មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីម្សិលមិញថា ក្នុងឆ្នាំនេះ រន្ទះបានបាញ់សម្លាប់មនុស្សចំនួន៧២នាក់ ហើយនេះទើបតែដើមខែមិថុនាប៉ុណ្ណោះ។
លោក កែវ វី អនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្លែងថា“ នេះជាការកើនឡើងខ្លាំងមួយ បើធៀបនឹងរយៈពេលប្រាំមួយខែដំបូងកាលពីឆ្នាំមុន ដែលពេលនោះ មានមនុស្សតែ៥០នាក់ ត្រូវរន្ទះបាញ់ស្លាប់”។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងកាលពីម្សិលមិញថា ការស្លាប់មនុស្សពីរនាក់ចុងក្រោយ កាលពីថ្ងៃច័ន្ទ បានកើតឡើងនៅក្នុងឧបទ្ទវហេតុពីរដោយឡែកពីគ្នា គឺមួយនៅក្នុងខេត្តកំពត និងមួយទៀតខេត្តបាត់ដំបង។
លោក នាគ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលឃុំភ្នំប្រាសាទបានមានប្រសាសន៍ថា នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ឈ្មោះ ឃួន ទូច អាយុ៤៦ឆ្នាំ ត្រូវបានរន្ទះបាញ់ស្លាប់ ខណៈដែលគាត់កំពុងឃ្វាលគោនៅវាលស្រែក្នុងឃុំភ្នំប្រាសាទ បន្ទាប់ពីមានព្យុះភ្លៀង។
លោក ពិសិដ្ឋ មានប្រសាសន៍ថា “ ភ្លៀងបានរាំងទៅហើយ ប៉ុន្តែផ្លេកបន្ទោរ និងរន្ទះនៅតែបន្ត និងបានបាញ់ចំ ឃួន ទូច ហើយសាកសពរបស់គាត់ត្រូវរោលឡើងខ្មៅ”។
លោក វ៉ាត សារ៉ន ជំទប់ឃុំអំពិលប្រាំដើមមានប្រសាសន៍ថា នៅក្នុងស្រុកបវេល ខេត្តបាត់ដំបង ឈ្មោះ សិទ្ធ ស្រីឃៀង អាយុ៤៥ឆ្នាំត្រូវបានរន្ទះបាញ់នៅក្នុងផ្ទះរបស់គាត់ក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
លោក សារ៉ន បានមានប្រសាសន៍ថា “ រន្ទះបានបាញ់លោក សិទ្ធ ស្រីឃៀង ឆ្លងកាត់ដំបូលស័ង្កសីផ្ទះរបស់គាត់ ហើយគាត់បានស្លាប់ភ្លាមខណៈពេលកំពុងនៅក្នុងផ្ទះ អំឡុងពេលភ្លៀងខ្លាំងនៅម៉ោងប្រហែល៥ល្ងាច”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា