ក្រុមហ៊ុន ឌីអិម គ្រុប ដែលមានខ្នងក្រាស់ បានចាប់ផ្តើមរានដីនៅក្នុងខេត្តរតនគិរី ដែលមានជម្លោះជាមួយកសិករម្នាក់ជាថ្មីម្តងទៀតហើយកូនៗរបស់កសិកររូបនេះត្រូវបានកម្មករក្រុមហ៊ុននេះវាយដំកាលពីខែមុន បន្ទាប់ពីពួកគេព្យាយាមបញ្ឈប់គ្រឿងចក្ររបស់ក្រុមហ៊ុននេះមិនឲ្យរុលទៅមុខ។
ជនរងគ្រោះរងរបួសចំនួនបួននាក់ មានឈ្មោះ រី សុខលីម អាយុ១៤ឆ្នាំ រី ស្រីពេជ្រ អាយុ១២ឆ្នាំ ត្រូវជាប្អូន និងបងប្រុសឈ្មោះ រី សុខលាប អាយុ២១ឆ្នាំ ព្រមទាំងអ្នកជិតខាងអាយុ២១ឆ្នាំម្នាក់។
រី សុខលីម ដែលពេលនេះបានធូរស្រាលឡើងវិញនោះ មានឈាមកកនៅក្នុងខួរក្បាលនិងត្រូវទៅព្យាបាលជាបន្ទាន់ក្នុងប្រទេសវៀតណាម។ លោក រី សារ៉ុន អាយុ៥២ឆ្នាំ ដែលប៉ុនប៉ងប្តឹងក្រុមហ៊ុន ឌីអិម គ្រុប ទារសំណងជំងឺចិត្តចំនួន៤០.០០០ដុល្លារចំពោះការវាយដំកាលពីថ្ងៃទី៥ ខែ ឧសភា បានមានប្រសាសន៍ថា កម្មករបានរានដីរបស់គាត់ នៅក្នុងស្រុកអណ្តូងមាសម្តងទៀត ដោយប្រើគ្រឿងចក្រឈូសឆាយកាលពីថ្ងៃច័ន្ទ។
លោក សារ៉ុន បានមានប្រសាសន៍ថា “ ខ្ញុំមិនហ៊ានឃាត់ពួកគេមិនឲ្យរានដីនេះទេ ព្រោះខ្ញុំខ្លាចពួកគេវាយខ្ញុំទៀត”។
លោក សារ៉ុន មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមហ៊ុន គឺខុសច្បាប់ ព្រោះគាត់បានទទួលប័ណ្ណកម្មសិទ្ធិដីរបស់គាត់កាលពីថ្ងៃទី២៥ ខែមីនា។
លោកបានមានប្រសាសន៍សំដៅដល់និស្សិត ដែលទៅវាស់វែងដីឲ្យអ្នកភូមិនៅទូទាំងប្រទេសតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “ ក្រុមនិស្សិតស្ម័គ្រចិត្តបាននិយាយថា ដីនេះជាដីរបស់ខ្ញុំ ពីព្រោះខ្ញុំមានប័ណ្ណកម្មសិទ្ធិ”។
លោក លិន តាំងលី ប្រធានក្រុមនិស្សិតស្ម័គ្រចិត្ត បានមានប្រសាសន៍បញ្ជាក់ថា ដីនេះជាដីរបស់លោកសារ៉ុន ប៉ុន្តែមិនបានបរិយាយល្អិតល្អន់ទេ៕ ប្រែសម្រួលដោយ ចេវ ប៊ុននី