ​​សុន្ទរកថា​កាល​ពី​ថ្ងៃ​សៅរ៍ លោក​​ ហ៊ុន សែន ​បាន​លើក​ឡើង​សាជាថ្មី​អំពី​សិ្ថតិ​​បាន​មក​ពី​ការ​ស្ទង់​មតិ​ក្នុង​​ខែ​មករា​របស់​វិទ្យា​ស្ថាន​សាធារណ​រដ្ឋអន្តរ​ជាតិ​​ ហៅកាត់​ថា​ (IRI)​ ដែល​លោក​អះអាង​ថា ត្រូវ​បាន​បញ្ជូន​មក​គណ​បក្ស​ប្រជា​ជន​កម្ពុជា។​ ​ស្ថិតិ​នេះ​បង្ហាញ​ថា អ្នក​បោះ​ឆ្នោត​៧៧ភាគរយ​​នឹង​បោះ​ឆ្នោត​​ឬ​ទំនង​ជា​នឹង​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នាខែ​កក្កដា​ខាងមុខនេះ​។

លោក​បាន​មាន​ប្រសាសន៍ថា “ យោង​តាម​លទ្ធផល​នៃ​​ការ​ស្ទង់​មតិ​នេះ​​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​មាន [ប្រជាពលរដ្ឋ​​បោះ​ឆ្នោត​ឲ្យ​​]​ ៧៧ភាគរយ​។ នេះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ហ៊ាន​និយាយ​ថា ខ្ញុំ​នឹង​ដាក់​បញ្ចូល​គោល​នយោបាយ​ [​សាង​សង់​សាលារៀន​ និង​មន្ទីរ​ពេទ្យ​បន្ថែម]​ នេះ​ចូល​ក្នុង​​​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ដំណាក់កាល​​ទី​៣ ​របស់​រដ្ឋាភិបាល​ សម្រាប់​រយៈពេល​ប្រាំឆ្នាំ​​ទៀត​”។

កាលពី​ខែ​មុន លោក ចេសិន​ ស្មាត (Jason Smart)​ នាយក​ប្រចាំប្រទេស​របស់​វិទ្យាស្ថាន​​IRI បាន​បញ្ជាក់​​ថា “ ស្ថិតិ​ផ្ទៃក្នុង​” ស្តី​ពី​ជម្រើសរបស់​អ្នក​បោះ​ឆ្នោត​បាន​មក​ពីការ​​ស្ទង់​មតិ​នេះ​​ គឺ​មិន​មែន​សម្រាប់​​ផ្សព្វផ្សាយ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ គណ​បក្ស​នយោបាយ​ផ្សេងៗទៀត​ ឬ​សាធារណ​ជន​បាន​ដឹង​​ឡើយ​​។

ដោយ​មិន​និយាយ​ចំ​​ឈ្មោះ​​វិទ្យាស្ថាន​​IRI​  លោក ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​ស្ទង់មតិ​នេះ​ដើម្បី​ឲ្យ​​សាធារណជន​បាន​ជ្រាប​ជា​ព័ត៌មាន​។

លោក​​មាន​ប្រសាសន៍ថា​ “ មាន​អ្នក​ចេញ​មក​និយាយ​ថា របាយ​ការ​ណ៍​នេះ​គឺ​សម្ងាត់​។ ចេះ​ទាមទារ​ឲ្យមាន​​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ច្បាប់​ស្តី​ពី​សេរីភាព​​ក្នុង​ការ​ទទួលបាន​ព័ត៌មាន ប៉ុន្តែ​ខ្លួនឯង​បែរជា​រក្សា​ព័ត៌មាន​សម្ងាត់​សម្រាប់​ខ្លួន​ឯង​ទៅវិញ​”។​

លោក​ ចេសិន​ ស្មាត​ បានសង្កត់ធ្ងន់​​កាល​ពី​ម្សិលមិញ​ថា គោលការណ៍​របស់​​វិទ្យាស្ថាន ​​IRI​ គឺមិន​បង្ហាញ​ស្ថិតិ​​​ស្តី​ពី​ជម្រើស​របស់​អ្នក​បោះ​ឆ្នោតឲ្យ​សាធារណ​ជនបាន​​ដឹង​ឡើយ។ ពាក់​ព័ន្ធ​នឹង​តួលេខ​គាំទ្រ​៧៧ភាគរយ​ដែល​​លោក​ ហ៊ុន សែន បាន​លើក​ឡើង​នោះ​ លោក ចេសិន ស្មាត​ បាន​ឆ្លើយ​តប​​​ថា ការ​ស្ទង់មតិ​របស់​វិទ្យាស្ថាន​ IRI ពុំមាន​សំណួរ​ចំៗ​ថា តើ​អ្នក​ឆ្លើយ​សំណួរ​គ្រោង​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​​ណាមួយ​​ក្នុង​​ការ​បោះ​ឆ្នោត​ជាតិ​នាខែ​កក្កដាឡើយ​។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា គណ​បក្ស​ប្រឆាំង​នៅ​តែ​មាន​សុទិដ្ឋិ​និយម​​ក្នុង​ការ​បោះ​ឆ្នោត​​​នាពេល​ខាង​មុខ​នេះ​​ ព្រោះ​​ខ្លួន​បាន​ទទួល​របាយការណ៍​ដោយ​​ឡែក​និង​សម្ងាត់​​ដូចគ្នា​ ​ពី​វិទ្យាស្ថាន​ IRI ​ដែល​បង្ហាញ​​ថា អ្នក​បោះ​ឆ្នោត​៥៤ភាគរយ​គ្រោង​​បោះឆ្នោត​ឲ្យ​​គណបក្ស​ប្រឆាំង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​នេះ​។

លោក​បាន​មាន​ប្រសាសន៍ថា “ នៅ​ពេល​គូប្រជែង​របស់​យើង​ចាប់​ផ្តើម​វាយ​ប្រហារ​យើង​ វា​មាន​ន័យ​ថា យើង​កំពុង​​ដើរ​នៅលើ​ផ្លូវ​​ត្រូវ​ ហើយ​យើង​នឹង​បន្ត​បោះជំហាន​ឆ្ពោះ​​ទៅ​រក​ភាព​ជោគជ័យ​”។ លោក​បាន​បន្ថែម​ថា កង្វះ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​​ដោយ​អព្យាក្រឹត និង​ភាព​លម្អៀង​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បាន​បន្ត​រារាំង​លទ្ធភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដើម្បី​ដណ្តើម​ប្រជា​ប្រិយ​ភាព​​ដោយ​យុត្តិធម៌​។

លោក​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​ឯករាជ្យ ​​លើកឡើង​ថា គណបក្ស​នីមួយទំនង​ជា​កំពុង​នាំគ្នា​យក​ទិន្នន័យ​បាន​ពី​ការស្ទង់មតិ​​របស់​វិទ្យាស្ថាន​ IRI នេះ​ដើម្បី​ពង្រឹង​​យុទ្ធ​នា​ការ​បោះ​ឆ្នោត​របស់​ខ្លួន​ ប៉ុន្តែ​លោក​បាន​ធ្វើ​ការ​កត់សម្គាល់​​ថា ដោយ​សារ​តែ​ការ​ស្ទង់​មតិ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​​បរិយា​កាស​​មួយ​​ដែល​មាន​ភាព​លម្អៀង​និង​ការ​បំភិត​បំភ័យ​ លទ្ធផល​ដែល​ទទួល​បានមក​គឺ​អាច​ខុស​។

លោក​បាន​មានប្រសាសន៍​​ថា​ “ [​ស្ថិតិ​ផ្ទុយ​គ្នា​នេះ​គឺ]​ គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ ព្រោះ​​គណបក្ស​នីមួយ​ៗ​យកតែ​ចំណុច​​ល្អៗ​នៃការ​ស្ទង់​មតិ​នេះ​មកទាញ​យក​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​មុនការ​បោះ​ឆ្នោត​ជាតិ​នាពេល​ខាង​មុខ​នេះ​​”។

លោក​បាន​បន្ថែមថា “ យើង​គួរ​តែ​ចងចាំ​ក្នុង​ចិត្ត​​ផងដែរ​ថា ការ​ស្ទង់​មតិនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បរិយាកាស​មួយ​​ដែលមាន​ការ​បំភិតបំភ័យ​ផ្នែក​​នយោបាយ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​លម្អៀងទៅ​​តែម្ខាង​​៕
ប្រែសម្រួលដោយ ស៊ា​ ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស