កាលពីម្សិលមិញ កម្មករបញ្ជាគ្រឿងចក្រធុនធ្ងន់បានចាប់ផ្តើមជួសជុលកំណាត់ផ្លូវលេខ៦៣ ដែលស្ថិតនៅក្នុងចំណោមកំណាត់ផ្លូវមានចរាចរណ៍មមាញឹកបំផុតក្នុងរាជធានីភ្នំពេញ ដើម្បីលុបគ្រលុកនិងស្នាមប្រេះដែលបានធ្វើឲ្យកំណាត់ផ្លូវនេះមានទឹកដក់និងគ្រលុកច្រើន ចាប់តាំងពីវាត្រូវបានគេជីកដាក់ប្រព័ន្ធលូថ្មី កាលពីប្រាំមួយខែមុនមក។
ទីភ្នាក់ងារជប៉ុនដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ថា ចៃកា (JICA)ដែលជាម្ចាស់ជំនួយសម្រាប់គម្រោងដាក់ប្រព័ន្ធលូនេះ បានជីកកំណាត់ផ្លូវនេះ កាលពីឆ្នាំមុន ដើម្បីអនុវត្តគម្រោងមួយ ដែលសំដៅកាត់បន្ថយការជន់លិចផ្លូវក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែ ចាប់តាំងពីមានការគាស់កាយកំណាត់ផ្លូវនេះដើម្បីដាក់លូមក វាមិនត្រូវបានចាក់កៅស៊ូឲ្យបានសមស្របទេ មូលហេតុគឺដោយសារអង្គការចៃកា និងសាលារាជធានីភ្នំពេញខ្វែងគំនិតគ្នាត្រង់ថា តើភាគីណាជាអ្នកទទួលខុសត្រូវលើការងារជួសជុលកំណាត់ផ្លូវនេះ។ប៉ុន្តែ នៅឯកន្លែងជួសជុលកំណាត់ផ្លូវលេខ៦៣នេះ កាលពីម្សិលមិញ គេឃើញកម្មករ និងអ្នកបើករ៉ូល័ររបស់ក្រុមហ៊ុនសំណង់ លី ឈួង កំពុងជួសជុលកំណាត់ផ្លូវនេះ ចាប់ពីមហាវិថីព្រះសីហនុ ដល់ផ្លូវលេខ១៧៨។
ខណៈកំពុងឈរក្បែររ៉ូល័រនៅឯការដ្ឋានជួសជុលផ្លូវនេះកាលពីព្រឹកម្សិលមិញ អ្នកគ្រប់គ្រងគម្រោងម្នាក់មកពីក្រុមហ៊ុនសំណង់ លី ឈួង បានប្រាប់អ្នកយកព័ត៌មានថា ការងារជួសជុលកំណាត់ផ្លូវនេះបានចាប់ផ្តើមស្របតាមផែនការ ដែលត្រូវបានកំណត់ដោយក្រុមហ៊ុនសំណង់ជប៉ុន សូមីតុមុ (Sumitomo Construction Company) ដែលបានចុះកិច្ចសន្យាអនុវត្តគម្រោងដាក់ប្រព័ន្ធលូ ដែលត្រូវបានម៉ៅការបន្តដោយក្រុមហ៊ុនសំណង់ លី ឈួងនេះ ។
លោក តូច វណ្ណា បានមានប្រសាសន៍ថា “ កំណាត់ផ្លូវនេះកំពុងត្រូវបានជួសជុលតាមផែនការដែលយើងទទួលបានពីក្រុមហ៊ុនសំណង់ជប៉ុន សូមីតុមុ ហើយយើងគ្រាន់តែធ្វើតាមផែនការនេះប៉ុណ្ណោះ។ លោកបានបន្ថែមថា ការងារជួសជុលកំណាត់ផ្លូវនេះនឹងបន្តរយៈពេលពីបីសប្តាហ៍ទៀត។
លោកស្រី សេង សូឡាឌី មន្ត្រីកម្មវិធីរបស់អង្គការចៃកា ទទួលបន្ទុកផ្នែកទំនាក់ទំនងសាធារណៈ បានឲ្យដឹងថា ភាគីទាំងអស់ដែលពាក់ព័ន្ធក្នុងគម្រោងដាក់ប្រព័ន្ធលូនេះបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃសៅរ៍ ដើម្បីជំរុញឲ្យផែនការជួសជុលកំណាត់ផ្លូវនេះដំណើរការទៅមុខ។
លោកស្រី សូឡាឌី បានមានប្រសាសន៍ថា អង្គការចៃកា“ ប្រាកដជានឹងមានក្តីរីករាយខ្លាំងណាស់ ប្រសិនបើបញ្ហានេះអាចដោះស្រាយបានជ្រះស្រឡះក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន។ លោកស្រីបន្ថែមថា ខ្លួនមានជំនឿថា ការងារជួសជុលកំណាត់ផ្លូវនេះបានចាប់ផ្តើមមិនមែនត្រឹមតែដោយសារលទ្ធផលនៃកិច្ចប្រជុំ កាលពីថ្ងៃសៅរ៍នេះប៉ុណ្ណោះទេ គឺដោយសារតែមានការចុះផ្សាយអំពីបញ្ហានេះក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងពេលថ្មីៗនេះផងដែរ។
លោក ហ៊ុន សារិទ្ធ អ្នកចាត់ការទូទៅនៅផ្ទះសំណាក់អាក់ក្វា ប៊ូធីក (Aqua Boutique Guest House) ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៣ កែងផ្លូវលេខ២៤០ និយាយថា លោកមានអារម្មណ៍ធូរទ្រូងណាស់ពេលកំណាត់ផ្លូវនេះត្រូវបានជួសជុលឡើងវិញ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់លោក។“ ដោយសារតែការបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដាកាន់តែខិតជិតចូលមកដល់នោះ រដ្ឋាភិបាលអាចមើលឃើញបញ្ហាដែលប្រជាពលរដ្ឋចង់ឲ្យដោះស្រាយតាមទំព័រកាសែត ហើយពួកគេនឹងទទួលបានសន្លឹកឆ្នោតច្រើនទៀតពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ៦៣នេះ ប្រសិនបើវាត្រូវបានជួសជុលរួចរាល់ មុនពេលបោះឆ្នោត”៕ ប្រែសម្រួលដោយ ហម សុផាណ្ណា