គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងកាលពីម្សិលមិញថា មនុស្សជាង៧.០០០នាក់ពេលនេះបានចុះឈ្មោះសង្កេតការណ៍ការបោះឆ្នោតជ្រើសរេើសតំណាងរាស្ត្រនៅថ្ងៃទី២៨ ខែកក្កដា ដែលភាគច្រើនក្នុងចំណោមពួកគេជាពលរដ្ឋខ្មែរ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា ក្នុងចំណោមអ្នកសង្កេតការណ៍ចំនួន៧.៧៤៦នាក់ដែលបានចុះឈ្មោះរួចហើយមាន៧.៧២០នាក់ ជាពលរដ្ឋខ្មែរ ហើយអ្នកផ្សេងទៀត រួមមានអ្នកសង្កេតការណ៍មកពីប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត។
លោក ទេព នីថា មានប្រសាសន៍ថា“ នេះគ្រាន់តែជាចំនួនបណ្តោះអាសន្នប៉ុណ្ណោះ។ អ្នកសង្កេតការណ៍អន្តរជាតិ ជាធម្មតាមកនៅពេលជិតដល់ការបោះឆ្នោត ដូច្នេះចំនួននេះនឹងកើនឡើងទៀត”។
អ្នកសង្កេតការណ៍អន្តរជាតិជិត៦០០នាក់និងអ្នកសង្កេតការណ៍ក្នុងស្រុកជាង៣១.០០០នាក់ បានមកសង្កេតការណ៍បោះឆ្នោតជាតិលើកមុនក្នុងឆ្នាំ២០០៨។
គណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកឃ្លាំមើលការបោះឆ្នោតបានឲ្យដឹងថា ការបោះឆ្នោតឆ្នាំនេះមានយុត្តិធម៌តិចបំផុតក្នុងរយៈពេល២០ឆ្នាំនេះ និងបានរកឃើញថា មានគុណវិបត្តិជាច្រើនក្នុងការចុះឈ្មោះអ្នកបោះឆ្នោត ដែលអាចធ្វើឲ្យអ្នកបោះឆ្នោតជាងមួយលាននាក់បាត់បង់សិទ្ធិបោះឆ្នោត ជាការអះអាងដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធ។
សហភាពអឺរ៉ុប ដែលបានបញ្ជូនអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតឆ្នាំ២០០៨ និងបានសន្និដ្ឋានថា ការបោះឆ្នោតនោះមិនស្របតាមបទដ្ឋានអន្តរជាតិ បានលើកឡើងថាខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍នៅពេលនេះទេ ពីព្រោះរដ្ឋាភិបាលមិនបានអនុវត្តតាមអនុសាសន៍របស់ខ្លួនសម្រាប់ការកែទម្រង់នោះទេ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី