នៅថ្ងៃដំបូងនៃការបើកសវនាការជំនុំជម្រះរឿងក្តីរបស់ខ្លួននៅឯសាលាឧទ្ធរណ៍ កាលពីម្សិលមិញ អ្នកស្រី យ៉ម បុប្ផា សកម្មជនប្រឆាំងការបណ្តេញចេញនិងប្តីរបស់អ្នកស្រីឈ្មោះ លួស សាខន បានបដិសេធថា មិនបានបញ្ជាឲ្យគេវាយអ្នករត់រ៉ឺម៉កមូ៉តូ កាលពីឆ្នាំមុននោះទេ។
ប្តីប្រពន្ធនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទបង្ករបួសស្នាមដោយចេតនាដែលមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៧ ខែធ្នូ ចំពោះការចោទថា បានបញ្ជាឲ្យគេវាយអ្នករត់រ៉ឺម៉កមូ៉តូ កាលពីថ្ងៃទី៧ ខែសីហា និងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេលបីឆ្នាំ។ប៉ុន្តែតុលាការបានដោះលែងលោក សាខន នៅឲ្យក្រៅឃុំ ចំណែកឯអ្នកស្រី យ៉ម បុប្ផា នៅជាប់់ពន្ធនាគារដដែល ហើយប្រការនេះបានជំរុញឲ្យអ្នកគាំទ្រធ្វើការតវ៉ានៅទូទាំងរាជធានី និងចោទរដ្ឋាភិបាលថា បានយកអ្នកស្រី យ៉ម បុប្ផា ជាទិសដៅដោយសារតែអ្នកស្រីគឺជាសកម្មជនប្រឆាំងនឹងការបណ្តេញចេញ។
អ្នកស្រី យ៉ម បុប្ផា បានលើកឡើងនៅក្នុងតុលាការថា“ ខ្ញុំមិនស្គាល់អ្នកវាយ និងមនុស្សដែលវាយគ្នានោះទេ ហើយខ្ញុំក៏មិនបានទៅឃាត់ពួកគេដែរ ព្រោះខ្ញុំខ្លាច”។
អ្នកស្រីបានបន្តថា “ ខ្ញុំគិតថា នគរបាលប៉ុស្តិ៍ចង់ឲ្យខ្ញុំរងគ្រោះ ព្រោះខ្ញុំគឺជាអ្នកគាំទ្រដល់អ្នកដែលមានបញ្ហាដីធ្លី”។
ដោយនៅតែប្រកាន់ជំហរជំទាស់ដដែលនោះលោក វ៉ាត ថៃសេង និង ង៉ែត ចិត្រ ដែលជាជនរងគ្រោះនៅក្នុងការវាយគ្នានោះបានចោទអ្នកស្រី យ៉ម បុប្ផា និងលោក សាខន ថាបានបញ្ជាឲ្យមនុស្សពីរនាក់ផ្សេងទៀតប្រើពូថៅ និងតួណឺវីស វាយប្រហារពួកខ្លួន។
ជនសង្ស័យដៃដល់ពីរនាក់ ឈ្មោះ យ៉ម កន្លង់ និង យ៉ម សិត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកាលពីខែធ្នូ និងបានផ្តន្ទាទោសកំបាំងមុខឲ្យម្នាក់ៗជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ប៉ុន្តែ ពួកគេកំពុងរត់គេចខ្លួន។
លោក តាំង ស៊ុនឡាយ ចៅក្រមជំនុំជម្រះបានមានប្រសាសន៍ថា សវនាការជំនុំជម្រះរឿងក្តីនេះ នឹងបន្តនៅថ្ងៃទី១៤ ខែមិថុនា ដោយមានចម្លើយពីសាក្សី៕
ប្រែសម្រួលដោយ ហម សុផាណ្ណា