30 C
Phnom Penh

​ការ​ងារ​​ជួស​ជុល​កំណាត់​ផ្លូវ​លេខ​៦៣​ ក្នុង​រាជធានីភ្នំពេញ​ដែល​ខូច​ និងលិច​ទឹក​​​ចាប់ផ្តើម​​​ជា​​​ផ្លូវការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ កម្មករ​បញ្ជា​គ្រឿង​ចក្រ​ធុន​ធ្ងន់​បាន​​​ចាប់​ផ្តើម​ជួសជុល​កំណាត់​ផ្លូវ​លេខ​​​​៦៣ ដែល​ស្ថិត​​​នៅ​​​ក្នុង​ចំណោម​កំណាត់​ផ្លូវ​មាន​ចរាចរណ៍​​មមា​ញឹក​​​​បំផុត​​​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​លុប​គ្រលុក​និង​​​ស្នាមប្រេះ​​​ដែល​បានធ្វើឲ្យ​​​​​​​កំណាត់​ផ្លូវ​នេះ​​​មាន​ទឹក​ដក់​​​និង​​​គ្រលុក​​​ច្រើន​​​​​​​ ចាប់​តាំង​ពីវា​​​​ត្រូវ​បាន​​គេ​ជីក​​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ កាលពី​ប្រាំមួយ​ខែ​មុន​មក​។

ទី​ភ្នាក់​ងារ​ជប៉ុន​ដើម្បី​កិច្ច​សហ​ប្រតិបត្តិ​ការអន្តរជាតិ​ ហៅ​កាត់​ថា ចៃកា (JICA)​ដែល​ជា​ម្ចាស់​ជំនួយ​សម្រាប់​​​​គម្រោង​ដាក់​ប្រព័ន្ធ​លូ​នេះ​ បាន​ជីក​កំណាត់​​ផ្លូវ​នេះ​ កាលពី​ឆ្នាំមុន​ ដើម្បី​អនុវត្ត​​​គម្រោង​មួយ​​​ ដែល​​​សំដៅ​​​​​កាត់​បន្ថយ​ការ​​​ជន់លិច​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ ចាប់​តាំង​ពី​មានការ​​​គាស់​កាយ​កំណាត់​ផ្លូវ​នេះដើម្បី​​​​ដាក់​លូ​មក វា​​​មិន​​​ត្រូវ​បាន​ចាក់​កៅស៊ូឲ្យ​បាន​សមស្រប​​ទេ​ មូលហេតុ​​​គឺ​ដោយ​​សារ​អង្គការ​ចៃកា និង​សាលា​រាជធានី​​​​ភ្នំពេញ​​​ខ្វែងគំនិត​​គ្នា​ត្រង់​​​ថា​​​ តើ​​ភាគី​​​ណា​​​​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើការ​ងារ​ជួសជុល​​កំណាត់​ផ្លូវ​នេះ។ប៉ុន្តែ​​​ នៅ​ឯ​​​កន្លែង​​​​ជួស​ជុល​កំណាត់​ផ្លូវ​លេខ​​៦៣​នេះ កាល​ពី​ម្សិល​មិញ គេ​ឃើញ​កម្មករ​ និង​អ្នក​បើក​រ៉ូល័រ​របស់​​​ក្រុម​ហ៊ុនសំណង់​ លី ឈួង កំពុង​ជួសជុល​កំណាត់​ផ្លូវ​នេះ ចាប់​​ពី​មហាវិថី​ព្រះ​សីហនុ ដល់​ផ្លូវ​លេខ​១៧៨។

ខណៈ​​​កំពុង​ឈរ​ក្បែរ​រ៉ូល័រ​នៅ​ឯ​ការដ្ឋាន​ជួសជុល​​​​​​ផ្លូវនេះ​​​កាលពី​ព្រឹក​ម្សិល​មិញ​​​ អ្នក​គ្រប់​គ្រង​​​​គម្រោង​​​ម្នាក់​​​មក​ពី​ក្រុម​ហ៊ុន​សំណង់​ លី ឈួង បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា ការ​ងារ​​​ជួស​ជុល​កំណាត់​ផ្លូវ​នេះ​បាន​ចាប់​ផ្តើម​ស្រប​តាម​​ផែនការ​ ដែល​ត្រូវបាន​​​កំណត់​​​​​​​ដោយ​​​​ក្រុម​​​ហ៊ុន​​សំណង់​ជប៉ុន សូមី​តុមុ (Sumitomo Construction Company)​ ដែល​​​បាន​ចុះ​កិច្ច​សន្យា​អនុវត្ត​​​​គម្រោង​​ដាក់​ប្រព័ន្ធ​លូ​​​ ដែល​ត្រូវ​​​បាន​ម៉ៅការ​បន្ត​​​ដោយ​​​​​ក្រុម​ហ៊ុន​សំណង់ លី ឈួង​​​​​​នេះ​​​ ។

លោក តូច វណ្ណា បាន​មាន​ប្រសាសន៍​ថា ​ “ កំណាត់​ផ្លូវ​នេះកំពុង​ត្រូវ​បាន​ជួស​ជុល​​តាម​ផែនការ​ដែល​យើង​ទទួល​បាន​ពី​ក្រុម​ហ៊ុន​សំណង់​ជប៉ុន សូមីតុមុ ហើយ​យើង​គ្រាន់​តែ​ធ្វើតាម​ផែនការ​​​នេះ​​​​ប៉ុណ្ណោះ​។ លោក​បាន​បន្ថែម​ថា ការងារ​ជួស​ជុលកំណាត់​ផ្លូវនេះ​នឹង​​បន្ត​​​​រយៈពេល​​​ពី​បី​សប្តាហ៍​ទៀត​។

លោក​ស្រី សេង សូឡាឌី មន្ត្រី​កម្មវិធី​​​​របស់​​អង្គការ​ចៃកា ទទួល​បន្ទុក​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​​ បាន​ឲ្យដឹង​​​​ថា ភាគី​ទាំង​អស់​ដែល​​ពាក់ព័ន្ធ​ក្នុង​គម្រោង​ដាក់​ប្រព័ន្ធ​លូនេះ​បាន​បើក​​​​កិច្ច​ប្រជុំ​មួយ​ កាលពី​ថ្ងៃសៅរ៍​ ដើម្បី​ជំរុញ​​ឲ្យ​​​ផែនការ​ជួសជុល​កំណាត់​ផ្លូវនេះ​ដំណើរ​ការ​​ទៅ​មុខ​។

លោកស្រី​ សូឡាឌី​ បាន​មាន​ប្រសាសន៍​​​ថា អង្គការ​ចៃកា“ ប្រាកដ​​​ជា​​​នឹង​​​មានក្តី​​​រីករាយ​​​ខ្លាំង​ណាស់​ ប្រសិ​ន​បើ​បញ្ហា​​​នេះ​អាច​ដោះ​ស្រាយ​​​បាន​ជ្រះ​ស្រឡះ​​​ក្នុងពេល​​​ឆាប់​ៗ​​​​តាម​ដែល​​​អាច​​​ធ្វើទៅបាន​​​។ លោកស្រី​​បន្ថែម​ថា ខ្លួន​​​មាន​ជំនឿថា ការងារ​ជួសជុល​​​កំណាត់​ផ្លូវ​​​នេះ​​​បាន​​​​ចាប់​ផ្តើម​មិនមែន​​​ត្រឹមតែ​​​ដោយ​​សារ​លទ្ធផល​នៃកិច្ច​ប្រជុំ​ កាលពីថ្ងៃសៅរ៍​នេះ​ប៉ុណ្ណោះ​​​​​​ទេ​​​ គឺ​ដោយ​សារ​តែមានការ​​​ចុះ​ផ្សាយអំពី​​​បញ្ហានេះ​​​​​ក្នុង​​​​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​​​ផងដែរ​​​។

លោក ហ៊ុន សារិទ្ធ អ្នក​ចាត់​ការ​ទូទៅ​នៅ​ផ្ទះ​សំណាក់​អាក់ក្វា​​​ ប៊ូធីក (Aqua Boutique​ Guest​ ​House) ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ កែង​ផ្លូវលេខ​២៤០ ​និយាយ​​​ថា លោក​​មាន​​អារម្មណ៍​ធូរទ្រូង​​ណាស់​​​​ពេល​​កំណាត់​ផ្លូវនេះ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​​​ ព្រោះ​វា​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ការ​​​រកស៊ី​របស់​លោក។“ ដោយ​សារ​តែ​​​ការ​បោះ​ឆ្នោត​ជាតិ​ថ្ងៃទី​២៨ ខែកក្កដា​កាន់តែ​​​ខិតជិត​​​ចូល​​​មក​ដល់​​​នោះ​​​ ​រដ្ឋាភិបាល​អាច​​​មើលឃើញ​បញ្ហា​​​ដែល​​​ប្រជា​ពល​រដ្ឋ​ចង់​ឲ្យដោះស្រាយ​​​តាម​ទំព័រ​កាសែត​  ហើយ​​​ពួក​គេ​​​​នឹង​​​​ទទួល​បាន​សន្លឹក​ឆ្នោត​ច្រើន​ទៀត​ពី​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣​នេះ ​​​ប្រសិន​បើ​វា​​​ត្រូវបាន​​​​ជួស​ជុល​រួច​រាល់​ មុន​ពេល​បោះ​ឆ្នោត”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស