សមាជិកចលនាយុវជនកាកបាទក្រហមកម្ពុជា ពាក់មួកកាតិបពណ៌ផ្ទៃមេឃ និងកន្សែងបង់កពណ៌ក្រហម បានដើរតាមផ្លូវក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ និងបានដកប័ណ្ណផ្សព្វផ្សាយបារីចេញពីហាងកាហ្វេ និងភោជនីយដ្ឋាននានា។
មន្ត្រី១០រូបមកពីសាលារាជធានី និងមន្ត្រីខណ្ឌដូនពេញ ក៏បានចូលរួមផងដែរជាមួយនឹងអ្នកធ្វើយុទ្ធនាការវ័យក្មេងទាំងនេះ ដើម្បីអនុវត្តអនុក្រឹត្យឆ្នាំ២០១២ ដែលហាមមិនឲ្យផ្សាយពាណិជ្ជកម្មថ្នាំជក់។
អង្គការសុខភាពពិភពលោក បានផ្តល់រង្វាន់ កាលពីសប្ដាហ៍មុន ដល់រាជធានីភ្នំពេញ ចំពោះការអនុវត្តបានជោគជ័យរបស់ខ្លួនលើអនុក្រឹត្យស្តីពីការហាមប្រាមមិនឲ្យមានការផ្សាយពាណិជ្ជកម្មថ្នាំជក់ ទោះបីជារដ្ឋាភិបាលមិនបានអនុម័តច្បាប់មួយដើម្បីពង្រឹងបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីការគ្រប់គ្រងថ្នាំជក់របស់អង្គការសុខភាពពិភពលោក ដែលប្រទេសកម្ពុជាបានចុះហត្ថលេខា កាលពីឆ្នាំ២០០៥ក៏ដោយ។
ចាន់ សុគន្ធា មន្ត្រីមួយរូបនៅសាលារាជធានី បានអំពាវនាវដល់ម្ចាស់ហាងមួយនៅខណ្ឌដូនពេញថា “ សូមចូលរួមជាមួយនឹងយុទ្ធនាការរបស់យើង ដើម្បីធ្វើឲ្យទីក្រុងគ្មានផ្សែងបារី និងសូមអនុញ្ញាតឲ្យយើងដោះប័ណ្ណផ្សាយពាណិជ្ជកម្មបារីចេញ”។
ម្ចាស់ហាងនៅតាមបណ្តោយផ្លូវលេខ៧៥ជាផ្លូវមួយក្នុងចំណោមផ្លូវជាច្រើនដែលអ្នកធ្វើយុទ្ធនាការយកជាគោលដៅ កាលពីម្សិលមិញនោះ ភាគច្រើនបានអះអាងថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់យុវជនកាកបាទក្រហមនេះ និងអនុញ្ញាតឲ្យគេហែកប័ណ្ណផ្សាយពាណិជ្ជកម្មចេញ។
ហែម ផល្លី អាយុ២៥ឆ្នាំ ដែលបើកតូបលក់បារីតូចមួយ បាននិយាយថា “ ខ្ញុំសូមគាំទ្រយុទ្ធនាការនេះ ពីព្រោះផ្សែងបារីមិនល្អដល់សុខភាពរបស់យើងនោះទេ”។
យោងតាមតួលេខរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា កាលពីឆ្នាំ២០១១ អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋខ្មែរប្រហែល១០.០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ថ្នាំជក់។ នៅចន្លោះពីឆ្នាំ២០០៥ដល់ឆ្នាំ២០១០ ការប្រើប្រាស់ថ្នាំជក់បានធ្លាក់ចុះពី៤៩ភាគរយមក៤៣ភាគរយ ក្នុងចំណោមបុរស និងពី២០ភាគរយមក១៧ភាគរយក្នុងចំណោមស្ត្រី៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ