លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានមាន ប្រសាសន៍កាលពីម្សិលមិញថា កំណើនប្រជា ជនយ៉ាងលឿននៅរាជធានីភ្នំពេញ រួមទាំង កំណើននៃគម្រោងសាងសង់ថ្មីៗជាច្រើននោះ មានន័យថា នៅតែខ្វះទឹកស្អាតនិងអគ្គិសនី ប្រើប្រាស់នៅក្នុងរាជធានីនេះ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នានៅសង្កាត់និរោធក្នុងខណ្ឌមានជ័យ ដើម្បីចូលរួមពិធីសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយដែលមានតម្លៃ៩០លានដុល្លារនោះ លោក ហ៊ុន សែនបានមានប្រសាសន៍ថា ទោះបីជាមានការសាងសង់គម្រោងថ្មីដូចរោងចក្រផលិតទឹកស្អាតមួយនេះក៏ដោយ ក៏កំណើនប្រជាជនកំពុងកើនហួសសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការបំពេញតាមតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្លួន។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ មិនមានទឹកនិងអគ្គិសនីគ្រប់គ្រាន់ទេ។ ដូច្នេះចាប់ពីពេលនេះទៅ យើងត្រូវត្រៀមខ្លួន ពីព្រោះមានទីក្រុងរណបថ្មីជាច្រើនដែលកំពុងសាងសង់និងមានផ្ទះជាច្រើននៅក្នុងទីក្រុងនេះក្រៅពីក្រុងរណបទាំងនេះ ហើយតម្រូវការកំពុងតែកើនឡើង ហើយនឹងបន្តកើនឡើងថែមទៀត”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០០៤មក រដ្ឋាករទឹកស្វយ័តរាជធានីក្រុងភ្នំពេញបានបន្ថែមអតិថិជនប្រហែល ១៤.០០០នាក់ជារៀងរាល់ឆ្នាំតាមបណ្តាញទឹកប្រវែង២.០០០គីឡូម៉ែត្ររបស់ខ្លួនហើយប្រជាជន៨៥ភាគរយក្នុងចំណោមប្រជាជនជាង២លាននាក់នៅរាជធានីភ្នំពេញបានតភ្ជាប់បណ្តាញទឹកស្អាត។
ការលើកឡើងរបស់លោនាយករដ្ឋមន្ត្រី ហ៊ុន សែនបែបនេះបានកើតមានឡើងរយៈពេលពីរសប្តាហ៍បន្ទាប់ពីការដាច់ភ្លើងដ៏ធំនៅក្នុងប្រទេសវៀតណាម ដែលបានបណ្ដាល ឲ្យដាច់ភ្លើងនិងគ្មានទឹកប្រើប្រាស់នៅទូទាំងរាជធានីភ្នំពេញអស់រយៈពេលជាងប្រាំមួយម៉ោង។
គម្រោងថ្មី ដែលមានទឹកប្រាក់៩០លានដុល្លារ បានមកពីប្រាក់កម្ចីពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ជាទីភ្នាក់ងារផ្ដល់ជំនួយរបស់រដ្ឋាភិបាលទាំងពីរនេះ អាចផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមិនទាន់មានបណ្តាញទឹកស្អាតប្រើប្រាស់ ព្រមទាំងផ្ទះជាច្រើននៅក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមទិន្នន័យថ្មីពីធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា តម្រូវការថាមពលនៅក្នុងប្រទេសកម្ពុជារហូតដល់ឆ្នាំ២០៣៥នឹងកើនឡើងលឿនជាងអត្រាផលិតថាមពលរបស់ប្រទេសនេះ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ