ស្ត្រីខ្មែរអាយុ២៤ឆ្នាំម្នាក់ ដែលត្រូវគេវាយដំនិងបង្ខំឲ្យធ្វើការជាច្រើនម៉ោងដោយគ្មានមេត្តា ជាអ្នកបម្រើតាមផ្ទះនៅប្រទេសម៉ាឡេសីុនោះ បានត្រឡប់មកប្រទេសកម្ពុជាវិញហើយកាលពីម្សិលមិញ។
ឈ្មោះ ហ៊ាង សុខណា មកពីស្រុកក្រូចឆ្មាខេត្តកំពង់ចាម ត្រូវបានទីភ្នាក់ងារជ្រើសរើសពលករ RTC ជ្រើសរើសក្នុងឆ្នាំ២០០៦ឲ្យទៅបម្រើការតាមផ្ទះនៅក្នុងប្រទេសម៉ាឡេសីុ។
អំឡុងការស្នាក់នៅរយៈពេលជាងបីឆ្នាំនៅទីក្រុងគូឡាឡាំពួ ហ៊ាង សុខណា បាននិយាយកាលពីម្សិលមិញថា នាងត្រូវបានគេវាយធ្វើបាបរាល់ថ្ងៃ និងមិនដែលផ្តល់ម្ហូបអាហារបរិភាគឲ្យបានគ្រប់គ្រាន់នោះទេ។
នាងបាននិយាយថា “ ខ្ញុំត្រូវគេបង្ខំឲ្យធ្វើការរយៈពេល២៤ម៉ោងនៅក្នុងផ្ទះរបស់ពួកគេ នៅក្នុងរោងចក្រផលិតគ្រឿងសង្ហារិមរបស់ពួកគេ និងនៅផ្ទះសំណាក់របស់ពួកគេហើយថៅកែរបស់ខ្ញុំបានប្រើដបទឹកដែកវាយក្បាលខ្ញុំនិងបោចសក់ខ្ញុំ។ ពួកគេបានវាយខ្ញុំ៣ឬ៤ដងជារៀងរាល់ថ្ងៃ”។
បន្ទាប់ពីរត់គេចខ្លួននៅពេលព្រឹកព្រលឹមមួយនៅពេលដែលថៅកែរបស់នាងកំពុងដេកលង់លក់ ហ៊ាង សុខណា បានរកការងារធ្វើនៅក្នុងគ្រួសារមួយទៀត ដែលនាងបាននិយាយថា បានធ្វើល្អចំពោះនាងដោយឲ្យនាងស្នាក់នៅជាមួយពួកគេរយៈពេលប្រហែលពីរឆ្នាំទៀត។
ការវិលត្រឡប់របស់នាងត្រូវបានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្តល់ជំនួយផ្នែកច្បាប់កម្ពុជា និងអង្គការ តេណាហ្គានីតា(Tenaganita) ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្នែកសិទ្ធិស្ត្រីនៅម៉ាឡេស៊ីជួយបន្ទាប់ពីថៅកែរបស់នាងនាំនាងទៅស្ថានទូតកម្ពុជាក្នុងប្រទេសម៉ាឡេស៊ី៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ