31 C
Phnom Penh

​​​CNRP ៖ ច្បាប់​​​​​​ស្ដី​​​ពី​​​ការ​​​បដិសេធរឿង​​​ខ្មែរ​​​ក្រហម​​​គួរ​​​ដាក់​​​ទោស​​​មន្ត្រី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ មន្ត្រី​​គណ​បក្ស​សង្គ្រោះ​ជាតិ​ (CNRP) បាន​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​​សម្រាប់​ដាក់​ទោស​​​លើ​​ការ​​បដិសេធ​ថា គ្មាន​​ឧក្រិដ្ឋ​កម្ម​របស់​ខ្មែរ​ក្រហម​​នោះ​​គួរ​តែ​​ផ្ដន្ទា​ទោស​មន្ត្រី​រដ្ឋាភិបាល​ណា​ ដែល​ជ្រៀត​ជ្រែក​​ក្នុង​ដំណើរ​ការ​កាត់​ក្ដី​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​​និង​រារាំង​អតីត​ “ មេដឹកនាំ​ “ របប​នេះ​មិន​ឲ្យ​កាន់​មុខ​តំណែង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​ព្រាង​ច្បាប់​នេះ​ឡើង​កាលពី​សប្ដាហ៍​មុន តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បញ្ចេញ​ខ្សែ​អាត់​សំឡេង​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​​ទំនង​ជា​បាន​ចោទ​ប្រកាន់​​ប្រទេស​វៀតណាម​ថា បាន​ប្រឌិត​ការ​ធ្វើ​ទារុណ​កម្ម និង​ការ​ដាក់​ពន្ធនាគារ​ប្រជា​ពលរដ្ឋ​​កម្ពុជា​រាប់​ពាន់​នាក់​នៅ​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​​របស់​ខ្មែរ​ក្រហម​ក្នុង​រាជ​ធានី​ភ្នំពេញ។
ច្បាប់​ដែល​ត្រូវ​បាន​រដ្ឋសភា​ព្រាង​ និង​អនុម័ត​លឿនៗ​​ក្នុង​រយៈ​ពេល​តែ​បួន​ថ្ងៃ​នេះ នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ដេញ​ដោល​នៅ​ថ្ងៃ​សុក្រ ហើយ​ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​មែន​នោះ នឹង​ធ្វើ​ឲ្យ​មនុស្ស​​​​មួយ​ចំនួន​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​ពីរ​ឆ្នាំ​ចំពោះ​ការ​បដិសេធ​​ថា មិន​មាន​​ឧក្រិដ្ឋ​កម្ម​​កើត​​ឡើង​អំឡុង​​សម័យ​ ប៉ុល ពត​។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​តាម​អុីម៉េល​ កាល​ពីម្សិលមិញ​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​នឹង​ស្នើ​ឲ្យ​កែ​ប្រែ​ច្បាប់​នេះ​នៅ​ពេល​ច្បាប់​នេះ​ត្រូវ​​យក​ទៅ​ពិភាក្សា​ដេញ​​ដោល​លើក​ក្រោយ​ក្នុង​សប្ដាហ៍​នេះ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា  “ គណ​បក្ស​សង្គ្រោះ​ជាតិ នឹង​ស្នើ​ឲ្យ​​មាន​ការ​កែ​ប្រែ​ ដើម្បី​ផ្ដន្ទាទោស​អ្នក​ដែល​ប្រើ​ប្រាស់​ និង​បំពាន​តួនាទី​នយោបាយ​របស់​ខ្លួន​ ដើម្បី​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​​របស់​តុលាការ​​ដែល​រារាំង​​ដល់​យុត្តិ​ធម៌ និង​រារាំង​ការ​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ”។

ទោះបីជា​រដ្ឋាភិបាល​បាន​បដិសេធ​ថា ​ខ្លួន​គ្មាន​ឥទ្ធិពល​លើក​សាលា​ក្ដី​ខ្មែរ​ក្រហម​ក៏​ដោយ  ក៏​លោក​ ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ជា​ច្រើន​ដង​ថា ​មិន​អនុញ្ញាត​ឲ្យ​មាន​សវនាការ​​បន្ថែម​​ទៀត​​ក្រៅ​ពី​សំណុំ​រឿង​០០២ទេ ពីព្រោះ​ការ​ស៊ើប​អង្កេត​​បន្ថែម​ទៀត​​អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​ស៊ីវិល​ជាថ្មី។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា គណបក្ស​ប្រឆាំង​ក៏​នឹង​ជំរុញ​ឲ្យ​ដាក់​បញ្ចូល​មាត្រា​មួយ​ ដែល​រារាំង​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​មិន​ឲ្យ​កាន់​មុខ​តំណែង​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​ផង​ដែរ​។

លោក​​បាន​មាន​ប្រសាសន៍​ថា “ យើង​មិន​ចង់​ឲ្យ​របប​ខ្មែរ​ក្រហម​កើត​ឡើង​ម្ដង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ហើយ​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ភាគ​ច្រើន​មាន​ដៃ​ប្រឡាក់​ឈាម​ ហើយ​ពួកគេ​មិន​គួរ​ធ្វើ​​ជា​​មេ​ដឹក​នាំ​ប្រទេស​ឡើយ”។

លោក​ យុឹម សុវណ្ណ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ យើង​​ចង់​ហាម​ឃាត់​មេដឹក​នាំ​ខ្មែរ​ក្រហម​មិន​ឲ្យ​កាន់​មុខ​តំណែង​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​”។ ហើយ​លោក​​មិន​មាន​ប្រសាសន៍​លម្អិត​អំពី​និយមន័យ​នៃ​មេដឹក​នាំ​ខ្មែរ​ក្រហម​ ឬ​មាន​ប្រសាសន៍​ថា តើ​ច្បាប់​នេះ​អាច​នឹង​ត្រូវ​ប្រើ​ប្រាស់​ ដើម្បី​តម្រង់​គោល​ដៅ​ទៅ​រក​សមា​ជិក​​​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​​នេះ​ទេ។​​​​​​
លោក យឹម សុវណ្ណ ​​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​ចង់​បញ្ចេញ​ឈ្មោះ​នោះ​ទេ ហើយ​​​ខ្ញុំ​ក៏​មិន​ចង់​តម្រង់​គោល​ដៅ​ទៅ​រក​បុគ្គល​​ណា​ម្នាក់​ដែរ ប៉ុន្តែ​ចំណុច​​នេះ​គួរ​តែ​​ដាក់​​ក្នុង​ច្បាប់​​នេះ​”។
​អ្នក​គាំ​ទ្រ​ជា​រឿយៗ​កោត​សរសើរ​លោក ហ៊ុន សែន ​ចំពោះ​ការ​បង្កើត​គោល​នយោ​បាយ​ឈ្នះៗ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ដោយ​ការ​រំលាយ​ខ្មែរ​ក្រហម​តាម​រយៈ​ការ​ធ្វើ​សមាហរណ​កម្ម​ពួកគេ​ចូល​ក្នុង​រដ្ឋាភិបាល។​ក៏​មាន​អតីត​សមាជិក​ខ្មែរ​ក្រហម​ក្នុង​ជួរ​រដ្ឋា​ភិបាល​ផង​ដែរ ក្នុង​នោះ​​​មាន​លោក ហ៊ុន សែន ខ្លួន​ឯង​ លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​ផង​ដែរ ដែល​សុទ្ធ​តែ​រត់​ចោល​របប​នេះ នៅ​ពេល​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​។

លោក ឈាង វុន សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​បាន​ជួយ​ព្រាង​ច្បាប់​​ថ្មី​នេះ​ឡើង​បាន​មាន​ប្រសាសន៍​ថា ​ដោយ​សារ​​តែ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជាតិ​​របស់​​គណ​បក្ស​សង្គ្រោះ​ជាតិ លែង​ជា​សមាជិក​គណ​បក្ស​សិទ្ធិមនុស្ស និង​គណបក្ស​ សម រង្ស៊ី​ ដែល​រួម​បញ្ចូល​គ្នា​ ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​​ជាតិ កាលពី​ឆ្នាំមុន​នោះ ទឡ្ហីករណ៍​របស់​ពួក​គេ​នឹង​ត្រូវ​ច្រាន​ចោល​ អំឡុង​សម័យ​​ប្រជុំ​សភា​​នៅ​ថ្ងៃសុក្រ។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា  “ អ្វី​ដែល​ពួកគេ​ស្នើ​ឡើង​ខ្ញុំ​នឹង​មិន​យក​ទៅ​ពិចារណា​ឡើយ ដោយ​សារ​ពួកគេ​លែង​ជា​សមាជិក​រដ្ឋសភា​ទៀត​ហើយ​។ យើង​នឹង​​មិន​គិត​ពី​ពួក​គេ​ទៀត​ទេ ពីព្រោះ​​ពួក​គេ​ធ្វើ​ឲ្យ​យើង​ឈឺក្បាល​”។

យោង​តាម​ច្បាប់​ចម្លង​​នៃ​​“ ច្បាប់​ស្ដីពី​ការ​បដិសេធ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ប្រព្រឹត្ត​អំឡុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​​​” ដែល​ទទួល​បាន​កាលពី​ម្សិល​មិញ ច្បាប់​នេះ​នឹង​ផ្ដន្ទាទោស​បុគ្គល​ណា​ដែល​“ មិន​ទទួល​ស្គាល់​​​ បដិសេធ​ ឬ​ជំទាស់​​ថា គ្មាន​ឧក្រិដ្ឋកម្ម​ ឬ​កោត​សរសើរ​ឧក្រិដ្ឋ​កម្ម​ប្រព្រឹត្ត​អំឡុង​របប​នោះ”។

សេចក្ដី​ព្រាង​ច្បាប់​នេះ​ចែង​​ថា ​ការ​ច្រាន​ចោល​​ជា​​សាធារណ​ៈមិន​ទទួល​ស្គាល់​​ឧក្រិដ្ឋ​​កម្ម​អាច​​មាន​​ទម្រង់​ជា ការ​ប្រកាស​​ជា​សា​ធា​រណៈ“ ការ​ឆ្លើយ​ឆ្លង​ជា​លាយ​លក្ខណ៍​​អក្សរ ឬ​ផ្ទាំង​គំនូរ​”  និង​ “ ការ​​ទំនាក់​ទំនង​ដែល​​​អាច​មើល​ឃើញ​​និង​ស្តាប់​ឮ​របស់​​សាធា​រណ​ជន​”។​​សេចក្ដី​ព្រាង​ច្បាប់​នេះ​​ចែង​ទៀត​ថា ការ​ផ្ដន្ទា​ទោស​​ចំពោះ​ការ​បដិ​សេធ​​ថា គ្មាន​​ឧក្រិដ្ឋ​កម្ម​​អាច​មាន​ទោស​​​ចាប់​ពី​ប្រាំ​មួយ​ខែ​ ដល់​ពីរ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ ទៅ​៤​លាន​រៀល​។​​

លោក សុក សំអឿន​ នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជំនួយ​ផ្នែក​ច្បាប់​បាន​ស្វាគមន៍​មាត្រា​ ដែល​គណបក្ស​សង្គ្រោះជាតិ ស្នើ​​ឡើង​សម្រាប់​​ដាក់​​ទោស​​​ព្រហ្មទណ្ឌ​ចំពោះ​​អ្នក​មាន​ឥទ្ធិ​ពល​​នយោបាយ​លើ​សាលាក្ដី​ខ្មែរ​ក្រហម​។

លោក សុក សំអឿន​ បាន​មាន​ប្រសាសន៍​ថា “ ការ​ផ្ដន្ទាទោស​អ្នក​ដែល​ជ្រៀត​ជ្រែក​ [ក្នុង​កិច្ច​ការ​របស់​​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​] គឺ​ជា​រឿង​ចាំ​បាច់​។ ប៉ុន្ដែ​វា​មិន​គួរ​សម្រាប់​តែ​សាលាក្តី​ខ្មែរ​ក្រហម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្រាប់​ឧក្រិដ្ឋ​កម្ម​ទាំង​អស់​ និង​តុលាការ​ទាំង​អស់​”។

ទោះ​ជា​យ៉ាង​ណា លោក​មាន​ប្រសាសន៍​ថា មាត្រា​មួយ ដែល​ហាម​ឃាត់​ “ អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​” មិន​ឲ្យ​កាន់​មុខ​តំណែង​ជាន់​ខ្ពស់​​ក្នុង​ជួរ​រដ្ឋាភិបាល​នោះ មាន​ភាព​មិន​ច្បាស់​លាស់​ ហើយ​អាច​ធ្វើ​​ឲ្យ​មាន​ការ​រើសអើង​។

លោកបាន​​សួរ​ថា  អ្វី​ទៅ​ជា​មេដឹកនាំ​ ហើយ​​​អ្វី​ទៅ​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋា​​​ភិបាល​? ​វា​ដូចជា​ការ​រើសអើង​ នឹង​អតីត​ខ្មែរ​ក្រហម​ ពីព្រោះ​មិន​មែន​មេដឹកនាំ​ខ្មែរ​ក្រហម​គ្រប់​រូប​សុទ្ធតែ​ពាក់​ព័ន្ធ​នឹង ការ​សម្លាប់​​​​មនុស្ស​នោះ​ទេ ដូច្នេះ យើង​មិន​អាច​សន្មត​បែប​នេះ​បានទេ៕
ប្រែ​សម្រួល​ដោយ តែម សុខុម​​​

​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស