ប្រធានសហជីពសេរីកម្មករគំរាមធ្វើការតវ៉ាទ្រង់ទ្រាយធំ និងធ្វើកូដកម្មទូទាំងប្រទេស ប្រសិនបើអាជ្ញាធរមិនដោះលែងមនុស្សចំនួនប្រាំបីនាក់ ដែលត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មហិង្សាមួយកាលពីថ្ងៃច័ន្ទទេនោះ។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករបានធ្វើសន្និសីទសារព័ត៌មានមួយនៅការិយាល័យសហជីពក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីលើកឡើងពីការចាប់ខ្លួនមន្ត្រីសហជីពចំនួនបីនាក់នៅក្រុមហ៊ុនរោងចក្រកាត់ដេរតៃវ៉ាន់ សាប្រ៊ីណា (Sabrina Cambodia Garment MFG Corp.) ដែលមានកម្មករធ្វើការប្រហែល៥.០០០នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ទោះបីជាការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីក្រុមអ្នកតវ៉ាបានទម្លាយទ្វាររោងចក្រ ធ្វើឲ្យបែកបង្អួច និងគប់ដុំថ្មលើនគរបាល លោក មុនី បានអះអាងថា អំពើហិង្សានេះបង្កឡើងដោយសហជីពមួយដែលជាគូបដិបក្ខ។
លោក មុនី បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ សន្តិសុខរោងចក្រ និងសហជីពដែលខ្ញុំស្គាល់ថា ជា [សហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា] CCAWDU បានវាយប្រហារកូដករពេលសហជីពសេរីកម្មករកំពុងព្យាយាមចរចាអំពីការបញ្ឈប់ការប្រើអំពើហិង្សាកាលពីថ្ងៃទី៣ ខែមិថុនានេះ”។
លោកបានឲ្យដឹងថា និយោជិតសហជីពសេរីកម្មករចំនួនបីនាក់ និងសមាជិកសហជីពសេរីកម្មករចំនួនបួននាក់ត្រូវបានចាប់ខ្លួន“ ដោយគ្មានភ័ស្តុតាង” ហើយថា មនុស្សទី៨ដែលត្រូវបានចាប់ខ្លួន គឺជាមន្ត្រីរបស់សហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។
លោក មុនី បានបន្តថា សហជីពសេរីកម្មករនឹងប្រើប្រាស់សមាជិកភាពដ៏ធំរបស់ខ្លួន ដោយបានអះអាងថា លោកអាចកោះហៅកម្មករចំនួន១០០.០០០នាក់ឲ្យធ្វើការតវ៉ានិងធ្វើកូដកម្មទូទាំងប្រទេស ប្រសិនបើមនុស្សទាំងប្រាំបីនាក់មិនត្រូវបានដោះលែង ហើយប្រាក់ខែគោលអប្បបរមារបស់កម្មករកម្មការិនីមិនត្រូវបានដំឡើងពី៨០ដុល្លារទៅ៩៧,៥០ដុល្លារក្នុងមួយខែទេនោះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំសូមប្រកាសថា សហជីពសេរីកម្មករនឹងធ្វើការតវ៉ាទូទាំងប្រទេស ប្រសិនបើរដ្ឋាភិបាលមិនដោះលែងពួកគេពីការឃុំខ្លួនរបស់នគរបាលទេនោះ។ លោកបានបន្ថែមថា លោកមិនទាន់ដឹងពីសុខុមាលភាពរបស់មនុស្សទាំងប្រាំបីនាក់ ដែលគេជឿថា កំពុងត្រូវបានឃុំខ្លួននៅក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញទេ។
និយោជិតភាគច្រើននៅរោងចក្រ សាប្រ៊ីណា នេះ គឺជាសមាជិកសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ប៉ុន្តែចាប់តាំងពីថ្ងៃទី២០ ខែឧសភាមក សហជីពសេរីកម្មករបានដឹកនាំការតវ៉ានៅរោងចក្រនេះ ដើម្បីអំពាវនាវឲ្យមានការដំឡើងប្រាក់ខែ។
មន្ត្រីនគរបាលម្នាក់ដែលមានវត្តមានអំឡុងការតវ៉ាកាលពីថ្ងៃច័ន្ទ និងមេដឹកនាំសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាម្នាក់ សុទ្ធតែនិយាយថា តំណាងសហជីពសេរីកម្មករ ស្ថិតនៅក្នុងចំណោមអ្នកដែលបានទម្លាយទ្វាររោងចក្រ និងបំផ្លាញទ្រព្យសម្បតិ្តរោងចក្រ។
ប៉ុន្តែ នៅកន្លែងធ្វើសន្និសីទសារព័ត៌មាននេះ សហជីពសេរីកម្មករបានបង្ហាញមុខកម្មករចំនួន២០នាក់ ក្នុងនោះរួមមានទាំងសមាជិករបស់សហជីពសេរីកម្មករ និងសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលបានបំភ្លឺថា តំណាងរបស់សហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា គឺជាអ្នកបង្កអំពើហិង្សានេះមុន។
កម្មករម្នាក់ឈ្មោះ ស្រី ពៅ អាយុ២៩ឆ្នាំ ដែលជាសមាជិករបស់សហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បាននិយាយថា ខ្លួនបានឃើញមនុស្សទាំងប្រាំបីនាក់ដែលត្រូវបានចាប់ខ្លួននោះ រងការវាយប្រហារ ហើយនាងអះអាងថា នេះមិនមែនជាលើកទី១ទេដែលសមាជិកសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានបង្កអំពើហិង្សានៅឯរោងចក្រកាត់ដេរសាប្រ៊ីណា នេះ។
នាងបាននិយាយថា “ខ្ញុំឃើញតំណាងសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាជាច្រើននាក់ប្រើដំបងដែកវាយប្រហារតំណាងសហជីពសេរីកម្មករ និងកម្មករផ្សេងទៀតកាលពីថ្ងៃទី២៧ ខែឧសភា និងថ្ងៃទី៣ ខែមិថុនា”។
លោក គង់ អាទិត្យ អនុប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មិនអាចទាក់ទងសុំការអត្ថាធិប្បាយអំពីការអះអាងរបស់សហជីពសេរីកម្មករ បានទេកាលពីម្សិលមិញនេះ។
កាលពីថ្ងៃអង្គារ លោក គង់ អាទិត្យ បាននិយាយថា សហជីពសេរីកម្មករទើបជាអ្នកបង្កអំពើហិង្សានៅរោងចក្រនេះ ហើយថា ការប្រើអំពើហិង្សាអំឡុងពេលធ្វើកូដកម្មនៅរោងចក្រនេះគឺជាទង្វើរបស់សហជីពសេរីកម្មករក្នុងបំណងទទួលបានការគាំទ្រ និងសមាជិកភាពក្នុងចំណោមកម្មកររបស់រោងចក្រនេះ។
លោក ហន ហេង ជាសន្តិសុខរោងចក្រនេះ បានឲ្យដឹងថា មួយភាគបីនៃនិយោជិតចំនួន៥.០០០នាក់បានប្រមូលផ្តុំគ្នានៅច្រកចូលរោងចក្រនេះកាលពីព្រឹកម្សិលមិញ ប៉ុន្តែមានកម្មករតែជាង៥០នាក់ប៉ុណ្ណោះដែលបានចូលធ្វើការ។
លោក ហេង ក៏បានឲ្យដឹងផងដែរថា ខ្លួនបានឃើញមនុស្សទាំងប្រាំបីនាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទនោះស្ថិតនៅក្នុងចំណោមមនុស្សទាំងប្រហែល៤០០នាក់ដែលបានសម្រុកចូលក្នុងរោងចក្រនេះ។
លោកបានបន្តថា “ ពួកគេមួយចំនួនបានយកដុំថ្មពីខាងក្រៅ រួចបានលោតចូលក្នុង [បរិវេណរោងចក្រ] ហើយខ្លះទៀតបានយកដំុថ្មពីសួនច្បារ [ក្នុងរោងចក្រ] ចោលទៅលើអគាររោងចក្រ”។ លោកបានបន្ថែមថា ខ្លួនមិនបានឃើញមនុស្សទាំងប្រាំបីនាក់ដែលត្រូវបានចាប់ខ្លួននោះ បង្កការខូចខាតក្នុងបរិវេណរោងចក្រនេះទេ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី