28.4 C
Phnom Penh

តួនាទី​​​តំណាង​​​រាស្ត្រ​​​និង​​​ប្រាក់​​​ខែ​​​បក្ស​​​ប្រឆាំង​​​ត្រូវ​​​បាន​​​ដក​​​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​​​អចិន្ត្រៃ​​យ៍​​​ដែល​​​មាន​​​សមា​​​ជិក​​​ចំនួន​​​១២​​​រូប​​​​​​​​​នៃ​​​រដ្ឋ​​​សភាដែល​សុទ្ធ​​​តែ​​​ជា​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ​​​ កាលពីម្សិលមិញ​​​បា​​​ន​​​សម្រេច​​​ដក​​​​​​តួនាទី​​​សមាជិក​​​សភា​​​ និង​​​ប្រាក់​​​ខែ​​​របស់​​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​២៧​​​រូប​​​មក​​​ពី​​​គណបក្ស​​​ សម រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​។

លោក ឈាង វុន និងលោក ជាម យៀប ​​​សមា​​​ជិក​​​សភា​​​ជាន់​​​ខ្ពស់​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​  បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្ដី​​​សម្រេច​​​នេះ​​​មាន​​​ន័យ​​​ថា សមាជិក​​​សភា​​​គណ​​​បក្ស​​​ប្រឆាំង​​​ដែល​​​កំពុង​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ ដែល​​​នឹង​​​ប្រព្រឹត្ត​​​ទៅ​​​នៅ​​​​ខែ​​​កក្កដាខាង​​​មុខ​​​នេះ​​​ នឹង​​​លែង​​​មា​​​ន​​​សិទ្ធិ​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​ដេញ​​​ដោយ​​​ក្នុង​​​សភា ឬ​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​ទៀត​​​ហើយ​​​។
រដ្ឋាភិបាល​​​លើក​​​ឡើង​​​ថា សមាជិក​​​សភា​​​ទាំង​​​នេះ​​​កំពុង​​​បំពាន​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ដោ​​​យ​​​ការ​​​ចូល​​​ជា​​​សមាជិក​​​ក្នុង​​​គណបក្ស​​​ចំនួន​​​ពីរ​​​ក្នុង​​​ពេល​​​តែមួយ​​​។

លោក ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​សមាជិក​​​ពីររូប​​​នៃ​​​គណបក្ស​​​ នរោត្ដម រណឫទ្ធ​​​ិ​​​ដែល​​​ពេល​​​នេះលែង​​​មាន​​​ទៅ​​​ហើយ​​​នោះ​​​និង​​​​​​ដែល​​​កំពុង​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខជន​​​​​​សម្រាប់​​​​​​គណបក្ស​​​ហ្វុ៊ន​​​ស៊ិន​​​ប៉ិច​​​ ក៏​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​សភា​​​​នៅ​ក្នុង​​​​សេចក្ដី​​​សម្រេច​​​នេះ​​ដែរ​​។

លោក​​​ ឈាង វុន បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ពិភាក្សា​​​គ្នា​​​រួច​​​ហើយ​​​ ហើយ​​​គណៈ​​​កម្មាធិការ​​​ [អចិន្ត្រៃយ៍] បាន​​​យល់​​​ព្រម​​​បញ្ឈប់​​​ការ​​​ងារ​​​សមាជិក​​នៃ​​​​គណបក្ស​​​ចំនួន​​​បី​​​ គឺ​​​គណ​​​បក្ស​​​សម រង្ស៊ី គណបក្ស​​​សិទ្ធិមនុស្ស​​​ និង​​​គណ​​​បក្ស​​​នរោត្ដម រណឫទ្ធិ សរុប​​​មាន​​​ចំនួ​​​ន​​​២៩​​​រូប”​​​។ ​​​លោក​​​​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​សភា​​​នេះ​​​​​​នឹង​​​​ត្រូវ​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​ចូល​​​ប្រជុំ​​​​ក្នុង​​​សភា​​​​រហូត​​​ដល់​​​​​​អាណត្តិ​​​​​​​​ទី​​​៥​​​ចាប់​​ផ្ដើម​​​នៅ​​​ខែ​​​កញ្ញា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ដ​​​ថា​​​  “អ្នក​​​ទាំង​​​អស់​​​នេះ​​​បាន​​​​​​បំពាន​​​អាណត្តិ​​​របស់​​​ខ្លួន​​​។​​​ពេល​​​នេះ​​​ពួក​​​គេ​​​បាន​​​បាត់​​​​​​បង់​​​សមាជិក​​ភាព​​​របស់​​​ខ្លួន​​​ហើយ​​​។ សមាជិក​​​សភា​​​ម្នាក់​​​មិ​​​ន​​​អាច​​​ស្ថិត​​​នៅ​​​ក្នុង​​​គណបក្ស​​​ពីរ​​​បាន​​​ទេ ហើយ​​​យើង​​​​​​គ្មាន​​​សមាជិក​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ជាប់​​​ឆ្នោត​​​នៅ​​​រដ្ឋ​​​សភា​​​នោះ​​​ទេ”។

ការ​​​ដក​​​តួនាទី​​​សមាជិក​​​សភា​​​របស់​​​ពួក​​​គេ​​​ក៏​​​មាន​​​ន័យ​​​ដែរ​​​ថា នឹង​​​គ្មាន​​​សមាជិក​​​សភា​​​គណ​​​បក្ស​​​​​​ប្រឆាំង​​​ណា​​​ម្នាក់​​​មាន​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​នៅ​​​ថ្ងៃ​​​សុក្រខាង​​​មុខ​​​នេះ​​​ទេ នៅ​​​ពេ​​​ល​​​សភា​​​ពិភាក្សា​​​ដេញ​​​ដោយ​​​ពី​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​​មួយ​​​ស្ដី​​​ពី​​​ការ​​​បដិសេធ​​​មិន​​​ទទួល​​​ស្គាល់​​​ឧក្រិដ្ឋ​​​កម្ម​ខ្មែ​​​រ​​​ក្រហម​​​។

លោក ជាម យៀប​​​ សមាជិក​​​សភា​​​ជាន់​​​ខ្ពស់​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​សេចក្ដី​​​សម្រេច​​​របស់​​​គណៈ​​​កម្មាធិការ​​​អចិន្ត្រៃ​​​យ៍​​​កា​​​ល​​​ពី​​​ម្សិលមិញ​​​លោក ហេង សំរិន​​​ ប្រធាន​​​រដ្ឋសភា បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ញត្តិ​​​មួយ​​​ដែល​​​លោក​​​ ជាម ​​​យៀប បាន​​​ដាក់​​​ជូន​​​កាល​​​ពី​​​ថ្ងៃទី​​​៨ ខែ​​​ឧសភា​​​ស្នើ​សុំ​​ឲ្យ​​​ផ្អឹប​​​ប្រាក់​​​ខែ​​​របស់​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​តំណាង​​​ឲ្យ​​​គណបក្ស​​​សម រង្ស៊ី​​​ និង​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ពេល​​​តែ​​​មួយ​​​ ខណៈ​​​ដែល​​​កំពុង​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ខាង​​​មុខ​​​នេះ​​​ដែរ​​​នោះ​​​។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា  “សម្តេច​​​​​ប្រធាន​​​បា​​​ន​​​ចុះ​​​ហត្ថលេខា​​​លើ​​​លិខិត​​​ផ្អឹប​​​ប្រាក់​​​ខែ​​​នៅ​​​ព្រឹក​​​នេះ​​ បន្ទាប់​​​ពី​​​មា​​​ន​​​ការ​​​ពិភាក្សា​​​ក្នុង​​​ចំណោ​​​ម​​​សមាជិក​​​១២​​​រូប​​​នៃ​​​គណៈកម្មាធិការ​​​នេះ​​”។

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​ដែល​​​កំពុង​​​រស់​​​នៅ​​​ដោយ​​​និរទេ​​​សខ្លួន​​​និង​​​​​ដែល​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​ចូល​​​រួម​​​ប្រកួត​​​​​ប្រជែ​​​ង​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ក្នុង​​​ឆ្នាំ​​​នេះ ​ដោយ​​​សារ​​​តែ​​​លោក​​​​​​​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​​​​ពន្ធ​​​នាគា​​រ​​​រយៈ​ពេល​​​១១​​​ឆ្នាំ នៅ​​​ក្នុង​​​ប្រទេ​​ស​​​កម្ពុជា​​​នោះ​​​​​​​​មាន​​​ប្រសាសន៍​​​ថា សេចក្ដី​​​សម្រេច​​​នេះ​​​មិន​​​ត្រូវ​​​​តាម​​​រដ្ឋធម្មនុញ្ញ​​​ទេ​​​ហើយ​​​​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​តែ​​​ភ័យ​​​ខ្លាច​​​ចលនា​​​រួប​​​រួម​​​របស់​​​គណបក្ស​​​ប្រឆាំង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ សេចក្ដី​​​សម្រេច​​​នេះ​​​ខុស​​​ច្បាប់​​​ទាំ​​​ងស្រុង​​​ ពីព្រោះ​​​សមាជិក​​​​សភា​​​ត្រូវ​​​បាន​​​ប្រជា​​​ពល​​​រដ្ឋ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​ ហើយ​​​​​​មាន​​​តែ​​​ប្រជាពល​​​រដ្ឋ​​​​ទេ​​​ដែល​​​អាច​​​បញ្ចប់​​​អាណត្តិ​​​របស់​​​ពួក​​​គាត់​​​បាន​​​។ លោក​​​ ហេង សំរិន​​​ មិន​​​មែ​​ន​​​ជា​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​បោះ​ឆ្នោត​ឲ្យ​ពួកគាត់​ទេ​​​​ ដូច្នេះ​​​ញត្តិ​​​នេះ​​​ខុស​​​ច្បាប់​​​ទាំង​​​ស្រុង​​​”។

លោក​​​បាន​​​មានប្រសាសន៍​​​ថា សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​​​ធ្វើ​​​សេចក្ដី​​​សម្រេច​​​បែប​​​នេះ“ ដោយ​​​សារ​​​តែ​​​ពួក​​​គេ​​​ខ្លាច​​​ប្រជា​​​ប្រិយភាព​​​នៃ​​​ការ​​​គាំ​​​ទ្រ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ចំពោះ​​​​គណបក្ស​​​សង្គ្រោះ​​​​ជាតិ ​ដូច្នេះ​​​ពួក​​​គេ​​​ធ្វើ​​​អ្វី​​​ៗ​​​ដែល​​​ពួក​​​គេ​​​អាច​​​​​​ធ្វើ​​​ទៅ​​​បាន​​​ រួម​​​ទាំង​​​ការ​​​ធ្វើ​​​សេចក្ដី​​​សម្រេច​​​ខុស​​​ច្បាប់​​​ផង​​​ដែរ​​​ ដើម្បីធ្វើ​​​ឲ្យ​​​យើង​​​ចុះ​​​ខ្សោយ​​​កម្លាំង​​​”។

ខណៈ​​​ដែល​​​អ្នក​​​ជំនាញ​​​ច្បាប់​​​មាន​​ទស្សន​ផ្សេងៗ​​​ពី​​​គ្នា​​​កាល​​​ពី​​​ម្សិលមិញ​​​ ជុំ​​​វិញ​​​ភាព​​​ស្រប​​​​​ច្បាប់​​​នៃ​​​​សេចក្តី​សម្រេច​នេះ​​​ អ្ន​​​ក​​​វិភាគ​​​នយោ​បាយ​​​​​​ និង​​​សកម្ម​​​ជន​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើក​​​ឡើង​​​​ថា ចំណាត់​​​ការ​​​នេះ​​​មិន​​​មែន​ជា​បញ្ហា​ផ្លូវ​​​​ច្បាប់​​ខ្លាំង​ប៉ុន្មាន​នោះទេ​​​​ ព្រោះ​​​វា​​​ជា​​គំរូ​មួយ​​​ផ្សេង​​​ទៀត​​​ដែល​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា គណបក្ស​​​ប្រជា​​​​ជន​​​ក​​ម្ពុជា​​​ប្រើ​​​ប្រាស់​​​ឥទ្ធិពល​​​នយោ​បាយ​​​របស់​​​​ខ្លួន​​​ ដើម្បី​​​បំភិត​​​បំភ័យ​​​គណបក្ស​​​ប្រឆាំង​​​ និង​កេង​យក​ចំណេញ​ពី​​​​ដំណើរ​​​ការ​​​ច្បាប់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លោកស្រី ជា វណ្ណាត អ្នកវិភាគ​​​នយោ​បាយ​​​​ឯករាជ្យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា“ នេះ​​​គឺ​​​គ្រាន់​​​តែ​​​សម្រាប់​​​ការ​​​កេង​​​ចំណេញ​​​ផ្នែក​នយោ​បាយ​​​​ប៉ុណ្ណោះ​​​​ដើម្បី​ធ្វើ​​​ឲ្យ​​​គណបក្ស​​ប្រឆាំង​​​មា​​​ន​​​ការ​​​លំបាក។ គណបក្ស​​​កាន់​​​អំណាច​​​ប្រហែ​​​ល​​​ជា​​​មាន​​​ហេតុផល​​​សម​​​ស្របក្នុង​​​ការ​​​ធ្វើ​​​ដូច្នេះ​​​​​​ប៉ុន្ដែ​ វា​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា លទ្ធិប្រជា​​​ធិប​តេយ្យ​​​​​នៅ​​​​​​កម្ពុជា​​​មិន​​​ទាន់​​​ចាស់​​​ទុំ​​​នៅ​​​ឡើយ​​​ទេ​​​”។

លោក ធន សារាយ ប្រធាន​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ ​​​មាន​​​ប្រសាសន៍​​​ថា ​សេចក្ដី​​​សម្រេច​​​នេះ​​​នឹង​​​រារាំង​​​សមាជិក​​​សភា​​​គណ​បក្ស​​​​ប្រឆាំង​​​មិន​​​ឲ្យ​​​ទទួ​​​ល​​​បាន​​​អត្ថប្រយោជន៍​​​ពី​​​​សិទ្ធិ​ជា​​​តំណាង​​​រាស្ត្រ​​​របស់​​​ពួក​​​គេ​​​ និង​​​រឹត​​​ត្បិត​​​ហិរញ្ញវត្ថុ​​​របស់​​​ពួក​​​គេ​​​ អំឡុង​​​​ពេល​​​ធ្វើ​​​យុទ្ធនាការ​​​ដ៏​​​សំខាន់​​​​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ ដែល​​​នឹង​​​ចាប់​​​ផ្ដើម​​​ក្នុង​​​រយៈ​​​ពេល​​​បី​​​សប្ដាហ៍​​​​ទៀត​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ បញ្ហា​​​នៅ​​​ត្រង់​​​​ថា ពួក​​​គាត់​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​​​​ ប្រសិន​​​បើ​​​គេ​​​មិនដក​​​​​សមាជិក​​​ភាព​​​របស់​​​ពួក​​​គាត់​​​ពី​​​សភា​​​ទេនោះ​​​។ [ជាធម្មតា​​] ពួក​​​គាត់​​​អាច​​​ធ្វើ​​​យុទ្ធនា​ការ​​​បាន​​​ដោយ​​​គ្មាន​​​ការ​​​បំពាន​​​លើ​​​រាង​​​កាយ​​​ឬការ​​​ចាប់​​​ខ្លួន​​​​តាម​អំពើ​ចិត្ត​​​​ ដោយសារ​​​តែ​​​ពួក​​​គាត់​​​មាន​​​អភ័យ​​​ឯកសិទ្ធិ​​​ ហើយ​​​ប្រសិន​​​បើ​​​ពួក​​​គាត់​​​មាន​​​ប្រាក់​​​ [បាន​​​ពី​​​ប្រាក់​​​ខែ​​​របស់​​​ពួ​​​ក​​​គាត់​​​] ក៏​​​ពួកគាត់​​​អាច​​​ធ្វើ​​​យុទ្ធនាការ​​​បាន​​​ដែរ​​​”។

លោក ឡៅ ម៉ុងហៃ​​​ អ្នក​​​វិភាគ​​​នយោ​បាយ​​​​​ឯករាជ្យ​​​ ​​​មាន​​​ប្រសាសន៍​​​ថា ​​​សេចក្ដី​​​សម្រេច​​​នេះ​​​ក៏​​​ធ្វើ​​​មិនឲ្យ​ស្រប​​​ច្បាប់​​​​ដល់​ច្បាប់​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​ស្ដ​​​ី​​​ពីការ​​​ដាក់​​​ទោស​​​ព្រហ្ម​​​ទណ្ឌ​​​ចំពោះ​​​ការ​​​បដិសេធ​​​មិន​​​ទទួល​​​ស្គាល់​​អំពើ​​​ឃោរឃៅ​​​របស់​​​ខ្មែរ​​​ក្រហម​​​ ដែល​​​គ្រោង​​​នឹង​​​លើក​​​យក​​​ទៅ​​​ពិភាក្សា​​​ដេញ​​​ដោល​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា នៅ​​​ថ្ងៃ​​​សុក្រ​​​នេះ​​​​ផង​ដែរ​។

លោក​​​បន្ត​ថា“ ​​​សេចក្ដី​​​សម្រេច​​​​នេះ​​​ប៉ះ​ពាល់​​​​ដល់​​​ភាព​​​ស្រប​​​ច្បាប់​​​នៃ​​​ច្បាប់​​​ដែល​​​ប្រហែល​​​ជា​​​ត្រូវ​​​អនុម័ត​​​អំឡុង​​​ពេល​​​នេះ​​​ ឧទាហរណ៍​​​ដូច​​​ជា​​​ច្បាប់​​​ស្ដី​​​ពី​​​ការ​​​បដិសេធ​​​មិន​​​ទទួល​​​ស្គាល់​​​អំពើ​​​ប្រល័យ​​​ពូជសាសន៍​​​ជា​​​ដើម​​​។ ប្រសិន​​​បើ​​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​គ្មាន​​​​កា​​រ​​​ចូល​​​រួម​​​ពី​​​សមា​ជិក​​​សភា​​​ទាំង​​​នោះ​​​ទេ អាច​​​និយាយ​​​បាន​​​ថា ច្បាប់​​​​នោះ​​​​មិន​សូវ​មាន​​​​ភាព​​​ស្រប​​​ច្បាប់​​​ឡើយ”។

ច្បាប់​​​របស់​​​កម្ពុជា​​​ស្ដី​​​ពីការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​​​រើស​សមាជិក​​​សភាចែង​​​ថា “ បេក្ខជន​​​ដែលលាលែង​​​ពី​​​គណបក្ស​​​របស់​​​ខ្លួន​​​នឹង​​​បាត់​​​បង់​​​សមាជិក​​​ភាព​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​សភា​​​ដោយ​​​ស្វ័យ​​​ប្រវត្តិ​​​”  ប៉ុន្ដែ​​​ចែង​ថា ប្រសិន​​​បើ​​​ការ​​​លា​ឈប់​នោះ​ធ្វើ​​​ឡើង​​​លើស​​​ពី​​​ប្រាំមួយ​​​ខែ​​​មុន​​​ពេល​​​បោះ​​​ឆ្នោត​​​ គណបក្ស​​​​នោះ​អាច​​​​ជ្រើ​​​ស​រើស​​​តំណាង​​​រាស្ត្រ​​​ជំនួស​​​។

លោក សុក​ សំអឿន ជា​​​មេធាវី​​​មួយ​​​រូប​​​ និង​​​ជា​​​ប្រធាន​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការ​​​ពារ​​​សិទ្ធិ​​​កម្ពុជា​​​ ជា​​​អង្គការ​​​ជំនួយ​​​ផ្នែក​​​ច្បាប់ ​​​មាន​​​ប្រសាសន៍​​​ថា​ប្រសិន​​​បើ​​​ពេល​​​នេះ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សម រង្ស៊ី និង​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ចុះ​​​ឈ្មោះ​​​ចូល​​​រួម​​​ជាមួយ​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ហើយ​​​នោះ មាន​​​ន័យ​​​ថា ​ពួក​​​គាត់​​​បាន​​​ចាក​​​ចេញ​​​ពី​​​គណបក្ស​​​​ដើម​​​​របស់​​​ខ្លួន​​​ហើយ​​​។ ប្រសិន​​​បើ​​​មាន​​​អ្នក​​​ផ្សេង​​​ត្រូវ​​​ចូល​​​​ជំនួស​​​កន្លែង​​​របស់​​​ពួក​​​គាត់​​​ ចាំ​​​បាច់​​​ត្រូ​​​វ​​​ធ្វើ​​​ឡើង​​​លើ​​​ស​​​ពី​​​ប្រាំមួយ​​​ខែ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​។

លោក​​​ថ្លែង​ថា “ ដូច្នេះ​​​រដ្ឋាភិបាល និង​​​សមា​​ជិក​​​គណបក្ស​​​ប្រជា​​​ជន​​​ក​​​ម្ពុជា​​​​​​អាច​​​តវ៉ា​​​អំពី​​​រឿង​​​នោះ​​​ និង​​​អាច​​​គ្រប់​​​គ្រង​​​ប្រាក់​​​ខែ​​​របស់​​​ពួក​​​គាត់​​​បាន​​​”។

លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​គណៈ​កម្មាធិកា​​រ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា​​​ហៅកាត់​​​ថា ​ខុម​ហ្វ្រែល​បាន​​​ទទួល​​​ស្គាល់​​​ថា ភាព​​​ស្រប​​​ច្បាប់​​​នៃ​​​សេច​ក្ដី​​​​សម្រេច​​​នេះ​​​មិន​ច្បាស់​លាស់​ទេ ប៉ុន្ដែ​​​បាន​​​មាន​​​​ប្រសាសន៍​​​ថា “ ខ្លឹម​សារ​ច្បាប់​​​” អនុញ្ញាត​​​ឲ្យ​​​សមាជិក​​​សភា​​​ផ្លាស់​​​ប្ដូរ​​​គណបក្ស​​​ដោយ​​​មិន​​​ប្រឈម​​​នឹង​​​ការ​​​បាត់​​​បង់​​​អាសនៈ​នៅ​ក្នុង​​​​គណ​បក្ស​​​ចាស់​​​របស់​​​ខ្លួន​​​នៅ​​​​រដ្ឋ​​​​សភា​ឡើយ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ គណបក្ស​​​ប្រជា​​​ជ​​​ន​​​កម្ពុជា​​​អាច​​​ធ្វើ​​​អ្វី​​​ៗ​​​សព្វ​​​បែប​​​យ៉ាង​​​ ដើម្បី​​​អត្ថប្រយោជន៍​​​របស់​​​ខ្លួន​​​។ អំឡុង​​​ពេល​​​​​​បោះឆ្នោត ​​​ពួក​​​គេ​​​ព្យាយាម​​​ធ្វើ​​​ឲ្យ​​​សមាជិក​​​គណ​​បក្ស​​​ប្រឆាំង​​​ប្រឈម​​​នឹង​​​បញ្ហា”៕
ប្រែសម្រួល​​​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស