ខណៈពេលការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែមិថុនា ជិតមកដល់ កាលពីម្សិលមិញ លោក ហ៊ុន សែន បានសរសើរគណបក្សប្រជាជនកម្ពុជាជាថ្មីម្ដងទៀតចំពោះការធ្វើឲ្យប្រទេសកម្ពុជា មានសេដ្ឋកិច្ចរីកចម្រើន ក្រោយពីសម័យខ្មែរក្រហម។លោកមានប្រសាសន៍ថា បើគ្មានគណបក្សប្រជាជនកម្ពុជាទេនោះ រាជធានីភ្នំពេញប្រហែល “ ក្លាយទៅជាចម្ការដូងទៅហើយ” ។
ថ្លែងសុន្ទរកថាពីស្រុកកំចាយមា ខេត្តព្រៃវែង ក្នុងពិធីសម្ពោធអគារសាលារៀនពីរល្វែងដែលឧបត្ថម្ភដោយគណបក្សប្រជាជនកម្ពុជា និងដាក់ឈ្មោះតាមឈ្មោះលោក ហ៊ុន សែន និងលោក ជា សុីម ប្រធានព្រឹទ្ធសភា នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការប្រៀបធៀបថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ខុសគ្នាពីប្រទេសកម្ពុជាពេលទទួលរងការអន្តរាយ បន្ទាប់ពីថ្ងៃ៧មករា ឆ្នាំ១៩៧៩ ពេលរបប ប៉ុលពត ត្រូវបានផ្ដួលរំលំ។
លោកមានប្រសាសន៍ដោយប្រើពាក្យ “ ប្រល័យពូជសាសន៍” ជាឧក្រិដ្ឋកម្មមួយ ដែលមិនត្រូវបានដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងច្បាប់សម្រាប់ដាក់ទោសព្រហ្មទណ្ឌចំពោះការបដិសេធថាមិនមានឧក្រិដ្ឋកម្មក្នុងរបបនេះថា “ នៅពេលនេះ យើងអាចមើលឃើញស្ថានភាពខុសគ្នាទាំងស្រុង បើប្រៀបធៀបទៅនឹងសម័យរំដោះពីរបបពលពតក្នុងឆ្នាំ១៩៧៩”។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ ដូចជនរួមជាតិទាំងអស់នៅទីនេះបានដឹងហើយថា របបប្រល័យពូជសាសន៍ ប៉ុលពត បានបំផ្លិចបំផ្លាញគ្រប់វិស័យទាំងអស់ រួមទាំងការអប់រំ ដោយការបំផ្លាញសាលារៀន សម្លាប់គ្រូបង្រៀន និងសិស្ស” ។
ហើយនៅក្នុងការរំឮកស្រដៀងគ្នានេះអំពីសម័យកាលដ៏ខ្មៅងងឹតរបស់កម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើកងកម្លាំងគាំទ្រដោយវៀតណាម ដែលក្រោយមក បានបង្កើតរដ្ឋាភិបាលនេះ មិនបានដណ្ដើមយករាជធានីភ្នំពេញទេនោះ ទីក្រុងនេះនៅតែគ្មានមនុស្សរស់នៅដដែល ។
លោកមានប្រសាសន៍ថា “ រយៈពេល៣០ឆ្នាំកន្លងមកនេះ ប្រសិនបើគ្មានថ្ងៃ៧មករាទេនោះ រាជធានីភ្នំពេញប្រហែលក្លាយជាចម្ការដូងទៅហើយ។ប្រជាពលរដ្ឋត្រូវបានសម្លាប់។ប្រហែលជាគ្មាននរណាម្នាក់រស់ទេដោយសាររបបនេះ បានចាប់ផ្ដើមធ្វើការកម្ទេចផ្ទៃក្នុង”។
លោកបានមានប្រសាសន៍ថា ដំណើរការអភិវឌ្ឍត្រូវបានធ្វើជាជំហានៗ និងបានបង្ហាញអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមនៅឆ្នាំនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ យើងសង្ឃឹមថាប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសមានប្រាក់ចំណូលលើសមធ្យមនៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយនៅឆ្នាំ២០៥០”។ ដើម្បីឲ្យប្រទេសកម្ពុជាមានប្រាក់ចំណូលខ្ពស់លើសមធ្យមនៅក្នុងឆ្នាំ២០៣០នោះ ផលិតផលក្នុងស្រុកសរុប ត្រូវកើនឡើងជាង៩,៥ភាគរយក្នុងមួយឆ្នាំ ចាប់ពីពេលនេះទៅ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ