36 C
Phnom Penh

រដ្ឋសភា​​ដឹកនាំ​ដោយ​គណ​​បក្ស​ប្រជាជន​​អនុម័ត​ច្បាប់​​ឧក្រិដ្ឋ​កម្ម​​ ខ្មែរ​ក្រហម ដោយឯកតោភាគី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ច្បាប់​​ប្រឆាំង​ការ​​មិន​ទទួល​ស្គាល់​អំពើ​ព្រៃ​​ផ្សៃ​របស់​ខ្មែរ​ក្រហម​ត្រូវ​បាន​អនុម័ត​​ជា​ឯកច្ឆន្ទ​​ និង​ឯកតោភាគី​នៅ​ឯ​រដ្ឋសភា កាល​ពីថ្ងៃ​សុក្រ ខណៈ​អ្នក​នយោ​បាយ​មក​ពី​គណ​បក្សប្រឆាំង​ ដែល​ត្រូវ​បាន​ដក​តំណែង​​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ ត្រូវ​បាន​គេ​ប្រាប់​ថា ឥឡូវ​នេះ​ពួកគេ​កំពុង​ប្រឈម​នឹង​វិធានការ​ផ្លូវ​ច្បាប់​ពីបទ​ស្នើ​ឲ្យពន្យារ​ពេល​​កិច្ច​ពិភាក្សា​ដេញ​ដោល​​អំ​ពី​ច្បាប់​នេះ ។

សមាជិក​សភាមកពី​គណ​បក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស​ សម រង្ស៊ី​ ចំនួន​២៧​រូប ដែល​ត្រូវ​​បាន​​ដក​ចេញ​ពី​រដ្ឋសភា​ដែល​មាន​អាសនៈ​១២៣​ កាលពីសប្ដាហ៍​មុន​បាន​ប្រើ​សម្ភារ​ជា​​ផ្លូវការ​របស់​រដ្ឋសភា​ ដើម្បី​​ធ្វើ​សំណើ​របស់​ខ្លួន​​​ស្នើ​ឲ្យ​​មាន​ការ​ពន្យារ​ពេល​ការ​​បោះ​ឆ្នោត​​​អនុម័ត​ច្បាប់​នេះ​រហូត​ដល់​​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃទី​២៨​ ខែកក្កដា។

កាលពីថ្ងៃ​សុក្រ​ សមាជិក​សភាមួយ​រូប​មក​ពីគណ​បក្ស​កាន់​អំណាច​បាន​និយាយ​​ថា ឥឡូវ​នេះ​លោក​នឹង​ស្វែង​រក​ការ​ផ្ដន្ទាទោស​ចំពោះ​សមាជិក​សភា​ ដែល​ត្រូវ​បណ្ដេញ​ចេញ​ពី​រដ្ឋ​សភា​ទាំង​២៧​រូប ពី​បទ​ប្រើ​ប្រាស់​សម្ភារ​ជា​ផ្លូវ​ការ​របស់​រដ្ឋសភា ពេល​​ពួកគេ​លែង​ជា​សមាជិក​រដ្ឋសភា​ទៀត​នោះ។សមាជិកសភា​ចំនួន​៨៤រូប​មក​ពី​គណ​បក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ពីររូប​ទៀត​មក​ពី​គណបក្ស​ហ្វុ៊នសិុនបុិច ដែល​ជា​គណបក្ស​ដៃ​គូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចំណាយ​ពេល​ប្រហែល​ពីរម៉ោង​ អនុម័ត​​ច្បាប់​ដែល​មាន​៥​មាត្រា​​នេះ​ស្តី​ពី​ការ​​ប្រឆាំង​ចំពោះ​ការ​មិន​​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​ក្រហម​ ដែល​បាន​ប្រព្រឹត្ត​អំឡុង​របប​កម្ពុជា​​​ប្រជាធិប​តេយ្យ​តាម​រយៈរដ្ឋសភា​​អំឡុង​​សម័យ​ប្រជុំ​ដ៏ពិសេស​មួយ​។

ពួកគេ​បាន​បដិសេធ​ថា​ ការ​ព្រាង​និង​ការ​អនុម័ត​​ច្បាប់​នេះ​​ភ្លាម​ៗ​បែប​នេះ​មិន​មែន​សម្រាប់​ផល​ប្រយោជន៍​​នយោបាយ​នៅ​មុន​ថ្ងៃបោះ​ឆ្នោត​ឡើយ។

លោក ជាម យៀប សមាជិក​សភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​បាន​ចូល​រួម​ក្នុង​សម័យប្រជុំ​កាលពី​ថ្ងៃសុក្រ បាន​លើក​ឡើង​ថា ច្បាប់​នេះ​នឹង​រារាំង​ប្រជា​ពល​រដ្ឋ​​មិន​ឲ្យ​មើល​ងាយ​ជន​រង​គ្រោះ​នៅ​សម័យ​ខ្មែរ​ក្រហម​ ដែល​ដឹក​នាំ​ដោយ​ ប៉ុល ពត និង​បាន​គ្រប់​គ្រង​ប្រទេស​ កាល​ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩​នោះ។លោក​បានមាន​ប្រសាសន៍ថា “ ការ​​មិន​ទទួល​ស្គាល់ឧក្រិដ្ឋ​​កម្ម​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​និង​ខ្វាយ​ខ្វល់​ ដល់​ព្រលឹង​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​ និង​​បង្ក​ការ​ឈឺចាប់ឥត​ក្រៃលេង​ចំពោះ​គ្រួ​សារ​ជន​រង​គ្រោះ​ដែល​នៅរស់​រាន​មាន​ជីវិត​”។

លោក ជាម ​យៀប ​​​​បាន​ថ្លែង​អំឡុង​កិច្ច​ពិភាក្សាដេញ​ដោល​រយៈពេល​ខ្លី​ក្នុង​រដ្ឋ​សភា​ថា “ មនសិការ​មូលដ្ឋាន​សម្រាប់​ការ​បង្កើត​ច្បាប់​នេះ ដែល​រួម​ទាំង​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់ ការ​សម្រាល​ ការបដិសេធ​ឬការ​ជំទាស់​នឹង​​ឧក្រិដ្ឋ​កម្ម​ដែល​កើត​មាន​ស្រាប់​​ឬក៏​លើក​តម្កើងឧក្រិដ្ឋ​កម្ម​ដែល​ប្រព្រឹត្ត​អំឡុង​​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​មិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​​ ជា​សេរី​ភាព​នៃការ​បញ្ចេញ​មតិ​ឡើយ”។

ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​អំពាវ​នាវ​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ដែល​បាន​លើក​ឡើង​បន្ទាប់​ពី​លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​​ជាតិ​ បាន​ចោទ​ប្រកាន់​ពេល​ថ្លែង​​សុន្ទរកថា ថា មន្ទីរ​ស​២១ ​កន្លែង​​គេ​សម្លាប់​​មនុស្ស​យ៉ាង​តិច​ណាស់​១២.០០០​នាក់​​​នោះ ត្រូវ​បាន​ប្រឌិត​ឡើង​ដោយ​ប្រទេស​វៀតណាម។

លោក ឈាង វុន សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​ជាអ្នក​ទទួល​បន្ទុក​​ព្រាង​ច្បាប់នេះ កាលពី​ថ្ងៃសុក្រ បាន​រិះ​គន់​យ៉ាង​ខ្លាំង​ទៅ​លើ​អតីត​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​មួយ​ក្រុម​ដែល​បាន​ផ្ញើ​លិខិត​មួយច្បាប់​​ជូន​​លោក​ ហេង ​​សំរិន ​ប្រធាន​​រដ្ឋសភា​ ស្នើ​​សុំ​ឲ្យ​មាន​ការ​ផ្អាក​កិច្ច​ពិភាក្សា​ដេញ​ដោល​រហូត​ដល់​​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​។

លោក ឈាង វុន លើក​ឡើង​ថា  “  ពួក​គេ​​លែង​ជា​សមាជិក​សភា​ទៀត​ហើយ ប៉ុន្តែ ពួកគេ​បាន​ប្រើ​​រូប​​សញ្ញា​របស់​រដ្ឋ​សភា​នៅ​ក្នុង​លិខិត​របស់​ខ្លួន​។ នេះ​មាន​ន័យ​ថា ពួកគេ​បាន​លួច​ និង​ប្រើ​ឯកសារ​របស់​រដ្ឋ​សភា​”។

​លោក​បាន​បន្ថែម​ថា សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ដក​តំណែង​នៅ​តែ​បន្ត​ពាក់​ស្លាក​សញ្ញា​របស់​រដ្ឋ​សភា​នៅ​ពេល​ចេញ​ក្រៅ​ប្រទេស​​ ហេតុ​ដូច្នេះ​ហើយ លោកសូម​ស្នើ​ឲ្យ​លោក ហេង សំរិន​ ដោះ​ស្រាយ​ ពី​ព្រោះ​វា​គឺ​ជា​បទ​ល្មើស​ដែល​គួរតែ​ដាក់​ទោស​។

លោកបាន​លើក​ឡើង​អំពី​សម្ភារ​រដ្ឋ​សភា​ ដែល​គណបក្ស​ប្រឆាំង​បាន​យក​ទៅ​ប្រើ​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ថា“ វា​គឺ​ជា​ករណី​ព្រហ្ម​ទណ្ឌ​ ​ពី​ព្រោះ​ពួកគេ​បាន​លួច​ឯកសារ​រដ្ឋសភា​ទៅ​ប្រើ​ប្រាស់​ខណៈ​ពួកគេ​លែង​ជា​សមាជិក​រដ្ឋ​សភា​ទៀត​នោះ”។

លោកបាន​មាន​ប្រសាសន៍ថា “ ពួកគេ​នឹង​ប្រឈម​ចំពោះ​វិធានការ​ផ្លូវ​ច្បាប់​ប្រសិន​បើ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ចាត់​វិធាន​ការ​ ដែល​ខ្ញុំ​គិត​ថា គណៈកម្មាធិការ​នេះ​​នឹង​ធ្វើ​”។

សមាជិក​ពី​ររូប​​មក​ពី​គណបក្ស​ នរោត្តម​ រណឫទ្ធិ​ ដែល​ឥឡូវ​នេះ​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ​ និង​​ដែល​កំពុង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ ហ្វុ៊ន​ស៊ិនបុិច ដែល​ជា​សម្ពន្ធ​មិត្ត​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ក៏​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​របស់​ខ្លួន​ដែរ។

ពេល​ទាក់​ទងតាម​ទូរស័ព្ទ​បន្ទាប់​ពី​លោក​បាន​ត្រឡប់​ពី​កិច្ច​ប្រជុំ​ជាមួយ​លោក សម រង្សុី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​​សិង្ហបុរី​ លោក យឹម សុវណ្ណ អតីត​សមាជិក​សភា​មក​ពី​គណបក្ស​ សម រង្សុី និង​ជាអ្នក​នាំ​ពាក្ស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​សភា កាល​ពី​ថ្ងៃសុក្រ មិន​​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ឡើយ​ ហើយ​លោក​បាន​មាន​ប្រសាសន៍ថា ការប៉ុន​ប៉ង​ដាក់​ទោស​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ដក​តំណែង នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​គ្មាន​​ស្ថិរភាព​។

លោក​​ថ្លែង​ថា “ ខ្ញុំ​គិត​ថា​រដ្ឋសភា​ឥឡូវ​នេះ​អស់​សុពល​ភាព​ហើយ​ ពី​ព្រោះ​បើ​យោង​​តាម​រដ្ឋ​ធម្មនុញ្ញ​ វា​តម្រូវ​ឲ្យ​មាន​​សមាជិក​យ៉ាង​​​ហោច​ណាស់​ចំនួន​១២០​រូប​ ដើម្បី​ [បង្កើត​កូរ៉ុម] និង​ដើម្បី​ក្លាយ​ជា​រដ្ឋ​សភា​”។ លោក​បាន​បន្ថែមថា “ ឥឡូវ​នេះ​ពួកគេ​បាន​ដក​សមា​ជិក​សភា​មក​ពី​គណបក្ស​ សម រង្សុី និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ ហេតុ​ដូច្នេះ​ហើយ ឥឡូវ​នេះ​​ចំនួន​សមាជិក​រដ្ឋ​សភា​មាន​ត្រឹម​តែ​៩៥រូប​ប៉ុណ្ណោះ​ ហេតុ​ដូច្នេ​ះ​អ្វី​ៗ ដែល​អនុម័ត​ដោយ​​រដ្ឋសភា​​ខុស​ច្បាប់​ និង​​អស់​សុពលភាព​​នោះ​គឺ​​គ្មាន​​ប្រយោជន៍​ឡើយ​​”។

​លោក យឹម សុវណ្ណ​ ​មាន​ប្រសាសន៍  ថា ការ​​អនុម័ត​ដោយ​គ្មាន​វត្តមាន​ ឬការ​ចូល​រួម​ពី​សមា​ជិក​​គណបក្ស​ប្រឆាំង បាន​ធ្វើ​ឲ្យ​ខូច​ឆន្ទៈ​របស់​អ្នក​បោះ​ឆ្នោត​ដែល​​បាន​បោះ​ឆ្នោត​ឲ្យ​ខ្លួន​​។

លោកបាន​លើក​ឡើង​ថា​ “ ពួកគេ​នេះ​ហើយ​​ដែល​លួច​សន្លឹក​ឆ្នោត​ពី​អ្នក​បោះ​ឆ្នោត​ ដែល​គាំទ្រ​គណបក្ស​ប្រឆាំង”។លោក​បាន​បន្ថែម​ថា ការ​គំរាម​ថានឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ និង​នាំ​ទៅ​រក​វិបត្តិ​សង្គម​ និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិរបស់​យើង​បែក​បាក់​”។

លោក សឺន សូ៊ប៊ែរ្តិ៍ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​បាន​មាន​ប្រសាសន៍​ថា មិន​ត្រូវ​មាន​ការ​បក​ស្រាយ​ដោយ​ធូរ​រលុង​ចំពោះ​រដ្ឋ​ធម្មនុញ្ញ​ ដែល​បាន​ចែង​យ៉ាង​ច្បាស់​ថា រដ្ឋ​សភា​អាច​បង្កើត​ទៅ​បាន​លុះ​ត្រា​តែមាន​១២៣​អាសនៈ​នោះ​​ទេ​។

លោក​បាន​លើក​ឡើង​ថា “ រដ្ឋ​សភា​គឺ​ជា​រដ្ឋសភា នៅ​ពេល​មាន​សមាជិក​១២៣​រូប​ បើ​ពុំ​ដូច្នេះ​ទេ រដ្ឋ​សភា​នឹង​ត្រូវ​ចាត់​ទុក​ថា​​គ្មាន​សុពលភាព​។ ច្បាប់​​នេះ​គ្មាន​បាន​ការ​ទៀត​ឡើយ​ ពីព្រោះ​គ្មាន​រដ្ឋ​សភា​​ទៀត​ឡើយ​”។

លោក សឺន ស៊ូប៊ែរ្តិ៍ បាន​បន្ថែម​ថា “ វា​មិន​ត្រឹម​តែ​​ផ្ទុយ​ពី​​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ​ ប៉ុន្តែ គឺ​ជា​រឿង​កំប្លែង​មួយ​ ពី​ព្រោះ​ពួកគេ​មិន​គោរព​​រដ្ឋ​ធម្មនុញ្ញឡើយ​”។

លោក​បាន​បន្ត​ទៀត​ថា “ ប្រជា​ពល​រដ្ឋ​កំពុង​ព្រួយ​បារម្ភ​ ពី​ព្រោះ​ប្រសិន​បើ​គណ​បក្ស​កាន់​អំណាច​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ អ៊ីចឹងវា​គឺ​ជា​រឿង​គ្រោះ​ថ្នាក់​ណាស់​ គណ​បក្ស​​កាន់​អំណាច​បាន​បើក​ទ្វារ​សម្រាប់​អំពើ​ហិង្សា​ និងភាព​ចលាចល​”។

នៅ​ក្នុង​លិខិត​បើក​ចំហ​មួយ​ផ្ញើ​ទៅកាន់​លោក ហេង​ សំរិន កាល​ពី​ថ្ងៃសុក្រ​ លោក​ស្រី​ប៊ូលី ទ្រូស្កត់ (Polly Truscott)​ អនុ​ប្រធាន​កម្ម​វិធី​អាស៊ី-​ប៉ាស៊ីហ្វិក​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​លើក​ឡើង​ថា ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋ​កម្ម​ខ្មែរ​ក្រហម នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​មិន​គ្រាន់​តែ​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សេរី​នោះ​ទេ ប៉ុន្តែ ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​នីតិវិធី​សព្វ​ថ្ងៃ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ផង​ដែរ។​

​លោកស្រី ទ្រូស្កត់ បាន​មាន​ប្រសាសន៍​ថា “ ច្បាប់​មិន​ច្បាស​់​លាស់​សម្រាប់​ដាក់​ទោស​ទណ្ឌ​ដល់​ការ​បញ្ចេញ​មតិនិង​យោបល់​អំពី​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​​​នឹង​រំលោភបំពាន​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ និងការ​​ប្តេជ្ញា​​ចំពោះ​​សេរី​ភាព​នៃកា​រ​បញ្ចេញ​មតិ​។

លោកស្រី​បាន​លើក​ឡើង​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែល​ធ្វើ​ឡើង​ ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ហ៊ាន​និយាយពី​​របប​ ប៉ុល​ ពត អាច​នឹង​ត្រូវ​រារាំង​ដោយ​​ច្បាប់​“ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ ចំពោះ​ការ​និយាយ​អំពី​របប​ខ្មែរក្រហម​ ព្រោះ​ខ្លាច​ក្រែង​​មាន​ទោស​​​ក្រោម​ច្បាប់​​ដែល​ទើប​តែ​អនុម័ត​ថ្មីនេះ​”។

វា​ក៏អាច​​ប៉ះ​ពាល់​ដល់​ការ​ស្រាវ​ជ្រាវ​នៅ​ក្នុង​របប​ខ្មែរក្រហម​ផង​ដែរ ប្រសិន​បើ​មាន​ការ​ភ័យខ្លាច​ថា ការ​រក​ឃើញ​ថ្មីៗ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​​ប្រវត្តិសាស្រ្តដែល​រដ្ឋាភិបាល​បានចងក្រង​​នោះ​ ​ក៏​ដូច​ជា​ធ្វើឲ្យប៉ះពាល់ដល់​ការ​បញ្ចុះ​បញ្ចូល​សាក្សី​ឲ្យ​ផ្តល់​សក្ខីកម្ម​អំពី​ព្រឹត្តិការណ៍​ពិត​ប្រាកដផងដែរ​​ ពីព្រោះ​ខ្លាច​មាន​ការ​សង​សឹក​។

កាលពីថ្ងៃសុក្រ រដ្ឋសភា​ក៏​បាន​អនុម័ត​ច្បាប់​មួយ​​មាន​បី​មាត្រា​ស្តី​ពី​ការការពារ​សម្បត្តិ​វប្បធម៌​អំឡុង​ពេល​មាន​​ជម្លោះ​ប្រដាប់​អាវុធ​ផងដែរ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស