38.1 C
Phnom Penh

លោក​ ហ៊ុន សែន ៖ NGO ​​ខ្ជះខ្ជាយ​ប្រាក់​លើ​យុទ្ធនា​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​ទីជន​បទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សៅរ៍ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ប្រាប់​បុគ្គលិក​សុខា​ភិបាល​​និង​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ផ្នែក​សុខា​ភិបាល​ថា ពួកគេ​កំពុង​តែ​ខ្ជះខ្ជាយ​ថវិកា​របស់​ខ្លួន​លើ​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​​អំពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​តំបន់​ជន​បទ​ ព្រោះ​ថា​ ​៩៩​ភាគរយ​នៃ​ម្ដាយ​នៅ​តាម​តំបន់​ទាំង​នោះ បាន​បំបៅ​កូន​ដោយ​ទឹក​ដោះ​រួច​ទៅ​ហើយ។

​ថ្លែង​ទៅកាន់​និស្សិត​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​មន្ត្រី​រដ្ឋាភិបាល​រាប់​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ក្នុង​រាជ​ធានី​ភ្នំពេញ ក្នុង​ឱកាស​​​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​ លោក​ ហ៊ុន សែន បាន​លើកឡើង​ថា តំបន់​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពិត​ប្រាកដ​នោះ​​ គឺ​​តំបន់​ក្រុង ដែល​គ្រួសារ​នានា​មាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់​សម្រាប់​​ទិញ​អាហារ​បំប៉ន​ជំនួស​ ដូចជា​ម្សៅ​ទឹកដោះ​គោ​​ទៅវិញទេ​​។

លោក​ ហ៊ុន សែន បាន​សួរ​​អ្នក​ចូល​រួម​ក្នុង​ពិធី​នេះ​មុន​ពេល​​ឆ្លើយ​​​​ដោយ​ខ្លួនឯង​ថា“ ហេតុអ្វី​​ចាំបាច់​​មាន​យុទ្ធនាការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​តំបន់​ជន​បទ​? តើ​ប្រជា​ពល​រដ្ឋ​នៅ​តាម​តំបន់​ជន​បទ​មាន​លទ្ធ​ភាព​ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន​របស់​ខ្លួន​ដែរឬ​ទេ? តាមពិត​​ ពួកគាត់​គ្មាន​ប្រាក់​គ្រប់​គ្រាន់​​​​សម្រាប់​​ទិញ​ទឹក​ដោះ​គោ​ទេ​ សូម្បី​តែ​អ្នក​ធ្វើ​យុទ្ធនាការ​ខ្លួន​ឯង​ហ្នឹង​ក៏​គ្មាន​លទ្ធភាព​ទិញ​ផង​”។

លោក ហ៊ុន សែន បាន​បន្ត​​ថា អង្គការ​នានា​ ​ដែល​ធ្វើ​ការ​ខាងផ្នែក​សុខាភិបាល​​យល់​​មិន​ច្បាស់​អំពី​ស្ថាន​ភាព​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ បណ្ដា​ដៃ​គូ​ផ្ដល់​ជំនួយ​របស់​យើង​​មិន​យល់​ពី​ស្ថាន​ភាព​ភូមិ​សាស្ត្រ​ច្បាស់​លាស់​ទេ។ ប្រជា​ពល​រដ្ឋ​៩៩​ភាគ​រយ​នៅ​តាម​តំបន់​ជន​បទ​បាន​បំបៅ​កូន​ដោយ​ទឹក​ដោះ​រួច​ទៅ​ហើយ​។ អ្វី​ដែល​ពួកគាត់​ត្រូវ​ការ​ គឺ​ប្រាក់​សម្រាប់​ចិញ្ចឹម​ខ្លួនឯង​ ដើម្បី​ឲ្យ​មាន​ទឹក​ដោះ​បំបៅ​កូន​​”។

កាលពី​ម្សិល​មិញ​ ខណៈ​ដែល​បុគ្គលិក​សុខាភិបាល​​យល់​ស្រប​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​តំបន់​ជន​បទ​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​នោះ ពួកគេ​ក៏បាន​លើក​ឡើងផង​ដែរ​ថា យុទ្ធនាការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តែ​មាន​សារៈសំខាន់​នៅ​ពេល​អប់រំ​ស្ត្រី​ជា​ម្ដាយ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​របៀប​បំបៅ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ។

លោក​ ស៊ិន សុមុន្នី នាយក​ប្រតិបត្តិ​អង្គការ​​មេឌីកាំ (Medicam) ជា​សម្ពន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដ៏​ធំ​មួយ​ដែល​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​​វិស័យ​សុខាភិបាលនោះ​​ ​មាន​ប្រសាសន៍​ថា “ យុទ្ធនាការ​នេះ គឺ​មិន​ត្រឹម​តែ​ផ្សព្វផ្សាយ​អំពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ដំបូង​សុទ្ធ​​​ប៉ុណ្ណោះ​ទេ”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ​ឧទាហរណ៍​ ប្រជា​ពល​រដ្ឋ​ខ្មែរ​តែងមាន​​​​ជំនឿ​ថា កូឡូស្ទ្រូម​ [ទឹកដោះ​ដំបូង​របស់​ម្ដាយ​​អំឡុង​ពេល​ពពោះ​ចាស់​ខែ] មាន​ផល​​អាក្រក់​សម្រាប់​ទារក​​ ដូច្នេះ​​​​ពួកគាត់​ក៏​​​ច្របាច់​វា​ចោល​។ ប៉ុន្តែ​ តាម​ពិត​ទារក​ត្រូវ​ការ​បៅ​ដោះ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ដំបូង​ ព្រោះ​វា​មាន​អង្គ​បដិ​ប្រាណ​ ដែល​ជួយ​ការពារ​ទារក​ទើប​នឹង​កើត​ពី​​ជំងឺ​ផ្សេងៗ​”។

លោក​បាន​បន្ថែម​​ថា លើស​ពី​នេះ​ទៅ​ទៀត​ម្ដាយ​ជា​ច្រើន​មិន​បំបៅ​កូន​ដោយ​ទឹក​ដោះ​សុទ្ធ​តែ​មួយ​មុខ​​នោះ​ទេ ​គឺ​ពួកគាត់​ឲ្យ​កូន​បៅ​ទឹក​ ឬ​ទឹក​ដូង​ ដែល​អាច​កាត់​បន្ថយ​សារធាតុ​បំប៉ន​ដ៏​ចាំបាច់​​ និង​​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​​ផ្សេងៗ​។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ​អង្គការ​​យូនីសេហ្វ អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល បាន​ដំណើរ​ការ​កម្មវិធី​ផ្សព្វផ្សាយអំពី​អត្ថប្រយោជន៍​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ដើម្បី​ទប់​ទល់​នឹង​ការ​​ចុះខ្សោយ​នូវ​សារធាតុ​បំប៉ន​ ដូចជា​ ការ​ធ្វើ​ឲ្យ​កុមារកម្ពុជា​លូត​លាស់​យឺត​យ៉ាវ​ខុស​ពី​ប្រក្រតី​ជាដើម​។

យោង​តាម​អង្គការ​យូនីសេហ្វ​ បាន​​ឲ្យ​ដឹង​ថា អត្រា​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​សុទ្ធ​​បាន​កើន​ឡើង​ពី​១១ភាគរយ​ក្នុង​ឆ្នាំ​២០០០ ដល់​៧៤ភាគ​រយ​ក្នុង​ឆ្នាំ​២០១០​។ ប៉ុន្តែ​ អង្គការ​​ University Research Corporation ដែល​ជា​អង្គការ​សុខាភិបាល​មួយ​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក​ បាន​លើកឡើង​​ថា ​ទោះជា​យា៉ងណា​ក៏​នៅតែ​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​​បន្ត​​យុទ្ធនាការ​អប់រំ​អំពី​បញ្ហា​នានា​ ដូចជា​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ជាដើម ព្រោះ​​២៨​ភាគរយ​នៃ​កុមារ​កម្ពុជា​​ក្រោម​អាយុ​៥​ឆ្នាំ​ មាន​ទម្ងន់​ស្រាល​ខុស​ប្រក្រតី ហើយ​៤០​ភាគ​រយ​មាន​កម្ពស់​ទាប​មិនសម​​នឹង​វ័យ​របស់​ខ្លួន​​។​ នេះ​ជា​សញ្ញា​​បង្ហាញ​ពី​ការ​ខ្វះ​អាហារូបត្ថម្ភ​៕
ប្រែ​សម្រួល​ដោយ តែម សុខុម​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស