31 C
Phnom Penh

បក្ស​​សង្គ្រោះ​​ជាតិ​​ថា ការ​​ពិភា​ក្សា​ ​ដេញ​​ដោល​​ស្ដី​ពី​​ច្បាប់​​ឧក្រិដ្ឋ​កម្ម​​​ ខ្មែរ​​ក្រហម​​គួរ​​តែ​​ពន្យារពេល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ផ្ញើ​​​លិខិត​មួយ​ច្បាប់​​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​កាល​ពី​ម្សិលមិញ​ ​ស្នើ​​សុំ​ឲ្យ​​ពន្យារ​ពេល​​ការ​​ពិភាក្សា​ដេញ​ដោល​​ច្បាប់​ស្ដី​ពី​ការ​ដាក់​ទោស​​អ្នក​ដែល​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​ក្រហម​​​រហូត​ដល់​រដ្ឋ​សភា​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​​ថ្ងៃ​ទី​២៨ ខែកក្កដាខាង​មុខ​នេះ​។

ការ​ស្នើ​​សុំ​ពី​សមាជិក​សភា​មក​ពី​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ដែលឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​ដែល​ទើប​តែ​បង្កើត​ថ្មី​ក្នុង​ការ​បោះ​ឆ្នោត​​​ពេល​ខាង​មុខ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ពួក​គាត់​​​បាន​ទទួល​ដំណឹង​ថា គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​របស់​រដ្ឋ​សភា​ ដែល​​​មាន​​សមាជិក​​​១២​រូប​សុទ្ធ​តែ​មក​ពី​​​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​សម្រេច​ដក​សមាជិកភាព​តំណាង​រាស្ត្រ​​ពី​សមាជិកសភា​ចំនួន​២៧​រូប​មក​ពី​គណ​បក្ស​ប្រឆាំង​ទាំង​ពីរ​ គឺ​គណបក្ស​សិទ្ធិមនុស្ស​​ និង​គណបក្ស​ សម រង្ស៊ី។

លិខិត​នេះ​​លើក​ឡើងថា“ យើង​​សូម​​ស្នើ​ឲ្យ​​សម្តេច​ប្រធាន​រដ្ឋ​សភា​​ពន្យារ​ពេល​ការ​ពិភាក្សា​ដេញ​ដោល និង​ការ​អនុម័ត​នៃ​សេច​ក្ដី​​ព្រាង​ច្បាប់​ស្ដីពី​ការ​បដិសេធ​​ថា គ្មាន​ការ​ប្រព្រឹត្ត​​​ឧក្រិដ្ឋ​​កម្ម​អំឡុង​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​​រហូត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​បាន​បញ្ចប់​រួច​រាល់​ ហេតុ​ដូច្នេះ​រដ្ឋ​សភា​អាច​បង្កើត​​ច្បាប់​​បាន​ត្រឹម​ត្រូវ​”។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដំបូងឡើយ​បាន​ផ្ដួច​ផ្ដើម​គំនិត​ឲ្យ​បង្កើត​​ច្បាប់​នេះ​ នៅ​ក្នុង​សុន្ទរកថា​មួយ​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​ឧសភា បន្ទាប់​ពី​លោក កឹម សុខា ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា អំពើ​ឃោរឃៅ​​ដែល​បាន​ប្រព្រឹត្ត​នៅ​ពន្ធនាគារ​ស-២១​របស់​របប​ខ្មែរ​ក្រហម​ តាម​ពិត​​ត្រូវ​បាន​ប្រទេស​​វៀតណាម​ប្រឌិត​ឡើង​។រដ្ឋា​ភិបាល​កម្ពុជា ក្រោយ​មក​បាន​ចេញ​ផ្សាយ​ខ្សែ​អាត់​សំឡេង​របស់​លោក កឹម សុខា​។

លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​មួយ​ចំនួន​ចំពោះ​សេច​ក្ដី​​ព្រាង​ច្បាប់​​នេះ​​​ផង​ដែរ​ ដើម្បី​​រារាំង​អតីត​​សមា​​​ជិក​ជាន់​ខ្ពស់​របស់​ខ្មែរ​ក្រហម​មិន​ឲ្យ​កាន់​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​។

លិខិត​ដែល​មាន​បំណង​សំដៅ​យ៉ាង​​​ច្បាស់​​ដល់​​មេដឹក​នាំ​កំពូល​ទាំង​បី​រូប​របស់​ប្រទេស​កម្ពុជា​េនះ​​ ​បាន​​​លើក​ឡើង​ថា “ សូម​ចែង​នៅ​ក្នុង​​សេចក្ដី​ព្រាង​ច្បាប់​េនះ​​ថា មេដឹក​នាំ​នៃ​របប​ខ្មែរ​ក្រហម​មិន​អាច​មាន​តំណែង​ខ្ពស់​ នៅ​ក​្នុង​ជួរ​រដ្ឋាភិបាល​​ដូច​ជា​ ជា​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​នាយក​រដ្ឋ​មន្ត្រី​នោះ​​​បាន​​​ឡើយ​”។

លោក ហ៊ុន សែន រួម​ជា​មួយ​នឹង​លោក ហេង សំរិន ព្រម​ទាំង​លោក ជា សីុម ប្រធាន​ព្រឹទ្ធសភា​សុទ្ធ​តែ​ជា​សមាជិក​ខ្មែរ​ក្រហម​មុន​ចុះ​ចូល​​ជាមួយ​កង​កម្លាំង​វៀតណាម​ មុន​ពេល​​ផ្ដួល​រំលំ​របប​ ប៉ុល ពត បន្តិច​។

លោក ឈាង វុន សមាជិក​សភា​ជាន់​ខ្ពស់​មក​ពី​គណបក្ស​​​កាន់​​​អំណាច គឺ​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​បាន​​​លើក​ឡើង​ថា លោក ហេង សំរិន និង​សហការី​នៅ​ក្នុង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​ នឹង​មិន​យក​​លិខិត​នេះ​មក​ពិចារណា​ឡើយ​ ព្រោះ​សមា​ជិក​របស់​គណ​​​បក្ស​សង្គ្រោះ​ជាតិ​លែង​មាន​តំណែង​នៅ​ក្នុង​រដ្ឋ​សភា​ទៀត​ហើយ​។

លោក​​មាន​ប្រសាសន៍​ថា “ ពួក​គេ​លែង​​ជា​សមាជិក​សភា​​ទៀត​ហើយ​។ យើង​នឹង​ម​ិន​គិត​អំពី [​សំណើ​​របស់​ពួក​គេ] ឡើយ​ ពីព្រោះ​វា​​ធ្វើ​ឲ្យ​យើង​ឈឺក្បាល​។

លោក ឈាង វុន បាន​លើក​ឡើង​ថា យើង​​នឹង​នៅ​តែ​បើក​កិច្ច​ពិភាក្សា​ដេញ​ដោលពី​ច្បាប់​​នេះ​ នៅ​ថ្ងៃ​ស្អែក [ថ្ងៃ​សុក្រ] ។ យើង​មាន​គណ​បក្ស​មួយ​ផ្សេង​ទៀត​ដែល​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​ដេញ​ដោល​នេះ​ គឺ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​”។

សមាជិក​សភាមក​ពី​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ចំនួន​ពីរ​រូប​សុទ្ធ​តែ​មាន​សម្ពន្ធភាព​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​មាន​អាសនៈ​ចំនួន​៩០​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២៣​នៅ​ក្នុ​ងរដ្ឋ​សភា​។ សមាជិក​សភា​ទាំង​អស់​ លើក​លែង​តែ​សមាជិក​សភា​ចំនួន​ពីរ​រូប​ក្នុងចំណោម​សមាជិក​សភា​ដែល​នៅ​សេសសល់​ចំនួន​៣១​រូប​ រួម​ទាំង​សមាជិក​ចំនួ​ន​ពីរ​រូប​ទៀត​របស់​គណបក្ស​ នរោត្ដម រណឫទ្ធិ​ ដែល​ឥឡូវ​​នេះ​លែង​មាន​ទៅ​ហើយ​​នោះ​ សុទ្ធ​តែ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​របស់​​ខ្លួន​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កាល​ពី​ថ្ងៃ​ពុធ​។

ដោយ​សារ​​ច្បាប់​​ស្ដី​ពី​ការ​បោះ​ឆ្នោត​​ជ្រើស​​រើស​តំណាង​រាស្ត្រ​ និង​រដ្ឋ​ធម្មនុញ្ញ​​​របស់​ប្រទេស​​កម្ពុជាចែង​ថា សមាជិក​សភា​ដែល​បាន​ចាក​ចេញ​ពី​តំណែង​របស់​ខ្លួន​សម្រាប់​ហេតុផល​ណាមួយ​​ក៏​ដោយ ​រយៈ​ពេល​​លើស​ពី​​ប្រាំ​មួយ​​ខែ​មុន​​ការ​បោះ​ឆ្នោត​អាច​នឹង​ត្រូវ​ជំនួស​ដោយ​សមាជិក​ផ្សេង​នៃ​គណបក្ស​ខ្លួន​នោះ​ អ្នក​ជំនាញ​​ច្បាប់​មាន​​ទស្សន​ផ្សេង​ៗ​គ្នា​​អំ​ពី​ថាតើ​សមាជិក​សភា​ដែល​ចាក​ចេញ​ពី​តំណែង​របស់​​ខ្លួន​ ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​អាច​​មាន​អ្នក​ផ្សេង​មក​ជំនួស​ឬអត់​។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​​​​សេរី​ និង​យុត្តិធម៌​បាន​លើក​ឡើង​ថា  ប៉ុន្ដែ រដ្ឋ​ធម្ម​នុញ្ញ​​បាន​ចែង​យ៉ាង​ច្បាស់​ថា រដ្ឋ​សភា​ត្រូវ​តែ​មាន​សមាជិក​យ៉ាង​តិច​១២០​រូប​  ហើយ​ការ​អនុ​ម័ត​​ច្បាប់​ណាមួយ​ នៅ​ក្នុង​រដ្ឋ​សភា​ដែល​មាន​សមា​ជិក​សព្វ​ថ្ងៃ​ចំនួន​៩៣​រូប​នោះ​ គឺ​​ខុស​ច្បាប់​។

លោក គល់ បញ្ញា បាន​មាន​ប្រសាសន៍​ថា “ ​រដ្ឋសភា​ត្រូវ​តែ​មាន​សមាជិក​យ៉ាង​តិច​១២០​រូប​ ដើម្បី​ធ្វើ​ឲ្យ​ការ​អនុម័ត​របស់​ខ្លួន​ស្រប​ច្បាប់​”។

លោក យេង វីរៈ នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍​​ បាន​យល់​ស្រប​ជា​មួយ​លោក គល់ បញ្ញា ប៉ុន្ដែ លោក​បាន​សង្កត់​ធ្ងន់​ថា ដោយ​មិន​គិត​ពី​​ធម្មនុញ្ញ​​ភាព​របស់​ខ្លួន ការ​សម្រេច​របស់​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ឲ្យ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ចូល​រួម​ នៅ​ក្នុង​ការ​ពិភាក្សា​ដេញ​ដោល​​លើ​ច្បាប់​ដ៏​សំខាន់​​នេះ គឺ​អយុត្តិធម៌​ណាស់។

លោក យេង វីរៈ បាន​មាន​ប្រសាសន៍​ថា  “ ​ម្យ៉ាង​យើង​មាន​ធម្មនុញ្ញភាព ហើយ​ម្យ៉ាង​​ទៀតយើង​មាន​​សិទ្ធិ​ស្រប​ច្បាប់​ ដែល​ជួន​កាល​វា​មាន​សារៈសំខាន់​ជាង​​​​អំណាច​​អនុវត្ត​​​ច្បាប់​ទៅ​ទៀត​​” ។លោក​បាន​គូស​បញ្ជាក់​ថា “ ខ្មែរ​ក្រហម​មាន​ច្បាប់​ដែរ​” ហើយ​យើង​គ្រប់​ៗ​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ពី​អ្វី​ដែល​បាន​កើត​ឡើង​។

លោក យេង វីរៈ​បាន​មាន​ប្រសាសន៍​បន្ថែម​​​ទៀត​ថា“ ​ការ​ប្រើ​ពេល​មុនការ​បោះ​ឆ្នោត​ ដើម្បី​អនុវត្ត​​បទបញ្ជា​​ផ្ទៃ​ក្នុង​​​ដក​សមា​​​ជិក​ភាព​នៃ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង គឺ​​ពិត​​ជា​មិន​ត្រឹម​ត្រូវ​​ ឬក៏​មិន​ស្រប​ច្បាប់​​​ឡើយ​​។ ជាពិសេស​ ពេល​មាន​កិច្ច​ពិភា​​​ក្សា​ដេញ​ដោល​​​ច្បាប់​ចម្រូង​ចម្រាស​នៅ​ថ្ងៃ​​ក្រោយ​​ វា​ជា​ទង្វើ​​​មួយ​មិ​ន​សម​ស្រប​ និង​ខុស​ឆ្គង​ខ្លាំង​ណាស់​”៕
(រាយការណ៍​បន្ថែម​ដោយ Colin Meyn)
ប្រែសម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស