35 C
Phnom Penh

កងទ័ព​អាកាស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ ហាត់​ទម្លាក់​ជំនួយ​ពីលើ​អាកាស​ក្នុង​ខេត្តកំពង់​ស្ពឺ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្ត​កំពង់​ស្ពឺ៖ កាល​ពី​ម្សិល​មិញ ​កង​ទ័ព​អាកាស​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​បាន​ហ្វឹក ហាត់​ទម្លាក់​ជំនួយសិប​្បនិម្មិត​​ចំនួន​៤​កញ្ចប់​ នៅ​​ខេត្ត​កំពង់​ស្ពឺ​ ក្នុង​​ព្រឹត្ត​ិការណ៍​​​ហ្វឹកហាត់​ទម្លាក់​ជំនួយ​​ពី​លើ​​អាកាស​នៅ​តំបន់​បាស៊ីហ្វិក​ឆ្នាំ​២០១៣​ ​រៀង​រាល់​២ឆ្នាំ​ម្តង​ ដែល​មាន​ការ​ចូល​រួម​ពី​​ប្រទេស​ចំនួន​២២​នៅ​ក្នុង​តំបន់​អាស៊ី​បា៉ស៊ីហ្វិក។

លោក វីលៀម ថដ (Willian Todd) ​ឯក​អគ្គ រដ្ឋ​ទូត​សហ​រដ្ឋអាមេរិកបាន​ចូល​រួម​ជាមួយ​នឹង​យុទ្ធ​ជន​និង​យុទ្ធ​នារី​​ជា​ច្រើន​នាក់​ ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​វាល​ស្រែ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ដ៏​ក្តៅ​នៅ​ពេល​ព្រឹក​ ដើម្បី​ចាំ​មើល​ព្រឹត្តិការណ៍​ហ្វឹក​ហាត់​​ទម្លាក់​ជំនួយ​​សិប្បនិម្មិត​រយៈពេល​ប្រាំ​ថ្ងៃ​​េនះ​ ដើម្បី​ទម្លាក់​ជំនួយ​ចំនួន​បួនកញ្ចប់​ពី​លើ​អាកាស​ទៅ​តំបន់​ជា​គោល​​ដៅ​ក្នុង​ចន្លោះ​ពេល​ប្រាំនាទី​ម្តង​ដោយ​យន្ត​ហោះ​ដឹក​ជញ្ជូន​ធុន C-130 របស់​សហរដ្ឋ​អាមេរិក​ ម៉ាឡេសីុ និង​ថៃ ។លោក វីលៀម​ ថត បាន​មាន​ប្រសាសន៍ថា​  “ [គ្រោះ​ថ្នាក់​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​ទឹក​ជំនន់​] អាច​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​ស្រុក​ ហើយ​នេះគឺ​ជា​អ្វី​ដែល​សហគមន៍​អន្តរជាតិ​​អាច​ជួយ​បាន​”។ លោក​​បន្ថែម​ថា គោល​បំណង​នៃ​ការ​ហ្វឹក​ហាត់​នេះគឺ​ដើម្បី​កែលម្អ​​សមត្ថភាព​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​តំបន់​ ដើម្បី​ដោះស្រាយ​​​ជំនួយ​មនុស្ស​ធម៌​ពេល​មាន​​គ្រោះ​មហន្តរាយ។

លោក វីលៀម ថត ប្រសាសន៍ថា ឧត្តម​​សេនីយ៍ឯក​ សួន សំណាង​ មេ​បញ្ជា​ការ​កង​យោធ​ពល​ខេមរភូមិ​ន្ទ​ និង​ឧត្តម​សេនីយ៍ទោ​ រុសហ្សែល ហែនឌី (Russell Handy)​​ មក​ពី​កង​ទ័ព​អាកាស​អាមេរិក​ប្រចាំ​តំបន់​បា៉ស៊ីហ្វិក​ បាន​ជិះយន្ត​ហោះ​ជាមួយ​គ្នា​នៅ​ក្នុង​យន្ត​ហោះ​​​ធុន C-130 របស់​សហរដ្ឋ​អាមេរិក ធ្វើ​​កាយ​វិការ​បង្ហាញ​​ពីប្រតិបត្តិការរវាង​កង​ទ័ព​កម្ពុជា​ និង​កង​ទ័ព​អាមេរិក​​។

អនុសេនីយ៍​ឯក​ ជូស្ទីន ហូហ្វេ (Justin Hauffe)​អាកាស​យានិកកង​ទ័ពអាកាស​អាមេរិក​​មាន​មូល​ដ្ឋាន​នៅក្នុង​ទីក្រុង​សេអ៊ូល ដែល​ស្ម័គ្រ​ចិត្ត​ជួយ​សម្រប​សម្រួល​ទ័ព​អាកាស​នេះ​បាន​មាន​ប្រសាសន៍​​ថា​ ប្រសិទ្ធភាព​នៃការ​ទម្លាក់​ជំនួយ​ពី​លើ​អាកាសនេះ​​ត្រូវបាន​ធ្វើ​ឡើង​បន្ទាប់​​ពី​មាន​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​នៅ​​ក្នុង​ប្រទេស​ ហៃទី ដែល​ពេល​នោះ​យោធា​​សហ​រដ្ឋ​អាមេរិក​អាច​ផ្តល់​អាហារ​ ទឹក និង​ថ្នាំ​​ពេទ្យ​​ទាន់​ពេល​បន្ទាប់​ពី​មាន​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​នៅ​ទី​​នោះ​ក្នុង​ឆ្នាំ​២០១០​។

កម្ពុជា​អាច​ប្រឈមនឹង​ហានិភ័យ​នៃ​គ្រោះ​​ថ្នាក់​ធម្មជាតិ​។ កាលពីខែ​វិច្ឆិកា​​​អង្គការ​ជឺមែន​វ៉ច (Germanwatch)​ ដែល​ជា​អង្គការ​ឃ្លាំមើល​បរិស្ថាន​របស់​អាល្លឺម៉ង់​មាន​មូល​ដ្ឋាន​​នៅ​ក្នុង​ទី​ក្រុង​បុន​ បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​ដែ​ល​ស្ថិត​ក្នុង​លំដាប់​ទី​២ក្នុង​ចំណោម​​បណ្តាល​ប្រទេស​នៅ​លើ​ពិភព​លោក​ដែល​រង​​​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពី​​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​។ នៅ​ឆ្នាំ​២០១១ ​​ទឹក​ជំនន់​បាន​​សម្លាប់​​មនុស្ស​២៥០នាក់​ ធ្វើ​ឲ្យ​មនុស្យ​រាប់​ពាន់​ផ្សេង​ទៀត​ត្រូវ​ផ្លាស់​លំនៅ​ដ្ឋាន​ និង​បាន​​បំផ្លាញ​ដំណាំ​ស្រូវ​អស់​រាប់​មឺុន​ហិក​តា​។

ការទម្លាក់​ជំនួយ​ពី​លើអាកាស​ទាំង​បួន​កញ្ចប់​​​បាន​​ធ្លាក់​​ក្នុង​ចម្ងាយ​៣០ម៉ែត្រ​ពី​​គោល​​ដៅ​ដែល​បាន​កំណត់​។

អនុសេនីយ៍ឯក ហូហ្វេ ​មាន​ប្រសាសន៍​ថា​ “ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ​ចំនួន​ប្រទេស​ដែល​បាន​​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ។​សហរដ្ឋអាមេរិក​មាន​ជំនឿថា​ ដោយ​មាន​ដៃគូ​របស់​យើង​ យើង​ប្រាកដ​ជា​អាច​ជម្នះ​​​គ្រោះ​មហន្តរាយ​បាន​”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស